មន្ត្រី​ជាន់ខ្ពស់​ថៃ​​ខាង​ការអភិរក្ស​បរិស្ថាន​ត្រូវ​បានចាប់​ខ្លួន​ពី​បទ​ប្រព្រឹត្តអំពើ​ពុករលួយ

ទឹកប្រាក់ជាច្រើនត្រូវបានរកឃើញ នៅការិយាល័យរបស់លោក Ratchada Suriyakul na Ayutthaya អគ្គនាយក​​​នៃផ្នែក​អភិរក្ស​​​​​ឱទ្យាន​ជាតិ​សត្វ​ព្រៃ​និង​រុក្ខជាតិ​។ រូបថតកាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២។ (AFP/គណៈកម្មការជាតិប្រឆាំងអំពើពុករលួយថៃ)

មន្ត្រី​ជាន់ខ្ពស់​ថៃ​ខាង​ការ​អភិរក្ស​បរិស្ថានត្រូវ​បានចាប់​ខ្លួន​ពី​បទ​ចោទ​ប្រកាន់ប្រព្រឹត្ត​អំពើ​ពុក​រលួយ​កាល​ពី​ថ្ងៃ​អង្គារ ដោយមន្ត្រី​ប៉ូលិស​បាននិយាយ​ថា​ លោក​ត្រូវបាន​ចាប់​ខ្លួនដោយសារ​បាន​ទទួល​យក​សំណូក​ ហើយ​ថា​ប្រាក់សុទ្ធ​ ១ សែន ៤ម៉ឺន ៤ ពាន់​ដុល្លារ​ ត្រូវបានរក​ឃើញ​ក្នុង​ការិយាល័យ​លោក។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក Ratchada Suriyakul na Ayutthaya អគ្គនាយក​នៃផ្នែក​អភិរក្ស​ឱទ្យាន​ជាតិ​សត្វ​ព្រៃ​និង​រុក្ខជាតិ​ ត្រូវ​បានតែងតាំង​ឱ្យ​កាន់តំណែង​នេះ កាល​ពី​ខែ​កុម្ភៈ។

លោកចាត់ចែង​កិច្ចខិតខំ​ប្រឹងប្រែង​ការពារ​បរិស្ថាន​និង​សត្វ​ជិត​ផុតពូជ ដោយ​មើល ការ​ខុសត្រូវ​លើ​ឱទ្យានជាតិ​ចំនួន ១៥០ កន្លែង។

លោក Jaroonkiat Pankaewប្រធានផ្នែក​ប្រឆាំង​អំពើ​ពុករលួយ បាន​និយាយ​ថា៖ «មន្ត្រីមាន​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​លោក Ratchada Suriyakul na Ayutthaya នៅ​ពេលមាន​ការ​ផ្តល់​ប្រាក់​សំណូក​នេះ។ ដូច្នេះ​គឺ​មាន​ភស្តុតាង​ជាក់​ច្បាស់»។

លោក Jaroonkiat បាន​ថ្លែង​ថា ប៉ូលិស​បានឆែកឆេរ​ការិយាល័យរបស់​លោក Ratchada នៅ​ក្នុង​រាជធានី​បាងកក​ ក្រោយ​ពេល​លោក​ត្រូវ​បានចាប់ខ្លួន​ ហើយ​បានរក​ឃើញប្រាក់​សុទ្ធប្រមាណ​ ៥ លាន​បាត​ ស្មើ​នឹង​ ១ សែន ៤ ម៉ឺន ៤ ពាន់​ដុល្លារ។​ លោក Ratchada បានបដិសេធការ​ចោទប្រកាន់​ទាំងអស់។

រូបថតចែកចាយ​ដោយ​ប៉ូលិសថៃ​បង្ហាញ​ឱ្យ​ឃើញប្រាក់​ទាំង​ជង់ៗ ដែល​មាន​ស្រោម​សំបុត្រ​ពណ៌​ត្នោត​នៅ​ពី​ក្រោម។

លោក Jaroonkiat បាននិយាយ​ថា៖ «មន្ត្រី​បាន​ប្រមូល​ប្រាក់ ៩ ម៉ឺន ៨ ពាន់​បាត ទុក​ជា​ភស្តុតាង។

គណៈកម្មការប្រឆាំង​អំពើ​ពុក​រលួយ​របស់​ប្រទេស​ថៃ​ហៅកាត់​ថា NACC បានឲ្យដឹង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ លោក Ratchada បាន​រំលោភ​អំណាចដោយ​បាន​ទទួល​ប្រាក់កាស​ពី​ក្រុម​អ្នក​ធ្វើការ​ក្រោមបង្គាប់​លោក ជា​ថ្នូរ​នឹង​ការ​រក្សា​តំណែង​របស់​ពួកគេ»។

គណៈកម្មការ NACC បាន​ចោទ​ប្រកាន់​ថា ក្រុមអ្នក​ធ្វើការ​ក្រោម​បង្គាប់​លោក Ratchada ត្រូវបានបង្ខំឱ្យ​បង់​ប្រាក់​សំណូក​ប្រចាំខែ បន្ថែម​លើការ​បង់​ប្រាក់​ផ្តាច់​ចំនួន​រហូត​ដល់ ៣ សែន​បាត​ បើ​មិន​ដូច្នោះ​ត្រូវ​ប្រឈមនឹងការ​ផ្លាស់​កន្លែង​ធ្វើការ​ទៅ​កាន់ «តំបន់​ដាច់​ស្រយាល​នៅ​ឆ្ងាយពី​ក្រុង​កំណើត​របស់​ពួក​គេ»៕