មេធាវី​លោក ខៀវ សំផន អះ​អាង​ថា​«ភ័ស្តុតាង​មិន​គ្រប់​គ្រាន់»​ក្នុង​ការ​ចោទ​ប្រកាន់​ឧក្រិដ្ឋកម្ម​សម្លាប់​ជនជាតិ​វៀតណាម

លោក ខៀវ សំផន ចូលរួម​ក្នុង​សវនាការ​បណ្ដឹង​សាទុក្ខ​នៃ​សំណុំ​រឿង០០២/០២ នៅ​សាលាក្ដី​ខ្មែរក្រហម ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី១៦ ខែ​សីហា ឆ្នាំ២០២១។ (រូបថត​ផ្ដល់​ឲ្យ​ដោយ៖ ញ៉ែត សុខហេង/ECCC)

នៅ​ក្នុង​សវនាការបណ្តឹង​សាទុក្ខ​ថ្ងៃ​ទី​២ មេធាវី​របស់​លោក ខៀវ សំផន បាន​អះអាង​ថា​មិន​មាន​«ភ័ស្តុតាង​គ្រប់​គ្រាន់»​លើ​ការ​ចោទ​ប្រកាន់​ថា​មេដឹក​នាំ​ជាន់​ខ្ពស់​នៃ​របប​ខ្មែរ​ក្រហម​មាន​គោលនយោបាយ​ថ្នាក់​ជាតិ​សម្លាប់​ជន​ជាតិ​វៀតណាម ក្នុង​អំពើ​ប្រល័យ​ពូជ​សាសន៍​នោះ​ទេ។

លោក ខៀវ សំផន អាយុ​៩០ឆ្នាំ អតីត​ប្រមុខ​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ខ្មែរ​ក្រហម ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត ក្នុង​នោះ​ក៏​មាន​ការ​ចោទ​ប្រកាន់​លើ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ប្រឆាំង​ជនជាតិ​វៀតណាម និង​ចាម។

អ្នកស្រី អង់តា គូស៊េ (Anta Guissé) ដែល​ជា​សហមេធាវី​បរទេ​ស ជន​ជាតិ​បារាំង បាន​ថ្លែង​ថា​សាក្សី​ផ្តល់​ចម្លើយ​កាល​ពី​កន្លង​ទៅ ទាក់​ទង​នឹង​ការ​សម្លាប់​ជន​ជាតិ​វៀតណាម មិន​រឹងមាំ​នោះ​ទេ ព្រោះ​គ្រាន់​តែ​ជា​«ការ​ឮ​តាម​គេ» និង​តាម«ពាក្យ​ចចាម​អារ៉ាម»តែ​ប៉ុណ្ណោះ។ អ្នកស្រី​បន្ថែម​ថា​មិន​មាន​ភ័ស្តុតាង​បញ្ជាក់​អំពី​ការ​សម្លាប់​ជន​ជាតិ​វៀត​ណាម​នៅ​ទូទាំង​ប្រទេស ក្រៅ​តែ​ពី​ការ​បង្ហាញ​ការ​សម្លាប់​នៅ​ក្នុង​ខេត្ត​ព្រៃវែង និង​ស្វាយ​រៀង និង​កន្លែង​ផ្សេង​ទៀត​តិច​តួច​ប៉ុណ្ណោះ។

អ្នកស្រី​បាន​ថ្លែង​ថា៖ «អញ្ចឹង​ខៀវ សំផន គាត់​ត្រូវ​បាន​ផ្តន្ទា​ទោស​ចំពោះ​អំពើ​ប្រល័យ​ពូជ​សាសន៍​វៀត​ណាម​នេះ គឺ​មូលដ្ឋាន​គាំទ្រ គឺ​ស្រាល​ណាស់។ អញ្ចឹង​គឺ​ព័ស្តុតាង​មិន​គ្រប់​គ្រាន់»។

លោក វីនសិន ដឺ វ៉ាល់ (Vincent de Wilde)​ ដែល​សហ​ព្រះរាជអាជ្ញា​អន្តរ​ជាតិ បាន​ថ្លែង​ច្រាន​ចោល​ការ​លើក​ឡើង​របស់​មេធាវី​លោក ខៀវ សំផន ដោយ​លើក​ឡើង​ថា​ខ្មែរ​ក្រហម​មាន​គោល​នយោ​បាយ​សម្លាប់​ជន​ជាតិ​វៀត​ណាម មិន​មែន​ត្រឹម​តែ​ទាហាន​នោះ​ទេ គឺ​ជន​ជាតិ​វៀត​ណាម​ទូទៅ។ លោក​បន្ថែម​ថា​ព័ស្តុតាង​បញ្ជាក់​ថា​វៀត​ណាម​ជា​«សត្រូវ​សួ​ពូជ»ក្នុង​សម័យ​ខ្មែរ​ក្រហម។

របប​ខ្មែរ​ក្រហម​បាន​ដួល​រលំ ក្រោយ​ការ​វាយ​ប្រហារ​របស់​កង​ទ័ព​វៀតណាម ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា ​«ការ​ឈ្លាន​ពាន» ​ប្រទេស​កម្ពុជា ខណៈ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​បាន​អះអាង​ថា​ជា​ជំនួយ​រំដោះ​កម្ពុជា​ចេញ​ពី​របប​ប៉ុល​ពត។

សហ​ព្រះ​រាជ​អាជ្ញា​បន្ថែម​ថា​ការ​សម្លាប់​ជន​ជាតិ​វៀត​ណាម​ពិត​ជា​ត្រូវ​បាន​រាយ​ការណ៍​ទៅ​ថ្នាក់​ដឹកនាំ​បក្ស​កុម្មុយនីស្ត​កម្ពុជា​ប្រជាធិបតេយ្យ ដែល​លោក​ថា​មាន​គោលដៅ​«បំបាត់​ឲ្យ​អស់​ខ្មាំង​គ្រប់​ប្រភេទ​ពី​ទឹក​ដី​កម្ពុជា ជា​ពិ​សេស​ពួក​ឈ្លាន​ពាន​វៀតណាម»។

របប​ខ្មែរ​ក្រហម​បាន​ដួល​រលំ ក្រោយ​ការ​វាយ​ប្រហារ​របស់​កង​ទ័ព​វៀតណាម ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​«ការ​ឈ្លាន​ពាន»​ប្រទេស​កម្ពុជា ខណៈ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​បាន​អះអាង​ថា​ជា​ជំនួយ​រំដោះ​កម្ពុជា​ចេញ​ពី​របប​ប៉ុល​ពត។

លោក ខៀវ សំផន ដែល​ជា​អតីត​មេខ្មែរក្រហម​ថ្នាក់​ខ្ពស់​តែម្នាក់គត់​ដែល​នៅ​រស់​រាន។ ក្រៅ​ពីការ​ចោទ​ប្រកាន់​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ចាម​និង​វៀត​ណាម លោក ខៀវ សំផន ក៏​រង​ការចោទ​ប្រកាន់​ផ្សេងៗ មាន​ដូច​ជា​ការ​ផ្លាស់​ទី​លំនៅ​ប្រជា​ជន​ដោយ​បង្ខំ​ចេញ​ពី​ទី​ក្រុង​ភ្នំពេញ ក្នុង​ខែ​មេសា ឆ្នាំ​១៩៧៥ ការ​សម្លាប់​ទាហាន​របប​សាធារ​ណរដ្ឋ​ខ្មែរ ការ​រៀប​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ ការ​រំលោភ​សេព​សន្ថវៈ ការ​បោស​សម្អាត​នៅ​មន្ទីរ​សន្តិ​សុខ ការ​ដ្ឋាន​ទំនប់​១​មករា ការ​ដ្ឋាន​សាង​សង់​ព្រលាន​យន្តហោះ​កំពង់​ឆ្នាំង និង​ការ​ដ្ឋាន​លើក​ទំនប់​ត្រពាំង​ថ្ម​ជា​ដើម។

ក្រៅ​ពី​ស្នើ​សុំ​ឲ្យ​តុលាការ​មោឃ​ភាព​សាល​ក្រម និង​ការ​ចោទ​ប្រកាន់​នានា លោក ខៀវ សំផន ក៏​បាន​ស្នើ​ឲ្យ​តុលាការ​កែ​ប្រែ​ការ​ផ្តន្ទា​ទោស​មួយ​ជីវិត មក​ជា​ការ​ដាក់​ពន្ធនាគារ​ក្នុង​ពេល​កំណត់​ណា​មួយ។

គួរ​បញ្ជាក់​ថា​បន្ទាប់​ពី​បញ្ចប់​ការ​សួរ​ដេញ​ដោល​សំណុំ​រឿង​បណ្តឹង​សាទុក្ខ​នេះ តុលាការ​អាច​នឹង​ប្រកាស​សាលា​ដីកា​ស្ថាពរ​នៅ​នៅ​ចុង​ឆ្នាំ​២០​២២៕