រដ្ឋមន្ត្រី​កម្ពុជា​បួន​រូប​នឹង​ទៅ​ទស្សន​កិច្ច​នៅ​អាល្លឺម៉ង់​ដើម្បី​សិក្សា​បន្ថែម​ពី​វិមជ្ឈការ

រូបឯកសារ៖ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងកិច្ចជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី នៅរុស្ស៊ី កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥។

រដ្ឋ​មន្ត្រី​​​ក្រសួង​ចំនួន​បួន​របស់​កម្ពុជា​នឹង​ចេញ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​​នៅ​ប្រទេស​អាល្លឺម៉ង់​នៅ​ចុង​ខែ​កញ្ញា​ខាងមុខ ដែល​មន្ត្រី​ផ្លូវ​ការ​អះអាង​ថា ​ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេ​ភាគី​ និង​ជំរុញ​ការ​អនុវត្តន៍​គោលការណ៍​វិមជ្ឈ​ការ​នៅ​កម្ពុជា។

រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ លោក​ ហង់ ជួនណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន លោក​ សាយ សំអាល់ និង​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​លោក ម៉ម ប៊ុនហេង នឹង​ចេញ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​រយៈពេល​មួយ​សប្តាហ៍​ នៅ​ប្រទេស​អាល្លឺម៉ង់​ នា​ចុង​ខែ​កញ្ញា​ខាង​មុខ។ គោល​ដៅ​គឺ​ដើម្បី​ពង្រឹង​ចំណង​ទាក់​ទង​ទ្វេភាគី​និង​ដើម្បី​សិក្សា​បន្ថែម​ពីវិមជ្ឈការ​នៅ​អាល្លឺម៉ង់។

នេះ​គឺ​ជា​ដំណើរ​ទស្សនកិច្ចដ៏​កម្រ​មួយ​របស់ក្រុម​រដ្ឋ​មន្ត្រី​របស់​ប្រទេស​កម្ពុជា​ ទៅ​កាន់​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​មួយ​នេះ។ លោក ស ខេង ឧប​នាយក​រដ្ឋ​មន្ត្រី​និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​នឹង​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​នេះ។

នាយ​ឧត្តម​សេនីយ៍​ ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃបាន​ប្រាប់​វីអូអេ​ថា ការ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​អាល្លឺម៉ង់​នេះ ​ទទួល​បាន​ការ​អនុញ្ញាត​ពី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​ថា​ ក្នុង​គោល​បំណង​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ។

«ក្រោយ​ពី​ការ​បោះឆ្នោត អាល្លឺម៉ង់​គាត់​បាន​សន្យា​ថា​ គាត់​នឹង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​រដ្ឋាភិបាល​របស់​រាជ​រដ្ឋាភិបាល​កម្ពុជាអាណត្តិ​ទី​៦​ហ្នឹង តាំង​ពី​ប្រកាស​លទ្ធផល​បោះឆ្នោត​ម្ល៉េះ។​ ដូច្នេះ​ហើយ​នេះ​ជា​លទ្ធផល​ផ្លែផ្កា​ដែល​ភាគី​អាល្លឺម៉ង់​បាន​ប្រកាស​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៨»។

គណៈ​ប្រតិភូ​នៃ​រដ្ឋមន្ត្រី​ទាំង​បួន​រូប​នឹង​ចេញ​ដំណើរ​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់​នៅ​ថ្ងៃ​ទី​២៤​ ខែ​កញ្ញា និង​ត្រូវ​បញ្ចប់​ទស្សនកិច្ច​នៅ​ទីនោះ​ នៅ​ថ្ងៃទី​៣០​ខែ​កញ្ញា​ដដែល។ ប៉ុន្តែនាយ​ឧត្តម​សេនីយ៍​ ខៀវ សុភ័គ ​បដិសេធ​មិនបញ្ជាក់​លម្អិត​អំពី​របៀប​វារៈ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​ទេ។

​អាល្លឺម៉ង់​គឺ​ជា​ប្រទេស​ដែល​មាន​ប្រវត្តិ​ឆ្លង​កាត់​បទពិសោធន៍​នៃ​អំពើ​ប្រល័យ​ពូជសាសន៍​ដូចគ្នា​ទៅ​នឹង​ប្រទេស​កម្ពុជា​ដែរ។

បច្ចុប្បន្ន អាល្លឺ​ម៉ង់​គឺ​ជា​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ធំ​មួយ​ក្នុង​ទ្វីប​អឺរ៉ុប ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​និង​សេរីភាព​ផ្នែក​សារព័ត៌មាន​នៅ​ទីនោះ​ មាន​ភាព​ទូលំ​ទូលាយ​ខ្លាំង។

ថ្លែង​អំពី​គម្រោង​ទស្សនកិច្ច​របស់​ក្រុម​រដ្ឋមន្រ្តី​កម្ពុជា​ទាំង​៤រូប​នោះ អ្នកនាំពាក្យ​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា ប្រាប់ VOA តាម​រយៈ​សារ​អេឡិច​ត្រូនិច​ឬ​អ៊ីមែល​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា ក្រសួង​សហព័ន្ធ​កិច្ច​សហប្រតិបត្តិការ​និង​អភិវឌ្ឍន៍​អាល្លឺម៉ង់​បាន​អញ្ជើញ​គណៈ​ប្រតិភូ​កម្ពុជា​ទៅ​ធ្ចើ​ទស្សនកិច្ច​សិក្សា​ស្តី​ពី​វិមជ្ឈការ​នៅ​អាល្លឺម៉ង់ គឺ​ដោយ​សារ​អាល្លឺម៉ង់​បាន​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ផ្តល់​វិមជ្ឈការនេះជាង​មួយ​ទសវត្សរ៍​មក​ហើយ។ ហើយ​ដំណើរ​ទស្សនកិច្ច​នេះ​មាន​គោល​បំណង​ជំរុញ​វិមជ្ឈការ​ដែល​កំពុង​បន្ត​នៅ​កម្ពុជា។

វិមជ្ឈការ​គឺ​ជា​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​គ្រប់​គ្រង​តាម​បែប​ប្រជាធិបតេយ្យ​និង​អភិបាល​កិច្ច​ល្អ​នៅ​ថ្នាក់​រដ្ឋបាល​ក្រោម​ជាតិ។

មន្ត្រី​ការ​ទូតដដែល​បញ្ជាក់​តាម​ន័យ​ដើម​ថា៖ «តាម​ការស្នើ​សុំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ​ផ្តោត​លើ​ការ​ផ្តល់​សេវា​ក្នុង​វិស័យ​សុខាភិបាល​សាធារណៈ ការ​អប់រំ ការគ្រប់​គ្រង​កាក​សំណល់​រឹង​និង​ព្រៃឈើ។ ផ្នែក​គោល​នយោបាយ​ទាំងអស់​នេះ​មាន​ការ​ពាក់ព័ន្ធ​ខ្ពស់​ក្នុង​បរិបទ​នៃ​ប្រទេស​កម្ពុជា»។

តាម​គម្រោង​ គណៈ​ប្រតិភូ​កម្ពុជា​នឹង​ត្រូវជួប​ជាមួយ​មន្រ្តី​រដ្ឋា​ភិបាល​អាល្លឺម៉ង់​ក្នុង​តំបន់ មន្រ្តី​ការិយាល័យ​ការបរទេស​សហព័ន្ធ​អាល្លឺម៉ង់ ក្រសួង​មហាផ្ទៃ​អាល្លឺម៉ង់​និង​ក្រសួង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍​សហព័ន្ធ​អាល្លឺម៉ង់ ព្រម​ទាំងសមាជិក​សភា​អាល្លឺម៉ង់ ដែល​ហៅ​ថា​ ​German Bundestag។

លោក​បណ្ឌិត ឈាង វណ្ណារិទ្ធ​ នាយក​វិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ី​ និង​ជា​អ្នកវិភាគ​កិច្ចការ​តំបន់​ប្រាប់ VOA ថា ការ​អញ្ជើញថ្នាក់​រដ្ឋ​មន្រ្តីជាក្រុម​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​អាល្លឺ​ម៉ង់​នេះ​ បង្ហាញ​ពី​ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​របស់​អាល្លឺម៉ង់​ចំពោះ​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​និង​វិមជ្ឈការ​នៅ​កម្ពុជា។

«អាល្លឺម៉ង់ គោល​នយោបាយ​ការបរទេស​គេ​មាន​ភាព​បត់​បែន​ល្អ​ចំពោះ​កម្ពុជា ហើយ​ប្រហែលជាគេ​យល់​ពី​ស្ថានការណ៍នៅ​កម្ពុជា​ថា​ លទ្ធិ​ប្រជាធិបតេយ្យ​ហ្នឹង​វា​ត្រូវ​ការ​ដំណើរ​ការ​មួយ​រយៈពេល បាន​ន័យ​ថា​យើង​មិន​អាច​ជំរុញ​ទៅ​លឿន​ខ្លាំង​ពេក​ទេ វា​ជា​ដំណាក់​កាលៗ»។

សម្រាប់​លោក​បណ្ឌិត​ឈាង វណ្ណារិទ្ធ ប្រសិនបើ​ការ​អនុវត្ត​គោល​នយោបាយ​វិមជ្ឈការ​នៅ​កម្ពុជាបាន​ជោគ​ជ័យ នោះ​នឹង​ជួយ​ជំរុញការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាពនៅ​កម្ពុជាក៏​ដូចជា​អាច​ជួយ​ពង្រឹង​នូវ​លទ្ធិ​ប្រជាធិបតយ្យ​នៅ​កម្ពុជា​ផង​ដែរ៕