សហគមន៍​​បឹង​ទន្លេ​សាប​ទាមទារ​ឲ្យ​បញ្ឈប់​គម្រោង​ទំនប់​ប៉ាក់​បេង​

ក្រុម​តំណាង​សហគមន៍​នៅ​ក្នុង​តំបន់​បឹង​ទន្លេសាប​ស្នើ​ក្នុង​សន្និសីទ​ព័ត៌មាន​រៀប​ចំ​ឡើង​កាល​ពី​ថ្ងៃ​ទី​ ១៤​ ខែ​មិថុនា​ ឆ្នាំ​ ២០១៧​ ឲ្យ​បញ្ឈប់​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​ ប៉ាក់​ បេង​ នៅ​ប្រទេស​ឡាវ។ (ហ៊ុល រស្មី/VOA)

ទំនប់​វារីអគ្គិសនី​ ​ប៉ាក់ បេង​ ​​មាន​តម្លៃ​ប្រមាណ​២.៣៧២​លាន​ដុល្លារ​អាមេរិក ហើយ​​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​១.៥៤០ គីឡូ​ម៉ែត្រ​ពី​ព្រំដែន​កម្ពុជា-ឡាវ។​ ការ​សាងសង់​ទំនប់​នេះ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៤។​

ដោយ​បារម្ភ​ពី​ការ​រីក​រាលដាល​ទំនប់​វារីអគ្គិសនីក្នុង​អាង​ទន្លេ​មេគង្គ​ ក្រុម​តំណាង​សហគមន៍​រស់នៅ​ជុំវិញ​និង​ក្នុង​តំបន់​បឹង​ទន្លេសាប​ ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ជំរុញ​ដល់​ភាគី​ឡាវ​ឲ្យ​បញ្ឈប់​ការ​សាង​សង់​ទំនប់​វារីអគ្គិសនីប៉ាក់​បេង។​ ​ក្រុម​តំណាង​សហគមន៍​និយាយ​ថា​ វត្តមាន​របស់​ទំនប់​វារីអគ្គិសនី​នេះ នឹង​បំផ្លាញ​ផល​នេសាទ​ ក៏​ដូច​ជា​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​បឹង​ទន្លេសាប។​

ក្រុម​តំណាង​សហគមន៍​ក្នុង​តំបន់​បឹងទន្លេសាប​ ​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅបាន​អំពាវនាវ​ឲ្យរដ្ឋាភិបាល​ប្រទេស​ឡាវ​ បញ្ឈប់​ជាបន្ទាន់​ គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ ប៉ាក់បេង​ ដែល​អាច​ផលិត​ថាមពល​អគ្គិសនី​បាន៩១២​ មេហ្គាវ៉ាត់។​

ទំនប់​វារីអគ្គិសនី​ ប៉ាក់ បេង​ (Pak Beng dam) ត្រូវ​គេ​គ្រោង​សង់​លើ​ដង​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​ឡាវ​ ដែល​វា​នឹង​ធ្វើ​ឲ្យ​តំបន់​បឹងទន្លេសាប​មានការ​ប្រែប្រួល​នូវ​លំហូរ​ទឹក​ និង​ពិបាក​ក្នុង​ការ​បម្លាស់ទី​របស់​ពពួក​ត្រី​ដើម្បី​ធ្វើការ​បន្ត​ពូជ​ជា​រៀង​រាល់​ឆ្នាំ​ នៅ​ផ្នែក​ខ្សែទឹក​ខាងលើ។​ នេះ​បើ​យោង​តាម​ការ​សិក្សាស្រាវជ្រាវ​របស់​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា។​

លោក​ ឡុង​ សូចែត្រ​ តំណាង​សហគមន៍​បឹង​ទន្លេសាប​ ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​ ស្ដីពី​គម្រោង​សាងសង់​ទំនប់​ប៉ាក់​ បេង​ រៀបចំ​ឡើង​នៅ​រាជធានី​ភ្នំពេញ​ថា​ ទំនប់​នេះ នឹង​មិន​ផ្ដល់​ផល​ចំណេញ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​បឹង​ទន្លេសាប​នោះ​ឡើយ​ ដោយហេតុថា​ ​វា​នឹង​ធ្វើ​ឲ្យ​ចរន្ត​ចេញចូល​ទឹក​ផ្លាស់ប្ដូរ​ នាំ​ដល់​ការ​បំផ្លាញ​ធនធាន​ត្រី​ និង​ព្រៃ​លេច​ទឹក​ក្នុង​បឹង​ទន្លេសាប​ ដែល​ជា​បឹង​ដ៏​ធំ​បំផុត​មួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ ​

«យើង​មើល​ទឹក​ហូរ​ចេញ​ហូរ​ចូល​ទាំង​ពីរ​រដូវ​ ធ្វើ​ឲ្យ​មាន​ព្រៃ​លិចទឹក។​ កាល​មាន​ព្រៃ​លិចទឹក​ មាន​ជីវចម្រុះ​ កាលណា​មាន​ជីវចម្រុះ​ វា​នឹង​អាច​ធ្វើ​ឲ្យ​មាន​ធនធាន​ជលផល​យ៉ាង​សំបូរ​បែបនៅ​ក្នុង​ហ្នឹង​ អាច​ចិញ្ចឹម​ប្រជាពលរដ្ឋ​ អាច​ដឹកនាំ​ផល​នេសាទ​ចេញ​ទៅ​ក្រៅយ៉ាង​ល្បី​ល្បាញ។ នរណា​មិន​ល្បី​ថា​ បឹង​ទន្លេសាប​វា​ប៉ុណ្ណា»។​

លោក​ ឡុង​ សូចែត្រ ​បាន​បន្ត​ថា​ ប្រសិន​បើ​ទំនប់ ​ប៉ាក់​ បេង លេចចេញ​ជារូបរាង នោះ​ទំនប់​ជាច្រើន​ទៀត​ ក៏​នឹង​ត្រូវ​សង់​បន្ថែម​ក្នុង​ទន្លេ​មេគង្គ​ ដែល​នឹង​បង្ក​មហន្តរាយ​ដល់​ទន្លេ​មេគង្គ​ដែល​ជា​សរសៃ​ឈាម​របស់​បឹង​ទន្លេសាប។

ក្រុម​យុវជន​កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ លើក​បដា​និយាយ​ពី​ការ​ច្រានចោល​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ ប៉ាក់ បេង នៅ​ប្រទេស​ឡាវ។ (ហ៊ុល រស្មី/VOA)

លោក​ថា​ ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍មិន​ដែល​ឃើញ​មាន​មន្ត្រី​ណា​មក​ពន្យល់​ពួកគាត់​ អំពី​ការ​សាង​សង់​ទំនប់​វារីអគ្គិសនី​នេះ​ឡើយ។ លោក​ស្នើ​ឲ្យ​បញ្ឈប់​គម្រោង​ប៉ាក់​ បេង​នេះ​ ដើម្បី​ស្រោចស្រង់​ទន្លេ​មេគង្គ​ និង​បឹង​ទន្លេសាប។​

«ក្នុងនាម​ឲ្យ​សហគមន៍​ប្រជា​នេសាទ​ ក្នុង​ទន្លេសាប​ សំណូម​ពរ​ទាំង​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​ ក៏​ដូច​ជា​រដ្ឋាភិបាល​ណា​ក៏​ដោយ​ ត្រូវ​តែ​បញ្ឈប់​ការ​សាង​សង់​ទំនប់វារីអគ្គិសនី​នៅ​លើ​ទន្លេ​មេគង្គ​ ដើម្បី​ជៀសវាង​កុំឲ្យ​មាន​ ប៉ាក់​ បេង​ រាប់​រយ​មក​ទៀត​បាទ​អរគុណ»។​

អ្នកស្រី​ ដែន វ៉ុលដា ប្រធាន​បណ្ដាញ​សហគមន៍​នេសាទ​ ខេត្ត​ស្ទឹង​ត្រែង​ ក៏​មើល​ឃើញ​ពី​វិនាសកម្ម​ដែល​អាច​កើត​ឡើង​នៅ​ក្នុង​បឹងទន្លេសាប​ ប្រសិនបើ​គម្រោង ​ប៉ាក់ បេង​ នេះ​ ត្រូវ​គេ​អនុវត្ត​នៅ​ប្រទេស​ឡាវ។ អ្នកស្រី ​ក៏​ទាមទារ​ឲ្យ​បញ្ឈប់​គម្រោង​នេះ​ផង​ដែរ។​

«សុំ​ធ្វើ​ការ​ស្នើ​សុំទៅ​រាជរដ្ឋាភិបាល​ គឺ​សុំ​បញ្ឈប់​គម្រោង​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​ ប៉ាក់ បេង​នេះ​ តែ​ម្ដង»។​

ទំនប់​វារីអគ្គិសនី​ ​ប៉ាក់ បេង​ មាន​តម្លៃ​ប្រមាណ​២.៣៧២​លាន​ដុល្លារ​អាមេរិក។​ វា​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​១.៥៤០ គីឡូ​ម៉ែត្រ​ពី​ព្រំដែន​កម្ពុជា-ឡាវ។​ ការ​សាងសង់​ទំនប់​នេះ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៤។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ឡាវ។​

រូបភាពនៃគម្រោងសាងសង់ទំនប់វារីអគ្គីសនីថ្មីរបស់ឡាវ ឈ្មោះប៉ាក់ បេង(Pak Beng)/រូបថតដោយPak Beng hydropower project (Courtesy Photo)

អ្នកស្រី​ លុយ រស្មី​ នាយិកា​ប្រតិបត្តិ​នៃ​សមាគម​ថែរក្សា​បរិស្ថាន​ និង​វប្បធម៌​ លើក​ឡើង​ថា​ អ្នក​បង្កើត​គម្រោង​ទំនប់​វារីអគ្គិសនី​ ប៉ាក់​ បេង​ មិន​ទាន់​បាន​ផ្ដល់​ហេតុផល​សម​ស្របនៅ​ពី​ក្រោយ​គម្រោង​នេះ​ទេ។ អ្នកស្រី​ថា​ គម្រោង​នេះនឹង​បំផ្លិចបំផ្លាញ​ធនធាន​ត្រី​របស់​កម្ពុជា។

«គម្រោង​ប្លង់​ទាំង​អស់​ហ្នឹង​វា​អត់​មាន​ អំណះអំណាង​អី​ដែល​បញ្ជាក់​ថា​ វា​ជា​គម្រោង​ប្លង់ដែល​មើល​ទៅ​វា​មាន​ប្រសិទ្ធភាព។​ វា​នឹង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ជាច្រើន​ទៅ​ដល់​ទាំង​ទន្លេ​ ទាំង​ធនធាន​ត្រី​ ដែល​យើង​ដឹង​ហើយ​ថា​ ធនធាន​ត្រី​របស់​យើង​មួយ​ឆ្នាំ​ យើង​អាច​ទទួល​តម្លៃ​បាន​ប្រមាណជា​ ១៧​ពាន់​លាន​ដុល្លារ»។

រដ្ឋាភិបាល​នៃ​ប្រទេស​កុម្មុយនិស្ត​ឡាវ​ ​បាន​ព្រមព្រៀង​ជាមួយ​ប្រទេស​ជិត​ខាង ដើម្បី​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី ក្នុង​នោះ​មាន​ការ​លក់​ថាមពល​ទៅ​ឲ្យ​ប្រទេស​ថៃ​ចំនួន​៩.០០០ មេហ្គាវ៉ាត់​នៅ​ឆ្នាំ​២០២៥​ ប្រទេស​កម្ពុជា​ចំនួន​១.៥០០​មេហ្គាវ៉ាត់​ក្នុង​ឆ្នាំ​២០២៥ និង​ប្រទេស​វៀតណាម​ចំនួន​៥.០០០​មេហ្គាវ៉ាត់​ក្នុង​ឆ្នាំ​២០៣០។​

VOA បាន​ព្យាយាម​សុំ​ការអធិប្បាយ​ពី​មន្ត្រី​នាំ​ពាក្យ​ស្ថាន​ទូត​ឡាវ​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃ​សុក្រ​នេះ ទាក់​ទិន​គម្រោង​ ប៉ាក់ បេង​ តែ​មន្ត្រី​មួយ​រូប​ដែល​បម្រើការ​នៅ​ស្ថានទូត​បាន​ប្រាប់​ថា​ ស្ថានទូត​មិន​មាន​អ្នក​នាំ​ពាក្យ​ ហើយ​មាន​តែឯកអគ្គរដ្ឋទូត​ទើប​មាន​សិទ្ធិ​ផ្ដល់​ព័ត៌មាន។ មន្ត្រី​រូប​នោះ​និយាយ​ថា​ ឯកអគ្គរដ្ឋទូត កំពុង​ជាប់​ប្រជុំ​នៅ​ប្រទេស​ឡាវ។

យ៉ាងណាក៏ដោយ​ លោក​ ដាវវង់ ផនកែវ​ (Daovong Phonekeo)​ លេខា​អចិន្ត្រៃយ៍​នៃ​ក្រសួង​ថាមពល និង​រ៉ែ​ របស់​រដ្ឋាភិបាល​ឡាវ​ បាន​បញ្ជាក់ប្រាប់​ VOA តាម​រយៈ​សារ​អេឡិចត្រូនិក​ ឬ អ៊ីមែល​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ រដ្ឋាភិបាល​ឡាវ​ មិន​បញ្ឈប់​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ ប៉ាក់​ បេង​ នោះ​ឡើយ​ ហើយ​ថា​ គម្រោង​នោះ​ត្រូវ​បាន​កំណត់ទុក​ក្នុង​ផែនការ​មេ​របស់​គណៈកម្មការ​ទន្លេ​មេគង្គ​ ហៅ​កាត់​ថា​ MRC (Mekong River Commission) តាំងពី​ទសវត្សរ៍​ឆ្នាំ៩០មកម្ល៉េះ គឺ​ដូច​ជា​ទំនប់​វារីអគ្គិសនី​សម្បូណ៌​នៅ​កម្ពុជា។

លោក​ពន្យល់​ថា​ យោង​តាម​កិច្ចព្រមព្រៀង​មេគង្គ​ឆ្នាំ​១៩៩៥ ​របស់​ប្រទេស​ជា​សមាជិក​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ​ គម្រោង​នានា​ក្នុង​ទន្លេ​មេគង្គ ​តម្រូវ​ឲ្យ​មានការ​ជូន​ដំណឹង​និង​ពិគ្រោះ​យោបល់​ជាមុន​ ដែល​គេ​ស្គាល់​ថា​ជា​នីតិវិធី ​PNPCA (Procedures for Notification, Prior Consultation and Agreement)។

លោក​បន្ត​ថា​ ដំណើរ​ការ​នេះ កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ចុងក្រោយ។ ក្នុង​ដំណើរ​ការ​ពិគ្រោះ​យោបល់​ជាមុន​នេះ​ ប្រទេស​សមាជិក MRC ត្រូវ​ផ្ដល់​ផែនការ​បច្ចេកទេស​សម្រាប់​សម្រួល​ដល់​ការ​វាយតម្លៃ​ផល​ប៉ះពាល់​ខាង​បរិស្ថាន និង​ការ​សិក្សា​នានា។

លោក​ ដាវវង់ ផនកែវ​ បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖

«ក្នុងអំឡុងពេល​ធ្វើ​ការ​ពិគ្រោះ​យោបល់​ជាមុន​ ប្រទេស​សមាជិក​ទាំងឡាយ​ គួរតែ​រៀបចំ​កិច្ច​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ដោយ​ផ្អែក​តាម​ឯក​សារ​ដែល​បាន​ដាក់​រួចហើយ។​ នៅ​មុន ការ​បញ្ចប់​កិច្ច​ពិគ្រោះ​យោបល់ជាមុន​នេះ​ ប្រទេស​ម្ចាស់​ផ្ទះ​ គឺ​ឡាវ​ នឹង​ពិចារណា​លើ​ក្តី​បារម្ភ​ទាំង​អំបាលម៉ាន​ ពី​ប្រទេស​ម្ចាស់​ច្រាំង​ទន្លេ​ ហើយ​ផ្ដល់​វិធានការ​សមស្រប​ផ្សេងៗ​ ដើម្បី​បន្ថយ​ការ​ប៉ះពាល់​ជា​អវិជ្ជមាន​ឲ្យបាន​តិច​ ប្រសិនបើ​មាន»។

លោក ​ដាវ វង់ ​ផនកែវ​ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ គម្រោង​ប៉ាក់ បេង​ គឺជា​ផ្នែក​មួយ​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ក្រីក្រ​ និង​ពង្រឹង​កំណើន​សេដ្ឋកិច្ច​របស់​ឡាវ។​

លោក​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖

«រដ្ឋាភិបាល​ឡាវ​ បាន​កំណត់​ថា​ការ​អភិវឌ្ឍ​ខាង​ទំនប់​វារីអគ្គិសនី គឺជា​កិច្ចការ​អាទិភាព​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ និង​បំបាត់​ភាព​ក្រីក្រ​ ហើយ​ផ្ដល់​ការ​ទទួល​បាន​អគ្គិសនី​ឲ្យបាន​ច្រើន​ជាង​ ៩៥​ភាគរយ​ដល់​ប្រជាជន​ខ្លួន​នៅ​ឆ្នាំ​ ២០២០។ហើយ​គម្រោង​ប៉ាក់​ បេង​ គឺ​ជា​គម្រោង​មួយ​ក្នុង​ចំណោម​គម្រោង​ជា​ច្រើន​ទៀត​ នៅ​ក្នុង​ការ​អភិវឌ្ឍ​ថាមពល​ដែល​នឹង​ត្រូវ​អនុវត្តន៍»។

លោក​ ដាវវង់​ ​ផនកែវ​ ​ធ្លាប់​លើក​ឡើង​កាល​ពី​ពេល​កន្លង​មក​ថា​ ប្រទេស​ឡាវ​ត្រូវ​ការ​បង្កើន​សេដ្ឋកិច្ច​របស់​ខ្លួន​ទៅ​ដល់​៧,៥​ភាគរយ​នៅ​ត្រឹម​ឆ្នាំ​២០២០។

​VOA ព្យាយាម​សុំ​ការ​អធិប្បាយ​ពី លោក តែ ណាវុធ​ និង លោក​ ​សូ សុភ័ទ្ទ ​អគ្គលេខាធិការ​និង​អគ្គ​លេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ តែ​នៅ​មិន​ទាន់​អាច​ទាក់​ទង​បាន​ទេ​រហូត​មក​ដល់​ថ្ងៃ​សុក្រនេះ។​

អង្គការ​ទន្លេ​អន្តរជាតិ​ (International Rivers) ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​រក​ឃើញ​ថា​ ​មនុស្ស​យ៉ាង​ហោច​ណាស់​៦.៧០០​នាក់​ ​នឹង​ត្រូវ​ផ្លាស់​ប្ដូរ​ទីលំនៅ​ដោយ​សារ​ការ​សាងសង់​ទំនប់​នេះ។​ ប្រសិន​បើ​មាន​ការ​សាងសង់ ទំនប់​នេះ​នឹង​មាន​ផល​ប៉ះពាល់​ច្រើន​ទៅ​លើ​សហគមន៍​ក្រៅ​តំបន់ ប៉ាក់ បេង​ (Pak Beng) ក្នុង​ប្រទេស​ថៃ និង​ពេញ​អាង​ទន្លេ​មេគង្គ រួម​នឹង​ការ​ប៉ះពាល់​នៃ​គម្រោង​វារីអគ្គិសនី​ដែល​មាន​ស្រាប់​ផង។​

វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា​ បាន​ស្នើ​ឲ្យ​ភាគី​ពាក់​ព័ន្ធ​ក្នុង​គម្រោង​ទំនប់​ប៉ាក់​ បេងផ្ដល់​ឱកាស​សម្រាប់​ក្រុម​យុវជន​ សហគមន៍​ និង​អង្គការ​សង្គម​ស៊ីវិល​ ក្នុង​ការ​បញ្ចេញ​មតិ​អំពី​ផល​ប៉ះពាល់​នានា​ ពី​គម្រោង​មក​លើ​ប្រទេស​របស់​ខ្លួន​ដែល​ស្ថិត​នៅ​ខ្សែ​ទឹក​ខាងក្រោម​នៃ​ទន្លេ​មេគង្គ។

លោក​ តឹក វណ្ណារ៉ា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា​ ក៏​មិន​ចង់​ឃើញ​វត្តមាន​របស់​គម្រោង​ទំនប់​វារីអគ្គិសនី​ ប៉ាក់ បេង​ នេះ​ដែរ។ លោក​មានប្រសាសន៍​ថា​ ការ​ពិភាក្សា​អំពី​ការ​អនុវត្ត​គម្រោង​ទំនប់​នេះ អាច​ធ្វើ​ទៅ​បាន​ ប្រសិន​បើ​ម្ចាស់​គម្រោង​នេះ​ រក​បាន​វិធីសាស្ត្រ​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​ ក្នុង​ទន្លេ​មេគង្គ។​

«លុះ​ត្រា​តែ​រក​យន្តការ​ណា​មក​ជំនួស​ ទាក់​ទង​ប្រព័ន្ធ​អេកូឡូស៊ី​ ប្រព័ន្ធ​បរិស្ថាន​ ប្រព័ន្ធ​ទាក់​ទង​នឹង​ធន​ធាន​ទឹក​ទាំង​មូល​ហ្នឹង​បាន​សិន​ អា​ហ្នឹង​ បាន​អាច​ធ្វើ​ការ​ពិភាក្សា​ថា​យើង​គួរ​ធ្វើ​ការ​អភិវឌ្ឍ​ទំនប់ ឬមួយ​ក៏​អត់»។

លោក​បាន​បន្ថែម​ថា៖

«ក៏ប៉ុន្តែ​យើង​ឃើញ​ថា​ អ្នក​ដែល​អន្តរ​រដ្ឋាភិបាល​ ឃើញ​ថា​គាត់​ឲ្យ​តម្លៃ​ផ្នែក​សេដ្ឋកិច្ច​ ធំ​ជាង​ផ្នែក​បរិស្ថាន​ អញ្ចឹង​គាត់​ ទៅ​មុន​មួយ​ជំហាន។ ហើយ​អានេះ​ ក៏​ជា​បញ្ហា​មួយ​ដែល​សហគមន៍​នៅតែ​លើក​ឡើង​ ទោះ​បី​ជា​មាន​ការ​កែលំអ​ទាក់​ទង​ប្លង់​នៃ​ទំនប់ សាយ៉ាបួរី (Xayaburi ) ​មាន​ការ​កែលម្អទាក់​ទង​រឿង​ទំនប់​ ដនសាហុង​ ក៏ដោយ​ ក៏ប៉ុន្តែ​ជំហរ​រួម​យើង យើង​នៅ​តែ​ស្នើ​ថា​ទេ​ ចំពោះ​ទាក់​ទង​ការ​អភិវឌ្ឍ​ ទំនប់​លើ​តួ​មេ​នៃ​ទន្លេ​មេគង្គ»។​

ចំណែក​ឯ​សម្ព័ន្ធ​ទន្លេ​កម្ពុជា​ (River Coalition in Cambodia) ​ដែល​មាន​អង្គការ​សមាជិក​បណ្ដាញ​ជាតិ​ចំនួន​ ៥២​អង្គការ ​ព្រមទាំង​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ​ផ្សេង​ទៀត​ បាន​លើក​ឡើង​ថា​ ទំនប់​វារីអគ្គិសនី​ប៉ាក់​បេង​ ចាំបាច់​ត្រូវតែ​ស្នើសុំ​ពិគ្រោះ​យោបល់​ជាមុន​ តាមរយៈ​នីតិវិធី PNPCA៕