រមណីយដ្ឋានទឹកឈូនៅខេត្តកំពតបានដាក់ស៊ីរ៉ែនបន្លឺសំឡេង មុនពេលមានការបង្ហូរទឹកពីទំនប់វារីអគ្គិសនីកំចាយ ដើម្បីជូនដំណឹងដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ ចៀសវាងគ្រោះថ្នាក់ចៃដន្យណាមួយ។ នេះបើយោងតាមលោក ស៊ីម វុត្ថា មន្រ្តីទំនាក់ទំនងព័ត៌មាននៃរដ្ឋបាលខេត្តកំពត។
លោកបានប្រាប់ VOA នៅថ្ងៃអង្គារនេះថា ប្រជាជននៅតំបន់ទំនប់វារីអគ្គិសនីកំចាយ បានដឹងពីការដាក់ស៊ីរ៉ែននោះហើយ។ លោកនិយាយថា ការបង្ហូរទឹកចេញពីទំនប់វារីអគ្គិសនីនោះនឹងមានម្តងម្កាលតែប៉ុណ្ណោះ ដើម្បីការពារកុំឲ្យមានទឹកបុកគំហុកចេញពីកន្លែងស្តុក។ លោកបន្ថែមទៀតថា ទោះបីកន្លងមកអាជ្ញាធរមានការព្រួយបារម្ភថា ការធ្វើទំនប់វារីអគ្គិសនីតែងតែធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចក្តី ក៏ប៉ុន្តែទំនប់វារីអគ្គិសនីនោះបានផ្តល់ថាមពលអគ្គិសនី និងអាចជួយទប់ទឹកជំនន់ផងដែរ។ លោកវុត្ថា បានឲ្យដឹងផងដែរថា កន្លងមកប្រជាជននៅតំបន់ទំនប់វារីអគ្គិសនីមិនធ្លាប់ជួបប្រទះបញ្ហាទេ នៅពេលមានការបង្ហូរទឹកពីទំនប់វារីអគ្គីសនីនោះ។
ទោះបីជាយ៉ាងណាក្តី លោកហេង ធីរៈ អ្នកសង្កេតការណ៍របស់អង្គការអាដហុកប្រចាំខេត្តកំពត បានបញ្ជាក់ថា លោកមិនទាន់ទទួលបានដំណឹងអំពីការដាក់ស៊ីរ៉ែននៅរមណីយដ្ឋានទឹកឈូនោះទេ។ ហើយលោកក៏មិនទាន់ដឹងថា ប្រជាជននៅតំបន់នោះបានទទួលដំណឹងនេះឬយ៉ាងណានោះទេ។ លោកបានបន្ថែមថា ទោះបីមិនធា្លប់មានប្រជាពលរដ្ឋដាក់ពាក្យបណ្តឹងពាក់ព័ន្ធនឹងការបង្ហូរទឹកពីទំនប់វារីអគ្គិសនីកំចាយក្តី ហានិភ័យនៅតែមានកម្រិតខ្ពស់ ប្រសិនបើមានករណីបាក់ទំនប់វារីអគ្គិសនី។ លោកធីរៈលើកឡើងទៀតថា ដោយសារតែទំនប់វារីអគ្គិសនីជាគម្រោងរបស់រដ្ឋាភិបាល ហេតុនេះ ប្រជាពលរដ្ឋមានការស្ទាក់ស្ទើរក្នុងការប្តឹងផ្តល់ ពេលកើតមានបញ្ហាណាមួយនោះ៕