ប្រតិភូមកពីជុំវិញពិភពលោកបានជួបប្រជុំនៅសប្តាហ៍ទីបីនៅក្នុងប្រទេស អ៊ុយរ៉ាហ្កាយ(Uruguay) ដើម្បីពិចារណារកវិធីថ្មីដើម្បីត្រួតពិនិត្យថ្នាំជក់។ សន្ធិសញ្ញាអង្គការសុខភាពពិភពលោកដែលហៅថា សន្និបាតគម្រោង អំពីការត្រួតពិនិត្យថ្នាំជក់ បានចូលជាធរមានកាលពីប្រាំឆ្នាំមុន។ រដ្ឋាភិបាលជាង១៧០បានចុះហត្ថលេខាលើសន្ធិសញ្ញានេះ។
សន្ធិសញ្ញាតម្រូវឲ្យមានកិច្ចប្រឹងប្រែងមួយចំនួនមានដូចជា តម្លើងថ្លៃថ្នាំជក់ ដាក់កំហិតលើការឃោសនាពាណិជ្ជកម្ម និងហាមលក់ថ្នាំជក់ដល់កុមារ។
សិស្សវិទ្យាល័យទាំងនេះ បានតវ៉ាប្រឆាំងក្រុមហ៊ុនថ្នាំជក់ថ្មីៗនេះ នៅឯការតាំងពិព័ណ៌ពាណិជ្ជកម្មក្នុងទីក្រុងហ្សាកាតា (Jakarta)។ ប្រទេសឥណ្ឌូណេស៊ីមិនបានចុះហត្ថលេខាលើសន្ធិសញ្ញាអន្តរជាតិនេះទេ។ ប៉ុន្តែក្រសួងសុខាភិបាលរបស់ប្រទេសនេះ ស្នើដាក់ការហាម នៅគ្រប់ទ្រង់ទ្រាយនៃការឃោសនាពាណិជ្ជកម្មបារី។
មន្ត្រីម្នាក់នៅឯអង្គការសម្ព័ន្ធថ្នាំជក់ឥណ្ឌូណេស៊ីនិយាយថា ក្រុមពាណិជ្ជកម្មរបស់លោកយល់ព្រមនឹងការហាមនូវគ្រប់សកម្មភាពផ្សាយឃោសនាបារីដល់ពួកយុវជន។ ប៉ុន្តែលោកនិយាយថាក្រុមហ៊ុនថ្នាំជក់គួរតែអាចឃោសនាលក់ផលិតផលរបស់ខ្លួនដល់មនុស្សពេញវ័យ ដូចជាផលិតផលត្រឹមត្រូវតាមច្បាប់ផ្សេងៗទៀតដែរ។
ក្រុមអ្នកដាំថ្នាំជក់ក៏បានព្រួយបារម្ភចំពោះវិធានការណ៍ជាច្រើនដែលបានស្នើឡើងនៅឯកិច្ចប្រជុំក្នុងសប្តាហ៍នោះនៅប្រទេស អ៊ុយរ៉ាហ្កាយដែរ។ វិធានការមួយនឹងហាមមិនឲ្យប្រើថ្នាំជក់ដែលដាក់រស់ជាតិបន្ថែមនៅក្នុងថ្នាំជក់តាមប្រពៃណី ដែលផលិតដោយអាមេរិកាំង។ ថ្នាំជក់ជំពូកនេះមានដាំយ៉ាងទូលំទូលាយនៅក្នុងប្រទេសអាហ្វ្រិក និងបានប្រើប្រាស់យ៉ាងច្រើននៅក្នុងបារីរបស់អាមេរិកាំង ដែលមានប្រជាប្រីយភាពនៅជុំវិញពិភពលោក។
ក្រុមអ្នកប្រឆាំងការជក់បារីនិយាយថាសេចក្តីស្នើនេះមានបំណងប្រឆាំងនឹងការដាក់រស់ជាតិបន្ថែមដូចជាកាកាវ ដើមឈើអែម និងស្ក។ នាយកនៃកិច្ចប្រជុំត្រួតពិនិត្យថ្នាំជក់ Tanzanie ចង្អុលប្រាប់ថា បារីម៉ាកអាមេរិកាំងជាច្រើនមិនប្រើរសជាតិបន្ថែមទៀតទេ។
ប៉ុន្តែក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅ NKC, ដែលជាក្រុមអ្នកស្រាវជ្រាវអាហ្វ្រិកខាងត្បូង និយាយថា គោលការណ៍ណែនាំទាំងឡាយអាចមានឥទ្ធិពលលើជីវិតរស់នៅរបស់ជនជាតិអាហ្វ្រិករាប់លាននាក់ដែលពឹងពាក់ទៅលើរបរកសិកម្មថ្នាំជក់។ សេចក្តីរាយការណ៍និយាយថាមនុស្សជិតបួនលាននាក់នៅក្នុងប្រទេសម៉ូហ្សាមប៊ីក (Mozambique) យូហ្កាន់ដា (Uganda) ហ្សាមប៊ៀ (Zambia) និង ហ្សីមបាវ៉េ (Zimbabwe) នឹងត្រូវបានប៉ះពាល់ខ្លាំងជាងគេ។
ចាប់តាំងពីខែមិថុនាមក សរអបានហាមក្រុមហ៊ុនបារីពីការប្រើពាក្យបោកបញ្ឆោតដូចជាថា “ស្រាល” “ខ្សោយ” និង “មានជ័រតិច”។
កាលពីសប្តាហ៍មុន ក្រុមមន្ត្រីសុខភាពសហព័ន្ធបានប្រកាសអំពីការងារថ្មីៗដើម្បីត្រួតពិនិត្យថ្នាំជក់។ ការងារទាំងនេះ រួមមានការតម្រូវឲ្យមានពាក្យព្រមានសុខភាពទូលំទូលាយនៅលើកញ្ចប់បារី និងការឃោសនាពាណិជ្ជកម្ម។
ក្រុមមន្ត្រីក៏ចង់តម្រូវឲ្យមាន “ពាក្យព្រមានសុខភាពដែលរស់រវើក” ថ្មី នៅក្នុងពេលពីរឆ្នាំផងដែរ។ ការស្នើទាំងនោះមានទាំងរូបគំនូរស្ត្រីម្នាក់បង្ហើរផ្សែងបារីដាក់មុខទារកម្នាក់ និងរូបភាពមួយស្តីពី សួតមានជម្ងឺដាក់នៅជិតរូបសួតដែលមានសុខភាពល្អ។
លោកអ្នកអាចរកទំនាក់ទំនងនៃរូបភាពទាំងឡាយនោះនៅក្នុងវ៉េបសាយរបស់voaspecialenglish.com៕
ប្រែសម្រួលដោយអ្នកស្រី នុច សារីតា