នៅមុនកិច្ចប្រជុំកំពូលពិសេសអាមេរិកអាស៊ានក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃព្រហស្បតិ៍នេះ ក្រុមអ្នកសិក្សាស្រាវជ្រាវបានលើកឡើងថា វាដល់ពេលហើយដែលទាំងអាស៊ាននិងសហរដ្ឋអាមេរិក ផ្ដល់យកចិត្តទុកដាក់លើបញ្ហាមេគង្គ ជារបៀបវារៈស្នូលរបស់ខ្លួន។
ក្នុងសិក្ខាសាលាអនឡាញមួយកាលពីថ្ងៃអង្គារ ដែលរៀបចំដោយមជ្ឈមណ្ឌល Stimson មានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន ក្រុមវាគ្មិនទាំងនោះបានលើកឡើងថាបញ្ហាមេគង្គដែលមានប្រទេសជាសមាជិកអាស៊ានចំនួន ៥ ជាប្រទេសតាមដងទន្លេនោះមានគុណតម្លៃជាអនេកផ្នែកយុទ្ធសាស្ត្រ។
អ្នកស្រី Kate Rebholz ភារធារីស្ថានបេសកកម្មសហរដ្ឋអាមេរិកប្រចាំសមាគមអាស៊ាន បានលើកឡើងថា រដ្ឋាភិបាលអាមេរិកមានការតាំងចិត្តជាខ្លាំង ក្នុងការពង្រឹងសមត្ថភាពនិងភាពធន់របស់បណ្ដាប្រទេសមេគង្គនីមួយៗ។
«ក្នុងកិច្ចការងាររបស់ខ្លួនជាមួយអាស៊ាន ខ្ញុំបានឃើញជាប្រចាំថ្ងៃនូវឥទ្ធិពលរបស់តំបន់មេគង្គ ទៅលើបរិបទតំបន់ដែលនៅជុំវិញ។ ដូចគ្នានឹងការណ៍ដែលអាស៊ានចូលរួមជាវិភាគទានដល់ ការរួបរួម វិបុលភាព សន្ដិសុខរបស់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក តំបន់មេគង្គដើរតួនាទីដ៏សំខាន់បំផុតការរក្សាសន្តិភាព និងស្ថិរភាពអាស៊ាន»។
មន្ត្រីអាមេរិករូបនេះបន្ថែមថា ក្នុងកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន ក្នុងសប្ដាហ៍នេះ នឹងមានការប្រកាសកម្រិតកំពូលនៃសេចក្ដីថ្លែងការណ៍អំពីចក្ខុវិស័យរួមអាមេរិក-អាស៊ាន «ដែលប្រកបដោយមហិច្ឆតានិងក្រសែទស្សនវិស័យវែងឆ្ងាយ» លើវិស័យនានា រួមមានសុខភាពសាធារណៈ ការប្រែប្រួលអាកាសធាតុ កំណើនសេដ្ឋកិច្ចជាដើម។
លោក Bilahari Kausikan អតីតលេខាអចិន្ត្រៃយ៍ក្រសួងការបរទេសសិង្ហបុរី បានចោទសួរអំពីការតាំងចិត្តរបស់សហរដ្ឋអាមេរិក ព្រោះក្នុងឯកសារយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកដែលដាក់ចេញដោយរដ្ឋបាលលោក ចូ បៃដិន (Joe Biden) មិនមាននិយាយពាក្យថា «មេគង្គ» សូម្បីតែមួយម៉ាត់។
«ជាអកុសល ខ្ញុំគិតថា វាជាទស្សន៍ទាយដ៏វិយោគមួយថា ក្នុងចំណោមបញ្ហានានាស្ថិតក្នុងរបៀបវារៈនៃកិច្ចប្រជុំ[កំពូលអាមេរិក-អាស៊ាន] បញ្ហាមេគង្គ មិនទំនងជាត្រូវបានយកជាត្រីមុខនោះឡើយ»។
អតីតអ្នកការទូតសិង្ហបុរីរូបនេះបានលើកឡើងថា រដ្ឋបាលលោក បារ៉ាក់ អូបាម៉ា (Barack Obama) បានបង្កើតគំនិតផ្ដួចផ្ដើមទន្លេមេគង្គក្រោម (Lower Mekong Initiative) នៅឆ្នាំ ២០០៩ តែក្រោយមកហាក់លែងចាប់អារម្មណ៍នឹងគម្រោងដែលខ្លួនបានបង្កើតឡើងទៅវិញ ហើយរដ្ឋបាលលោក ដូណាល់ ត្រាំ (Donald Trump) បានតម្លើងការទាក់ទងជាមួយតំបន់មេគង្គទៅជាភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក (Mekong-US Partnership) នៅឆ្នាំ ២០២០ នៅប៉ុន្មានខែចុងក្រោយនៃអណត្តិរបស់ខ្លួនទៅហើយ។
«អ្វីដែលគេចង់បានពីសហរដ្ឋអាមេរិកនោះគឺ ការយកចិត្តទុកដាក់ជាប់លាប់នៅកម្រិតកំពូល ដែលផ្ដល់សញ្ញាថា សហរដ្ឋអាមេរិកទទួលស្គាល់នូវសារៈសំខាន់ជាយុទ្ធសាស្ត្រនៃតំបន់មេគង្គ»។
លោក Kausikan បានបន្តទៀតថា ការណ៍ដែលចិនបានសង់ទំនប់វារីអគ្គិសនីនានានៅដើមខាងលើទន្លេ និងចូលរួមវិនិយោគសង់ទំនប់ផ្សេងៗ ក្នុងបណ្ដាប្រទេសនៅខ្សែទឹកខាងក្រោមនោះ អាចនាំឱ្យមហាអំណាចមួយនេះ «ត្រួតត្រា» អាស៊ីអាគ្នេយ៍ដីគោកបាន ត្បិតពីអំណឹះនេះតទៅ «ទឹកជាធនធានយុទ្ធសាស្ត្រ» ហើយការណ៍នេះនឹងនាំឱ្យចិនជាអ្នកគូសវាសភូមិសាស្ត្រយុទ្ធសាស្រ្តរបស់តំបន់។
«មុននឹងអាស៊ានចង់ឱ្យអាមេរិកចាត់ទុកបញ្ហាមេគង្គជាបញ្ហាចម្បងនិងយុទ្ធសាស្ត្រនោះ អាស៊ានខ្លួនឯង ត្រូវតែចាត់ទុកបញ្ហាមេគង្គ ជាបញ្ហាចម្បងនិងយុទ្ធសាស្ត្រសិន។ អាស៊ាននៅមិនទាន់ធ្វើបានគ្រប់គ្រាន់នៅឡើយ ក្នុងការចាត់វាជាបញ្ហាចម្បងនិងយុទ្ធសាស្ត្ររបស់ប្លុកទាំងមូល»។
បណ្ឌិត Satu Limaye អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ East-West បានលើកឡើងថា ពីមួយពេលទៅមួយពេល បញ្ហាមេគង្គកាន់តែមានសារៈសំខាន់ខ្លាំងឡើង មិនគ្រាន់តែជាទីតាំងត្រូវស្ដារនិងដោះស្រាយបញ្ហាបច្ចេកទេស ដូចជា ទឹក ថាមពល និងអេកូឡូស៊ីបរិស្ថានប៉ុណ្ណោះទេ តែជា«ទីលានប្រកួតប្រជែងរវាងមហាអំណាច» ដែលមាន «គុណតម្លៃយុទ្ធសាស្ត្រយ៉ាងសម្បើម»។
«បញ្ហានោះវាច្បាស់នៅត្រង់ថា មានប្រទេសធំមួយដែលត្រូវទទួលខុសត្រូវធំធេងជាងគេនៅទីនេះ ចំពោះផលប៉ះពាល់បណ្ដាលមកពីការប្រែប្រួលអាកាសធាតុ និងលំហូរទឹកដ៏រអាក់រអួល។ ខ្ញុំគិតថា ការនេះទាក់ទាញ ការអនុវត្តពហុនិយមឱ្យភាគីដទៃទៀតចូលរួមនឹងយើងទាំងអស់គ្នាដើម្បីចាត់ទុកនិងធ្វើការដើម្បីតំបន់នេះ ក្នុងនាមជាទីតាំងដែលមានគុណតម្លៃយុទ្ធសាស្ត្ររបស់តំបន់ទាំងមូល»។
បណ្ឌិត Le Dinh Tinh នាយកវិទ្យាស្ថានដើម្បីការសិក្សាគោលនយោបាយការបរទេសនិងកិច្ចការយុទ្ធសាស្ត្រ នៅបណ្ឌិត្យសភាការទូតវៀតណាម (DAV) បានអង្កេតឃើញនិន្នាការនៃការយកចិត្តទុកដាក់ជាងមុនលើបញ្ហាមេគង្គ និងចំណុចផ្ដោតមួយរបស់អាស៊ាន ទោះជួបការរអាក់រអួលបណ្ដាលមកពីការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ យ៉ាងណាក្ដី។
បណ្ឌិត Romyen Kosaikanont ឧបការីសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ បានលើកជាយោបល់ថា សហរដ្ឋអាមេរិកគួរពង្រីកការផ្ដល់ជំនួយអភិវឌ្ឍន៍ក្នុងក្របខណ្ឌមេគង្គលើផ្នែកចែករំលែកបច្ចេកវិទ្យា ពង្រឹងគុណភាពគ្រឹះស្ថានស្រាវជ្រាវពាក់ព័ន្ធនឹងកិច្ចការចម្បងៗក្នុងតំបន់មេគង្គ និងជួយការកសាងប្រព័ន្ធចែករំលែក និងដោះដូរទិន្នន័យប្រកបដោយតម្លាភាព។
«ទំនុកចិត្តនិងនិរន្តរភាពមានសារៈសំខាន់បំផុតនាំមកនូវភាពជោគជ័យក្នុងកិច្ចសហប្រតិបត្តិការ។ គំនិតផ្ដួចផ្ដើមនានាត្រូវប្រកាន់យកអភិក្រមដែលបើកឱ្យមានការចូលរួម តាំងពីដំណាក់កាលតាក់តែងគម្រោងដល់ការអនុវត្ត ដែលមានការគូសបញ្ជាក់ច្បាស់ពីលទ្ធផលនិងការផ្លាស់ប្ដូរជាវិជ្ជមានដែលគ្រោងទុក មិនមែនគ្រាន់តែធ្វើព្រឹត្តិការណ៍តែម្ដងៗ ហើយចប់គ្រាន់តែបង្គ្រប់កិច្ចនោះទេ»។
អ្នកស្រី Sera Koulabdara នាយិកាប្រតិបត្តិអង្គការកេរដំណែលសង្គ្រាម (Legacies of War) បានស្នើឱ្យសហរដ្ឋអាមេរិកយកចិត្តទុកដាក់លើការលើកកម្ពស់ការយល់ដឹងនិងយកជាសំខាន់ក្នុងក្របខណ្ឌមេគង្គ នូវបញ្ហាកាកសំណល់សង្គ្រាម គ្រាប់មិនទាន់ផ្ទុះបន្សល់ទុកពីសង្គ្រាមវៀតណាម។
«ការដោះស្រាយបញ្ហាកេរដំណែលនិងលទ្ធផលទាំងនេះដែលបន្សល់ទុកដោយសង្គ្រាមមិនគ្រាន់តែជាករណីយកិច្ចផ្នែកមនុស្សធម៌ដែលត្រូវធ្វើនោះទេ តែវាក៏បានបង្កើតឱកាសក្នុងការកសាងភាពជាដៃគូដែលហុចផលឱ្យគ្នាទៅវិញទៅមក ធ្វើឱ្យសន្ដិភាពមាននិរន្តរភាព បង្កើតមាគ៌ាសម្រាប់ប្រជាជនមូលដ្ឋានកសាងជីវភាពឱ្យរស់រវើក និងធ្វើឱ្យប្រសើរឡើងនូវចំណងការទូតនិងសេដ្ឋកិច្ច»។
ទន្លេមេគង្គមានប្រភពនៅខ្ពង់រាបទីបេត៍ក្នុងខេត្ត Qinghai ប្រទេសចិន និងមានប្រវែងសរុបជិត ៥ ពាន់គីឡូម៉ែត្រ ហូរកាត់ប្រទេសចំនួន ៦ រួមមាន ចិន ដែលហៅទន្លេនេះថា«ឡានឆាង» ឡាវ ភូមា ថៃ កម្ពុជា និងវៀតណាម។ មកទល់នឹងខែឧសភាឆ្នាំ ២០២២ នេះ មានទំនប់វារីអគ្គិសនីចំនួន ១៣ កាត់ផ្ទៃទន្លេមេគង្គឡានឆាង ដែលកំពុងដំណើរការ ក្នុងនោះ ១១ ទំនប់ ស្ថិតក្នុងទឹកដីចិន និង ២ ទំនប់ស្ថិតក្នុងទឹកដីឡាវ៕