មន្ត្រីជាន់ខ្ពស់មួយរូបនៅក្នុងរដ្ឋបាលរបស់លោក Donald Trump បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានអំពីរបាយការណ៍លើការអនុវត្តន៍សិទ្ធិមនុស្សរបស់ប្រទេសនានានៅក្នុងពិភពលោកសម្រាប់ឆ្នាំ ២០១៦ និងបានបដិសេធមតិរិះគន់ពីក្រុមអង្គការសិទ្ធិមនុស្ស និងសមាជិកសភាមួយចំនួនដែលថា សន្និសីទសារព័ត៌មានអំពីរបាយការណ៍នោះ មិនត្រូវបានប្រកាសប្រាប់ឲ្យដឹងមុនមួយថ្ងៃ មិនបានអនុញ្ញាតឲ្យមានការថតជាវីដេអូ និងមិនមានវត្តមានរបស់លោក Tillerson ចូលរួមនោះ។
មន្ត្រីជាន់ខ្ពស់រូបនោះបាននិយាយយ៉ាងដូច្នេះថា៖ «របាយការណ៍នោះគឺគ្រាន់តែជាទស្សនៈរបស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ យើងមានមោទនភាពខ្លាំងណាស់ចំពោះរបាយការណ៍នេះ។ ការពិតទាំងឡាយគួរតែជាចំណុចផ្ដោតនៅក្នុងរបាយការណ៍នេះ។ លោករដ្ឋមន្ត្រី Tillerson បាននិយាយច្បាស់ហើយនៅក្នុងសវនាការផ្ដល់សច្ចានុមតិដល់ការតែងតាំងរូបលោក អំពីទស្សនៈរបស់លោកអំពីផលប៉ះពាល់ និងសារៈសំខាន់នៃសិទ្ធិមនុស្សចំពោះផលប្រយោជន៍របស់សហរដ្ឋអាមេរិក»។
មន្ត្រីរូបនោះបានបញ្ជាក់បន្ថែមថា ការលើកឡើងរបស់លោក Tillerson នៅក្នុងសវនាការនោះគីថា សហរដ្ឋអាមេរិកមានភាពច្បាស់លាស់ជាទីបំផុតចំពោះការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះបញ្ហាសិទ្ធិមនុស្ស និងគោលការណ៍ណែនាំជាមូលដ្ឋាន ដែលថា តម្លៃរបស់សហរដ្ឋអាមេរិកគឺជាផលប្រយោជន៍របស់សហរដ្ឋអាមេរិកនៅក្នុងការអនុវត្តគោលនយោបាយការបរទេសរបស់ខ្លួន។
នៅពេលដែលអ្នកសារព័ត៌មានបានសួរទៅកាន់មន្ត្រីជាន់ខ្ពស់រូបនោះ មន្ត្រីរូបនោះមិនបានពន្យល់ថាហេតុអ្វីបានជាលោក Tillerson មិនបានផ្សព្វផ្សាយពីរបាយការណ៍នោះដោយខ្លួនលោកនោះទេ។ ប៉ុន្តែ មន្ត្រីរូបនោះបានបញ្ជាក់ថា ក្រសួងការបរទេសមានគោលបំណងចង់ផ្សព្វផ្សាយរបាយការណ៍នេះដោយមិនមានការពន្យារពេលនោះទេ។
អង្គការ Human Rights Watch និងអង្គការ Human Rights First បានចេញសេចក្ដីថ្លែងការណ៍រិះគន់យ៉ាងខ្លាំងក្លាចំពោះការផ្សព្វផ្សាយបែបលាក់លៀមនូវរបាយការណ៍ដែលបានមកពីការប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ដូចនេះ។ របាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំនេះ គឺជារបាយការណ៍ដែលរដ្ឋាភិបាល និងអ្នកការពារសិទ្ធិមនុស្សនានានៅជុំវិញពិភពលោកផ្ដោតការយកចិត្តទុកដាក់ខ្លាំងជាទីបំផុត។
ទោះបីជាយ៉ាងណាក៏ដោយ លោក Kenneth Roth នាយកប្រតិបត្តិនៃអង្គការ Human Rights Watch បានសរសេរក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter ថា ទោះបីជាលោក Tillerson ប្រហែលជាមិនចង់ប្រឈមជាមួយនឹងសំណួររបស់អ្នកសារព័ត៌មានក៏ដោយ ក៏លោកនៅតែបង្ហាញពីការប្ដេជ្ញាចិត្តជាមូលដ្ឋានរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកចំពោះបញ្ហាសិទ្ធិមនុស្សនៅក្នុងអារម្ភកថារបស់របាយការណ៍នោះដែរ ដោយបានសរសេរថា៖ «តម្លៃរបស់សហរដ្ឋអាមេរិកគឺជាផលប្រយោជន៍របស់សហរដ្ឋអាមេរិក នៅពេលយើងនិយាយពីបញ្ហាសិទ្ធិមនុស្ស។ ការធ្វើរបាយការណ៍ទាំងនេះ គឺបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះសេរីភាព លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលត្រូវបានធានាចំពោះមនុស្សទូទៅនៅជុំវិញពិភពលោក»។
អ្នកស្រី Sarah Margon នៃអង្គការ Human Rights Watch បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយថា អវត្តមានរបស់លោក Tillerson «គឺបានបង្ហាញយ៉ាងច្បាស់ដល់រដ្ឋាភិបាល សកម្មជនសិទ្ធិមនុស្ស និងជនជាតិភាគតិចដែលងាយរងគ្រោះនានាថា ក្រសួងការបរទេសសហរដ្ឋអាមេរិកក៏ប្រហែលជាមិនហ៊ានលើកឡើងពីការកៀបសង្កត់ ការរំលោភបំពាន និងការកេងប្រវ័ញ្ច នោះដែរ»។
កាលពីថ្ងៃទី០២ ខែមិនា កន្លងទៅនេះ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកលោក Marco Rubio បានសរសេរនៅលើទំព័រ Twitter អំពីការខកចិត្តរបស់លោកចំពោះវិធីដែលរបាយការណ៍នេះបានផ្សព្វផ្សាយ ដោយលោកបានសរសេរថា៖
«នេះជាលើកដំបូងហើយក្នុងរយៈពេលដ៏យូរកន្លងមកនេះ ដែលរបាយការណ៍សិទ្ធិមនុស្សរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកនឹងត្រូវបានបង្ហាញដោយរដ្ឋមន្ត្រីក្រសួងផ្ទាល់។ ខ្ញុំសង្ឃឹមថាពួកគេនឹងពិចារណាឡើងវិញអំពីចំណុចនេះ»។
ជាទូទៅ របាយការណ៍ឆ្នាំ ២០១៦ មិនបានលើកយកប្រទេសណាមួយជាក់លាក់មកបង្ហាញនោះទេ។ ជាទម្លាប់កន្លងមក របាយការណ៍នេះមិនធ្វើការប្រៀបធៀប ឬដាក់ចំណាត់ថ្នាក់កំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសនីមួយៗនោះទេ។
មន្ត្រីជាន់ខ្ពស់ដដែលនេះ ដែលបានថ្លែងអំពីរបាយការណ៍នេះជាមួយនឹងអ្នកសារព័ត៌មាន បានបញ្ជាក់ថា របាយការណ៍នេះបង្ហាញថា ស្ថានភាពសិទ្ធិមនុស្សនៅទូទាំងពិភពលោកមានសភាពខុសៗគ្នា ដែលវាមានស្ថានភាពប្រសើរជាងមុននៅក្នុងប្រទេសខ្លះ និងមានស្ថានភាពកាន់តែអាក្រក់ជាងមុននៅក្នុងប្រទេសមួយចំនួនទៀត។ មន្ត្រីរូបនោះបានគូសបញ្ជាក់បន្ថែមទៀតថា ការធ្វើទារុណកម្ម ការសម្លាប់ក្រៅប្រព័ន្ធតុលាការ និងការរើសអើងផ្នែកយេនឌ័រ គឺជាបញ្ហាសិទ្ធិមនុស្សចម្បងៗមួយចំនួន។
របាយការណ៍នេះធ្វើការវិភាគលើប្រទេសចំនួន ១៩៩ ប្រទេស ដោយសិក្សាពីស្ថានភាពរបស់ប្រទេសនីមួយៗ។ របាយការណ៍នេះ ក៏បានបង្ហាញពីទិដ្ឋភាពដ៏អាក្រក់អំពីស្ថានភាពក្នុងប្រទេសស៊ីរី ដែលជាប្រទេសហែកហួរដោយសារសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាផងដែរ៕
ប្រែសម្រួលដោយ ទុំ ម្លិះ