លោករដ្ឋមន្ត្រីការបរទេស Rex Tillerson បាននិយាយថា ថវិកាចំណាយសម្រាប់ទីភ្នាក់ងារទាំងពីរនេះមានការកើនឡើងចំនួន៦០ភាគរយ កាលពីទសវត្សរ៍មុន ដែលកើនរហូតដល់ចំនួន ៥៥.៦០០លានដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០១៧ នេះ ដែលនេះជាចំនួនច្រើនជាងពេលណាៗទាំងអស់ ។
លោក Tillerson បាននិយាយយ៉ាងដូច្នេះថា៖ «ដោយទទួលស្គាល់ថា អត្រាបង្កើនថវិកាចំណាយមិនមានចិរភាព សំណើថវិកាឆ្នាំ ២០១៨ នេះ មានគោលបំណងធ្វើឲ្យស្របទៅនឹងបេសកកម្មចម្បងៗរបស់ក្រសួងការបរទេស ដោយមានកម្រិតចំណាយថវិកាមួយដែលមិនដែលមានពីមុនមក»។
រដ្ឋបាលរបស់លោក Trump បានស្នើឲ្យបង្កើនការចំណាយលើវិស័យយោធា និងកាត់បន្ថយការចំណាយលើផ្នែកជំនួយបរទេស និងការទូតចំនួន ៣២ ភាគរយ។ លោក Eliot Engel ដែលជាសមាជិករដ្ឋសភាប្រចាំរដ្ឋ New York ខាងគណបក្សប្រជាធិបតេយ្យ បានពណ៌នាថា ថវិកាដែលបានស្នើឡើងនេះ គឺជាការធ្វេសប្រហែសដ៏ខ្លាំងបំផុត ដែលលោកមិនដែលបានឃើញកន្លងមក។
លោក Engel បាននិយាយថា៖ «បញ្ហាលំបាកមួយចំនួននៃសំណើថវិកានេះ នឹងធ្វើឲ្យប៉ះពាល់ដល់សហរដ្ឋអាមេរិកនៅពេលខាងមុខ ប្រសិនបើយើងបរាជ័យក្នុងការធ្វើការវិនិយោគលើវិស័យការទូត និងការអភិវឌ្ឍន៍នាពេលឥឡូវនេះ។ ជម្លោះនានាដែលយើងមិនបានរារាំងនឹងត្រឡប់មករកយើងវិញក្នុងលក្ខណៈជាសង្គ្រាមដែលយើងចាំបាច់ត្រូវប្រយុទ្ធជាមួយ»។
លោក Engel បានដកស្រង់សម្ដីរបស់លោក Lindsey Graham សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ South Carolina មកពីគណបក្សសាធារណរដ្ឋដែលបានប្រាប់លោក Tillerson កាលពីថ្ងៃទី ១៣ ខែមិថុនា កន្លងទៅនេះថា ការកាត់បន្ថយថវិកាចំណាយដែលបានស្នើឡើងសម្រាប់ក្រសួងការបរទេសនេះ អាចប៉ះពាល់ដល់សន្តិសុខរបស់ស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងតំបន់គ្រោះថ្នាក់នានា។
នៅឯសវនាការផ្ដល់សក្ខីកម្មកាលពីថ្ងៃទី ១៣ ខែមិថុនា លោក Graham ក៏បាននិយាយផងដែរថា ការដកយកមកវិញនូវជំនួយបរទេសពីប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះមហន្តរាយនានា គឺជាការជួយជ្រោមជ្រែងបន្ថែមដល់ការឃោសនារបស់ពួកភេរវករទៅវិញទេ។
លោក Graham បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ពួកភេរវករចង់បានដូច្នេះ។ ពួកភេរវករមិនចង់ឃើញសហរដ្ឋអាមេរិកផ្ដល់ជំនួយ និងការអប់រំផ្សេងៗនោះទេ។ បើផ្អែកលើទស្សនៈរបស់ពួកភេរវករវិញ ចំណុចនេះគឺជាឧបករណ៍ដែលពួកគេប្រើសម្រាប់ជ្រើសរើសមនុស្សឲ្យចូលក្នុងក្រុមរបស់ពួកគេ»។
សមាជិកសភានានា ក៏បានព្រមានផងដែរថា ការកាត់បន្ថយជំនួយបរទេសរបស់សហរដ្ឋអាមេរិក អាចនឹងប៉ះពាល់ដល់តួនាទីជាមេដឹកនាំរបស់សហរដ្ឋអាមេរិកនៅលើពិភពលោក។
ប៉ុន្តែ លោក Tillerson បានអះអាងថា កម្រិតចំណាយថវិកាគឺមិនមែនជាកត្តាសំខាន់បំផុត នៅក្នុងការសម្រេចឲ្យបាននូវគោលបំណងរបស់សហរដ្ឋអាមេរិកនោះទេ។
លោក Tillerson បាននិយាយថា៖ «ទោះបីជាមានការកាត់បន្ថយថវិកាចំណាយក៏ដោយ ក៏យើងនឹងនៅតែបន្តធ្វើជាមេដឹកនាំនៅក្នុងផ្នែកអភិវឌ្ឍន៍អន្តរជាតិ សុខភាពសាកលលោក ការទូត និងគំនិតផ្ដួចផ្ដើមផ្នែកអភិបាលកិច្ចល្អ និងកិច្ចប្រឹងប្រែងមនុស្សធម៌ដដែល»។
លោក Tillerson បាននិយាយថា សំណើថវិកាឆ្នាំ ២០១៨ ក្នុងទឹកប្រាក់ចំនួន ៣៧ ពាន់ ៦ រយលានដុល្លារអាមេរិក តំណាងឲ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋអាមេរិកាំង និងទាមទារឲ្យមានការគ្រប់គ្រងថវិការបស់ប្រជាពលរដ្ឋអាមេរិកាំងទាំងនេះ ពោរពេញដោយការទទួលខុសត្រូវ៕
ប្រែសម្រួលដោយ ភី សុភាដា