​អ្នក​អង្កេត​ការណ៍៖ ការ​កាត់​ទោស​អ្នក​ការពារ​សិទ្ធិ​មនុស្ស​របស់​ Tianjin​ រំឮក​ពី​ការ​បោស​សម្អាត​​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ

បុរស​និង​ស្រ្តី​ម្នាក់​ជិះ​កង់​អគ្គិសនី​កាត់​តុលាការ​ប្រជាជន​កម្រិត​មធ្យមទី២ នៅ​ទីក្រុង ធានជីង​ភាគ​ខាង​ជើង​ប្រទេស​ចិន​ កន្លែង​ដែល​ការ​កាត់​ទោស​អ្នកការ​ពារ​សិទ្ធិ​មនុស្ស​ទាំង​៤​។

ចិន​បាន​កាត់​ទោស​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ចំនួន​បួន​រូប​ក្នុង​ការ​ជំនុំ​ជម្រះ​ក្តី​ ដែល​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ម្នាក់​ៗ​បាន​ទទួល​ទោស​ជាប់​ពន្ធនាគារ​ពី​ បី​ទៅ​ប្រាំ​ពីរ​ឆ្នាំ​កន្លះ​សម្រាប់​បទ​ធ្វើ​វិទ្ធង្សនា​រដ្ឋ។

​ក្រុម​សិទ្ធិ​មនុស្ស​និង​អ្នក​អង្កេត​ការណ៍​បាន​និយាយ​ថា​ រលក​ថ្មី​បំផុត​នៃ​អ្វី​ដែល​ពួក​គេ​ហៅ​ថា «ការ​ជំនុំ​ជម្រះ​បោក​ប្រាស់» ប្រឆាំង​នឹង​អ្នក​តស៊ូ​មតិ​ផ្នែក​ច្បាប់​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ពេល​បង្ក្រាប​ដែល​គេ​រៀប​ចំឡើង​កាល​ពី​ខែ​កក្កដា​ គឺ​ភាគ​ច្រើន​ជា​ការ​ក្លែង​បន្លំ​នយោបាយ​ ហើយ​ផ្នែក​ខ្លះ ស្រដៀង​ទៅ​នឹង​ការ​កំចាត់​ចោល​ដ៏​ល្បី​នៅ​ក្នុង​ការ​កាត់​ទោស​នៅ​ក្រុង​ម៉ូស្គូ​នៅ​ចុង​ឆ្នាំ​១៩៣០។ សំខាន់​ជាង​នោះ​ទៅ​ទៀត​អ្នក​ខ្លះ​បាន​បន្ថែម​ថា ​ការ​កាត់​ទោស​ទាំង​នោះ​បង្ហាញ​ថា​ សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​ចិន​គឺ​ នៅ​ឆ្ងាយ​ខ្លាំង​ណាស់​ពី​ការ​ផ្តល់​អំណាច​ឲ្យប្រជាពលរដ្ឋ។

ការលុប​បំបាត់​ផ្នែក​នយោបាយ

មេធាវី​សិទ្ធិ ​មនុស្ស​លោក​ Liang ​Xiaojun​ បាន​និយាយ​ថា «ប្រវត្តិសាស្រ្ត​តែងតែ​ជាន់​ដាន​របស់​វា» ។

លោក​ Liang​ ដែល​ជា​មេធាវី​តំណាង​ឲ្យ​លោក ​Hu ​Shiquen​ នៅ​ក្នុង​រឿង​ក្តី​មុនៗ ​បាន​បន្ថែម​ទៀត​ថា «រលក​នៃ​ការ​កាត់ទោស​នេះ​ធ្វើ​អោយ​យើង​នឹក​ឃើញ​ពី​ការ​កាត់​ទោស​របស់​ទី​ក្រុង​ម៉ូស្គូ​របស់​សហភាព​សូវៀត ​ជា​កន្លែង​ដែល​ជន​ជាប់ចោទ​ទាំង​អស់​បានសារភាព​និង​បាន​អះអាង​ថា​ខ្លួន​គេ​ជា​មនុស្ស​អាក្រក់​មិន​អាច​លើកលែង​ទោស​បាន ​ខណៈពេល​ច្រៀង​សរសើរ​មេដឹក​នាំ​សហជីព​លោក ​Joseph​ Stalin»។​

ការ​កាត់​ទោស​របស់​ទី​ក្រុង​ម៉ូស្គូ​នៃ​សហភាព​សូវៀត​ជា​ទូទៅ​ត្រូវ​បាន​គេ​យល់​ឃើញ​ថា​ ជា​ផ្នែក​មួយ​នៃ​ការ​បោស​សម្អាត​របស់​ក្រុមប្រឆាំង​នឹង​ស្តាលីន (Stalin)​ ដែល​ពិរុទ្ធភាពរបស់​ជនទាំង​នោះ​រង​នូវ​ការ​ចោទ​សួរ​ថា​ជា​រឿង​ពិត​ ឬ​អត់។

លោក​ហ៊ូ​ និង​សកម្មជន​ចិន​បី​នាក់​ផ្សេង​ទៀត​រួម​មាន​លោក Zai ​Yanming ​លោក Zhou ​Shifeng និង​លោក Gou​ Hongguo ​បាន​ប្រឈម​នឹង​ការ​កាត់​ទោស​នៅ​តុលាការ​កណ្តាល​ទី​ពីរ​ក្រុង Tianjin។ អ្នក​ទាំង​អស់​នោះ​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ​បន្ទាប់​ពី​សាលក្តី​របស់​ពួក​គេ។

ដោយ​គ្មាន​ការ​ពិនិត្យ​មើល​ភស្តុតាង​ឬ​ការពារ​ប្រឆាំង​នឹង​ការ​ចោទ​ប្រកាន់​វិទ្ធង្សនា​ដំណើរ​កាត់​ក្តី​របស់​តុលាការ​ត្រូវ​បាន​ធ្វើ​ការ​សម្រេច​តែ​ក្នុង​ប៉ុន្មាន​ម៉ោង​ដោយ​ការ​ផ្តន្ទាទោស​នេះ​ផ្អែក​ភាគ​ច្រើន​ទៅ​លើ​ចម្លើយ​សារភាព​របស់​ជន​ជាប់​ចោទ​ដែល​បាន​ផ្តល់ឲ្យ​ ​បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​ឃុំខ្លូន​ដោយ​កាត់​ផ្តាច់​ទំនាក់ទំនងអស់​រយៈពេល​១៣​ខែ ​ហើយ​មិន​មាន​អ្នក​ប្រឹក្សា​ផ្នែក​ច្បាប់​ដែល​ជ្រើសរើស​ដោយ​ខ្លួន​ពួក​គេ​ផ្ទាល់។

ជន​ជាប់​ចោទ​ទាំង​បួន​នាក់​នោះ​សន្យា​ថា​នឹង​មិន​ប្តឹង​ឧទ្ធរណ៍។

លោក​ Zhou​ Shifeng ​បាន​ប្រាប់​ថា​តុលាការ​ថា​ «ការ​កាត់ទោស​នៅ​ថ្ងៃ​នេះ​បាន​ធ្វើ​ឲ្យខ្ញុំ​ដឹង​អំពីអំពើ​បាប​របស់​ខ្ញុំ។ សកម្មភាព​អតីតកាល​របស់​ខ្ញុំ​បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​បក្ស​ និង​រដ្ឋាភិបាល។ ខ្ញុំ​សូម​សម្តែង​នូវ​ការ​សោកស្តាយ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល»។​

Zhou​ ជា​នាយក​នៃ​ក្រុមហ៊ុន​ច្បាប់ ​Fengrui ​របស់​ក្រុង​ប៉េកាំង​ដែល​ជា​ចំណុច​កណ្តាល​នៃ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ប្រឆាំង​នឹង​ក្រុម​អ្នក​ការពារ​ផ្លូវច្បាប់​ចំនួន​៣០០​នាក់​ បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​ការ​លើ​ករណី​រសើប​ដែល​ជា​កន្លែង​អតិថិជន​របស់​ពួក​គេ​ប្រឈម​នឹង​អាជ្ញាធរ។

បរាជ័យ​ក្នុង​ការ​ងើប​មុខ​ឡើង​

លោក ​Liang​ បាន​និយាយ​ថា ​មិន​មាន​ការងឿងឆ្ងល់​ទេ​ថា​ការ​កាត់​ក្តី​វិទ្ធង្សនា​សប្តាហ៍​មុន​ ផ្តល់​ជ័យ​ជម្នះ​អោយ​ទៅ​អាជ្ញាធរ​ដែល​បានធ្វើ​អោយ​អ្នក​ត្រូវ​គេ​ចោទ​ប្រកាន់​ក្លាយជា​អ្វីដែល​ពួក​គេ​ចង់​បាន​ដោយ​ជោគ​ជ័យ​។

វិចារណកថា​ CCTV ​ផ្លូវ​ការ​មួយ​បាន​រៀប​រាប់​ពី​សកម្មជន​ថា​បាន​ឃុបឃិត​គ្នា​ទៅ ​«ដើម្បី​ទម្លាក់ជញ្ជាំង​» ឬ​ប៉ុន​ប៉ង​អោយ​មាន «បដិវត្តន៍​ពណ៌» ដើម្បី​ផ្តួល​រំលំ​របប​ប៉ុន្តែ​ត្រូវ​បញ្ចប់​ដោយ​ការ​រុញ​ខ្លួន​ឯង​ចុះ​ទៅវិញ។

លោក ​Liang បាន​សារភាព​ថា​លោក​មិន​ស្រួល​ចិត្ត​ដោយ​សារ​លទ្ធផល​នៃការ​កាត់​ទោស​វិទ្ធង្សនា​សប្តាហ៍​មុន ជា​ពិសេស​បន្ទាប់​ពី​មេធាវី​ការពារ​សិទ្ធិ​ Zhang ​Kai​ របស់​សាសនា​គ្រឹស្ត​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​តុលាការ​ដើម្បី​ផ្តល់​ការ​យល់​ព្រម​នូវ​អ្វី​ដែល​លោក​និយាយ​ថា​ជា​នីតិវិធី​ច្បាប់​ដែល​មាន​បញ្ហា។

ប៉ុន្តែ​លោក​បាន​និយាយ​ថា ​លោក​នៅ​តែ​មាន​ទំនុក​ចិត្ត​ថា​សកម្មជន​ផ្សេង​ទៀត​ដែល​នឹង​ត្រូវ​ដាក់​ក្នុង​សវនាការ​នៅ​ពេល​អនាគត​នឹង​កាន់​ជំហរ​មាំមួន​នៅ​លើ​ជំនឿ​របស់​ពួកគេ។

លោក Liang បានបន្ថែមថា៖ «យើង​ប្រាថ្នា​ឲ្យ​ពួក​គេ​អ្នក​ការពារ​ដែល​ត្រូវ​ឃុំ​ខ្លួន​ អាច​នឹង​ត្រូវ​ដោះ​លែង​ក្នុង​ពេល​ឆាប់​ៗ​។ ប៉ុន្តែ​យើង​ក៏​ប្រាថ្នា​ផង​ដែរ​ថា​ ពួកគេ​នឹង​ងើប​មុខ​របស់​ពួក​គេ​ឡើង​សូម​មិន​អោយ​មាន​កំហុស។ ការណ៍​នោះ​នឹង​ផ្ដល់​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ចិន​មាន​ការ​លើក​ទឹក​ចិត្ត​និង​ការ​ជំរុញ​ទឹក​ចិត្ត​»។

ការ​ផ្តល់​អំណាច​ដល់​សង្គម​ស៊ីវិល

ក្រុម​អ្នក​វិភាគ​បាន​ឲ្យ​ដឹង​ថា​វា​ជា​ការ​យល់​បាន​ថា​ជន​ជាប់​ចោទ​ប្រហែល​ជា​មិន​អាច​មាន​សេរីភាព​ក្នុង​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ ជា​ពិសេស​នៅ​ពេល​ដែល​សន្ដិសុខ​របស់​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ពួក​គេ​គឺ​អាច​មាន​បញ្ហា។

Tseng ​Chien-yuan​ ដែល​ជា​សាស្ត្រាចារ្យ​រង​នៅ​សាកលវិទ្យាល័យ ​Chung ​Hua​ នៅ​ក្នុង​ប្រទេស​តៃវ៉ាន់​បាន​អះអាង​ថា​សង្គម​ចិន​នៅ​តែ​ខ្វះ​កម្លាំង​ខ្លាំង​ដើម្បី​ត្រួត​ពិនិត្យ​អនុលោមភាព​របស់​រដ្ឋាភិបាល​ជាមួយ​នឹង​នីតិវិធី​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​ក្នុង​ការ​ដោះស្រាយ​មេធាវី​និង​អ្នក​ការពារ​សិទ្ធិ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​អោយ​មាន​ប្រសិទ្ធិភាព។

Tseng​ បាន​ឲ្យ​ដឹង​ថា «គួរ​ឲ្យ​សោក​ស្ដាយ​ នៅ​ប្រទេស​ចិន​ដែល​ជា​កន្លែង​ដែល​អ្វី​គ្រប់​យ៉ាង​ត្រូវ​បាន​គ្រប់គ្រង​យ៉ាង​តឹង​រឹង កម្លាំង​សង្គម​ដែល​មិន​លម្អៀង​និង​មាន​កម្លាំង​គ្រប់គ្រាន់​ដើម្បី​ប្រកួត​ប្រជែង​ឬចោទ​សួរ​ពី​វិធី​ដែល​គណបក្ស​កុម្មុយនិស្ត​ដោះ​ស្រាយ​ការ​បង្ក្រាប​អ្នក​ការពារ​សិទ្ធិ​កាល​ពី​ថ្ងៃ​ទី​ ៩​ ខែ​កក្កដា​នោះ ​គឺ​មិន​អាច​ប្រើ​ការបាន​ទេ» ។

ក្រុម​អ្នក​សិទ្ធិ​មនុស្ស​អន្តរជាតិ​រួម​ទាំង​អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) អង្គការ​ការ​ពារ​មេធាវី​សិទ្ធ​មនុស្ស​របស់​ចិន​ (CHRLC) និង​ អ្នកការពារ​សិទ្ធិមនុស្ស​ជនជាតិចិន(Chinese Human Rights Defenders) ​បាន​ចេញ​មុខ​អំពាវនាវឲ្យអាជ្ញាធរ​ចិនលុប​ចោល​សាល​ក្រម​ទាំង​បួន​ បញ្ចប់​ការ​កាត់ទោស​និង​ដោះ​លែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជា​បន្ទាន់។ ។

CHRLC ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​ «ការ​ទាមទារ​គួរ​តែ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​អោយ​មាន​សន្តិសុខ​សាធារណៈ​ អ្នក​ស៊ើប​អង្កេត​និង​តុលាការ​ទាំង​នៅ​កម្រិត​កណ្តាល​និង​កម្រិត​ក្នុង​ស្រុក​អោយ​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ខុសឆ្គង​និង​ការ​រំលោភ​អំណាច​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ដំណើរ​ការ​ដោះស្រាយ​ករណី​ទាំង​នេះ»។

ប្រធាន​ CHRLC លោក Albert Ho ​ដែល​ជា​អ្នក​នយោបាយ​ដែល​គាំ​ទ្រលទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ក្រុម​ប្រឹក្សា​នីតិបញ្ញត្តិ​នៅ​ទី​ក្រុង​ហុងកុង​បាន​ឲ្យដឹង​ថា៖ «បញ្ហា​មិនមែន​នៅ​ជាមួយ​មនុស្ស​ល្អ​នោះ​ទេ។​ បញ្ហា​គឺ​នៅ​ជាមួយ​របប​នេះ។ពួក​គេ​មាន​ការ​ព្រួយបារម្ភ​ហើយ​ខ្លាច​ប្រជាជន​ខ្លួន​ឯង»។

យោង​ទៅ​លើលោក​ហូ​អាជ្ញាធរ​ចិន​គម្រោង​នឹង​ដាក់​អ្នក​ដែល​ការពារ​សិទ្ធ​មនុស្ស​ដែល​ត្រូវ​ឃុំ​ខ្លួន​នៅ​សល់​ក្នុង​កាត់​ទោស​មុន​កិច្ច​ប្រជុំ​ការិយាល័យ​នយោបាយ​បក្ស​កុម្មុយនីស្ត​ Communist Party's Politburo ​នៅ​ខែ​វិច្ឆិកា៕

ប្រែ​សម្រួល​ដោយ ​ផន បុប្ផា