បី​ឆ្នាំ​នៃ​ការបង្ក្រាប​នយោបាយ ក្រុម​ជំទាស់​ខ្លះ​ស្វះស្វែង​ត្រៀម​ចូលរួម​ការបោះឆ្នោត

រូបឯកសារ៖ ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ត្រូវ​បាន​ដាក់​បង្ហាញ នៅ​មុន​ការជួប​ប្រមូលផ្តុំ​នៅ​ថ្ងៃទី១ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់ នៅ​ជាយ​រាជធានី​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៧។

អស់​រយៈ​កាល​៣​ឆ្នាំ ​ចាប់​តាំង​ពី​មាន​ការ​បង្ក្រាប​នយោបាយ​នៅ​កម្ពុជា​ ដែល​ស្ដែង​ឡើង​តាម​រយៈ​ការ​អនុវត្ត​វិធាន​ការ​ច្បាប់​របស់​រដ្ឋាភិបាល​ទៅ​លើ​គណបក្ស​សង្គ្រោះជាតិ​ ដែល​ឈាន​ទៅ​ដល់​ការ​រំលាយគណបក្ស​ប្រឆាំង​ដ៏​ធំ ​និង​ហាម​ឃាត់​អ្នក​នយោបាយ​១១៨​នាក់​នៃ​បក្ស​នេះ ​មិន​ឲ្យ​ធ្វើ​នយោបាយ​៥​ឆ្នាំ ​គឺ​ចាប់​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧។​

ប្រធាន​គណបក្ស​នេះ​ គឺលោក ​កឹម សុខា ​ត្រូវ​បាន​ចាប់​ខ្លួន​នា​ពេលរាត្រី​ថ្ងៃទី២​ ខែ​កញ្ញា​ឈាន​ចូល​ថ្ងៃទី​៣ ​ខែ​កញ្ញា​ឆ្នាំ​២០១៧។ ​មក​ទល់​ពេលនេះ​ លោក​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ក្រៅឃុំ​ តែ​សវនាការ​លើ​សំណុំ​រឿង​«សន្ទិដ្ឋិភាព​ជាមួយ​បរទេស»​នៅ​តែ​បន្ត​អូស​បន្លាយ។​

៣​ឆ្នាំ​ក្រោយ​មក​ដោយមាន​ការ​បើក​លទ្ធភាព​ដោយ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ សម្រាប់​អ្នក​នយោបាយ​ជាប់​បម្រាម​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​នោះ ​អតីត​មន្ត្រី​បក្សជំទាស់​ចំនួន​១២​នាក់ ​បាន​ដាក់​ពាក្ស​ស្នើ​សុំ​ ដែល​ក្នុង​នោះ​មាន​៩​នាក់​ហើយ ​ដែល​បាន​ទទួល​ព្រះ​រាជក្រឹត្យ​អនុញ្ញាត​ឱ្យធ្វើ​សកម្មភាព​នយោបាយ​ឡើង​វិញ។​

ការណ៍​នេះ​ត្រូវ​បាន​ពួកគេ​លើក​ឡើង​ថា​ ជា​ការ​ស្វះ​ស្វែង​រក​ផ្លូវ​ចេញ​រៀបចំ​យុទ្ធសាស្ត្រ​ឡើង​វិញ​ ដើម្បី​ប្រមូល​សំឡេង​អ្នក​គាំទ្រ​បក្ស​ជំទាស់ ​និង​កសាង​កម្លាំង​នៅ​មូលដ្ឋាន​សម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់ ​ដែល​អាច​ធ្វើ​ឡើង​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០២២​ ខាង​មុខ​នេះ។ ​បើ​ចាំ​ទាល់​តែ​ចប់​បម្រាម​នយោបាយ​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០២២​ ពួក​គេ​លើក​ឡើង​ថា ​ឱកាស​អាច​នឹង​យឺត​ពេល។

អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កង គឹមហាក់​ ដែល​បច្ចុប្បន្ន​ជា​អនុ​ប្រធាន​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ ដែល​បាន​បង្កើត​កាល​ពី​កន្លង​ទៅ​ បាន​និយាយ​ទៅ​កាន់​អ្នក​គាំទ្រ​បក្ស​ថ្មី​របស់​លោក​ នៅ​ស្រុក​កំពង់សៀម ​ខេត្ត​កំពង់ចាម​ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ថា​ ការ​កកើត​បក្សថ្មី​ថ្មោង​នេះ គឺ​ដើម្បី​ធានា​ទ្រទ្រង់​ការ​គាំទ្រ​មក​លើ​បក្ស​ជំទាស់​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់ ​ឆ្នាំ​២០២២។​

លោក​មាន​ប្រសាសន៍​ថា៖​ «គេ​ហាម​សិទ្ធិ​ធ្វើ​នយោបាយ។​ គេ​បិទ​មាត់​យើង​មិនឱ្យ​និយាយ​ ដល់​យើង​ធ្លាប់​និយាយ​ហើយ ​គេ​មិន​ឱ្យ​និយាយ​ វា​ចេះ​តែ​ឃ្លាន»។​

គណ​បក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ ត្រូវ​បាន​បង្កើត​ឡើង​ពី​ខែ​មករា​ឆ្នាំ​២០២០​នេះ​ ដែល​មាន​ការ​ចូលរួម​ពី​លោក ​កង គឹមហាក់ ​ខ្លួន​ឯង​ និង​លោក ​ជីវ កត្តា ​ជា​ប្រធាន​គណបក្ស ​ដែល​បាន​ទទួល​សិទ្ធិ​ធ្វើ​នយោបាយ​ជាមួយ​គ្នា​កាល​ពី​ខែ​មីនា​ ឆ្នាំ​២០១៩។​

លោក​ កង គឹមហាក់ ​បាន​និយាយ​បន្ថែម​ថា៖​ «ហើយ​អំពាវនាវ​ទៅ​ដល់​អតីត​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​គេរំ​លាយ​ហើយ​នោះ ​មិន​បាច់​ដេក​ស្រមៃ​ទេ ​គេ​មិន​ឱ្យ​ (គណបក្ស​សង្រ្គោះ​ជាតិ​រស់)​ វិញ​ទេ​ បើ​គេឱ្យ​វិញ​ គេ​មិន​រំលាយ​យើង​ទេ»។​

ចំណាប់​អារម្មណ៍​ហាក់​កើន​ឡើង​ នៅ​ពេល​មាន​សំណើ​៣​ទៀត​សុំ​សិទ្ធិ​នយោបាយ​ចុង​ក្រោយ​ ក្នុង​នោះ​មាន​លោក ​សុន ឆ័យ​ អតីត​តំណាង​រាស្ត្រ​ដ៏​លេចធ្លោ​របស់​បក្ស​សង្គ្រោះជាតិ ​បាន​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ដែរ។​

ពីរ​នាក់​ទៀត​គឺ​លោក​ តាវ គឹមឈន ​ជា​ទីប្រឹក្សា​នៃ​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហ​រដ្ឋ​អាមេរិក​ (CNRP-USA)​ និង​លោក ​វ៉ា សាម៉ុន ​ជា​ប្រធាន​ក្រុម​ CNRP-USA ​នេះ ​ប្រចាំ​រដ្ឋ​ Pennsylvania ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​មូលដ្ឋាន​រឹងមាំ​នៃ​ក្រុម​អ្នក​គាំទ្រ​បក្ស​ជំទាស់​នៅក្រៅ​ប្រទេស ​ដែល​គេ​ស្គាល់​ថា​ មាន​សមាន​ចិត្ត​ស្មោះ​ស្ម័គ្រ​ជាមួយ​លោក ​កឹម សុខា។​

នៅ​ក្នុង​សេចក្តី​ប្រកាស​មួយ​ចុះ​ថ្ងៃ​ទី​២៩​ ខែ​សីហា ក្រុម ​CNRP-USA ​បាន​ប្រកាស​ថា ​ការ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​របស់​អ្នក​ទាំង​ពីរ​ ជា​«សិទ្ធិស្វ័យ​សម្រេច ​និង​ឆន្ទៈ​របស់​បុគ្គល»​ ដែល​នាំ​ឱ្យ​លោក​ទាំង​ពីរ​ «មិន​មាន​អ្វី​ជាប់​ពាក់​ព័ន្ធ»​ជាមួយ​ CNRP-USA ​ទៀត​ទេ​ តែ​ថា​ក្រុមនេះ​ នឹង​«នៅ​តែ​បន្ត​គាំទ្រ​និង​មាន​ជំនឿ​លើគោល​ជំហរ» ​បក្ស​សង្គ្រោះ​ជាតិ ​និង​លោក​ កឹម សុខា។​

តាំង​ពីពេល​លិខិត​ស្នើ​សុំ​សិទ្ធិ​នយោបាយ​របស់​លោក​ សុន ឆ័យ​ ត្រូវ​បាន​ផ្សព្វផ្សាយ ​ លោក ​បាន​រក្សាភាព​ស្ងៀម​ស្ងាត់​ និង​មិន​ទាន់​បាន​បញ្ចេញ​មតិ​យោបល់​អ្វី​ ដើម្បី​ពន្យល់​ពី​មូលហេតុ​នៃ​ការ​ស្នើ​សុំ ​និង​គម្រោង​អនាគត​របស់​លោក​នៅ​ឡើយទេ។​

លោក ​អ៊ូ ច័ន្ទរ័ត្ន​ អតីត​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះជាតិ​ ដែល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​តាំង​ពី​ខែ​មីនា​ ឆ្នាំ​២០១៩​ បាន​និយាយ​ព្រលយ​ពី​លទ្ធភាព​នៃ​ការ​បង្កើត​បក្ស​នយោបាយ​ថ្មី​ តែ​ក៏​បាន​បង្ហាញ​ពី​លទ្ធភាព​ដែល​លោក​អាច​នឹង​ចូល​ជា​មួយ​បក្ស​ ដែល​បាន​បង្កើត​រួច​ជាស្រេច​មក​ហើយ ​ដូច​យ៉ាង​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ជា​ដើម។​

សម្រាប់​លោក ​អ៊ូ ច័ន្ទរ័ត្ន​ ៣​ឆ្នាំ​ក្រោយ​ពី​ការ​បង្ក្រាប​នយោបាយ​ សមាសភាព​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​បែកខ្ញែក​គ្នា​ និង​មតិ​ផ្សេង​គ្នា​រវាង​អ្នក​នៅ​ក្នុង​ប្រទេស ​និង​អ្នក​នៅ​ក្រៅ​ប្រទេស ​និង​ជាពិសេស​រវាង​អ្នក​ដែល​ស្មោះស្ម័គ្រ​ជាមួយ​លោក​ កឹម សុខា ​និង​អ្នក​ដែល​ស្មោះស្ម័គ្រ​ជាមួយ​លោក ​សម រង្ស៊ី។ ​លោក​បាន​ប្រាប់​ VOA ​តាម​ទូរស័ព្ទ​ថា៖​ ​«ពេល​នេះ ​យើង​មិន​ដឹង​ត្រូវ​ទាម​ទារ​ភ្លើង​ខៀវ​ពី​មេ​មួយ​ណា​ទេ​ (រវាង​លោក​ សម រង្ស៊ី ​និង​លោក​ កឹម សុខា) ​...​ អ៊ីចឹង​ខ្ញុំ​ឃើញ​ភាព​រប៉ាត់រប៉ាយ​ផ្ទៃក្នុង​ ក៏​មាន​បញ្ហា​បែប​នេះ​ហើយ ​បាន​យល់​ថា​ បើទោះជា​យើង​ព្យាយាម​ គិត​ថា​ ធ្វើ​ម៉េច​ឱ្យរួប​រួម​គ្នា​ ឱ្យ​មាន​ការ​ឯកភាព​គ្នា​ជា​ធ្លុង​មួយ​ ឱ្យ​ទៅ​ជា​បក្ស​មួយ​ឡើង​វិញ ​ហាក់​ដូចជា​មិន​មាន​ពន្លឺ​ទេ ​សម្រាប់​ខ្ញុំ​នោះ​ណា៎»។​

អ្នក​នយោបាយ​រូបនេះ​បាន​លើក​ឡើង​ថា​ សម្ពាធ​ពី​អន្តរជាតិ​មក​ទល់​ពេល​នេះ​ហាក់​ឈាន​ទៅ​ដល់​កម្រិត​អស់​លទ្ធ​ភាព​ហើយ ​តែ​មិន​បាន​ធ្វើ​ឱ្យ​មាន​ការ​ប្រែប្រួល​ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា​នោះ​ឡើយ។​

«អន្តរជាតិ​គេ​បាន​ធ្វើ​កិច្ចការ​គេ​ហើយ ​ក៏​ប៉ុន្តែ​យើង​មិន​ទាន់​បាន​ធ្វើ​ខ្លួន​ឯង»។​

លោក ​ជា ជីវ ​អតីត​ប្រធាន​ប្រតិបត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​បាត់ដំបង​ ដែល​នៅ​ជាប់​បម្រាម​ធ្វើនយោបាយ ​បាន​យល់​ឃើញ​ខុស​ពី​នេះ។ ​លោក​ថា​លោក​«ដាច់​ខាត​នឹង​មិន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ»​នោះ​ទេ ​ហើយ​នឹង​រង់ចាំ​រហូត​ដល់​ផុត​បម្រាម​នយោបាយ​នៅ​ខែ​វិច្ឆិកា​ ឆ្នាំ​២០២២។​

លោក​បាន​ប្រាប់​VOA​ថា៖​ «បើ​សិន​ជា​អត់​មាន​ពីរ​រូប​គាត់​ជា​ថ្នាក់ដឹក​នាំ​នោះទេ​ ​ខ្ញុំក៏​មិន​អាច​ទស្សន៍​ទាយ​ទៅ​មុខ​បាន​ទេ​ ប៉ុន្តែ​ខ្ញុំ​នឹង​មិន​ធ្វើកិច្ច​ការ​នយោបាយ​ទេ។ ​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​ជា​ពលរដ្ឋ​សាមញ្ញ ​ព្រោះ​អត់​មាន​ឧត្ដម​ភាព​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​គណ​បក្ស​កាន់​អំណាច​នោះ​ទេ ​ក្រៅតែ​ពី​វត្តមាន​លោក​ សម រង្ស៊ី ​និង​លោក​ កឹម សុខា ​... ​លុះត្រា​តែ​មាន​វត្តមាន​ទាំង​ពីរ​រូប​រួប​រួម​គ្នា»។​

និយាយ​អំពី​គណបក្ស​ថ្មី ​ដែល​លោក​ថា ​ធ្លាប់​បាន​ទាក់ទង​រូប​លោក​ឱ្យ​ចូលរួម​ដែរ​នោះ ​លោក​ ជា ជីវ​ បាន​លើក​ឡើង​ថា៖ ​«ច្បាស់​ណាស់​ហើយ​ប្រាកដ​ប្រជា​ខ្ញុំ​មិន​មាន​ឆន្ទៈ​ធ្វើ​កិច្ចការ​ជាមួយ​គណបក្ស​នយោបាយ​ ជាមួយ​នឹង​អស់​លោក ​...​ ហើយ​ម្យ៉ាង​វិញ​ទៀត​គ្រាន់​តែ​គណបក្ស​គ្រឿង​លម្អ​ នៅ​ក្នុង​កិច្ចការ​បោះឆ្នោត​ដែល​យល់​ថា​ តាម​បែប​បទ​ប្រជា​ធិបតេយ្យ​មាន​គណបក្ស​ច្រើន​តែ​ប៉ុណ្ណោះ»។​

លោក ​គង់ គាំ ​ប្រធាន​កិត្តិយស​គណបក្ស​ឆន្ទៈខ្មែរ​ ដែល​មាន​លោក​ គង់ ម៉ូនីកា ​កូន​ប្រុស​ពៅ​របស់​លោក​ជា​ប្រធាន​នោះ ​ក៏បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ «បង្ហាញ​បំណង​ដ៏​ទទូច​ ចង់​ឱ្យមាន​ការ​ជួប​ជុំ​ពិភាក្សា​រក​រូប​មន្ត​រវាង​មេ​ដឹកនាំ»​នយោបាយ​នានា​ដើម្បី​ធានា​ឲ្យ​មាន​«ពហុបក្ស»​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២២ ​និង​២០២៣ ​ខាង​មុខ​នេះ។​

លោក​ គង់ គាំ​ និង​កូនប្រុស​របស់​លោក​ម្នាក់​ទៀត​ គឺ​លោក​ គង់ បូរ៉ា​ ជា​អ្នក​ជាប់​បម្រាម​ដែល​បាន​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​មុន​គេ​ តាំង​ពី​ខែ​មករា ​ឆ្នាំ​២០១៩។ លោក​ គង់ បូរ៉ា ​បាន​ក្លាយ​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ និង​បច្ចុប្បន្ន​ជា​អនុរដ្ឋ​លេខាធិការ​ក្រសួង​មហា​ផ្ទៃ។​

លោក​ គង់ សភា ​កូន​ប្រុស​មួយ​រូប​ទៀត​នៅ​បន្ត​រស់​នៅក្រៅ​ប្រទេស​ និង​ស្និទ្ធ​ជាមួយ​លោក ​សម រង្ស៊ី​ ដូចគ្នា​នឹង​លោក ​អ៊ូ ច័ន្ទឫទ្ធិ ​ប្អូន​បង្កើត​របស់​លោក ​អ៊ូ ច័ន្ទរ័ត្ន​ដែរ។​

សហភាព​អឺរ៉ុប​ទើប​នឹង​បាន​ដាក់​ទណ្ឌកម្ម​ផ្នែក​ពាណិជ្ជ​កម្ម​«គ្រប់​មុខ​ទំនិញ ​លើក​លែង​សព្វា​វុធ ​ឬ ​EBA» ​ដោយ​ចាប់​ផ្ដើម​យក​ពន្ធ​ចំនួន​២០​ភាគរយ​លើ​ទំនិញ​កម្ពុជា​ ដែល​នាំចេញ​ពី​កម្ពុជា ជា​ការ​ឆ្លើយ​តប​នឹង​ការ​«រំលោភ​បំពាន​ជា​ប្រព័ន្ធ​និង​យ៉ាង​ធ្ងន់ធ្ងរ»​លើ​សិទ្ធិ​ពលរដ្ឋ ​និង​សិទ្ធិ​នយោបាយ​ក្នុង​ប្រទេសនេះ​ ​ក្រោយ​ការ​ចាប់​ខ្លួន​លោក ​កឹម សុខា​ និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។​

លោក​បណ្ឌិត ​មាស នី​ អ្នក​វិភាគ​នយោបាយ ​ដែល​ជា​សហ​ស្ថាបនិក​វិទ្យាស្ថាន​ប្រជា​ធិបតេយ្យ​កម្ពុជា ​(CID) ​បាន​លើក​ឡើង​ថា ​ការ​វាយ​ប្រហារ​គ្នា​ជា​សាធារណៈ​រវាង​ក្រុម​អ្នក​ស្មោះស្ម័គ្រ​លោក ​សម រង្ស៊ី​ និង​លោក ​កឹម សុខា​ បាន​បង្ក​ការ​ខូចខាត​ដល់​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ប្រឹង​តស៊ូ​រក្សា​វត្តមាន​នយោបាយ​ទៅ​ថ្ងៃ​មុខ។​

«វា​ជួន​កាលការ​បែកបាក់​គ្នា​ ​វា​ដូច​មេរោគ​មហារីក​ដែល​អត់​មាន​អ្នក​ណា​ព្យាបាល ​ អត់មាន​អ្នក​ណា​វះកាត់ ​ហើយ​ក៏​មិន​មាន​អ្នក​ណា​ធ្វើការ​គ្រប់គ្រង​ អ៊ីចឹង​បណ្ដោយ​ឱ្យ​វា​ទៅ​ជា​អណា​ធិបតេយ្យ»។​

អ្នក​វិភាគ​រូបនេះ​បាន​លើក​ឡើង​ថា ការ​បែក​ខ្ញែក​គ្នា ​ប្រកាន់​ប៉ូល​រៀង​ខ្លួន ​និង​ការណ៍​ដែល​អ្នក​ជាប់​បម្រាម​ខ្លះ​ ចេញ​ទៅស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ ជា​ការ​ចំណេញ​សម្រាប់​បក្ស​កាន់​អំណាច​ដែល​លោក​ថា​ កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​អន្តរកាល​ជំនាន់​ដឹកនាំ ​ផ្ទេរ​តួនាទី ​បញ្ចូល​ឈាម​ថ្មី​ ជា​អ្នក​បន្ត​វេន​របស់​បក្ស ក្នុង​គ្រា​ដែល​គូ​ប្រជែង​នៅ​បែកខ្ញែក។​

សម្រាប់​ក្រុម​អ្នក​ជាប់​បម្រាម​នយោបាយ​ដែល​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ​និង​មិន​ទាន់​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​នោះ​ លោក​មាស នី​បាន​លើក​ឡើង​ថា​ ពួកគេ​មាន​ជម្រើស​តិច​តួច​ប៉ុណ្ណោះ។​

«គ្រាន់​តែ​មាន​ពាក្យ​ពីរ​ដែល​ខ្ញុំ​សូម​ប្រើ ​គឺ ​[ពួកគេ]​ ធ្វើ​ដើម្បី​រំដោះ​សង្គ្រោះ​ជាតិ​ ឬ​ធ្វើ​ដើម្បី​រំដោះ​ប្រជា​ធិបតេយ្យ​របស់​ប្រទេស។​ នេះ​វា​អាស្រ័យ​លើ​ការ​មើល​ឃើញ​ បើ​សិន​ជា​រំដោះ​សង្គ្រោះ​ជាតិ ​ ខ្ញុំ​មើល​ឃើញ​ថា​ អ្វី​ដែល​គាត់​ធ្វើ​វា​សម​ស្រប​ ​ប៉ុន្តែ​បើ​គាត់​គិត​ចង់​រំដោះ​ប្រជា​ធិបតេយ្យ ​ប្រហែល​ជា​វា​ត្រូវ​ពិចារណា​លើ​យុទ្ធសាស្ត្រ​ថ្មីៗ»។​

លោក​ សម រង្ស៊ី​ ដែល​ស្ថិត​នៅ​ក្រៅ​ប្រទេស​កម្ពុជា ​តាំងពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៥​មក​នោះ​ បាន​ប៉ុនប៉ង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៩​ តាម​ច្រក​ប្រទេស​ថៃ ​ តែ​មិន​បាន​សម្រេច​ដោយ​រដ្ឋាភិបាល​ថៃ ​មិន​អនុញ្ញាត​ឱ្យ​លោក​ចូល​ក្នុង​ប្រទេស។​

VOA​ មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ សម រង្ស៊ី​ និង​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​នៅ​ឡើយ​ទេ ​គិត​ត្រឹម​ល្ងាច​ថ្ងៃ​អង្គារ​នេះ។

ក្នុង​ឱកាស​នានា ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​បង្ហាញ​ថា​ លោក​គ្មាន​ជំហរ​ចរចា​សម្រុះ​សម្រួល​ជាមួយ​លោក​ សម រង្ស៊ី ​នោះទេ​ តែ​បង្ហាញ​ពី​លទ្ធភាព​នៃការ​ធ្វើ​នយោបាយ​ទៅ​ថ្ងៃ​មុខ​ជាមួយ​លោក​ កឹម សុខា ​ជាក់ស្ដែង​ពេល​ថ្មីៗ​នេះ​ លោក​នាយក​រដ្ឋមន្ត្រី ​បាន​ទទួល​លោក​ កឹម សុខា ​អំឡុង​បុណ្យ​សព​ម្ដាយ​ក្មេក​របស់​លោក​ កាល​ពី​ខែ​ឧសភា ​ និង​មាន​ការ​អង្គុយ​ជជែក​គ្នា​ប្រមាណ​មួយ​ម៉ោង​ទៀត​ផង។​

លោក ​កឹម សុខា ​ដែល​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ក្រៅ​មន្ទីរ​ឃុំឃាំង​ និង​លើក​ការ​ឃុំ​នៅ​ផ្ទះ ​នោះ ត្រូវ​បាន​គេ​ឃើញ​ថា​ បាន​ចេញ​ដំណើរ​ទស្សន​កិច្ច​នៅ​តាម​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប ​និង​បណ្ដា​ខេត្ត​ផ្សេង​ទៀត ​ដូចជា​ខេត្ត​កំពង់ចាម​ និង​ត្បូងឃ្មុំ​ជា​ដើម​ ទោះបី​លោក ​ត្រូវ​តុលាការ​ព្រមាន​ដាស់​តឿន​ក្រើន​រំឭក​ពី​លក្ខខណ្ឌ​តម្រូវ​នៃ​នីតិវិធី​ឃ្លាំ​មើល​របស់​តុលាការ​យ៉ាង​ណា​ក្ដី៕​