ណៃរ៉ូប៊ី ប្រទេសកេនយ៉ា៖ថ្ងៃទី២៨ខែកុម្ភៈសម្គាល់នូវខួបឆ្នាំទី៣នៃកិច្ចព្រមព្រៀងសន្តិភាព ដែលបានបញ្ចប់ភាពវឹកវរនៅក្រោយការបោះឆ្នោតនៅក្នុងប្រទេសកេនយ៉ា (Kenya)។ ប៉ុន្តែប្រជាពលរដ្ឋជាច្រើនកំពុងតែនៅរង់ចាំជំនួយនិងឱកាសក្នុងការចាប់ផ្តើមជីវិតថ្មីរបស់ពួកគេឡើងវិញ។
ពីចុងខែធ្នូឆ្នាំ២០០៧ដល់ខែកុម្ភៈឆ្នាំ២០០៨ ពិភពលោកបានតាមដានមើល ខណៈពេលដែលប្រទេសមួយ ដែលធ្លាប់តែត្រូវគេកោតសរសើរចំពោះស្ថេរភាពរបស់ខ្លួននោះ បានធ្លាក់ខ្លួនទៅក្នុងវិបត្តិបែកបាក់និងវឹកវរផ្ទៃក្នុង។
ជម្លោះមួយរវាងគូបដិបក្ខនៅក្នុងការបោះឆ្នោត គឺរវាងលោកប្រធានាធិបតី អឹមវ៉ៃ គីបាគី (Mwai Kibaki) និងលោកនាយករដ្ឋមន្រ្តីបច្ចុប្បន្ន រ៉េលឡា អូឌីងហ្គា (Raila Odinga) បានរាលដាលពេញផ្ទៃប្រទេសទាំងមូលយ៉ាងឆាប់រហ័ស និងបង្កឲ្យមានទំនាស់ជាតិសាសន៍ដែលបណ្តាលឲ្យប្រជាពលរដ្ឋជាង១.៣០០នាក់ស្លាប់បាត់បង់ជីវិត។ អស់រយៈពេលជាច្រើនសប្តាហ៍ ពលរដ្ឋកេនយ៉ាជាច្រើនមិនបានចាកចេញពីផ្ទះរបស់ខ្លួនទេ។ ផ្លូវជាតិនានាត្រូវបានយាមល្បាតដោយពួកកងជីវពលប្រដាប់អាវុធ ហើយយន្តហោះទាំងឡាយដែលហោះសំដៅទៅកាន់តំបន់ទេសចរណ៍ដ៏ពេញនិយមនានា បានទៅដល់ទីនោះដោយគ្មានអ្នកដំណើរ។ វិបត្តិនេះបានឆាបឆេះអស់រយៈពេលជិតពីរសប្តាហ៍ ហើយបានបញ្ចប់នៅពេលអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក កូហ្វី អាណាន់ (Kofi Annan) អាចបង្រួបបង្រួមគូបដិបក្ខទាំងពីរឲ្យចូលរួមក្នុងរដ្ឋាភិបាលឯកភាពជាតិមួយ។
«សម្បទានគឺជាការចាំបាច់សម្រាប់ភាពស្ថិតស្ថេររបស់ប្រទេសនេះ។ សូមអ្នកគាំទ្រកិច្ចព្រមព្រៀងនេះ ព្រោះវាគឺជាគន្លឹះនៃឯកភាពជាតិរបស់ប្រទេសកេនយ៉ា។ វាគឺជាមូលដ្ឋានមួយសម្រាប់ការផ្សះផ្សាជាតិ ហើយវាគឺជាមូលដ្ឋានសម្រាប់ការស្តារឡើងវិញនូវវិស័យសេដ្ឋកិច្ច»។
រយៈពេលជាងបីឆ្នាំបានកន្លងផុតទៅហើយចាប់តាំងពីការបោះឆ្នោតប្រធានាធិបតីដ៏ទុយ៌សក្នុងឆ្នាំ២០០៧របស់ប្រទេសកេនយ៉ា ហើយប្រទេសនេះមានសល់ស្លាកស្នាមជាក់ស្តែងតិចតួចណាស់ពីរយៈកាលនោះ។ ជាទូទៅវិស័យទេសចរណ៍របស់ប្រទេសកេនយ៉ា បានរើបឡើងវិញហើយ ហើយវិស័យសេដ្ឋកិច្ចដែលឈានមុខគេនៅក្នុងតំបន់របស់ខ្លួនក៏មានការរើបឡើងវិញហើយដែរ។
ក៏ប៉ុន្តែនៅតាមបណ្តោយផ្លូវជាតិថ្មីៗនិងល្អជាងមុនទាំងឡាយ ដោយកន្លែង គេឃើញមានអមទៅដោយជំរំសំពត់តង់បណ្តោះអាសន្នសម្រាប់ពលរដ្ឋកេនយ៉ាដែលជីវិតរបស់ពួកគេបានទទួលរងផលប៉ះពាល់ជាអចិន្ត្រៃយ៍ពីភាពវឹកវរក្នុងឆ្នាំ២០០៧នោះ។ ទោះបីរយៈពេលជាច្រើនឆ្នាំបានកន្លងផុតទៅហើយក្តី ក៏ជនភៀសសឹកក្នុងប្រទេសកេនយ៉ាជាច្រើននាក់ នៅតែបន្តរស់នៅដោយគ្មានផ្ទះសម្បែងដដែល៕
ប្រែសម្រួលដោយ ឌី ខាំបូលី