ប្រព័ន្ធផ្សព្វផ្សាយរបស់បារាំងបានផ្សាយថា ប៉ូលិសប្រទេសបារាំងបានចាប់ខ្លួនបុរសអាយុ២៩ឆ្នាំម្នាក់កាលពីថ្ងៃអង្គារក្នុងទីក្រុងប៉ារីស ខណៈដែលការវាយឆ្មក់ចាប់ខ្លួននានានៅតែបន្តទូទាំងប្រទេសបារាំង ដើម្បីចាប់ខ្លួនជនសង្ស័យនានានៅក្នុងការវាយប្រហារកាលពីខែមុន ដែលក្រុមរដ្ឋឥស្លាមអះអាងថា ខ្លួនជាអ្នកធ្វើរឿងនេះ។
អាជ្ញាធរបារាំងនានាបានថ្លែងថា ជាផ្នែកមួយនៃការស៊ើបអង្កេតដ៏ធំទៅលើការវាយប្រហារនានា ដែលបានសម្លាប់មនុស្សចំនួន១៣០នាក់និងរបួស៣៥០នាក់ ប៉ូលិសបានធ្វើការវាយឆ្មក់ចាប់ខ្លួនចំនួន២៧០០កន្លែង និងបានឃុំឃាំងមនុស្សចំនួន៣៦០នាក់ឲ្យនៅក្នុងផ្ទះមិនឲ្យចេញទៅណា។
ការិយាល័យព្រះរាជអាជ្ញាក្នុងទីក្រុងប៉ារីសក៏បានឲ្យផងដែរថា ប៉ូលិសបានចាប់ខ្លួនបុរសម្នាក់ និងស្ត្រីម្នាក់នៅភាគខាងជើងប្រទេសបារាំង ដោយសង្ស័យថា ពួកគេបានជួយភេរវកររូបនោះក្នុងការវាយប្រហារនៅផ្សារទំនើប Kosher កាលពីខែមករា។
ការចាប់ខ្លួននេះត្រូវបានធ្វើឡើង ក្រោយពីមានការវាយប្រហារនានាទៅលើសារព័ត៌មាន Charlie Hebdo និងទៅលើផ្សារទំនើប Kosher ដែលបានកើតឡើងអស់រយៈពេលជិតមួយឆ្នាំនិងបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន១៧នាក់៕