មន្រ្តីសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ៣ រូប បានប្រាប់ចៅក្រមតុលាការខេត្តរតនគិរីថា ពួកគេមិនមានចេតនា ឬក៏ប្រព្រឹត្តសកម្មភាពណាមួយ ដែលពាក់ព័ន្ធនឹងការចោទប្រកាន់«រួមគំនិតក្បត់» និង«ញុះញង់»ឡើយ។
កាលពីថ្ងៃចន្ទ សាលាដំបូងខេត្តរតនគិរី បានបើកសវនាការជំនុំជម្រះលើជនជាប់ចោទ ៣ រូប រួមមានលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងសហការី ២ នាក់ទៀតរបស់លោក គឺលោក ញ៉ិល ភាព និងលោក ថាន់ ហាច។
ពួកគេត្រូវបានចោទប្រកាន់ពីបទចោទ«រួមគំនិតក្បត់និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ សមត្ថកិច្ចបានចាប់ខ្លួនពួកគេកាលពីខែឧសភា ឆ្នាំមុន បន្ទាប់ពីពួកគេបានបញ្ចប់វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបុគ្គលិកសមាគម ដែលរៀបចំឡើងនៅខេត្តរតនគិរី ទីដែលអាជ្ញាធរមូលដ្ឋាននៅទីនោះសង្ស័យថាសមាគមលោក ថេង សាវឿន បានលួចប្រជុំក្នុងសណ្ឋាគារមួយនៅក្នុងក្រុងបានលុង ហើយមានផែនការធ្វើ«បដិវត្តន៍កសិករ»។
បើតាមសារដែលបង្ហោះនៅលើហ្វេសប៊ុករបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា នៅក្នុងសេចក្តីសន្និដ្ឋានចុងក្រោយ តំណាងអយ្យការបានសម្រេចរក្សាបទចោទ«រួមគំនិតក្បត់និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដោយយោងតាមបញ្ញត្តិមាត្រា ៤៥៣ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
សមាគមបញ្ជាក់ថា៖ «តែទោះជាយ៉ាងណា តំណាងអយ្យការក៏បានស្នើសុំអង្គជំនុំជម្រះឱ្យពិចារណាផងដែរទៅលើទោស និងស្នើឱ្យចៅក្រមជំនុំជម្រះបន្ធូរបន្ថយទោសសម្រាប់អ្នកទាំង៣ ផងដែរ ដោយតំណាងអយ្យការមើលឃើញថា អ្នកទាំង ៣ អំឡុងពេលដាក់ឱ្យនៅក្រៅឃុំ និងស្ថិតក្រោមការត្រួតពិនិត្យរបស់ព្រះរាជអាជ្ញា ពួកគាត់បានអនុវត្តតាមវិធាន និងគោលការណ៍របស់អយ្យការបានយ៉ាងល្អប្រសើរ ហាក់មិនមានបញ្ហាណាមួយគួរឱ្យកត់សម្គាល់នោះឡើយ»។
លោក ថេង សាវឿន ប្រាប់វីអូអេនៅថ្ងៃអង្គារថា អង្គជំនុំជម្រះបានសាកសួរពីអង្គហេតុផ្សេងៗពីសិក្ខាសាលា ដែលក្រុមការងាររបស់លោកបានចុះធ្វើក្នុងខេត្តរតនគិរី កាលពីថ្ងៃទី ១៣ និង១៤ ខែឧសភា ឆ្នាំ ២០២៣។ លោកបន្តថា លោកបានបកស្រាយទៅអង្គជំនុំជម្រះថា រូបលោក និងក្រុមការងារមិនមានចេតនា ឬសកម្មភាពពាក់ព័ន្ធនឹងអំពើរួមគំនិតក្បត់អ្វីឡើយ។ លោកអះអាងថា សិក្ខាសាលានេះធ្វើឡើងដើម្បីពង្រឹងសមត្ថភាពរបស់ក្រុមការងារលោកតែប៉ុណ្ណោះ។
លោកថ្លែងថា៖ «យើងគ្រាន់តែរៀបចំសិក្ខាសាលាដើម្បីកសាងសមត្ថភាព និងពង្រឹងសមត្ថភាពដល់បុគ្គលិកតែប៉ុណ្ណោះ ហើយការធ្វើនេះនៅក្នុងបន្ទប់បិទជិត ហើយយើងក៏ទទួលស្គាល់នូវភាពឆក់ល្វែងនៃកំហុសឆ្គងនូវការប្រើប្រាស់ភាសាពាក្យពេចន៍មួយចំនួន ឬក៏ប្រធានបទនៃបទបង្ហាញខ្លះបានប្រាសចាកទៅនឹងរបៀបវារៈយើងខ្លះ។ ហ្នឹងជាការឆកល្វែងផ្នែករដ្ឋបាលរបស់យើង។ យើងទទួលស្គាល់ក្នុងការប្រតិ្តបត្តិការរបស់យើង»។
លោក ថេង សាវឿន ក៏បានស្នើសុំចៅក្រមឱ្យពិចារណា និងពិនិត្យមើលអង្គហេតុ ព្រមទាំងទម្លាក់ចោលបទចោទប្រកាន់លើរូបលោក។
លោកថ្លែងថា៖ «ពួកយើងសង្ឈឹមយ៉ាងមុតមាំថា ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តរតនគិរី លោកនឹងពិចារណាអំពីហេតុផលពីព្រោះអីកន្លងមក នៅពេលដែលមានតាំងពីការឃាត់ខ្លួនមកដល់ពេលបច្ចុប្បន្ន យើងបានព្យាយាម និងបង្ហាញការណ៍ពិត ក៏ដូចជាបំភ្លឺ និងគោរពតាមវិធីរបស់សាលាដំបូងខេត្តរតនគិរីដែលបានដាក់ឱ្យយើងនៅក្រោមការត្រួតពិនិត្យផងដែរ»។
ចំណែកលោក ញ៉ិល ភាព មន្ត្រីជាន់ខ្ពស់ចងក្រងនិងតស៊ូមតិនៃសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ដែលជាជនជាប់ចោទមួយទៀតក្នុងសំណុំរឿងនេះ ប្រាប់វីអូអេថា នៅក្នុងសវនាការកាលពីថ្ងៃចន្ទ អង្គជំនុំជម្រះបានសួរនាំរូបលោក សហការីផ្សេងទៀត និងសាក្សីចំនួន ១២ នាក់ដែលសុទ្ធសឹងជាបុគ្គលិករបស់សមាគម ព្រមទាំងតំណាងសណ្ឋាគារដែលក្រុមការងារបានជួលសម្រាប់រៀបចំសិក្ខាសាលា អំពីអង្គហេតុនានាដែលបានកើតឡើងនាពេលនោះ។ លោកយល់ថា ការឃាត់ខ្លួន និងបទចោទប្រកាន់មកលើរូបលោកមានភាព«អយុត្តិធម៌ជាខ្លាំង» ហើយលោក និងក្រុមការងារផ្ទាល់ប្រាប់តុលាការថា សមាគមលោកមិនមានគោលបំណង ឬប្រព្រឹត្តសកម្មភាពណាមួយក្នុងការផ្តួលរំលំ ឬប្រឆាំងនឹងរដ្ឋាភិបាលឡើយ។
លោកថ្លែងថា៖ «ដោយសារតែសកម្មភាពទាំងអស់ហ្នឹងគឺសិក្ខាកាម ក៏ដូចជារូបខ្ញុំបាទ គឺអត់មានចេតនានៅក្នុងការប្រព្រឹត្ត ឬក៏ចេតនាណាមួយនៅក្នុងការបង្កើតតំបន់អបគមន៍ បង្កើតក្រុមដើម្បីផ្តួលរលំរាជរដ្ឋាភិបាលទេ គឺយើងធ្វើការស្របទៅតាមលក្ខខណ្ឌអាណត្តិ និងគោលការណ៍ច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជារបស់យើង»។
លោកអំពាវនាវទៅអង្គជំនុំជម្រះសាលាដំបូងខេត្តរតនគិរីទម្លាក់បទចោទប្រកាន់លើរូបលោក។ លោកយល់ថា បទចោទប្រកាន់«រួមគំនិតក្បត់និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» មានភាពធ្ងន់ធ្ងរយ៉ាងខ្លាំង។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងសហការីរបស់លោក ២ នាក់ គឺលោក ថាន់ ហាច មន្ត្រីសម្របសម្រួលសហគមន៍ និងលោក ញ៉ិល ភាព មន្ត្រីជាន់ខ្ពស់នៃសមាគម ត្រូវបានសមត្ថកិច្ចខេត្តក្រចេះ ឃាត់ខ្លួន កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ ក្រោមការបញ្ជារបស់ស្នងការនគរបាលខេត្តរតនគិរី ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលមួយនៅក្នុងខេត្តរតនគិរី។
លោក កែវ ពិសុទ្ធ អ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរី ប្រាប់វីអូអេតាមទូរស័ព្ទនៅថ្ងៃអង្គារនេះថា លោកមិនបានចូលរួមនៅក្នុងសវនាការរបស់លោក ថេង សាវឿន និងសហការី ២ នាក់ទៀតនោះទេ ដូច្នេះលោកមិនទាន់អាចអត្ថាធិប្បាយបាន។
តុលាការខេត្តរតនគិរីគ្រោងនឹងប្រកាសសាលក្រមលើសំណុំរឿងនេះ នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤។ នេះបើតាមលោក ថេង សាវឿន។
គួរបញ្ជាក់ថា កាលពីចុងខែឧសភា ឆ្នាំ ២០២៣ តុលាការខេត្តរតនគិរីបានសម្រេចដោះលែងលោក ថេង សាវឿន និងសហការីរបស់លោកពីរនាក់ ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន។ ការដោះលែងនេះធ្វើឡើង បន្ទាប់ពីលោក ថេង សាវឿន បានចេញសារជាលិខិត និងវីដេអូប្រកាសទទួលស្គាល់កំហុសក្នុងសំណុំរឿងចោទប្រកាន់ «បដិវត្តន៍កសិករ» និងកិច្ចអន្តរាគមន៍ពីអតីតនាយករដ្ឋមន្រ្តីលោក ហ៊ុន សែន៕