តុលាការខេត្តក្រចេះនៅថ្ងៃអង្គារនេះ បានសម្រេចចោទប្រកាន់ជាផ្លូវការទៅលើជនជាប់ចោទចំនួន៣នាក់ពីបទ៖ សង្ស័យថាជាប់ពាក់ព័ន្ធនឹងការបាញ់សម្លាប់អ្នកកាសែតក្នុងស្រុកម្នាក់កាលពីថ្ងៃអាទិត្យ។
លោក តាំង ទ្រី អាយុ៤៨ឆ្នាំជាសមាជិកសមាគមសារព័ត៌មានខ្មែរអ្នកប្រជាធិបតេយ្យ ត្រូវបានជនដៃដល់បាញ់ដោយកាំភ្លើងខ្លីមួយគ្រាប់ចំថ្ងាសបណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
មន្ត្រីប៉ូលិសបានឲ្យដឹងថា ហេតុការណ៍នៃការបាញ់សម្លាប់អ្នកកាសែតនេះ បានកើតមានឡើងនៅចំណុចត្រពាំងត្រាច ភូមិខ្សឹមក្រៅ ឃុំខ្សឹម ស្រុកស្នួល ខេត្តក្រចេះ។
ជនសង្ស័យមានគ្នាចំនួន៣នាក់ដែលបានប្រើប្រាស់រថយន្តប្រភេទ Luxus 470 ជាមធ្យោបាយក្នុងការធ្វើសកម្មភាព។
ជនសង្ស័យដែលត្រូវបានប៉ូលិសផ្តល់អត្តសញ្ញាណនោះមានឈ្មោះ ឡា ណារ៉ុង អាយុ៣២ឆ្នាំ ជាអតីតមន្ត្រីយោធាខេត្តមណ្ឌលគីរី ឈ្មោះខឹម ភក្តី អាយុ២៧ឆ្នាំមន្ត្រីកងរាជអាវុធហត្ថក្នុងទីក្រុងភ្នំពេញផ្នែកអន្តរាគមន៍ដែលជាម្ចាស់កាំភ្លើងខ្លី និងជនសង្ស័យទី៣ឈ្មោះពិន ហ៊ាង អាយុ៣១ឆ្នាំជាអ្នកបើកបររថយន្ត។
លោកធុច បច្ចសន្តិភាព ព្រះរាជអាជ្ញារងខេត្តក្រចេះមានប្រសាសន៍ថា លោកឡា ណារ៉ុង ត្រូវបានចោទប្រកាន់ពីបទឃាតកម្ម និងប្រើប្រាស់អាវុធខុសច្បាប់ ខឹម ភក្តីត្រូវបានចោទប្រកាន់ពីបទផ្សំគំនិតក្នុងអំពើឃាតកម្ម ប្រើប្រាស់អាវុធខុសច្បាប់ និងធ្វេសប្រហែសក្នុងការគ្រប់គ្រងអាវុធជាតិផ្ទុះ ចំណែកឯលោកពិន ហ៊ាងត្រូវបានចោទប្រកាន់ចោទពីបទប្រើប្រាស់អាវុធខុសច្បាប់ និងពីបទមិនប្តឹងបរិហារបទឧក្រិដ្ឋបទមជ្ឃឹមដោយអ្នករាជការសារធារណៈជាអាទិ។
លោកបានបញ្ជាក់ថា តាមច្បាប់ក្រមព្រហ្មទណ្ឌថ្មីនិងច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ បើសិនតុលាការការរកឃើញថា មានទោសកំហុស ជនជាប់ចោទទាំងបីនាក់អាចជាប់ពន្ធនាគារពី១ឆ្នាំទៅ១៥ឆ្នាំ។
លោកនិយាយថា៖ «ពាក់ព័ន្ធយើងស្រាវជ្រាវតាមអង្គហេតុនិងយោងតាមសាក្សីបំភ្លឺ វាមានភាពស៊ីសង្វាក់គ្នាយ៉ាងម៉េច។ យើងចោទទៅតាមភស្តុតាងដែលដាក់បន្ទុក»។
លោកសុខ សុវណ្ណ ប្រធានសមាគមសារព័តមានខ្មែរអ្នកប្រជាធិបតេយ្យមានប្រសាសន៍សារទរចំពោះចំណាត់វិធានការរបស់តុលាការ ក៏ប៉ុន្តែលោកជំរុញឲ្យតុលាការបន្តស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ។
លោកនិយាយថា៖ «តុលាការមេត្តាដាក់ទោសទៅតាមច្បាប់ ពីព្រោះច្បាប់របស់យើងមានហើយ។ ការសម្លាប់មនុស្ស និងការផ្សំគំនិតគ្នាគឺមានទោសប៉ុន្មានៗ មិនត្រូវលើកលែងឲ្យជនល្មើសហ្នឹងទេ ដើម្បីឲ្យអ្នកផ្សេងៗទៀតកុំឲ្យយកតម្រាប់តាមរបៀបហ្នឹង»។
សំណុំរឿងបាញ់សម្លាប់លោកតាំង ទ្រីត្រូវបានតំណាងអយ្យការខេត្តក្រចេះបញ្ចប់ការស៊ើបសួរ និងបានសម្រេចចោទប្រកាន់ជាផ្លូវការហើយ ហើយនៅថ្ងៃពុធស្អែកនេះនឹងបញ្ជូនទៅឲ្យចៅក្របស៊ើបសួរដើម្បីសម្រេច ថាតើនឹងចេញដីកាឃុំខ្លួនឬមួយយ៉ាងណា។
លោក រស់ សាមឺឌី ចៅក្រមស៊ើបសួរ មានប្រសាសន៍ថា លោកមិនទាន់បានទទួលសំណុំរឿងនេះនៅឡើយទេ៕