មន្ត្រី​ថ្នាក់​ក្រោម​បី​នាក់​សង្ស័យ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ត្រូវ​បាន​បង្ហាញ​មុខ

លោក ​ឱម យិនទៀង (រូបកណ្តាល) ប្រធាន​​​​អង្គភាព​​​​ប្រឆាំង​​​​អំពើ​​​​ពុក​​​រលួយ នៅក្នុង​​សន្និសីទ​កាសែត​មួយ​ដែល​រៀបចំឡើងដោយ​អង្គភាព​​ប្រឆាំង​អំពើ​​ពុករលួយ​​នៅ​​​ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៤។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កាល​ពី​ថ្ងៃ​អង្គារបាន​បង្ហាញ​អត្ត​សញ្ញាណ​មន្ត្រី​ថ្នាក់​មូលដ្ឋាន​ចំនួន​បី​រូបបន្ថែម​ទៀត​ដែល​ត្រូវ​ចាប់​ខ្លួន​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។

ក្នុង​សន្និសីទ​កាសែត​មួយ​របស់​ខ្លួន លោក នួន បូផល អនុ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ថ្លែង​ថា​ជន​សង្ស័យ​ចំនួន​ពីរ​រូប​ឈ្មោះ​ស្រ៊ុន ឡាំ អធិការ និង​លោក ម៉ុក ហ៊ត​ អធិការ​រង​នៃ ​អធិការដ្ឋាន​នគរបាល ស្រុក​បន្ទាយមាស ខេត្ត​កំពត ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ថ្ងៃទី​១៨​ខែ​មិនា​ឆ្នាំ​២០១៤ ហើយ​នឹង​ត្រូវ ​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​កំពត​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​និង​បទ​ល្មើស​ផ្សេង​ទៀត​ចំនួន​៨។

លោក​នួន បូផល​បាន​បញ្ជាក់​ថា៖

«គឺ​គាត់​បាន​រួម​គ្នា​ប្រព្រឹត្ត​បទល្មើស​ទីមួយ​គឺ​បទ​កេង​យក​ផល​ប្រយោជន៍​ដោយ​ខុស​ច្បាប់​បាន​ប្រព្រឹត្ត​អំពើ​យ៉ាង​ជាក់លាក់​មួយ​គឺ​គាត់​បាន​កាត់​យក​ប្រាក់​មួយ​ចំនួន​ពីបៀវត្សរ៍​មន្ត្រី​ក្រោម​ឱវាទ​របស់​គាត់»។​

ក្នុង​ចំណោម​បទល្មើស​ក៏មាន​ការតម្រូវ​ឱ្យ​មន្ត្រី​ចរាចរណ៍​និង​អាជីវករ​បង់​ប្រាក់​ប្រចាំ​ខែ ដែល​សរុប​ជា​ទឹក​ប្រាក់​ជាង​២៤៧​លាន​រៀល​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១០​មក។

ចំណែក​ឯ​មន្ត្រី​ថ្នាក់​ក្រោម​ម្នាក់​ទៀត ឈ្មោះ សោម អ៊ុំ​មុនីរ៉ា ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា​ប្រចាំ​ខេត្ត​តាកែវ ត្រូវ​បាន​ឃាត់​ខ្លួន​ពី​បទ​កិបកេង​ថវិកា​រដ្ឋ​ប្រមាណ​ជា​៤៤៩​លាន​រៀល។

លោក នួន បូផល បន្ថែមថា​គិត​ចាប់​ពី​ដើម​ឆ្នាំ​២០១៤​មក អង្គភាព​របស់​ខ្លួន​បាន​ឃាត់​ខ្លួន​មន្ត្រី​រដ្ឋាភិបាល​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ចំនួន​ជិត​១០​នាក់​ហើយ។

យ៉ាង​ណា​ក៏​ដោយ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​រិះគន់​ថា​មន្ត្រី​ដែល​ចាប់​ខ្លួន​នា​ពេល​កន្លង​មក​សុទ្ធ​សឹង​ជា​មន្ត្រី​តូចតាច​ប៉ុណ្ណោះ។

«ខ្ញុំ​យល់​ឃើញ​ថា បើ​ចង់​លុប​បំបាត់​អំពើ​ពុក​រលួយ ត្រូវ​លុប​ពី​កំពូល​ទៅ​គឺ​លុប​ពី​ថ្នាក់​លើ។ លុប​ពី​កំពូល​ទៅ​គឺ​មាន​ផល​ល្អ​ច្រើន​ណាស់​ទៅ​ដល់​ប្រទេស​ជាតិ ជា​ពិសេស​លុយ​រាប់​រយ​រាប់​លាន​ដុល្លារ​នឹង​ចូល​ទៅ​ក្នុង​កេស​របស់​រដ្ឋ។ ដោយ​ឡែក​រឿង​នៅ​ថ្នាក់​ក្រោម រឿង​កំប៉ិក​កំប៉ុក ខ្ញុំ​ជឿ​ថា​គួរ​ធ្វើ​ជា​បន្ត​បន្ទាប់។ អ្វី​ដែល​យើង​គួរ​ធ្វើ​នៅ​ពេល​នេះ​គឺ​មិនមែន​មន្ត្រី​ថ្នាក់​ក្រោម​ដែល​មាន​ផល​ប៉ះពាល់​តិច​ជាង​លើស​លប់ ធៀប​ហ្នឹង​មន្ត្រី​កំពូល​ដែល​កំពុង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ហើយ ហើយ​យើង​មើល​ឃើញ​យ៉ាង​ច្បាស់​ក្រឡែត​ទាំង​មតិ​ជាតិ​និង​អន្តរជាតិ»។

អង្គការ​តម្លាភាព​អន្តរជាតិ​បាន​ចាត់​ចំណាត់​ថ្នាក់​កម្ពុជា​ក្នុង​លេខ​រៀង​ទី​១៦០​ក្នុង​ចំណោម​១៧៧​ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ​ខ្ពស់​ជាង​គេ។ ចំណាត់ថ្នាក់​នេះ​ធ្វើ​ឱ្យ​កម្ពុជា​ជា​ប្រទេស​មាន​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ​បំផុត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​ឆ្នាំ​២០១៣។

បើ​តាម​ស្ថាប័ន​យូអេស​អេ​អាយ​ឌី (USAID) របស់​សហរដ្ឋ​អាមេរិក​ឱ្យ​ដឹង​ថា​កម្ពុជា​បាន​បាត់​បង់​ថវិកា​យ៉ាងតិច​៥០០​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ​ទៅ​លើ​អំពើ​ពុក​រលួយ។

លោក ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ អះអាង​ថា​ការ​រិះគន់​ដែល​ថា​ខ្លួន​ចាត់​ចំណាត់ការ​តែ​លើ​មន្ត្រី​តូចតាច​ជា​ការ​លើក​ឡើង​ដោយ​គ្មាន​មូលដ្ឋាន។

លោក ឱម យិនទៀង បន្ថែម​ថា​ក្នុង​ចំណោម​ពាក្យ​បណ្តឹង​ដែល​ខ្លួន​ទទួល​បាន​ចំនួន​៧០០​បណ្តឹង មាន​តែ​១៧​ភាគរយ​ប៉ុណ្ណោះ ដែល​ប្តឹង​ប្រឆាំង​នឹង​មន្ត្រី​ថ្នាក់​ខ្ពស់​ដែល​តែង​តាំង​ដោយ​ព្រះ​រាជក្រិត្យ ប៉ុន្តែ​ខ្លួន​បាន​ចាប់​ខ្លួន​មន្ត្រី​ដែល​តែងតាំង​ដោយ​ព្រះរាជក្រិត្យ​ដល់​ទៅ២៥​ភាគរយ។ ដោយ​ឡែក​៥០​ភាគរយ​នៃ​បណ្ដឹង​គឺ​ប្រឆាំង​នឹង​មន្ត្រី​នៅ​មូលដ្ឋាន ប៉ុន្តែ​អង្គភាព​នេះ​បាន​ចាប់​ខ្លួន​មន្ត្រី​មូលដ្ឋានតែ​២​ភាគរយ​ប៉ុណ្ណោះ​ក្នុង​ចំណោម​អ្នក​ដែល​បាន​ចាប់​ខ្លួន​កន្លង​មក។

«អត់​ព្រម​មើល​ទេ ចំណុច​ទាំង​អស់​ហ្នឹង។ ថា​ខ្ញុំ​ចាប់​តែ​អ្នក​តូច​ៗ ប៉ុន្តែ​ចំណុច​ត្រង់​ណា​ដែល​ច្បាប់​បែង​ចែក​អ្នក​តូច​អ្នក​ធំ វា​អត់​មាន។ លោក​ឱ្យ​ខ្ញុំ​ធ្វើ​តាម​តែ​បញ្ជា​ចុង​អណ្តាត​របស់​លោក ឬ​ឱ្យ​ខ្ញុំ​ធ្វើ​តាម​ច្បាប់»។

លោក រ័ត្ន សោភ័ណ ក្រុមប្រឹក្សាភិបាល​អង្គការ​តម្លាភាព​កម្ពុជា ​ចាត់​ទុក​ចំណាត់​ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ​ថា​ជា​ចំណាត់​ការ​ដ៏​គួរ​ឱ្យ​លើក​ទឹក​ចិត្ត​មួយ ប៉ុន្តែ​លោក​ចង់​ឱ្យ​អង្គភាព​របស់​រដ្ឋាភិបាល​មួយ​នេះ​ចាត់​វិធានការឱ្យ​បាន​ច្រើន​ជាង​នេះ ជា​ពិសេស​លើមន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ៕