សកម្មជន​ហុងកុង​បី​នាក់ បដិសេធ​ការចោទ​ប្រកាន់​អំពី​ពិធី​រំឭក​ការបង្ក្រាប​នៅទីលាន Tiananmen

រូបឯកសារ៖ មហាសេដ្ឋី​ប្រព័ន្ធ​ផ្សព្វផ្សាយ​លោក Jimmy Lai ស្ថិត​ក្នុង​ចំណោម​សកម្មជន​ហុងកុង​បី​នាក់ ដែល​បាន​បដិសេធ​មិន​ទទួល​កំហុស​នៅ​ថ្ងៃចន្ទ​ដូច​ការ​ចោទ​ប្រកាន់​ទាក់​ទង​នឹង​ពិធី​អុចទៀន​រំឭក​ការបង្ក្រាប​នៅ​ទីលាន Tiananmen ដែល​ត្រូវ​បាន​ហាមឃាត់​កាលពី​ឆ្នាំមុន។

សកម្មជន​ហុងកុង​បី​នាក់ ​រួមមាន​មហាសេដ្ឋី​ប្រព័ន្ធ​ផ្សព្វផ្សាយ ​លោក ​Jimmy Lai​ បាន​បដិសេធ​មិន​ទទួល​កំហុស​នៅ​ថ្ងៃចន្ទ​ដូច​ការ​ចោទ​ប្រកាន់​ទាក់​ទង​នឹង​ពិធី​អុចទៀន​រំឭក​ការ​បង្ក្រាប​នៅ​ទីលាន​ Tiananmen ​ដែល​ត្រូវ​បាន​ហាមឃាត់​កាលពី​ឆ្នាំ​មុន។​ ​នេះ បើតាម​ទីភ្នាក់ងារ​សារព័ត៌មាន​ AFP។​

អ្នកទាំង​បី ​គឺ​មាន​លោក Jimmy​ Lai ​អ្នកស្រី ​Chow Hang-tung ​និង​អ្នកស្រី​ Gwyneth Ho​ នឹង​ក្លាយ​ជាចុង​ចោទ​ក្នុង​ការ​កាត់ក្តី​ពេញលេញ​ក្នុង​ចំណោម​អ្នក​នយោបាយ​ និង​សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ជាង​២០​នាក់​ដែល​ត្រូវ​បានចោទ​ប្រកាន់​ពីបទ​ធ្វើ​ពីធី​រំឭក​ប្រចាំ​ឆ្នាំ អំពី​ការ​បង្ក្រាប​នៅ​ទីលាន ​Tiananmen។​ ចុង​ចោទ​ផ្សេង​ទៀត​ទាំង​អស់​បាន​ទទួល​កំហុស​តាម​ការ​ចោទ​ប្រកាន់​រួម​ទាំង​ញុះញង់ ​និង​ចូលរួម​ក្នុង​ការ​ជួប​ជុំ​ខុស​ច្បាប់។​

អ្នកស្រី​ Chow ​បាន​ប្រាប់​តុលាការ​ថា៖ ​«​ខ្ញុំ​យល់​រាល់​ពាក្យ​ដែល​អ្នក​និយាយ ប៉ុន្តែ​ខ្ញុំ​មិន​យល់​ពី​មូលហេតុ​ដែល​វា​ជាបទ​ឧក្រិដ្ឋ​នោះ​ទេ។ ​ការ​កាន់​ទុក្ខ​មិនមែន​ជា​បទ​ឧក្រិដ្ឋ​ទេ។​ ខ្ញុំគ្មាន​ទោស​ទេ»។​

អស់​រយៈ​ពេល​បី​ទសវត្សរ៍ មាន​ការ​អុចទៀន​ប្រចាំ​ឆ្នាំ​នៅ​ហុងកុង​ដើម្បី​រំឭក​ដល់​ជនរង​គ្រោះ​នៃ​ការ​បង្ក្រាបលើ​ការ​ទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ​និងការ​ប្រឆាំង​អំពើ​ពុក​រលួយ​កាល​ថ្ងៃទី​ ៤​ ខែ​មិថុនា​ឆ្នាំ ​១៩៨៩ នៅ​ទីលាន​ Tiananmen ​ទីក្រុង​ប៉េកាំង​។ រៀងរាល់ឆ្នាំ​មនុស្ស​រាប់ម៉ឺន​នាក់​ប្រមូល​ផ្តុំ​គ្នា​នៅ​សួន ​Victoria Park ​ក្នុង​ទីក្រុង​ហុងកុង ដើម្បី​អុច​ភ្លើងទៀន​ដោយ​មាន​ពាក្យ​ស្លោក​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ ​និង​បញ្ចប់​ការ​គ្រប់គ្រង​ដោយ​បក្សតែមួយ​នៅ​ក្នុង​ប្រទេស​ចិន។ ការ​ប្រមូលផ្តុំ​ប្រចាំឆ្នាំ​នេះ​បាន​ក្លាយ​ជា​និមិត្ត​សញ្ញា​នៃ​សេរីភាព​នយោបាយ​នៅ​ទីក្រុង​នេះ​ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពាក់​កណ្តាល​ស្វយ័ត។​

ប៉ុន្តែ​ក្នុង​អំឡុងពេល២​ឆ្នាំ​កន្លង​មកនេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​ខ្លួនលែង​អត់ឱន​ចំពោះ​ពិធី​រំឭក​ខួប ​Tiananmen​ នៅហុងកុង​ ឬ​ម៉ាកាវ​ទៀតហើយ។​ ពិធី​រំឭក​ពីរ​លើក​ចុង​ក្រោយ​ដល់​ទីលាន Tiananmen ​ត្រូវ​បាន​ហាមឃាត់ ​ដោយ​អាជ្ញាធរ​បាន​លើក​ពី​ការ​រាតត្បាត​នៃ​រីរុសកូរ៉ូណា ​និង​ការ​បារម្ភ​ផ្នែក​សន្តិសុខ។

ចុង​ចោទ​ប្រាំ​នាក់​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​នាំ​ទៅ​តុលាការ​នៅ​ថ្ងៃ​ចន្ទ​ដែរ​នោះ​ បាន​ទទួល​ទោស​ពី​បទ​ «ញុះញង់ ​ រៀបចំ និង​ចូលរួម​ក្នុង​ការ​ជួប​ជុំ​គ្មាន​ការ​អនុញ្ញាត»។ ​ កាលពី​មុន​ អ្នក​នយោបាយ ​និង​សកម្មជន​ចំនួន ១៦​ នាក់​ រួមទាំង​អ្នក​ធ្វើ​យុទ្ធនាការ​ដ៏​លេច​ធ្លោឈ្មោះ ​Joshua Wong ​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ពី ៦ ទៅ ១០​ ខែ​ ដោយសារ​ពួកគេ​ពាក់​ព័ន្ធ​ពិធី​នេះ​ ដោយ​អ្នកខ្លះ​ត្រូវ​បាន​ព្យួរទោស។​

ចំពោះ​អ្នក​រិះគន់ ​សំណុំរឿង​របស់​តុលាការ ​និង​ការ​លុបចោល​ពិធី​អុចទៀន​រំឭក​អំពី​ការបង្ក្រាប​នៅ​ទីលាន​ Tiananmen​ ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​នយោបាយ​តាម​ផ្លូវច្បាប់​នៅ​ហុងកុង​ដែល​កំពុង​កែ​ទម្រង់​យ៉ាង​ជ្រាលជ្រៅ​តាម​រូបភាព​ផ្តាច់​ការ​របស់​ប្រទេស​ចិន៕