ក្រុម​យុវជន​សកម្មជន​បរិស្ថាន​ការពារ​ភាព​ស្អាតស្អំ​របស់​ពួកគេ​នៅ​ចំពោះ​មុខ​ចៅ​ក្រម​តុលាការ​កំពូល

យុវជនបរិស្ថានទាំង៣នាក់ ឈរនៅខាងមុខតុលាការកំពូល ក្រោយចេញពីបន្ទប់សវនាការជំនុំជម្រះលើបណ្តឹងសាទុក្ខ នៅតុលាការកំពូល ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

នៅ​ចំពោះ​មុខ​ចៅ​ក្រម​តុលាការ​កំពូល យុវជន​សកម្មជន​បរិស្ថាន​៣​នាក់​ដែល​ជា​សមាជិក​ចលនា​មាតា​ធម្មជាតិ កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ បាន​ការពារ​ថាពួកគេ​មិន​បាន​ធ្វើ​សកម្ម​ភាព​ញុះ​ញង់ ដូច​ការ​ចោទ​ប្រកាន់​ រហូត​ដល់​មាន​ការ​កាត់​ទោសដាក់​ពន្ធនា​គារ​ឡើយ។

សកម្ម​ជន​ជា​យុវជន​បរិស្ថាន​ទាំង​៣​នាក់ រួម​មាន​លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវ​រស្មី ត្រូវ​បាន​អាជ្ញា​ធរ​ចាប់​ខ្លួន កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២០ ពី​បទ​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ពាក់​ព័ន្ធ​ទៅ​នឹង​គម្រោង​យុទ្ធនាការ​ដើរ​តែ​ម្នាក់​ឯង​របស់​កញ្ញា ឡុង គន្ធា ទៅ​កាន់​គេហដ្ឋាន​របស់​នាយក​រដ្ឋមន្ត្រី ដើម្បី​ស្នើ​សុំ​ឲ្យ​បញ្ឈប់​ការ​លុប​បឹង​តាមោក​នៅ​ជាយ​រាជធានី​ភ្នំពេញ។ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ផ្តន្ទាទោស​ពួក​គេ​ដាក់​ពន្ធនាគារ ចន្លោះ​ពី​១៨​ខែ​ទៅ​២០​ខែ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០២១។

​កាល​ពី​ចុង​ឆ្នាំ​២០២១ សាលា​ឧទ្ធរណ៍​បាន​ចេញ​សេចក្តី​សម្រេច ដោយ​ព្យួរ​ទោស​សាក​ល្បង​សកម្មជន​បរិស្ថាន​ទាំង​៣​នាក់ ប៉ុន្តែ​សិទ្ធិ​និង​សេរីភាព​របស់​ពួក​គេ​ត្រូវ​បាន​កំហិត​រយៈ​ពេល​៣​ឆ្នាំ ដោយ​ការ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។ ពួកគេ​បាន​ប្តឹង​ទាស់​នឹង​សេចក្តី​សម្រេច​នោះ។

តុលាការ​កំពូល​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​ប្តឹង​សា​ទុក្ខ​របស់​ពួកគេ។ ក្នុង​អង្គ​សវ​នាការ​នា​ព្រឹក​ថ្ងៃ​សុក្រ គេ​ឃើញ​មាន​វត្ត​មាន​របស់​សកម្មជន​ទាំង​៣នាក់ មេធាវី​២​នាក់​ តំណាង​ជន​ជាប់​ចោទ​ទាំង​៣ ​តំណាង​អយ្យ​ការ​១​រូប​ ចៅ​ក្រម​ប្រឹក្សា​នៃ​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​ចំនួន​៥​រូប វត្តមាន​របស់​មន្ត្រី​ពាក់​ព័ន្ធ​ អ្នក​តាម​ដាន​ស្តាប់ និ​ងមន្រ្តី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន។

មេធាវី​ការពារ​ក្ដី​ឱ្យ​យុវ​ជន​បរិស្ថាន​ទាំង​៣​នាក់ ​លោក លី សុចិត្រា ​បាន​ធ្វើ​សេចក្តី​សន្និដ្ឋាន​ថាកូនក្តី​ទាំង​៣​របស់​លោក​មិន​បាន​ប្រព្រឹត្ត​សកម្ម​ភាព​ញុះញង់​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។ លោក​បន្ថែម​ថា​កូនក្តី​របស់​លោក​ឈ្មោះ ឡុង​ គន្ធា​ ដែល​ចង់​ជួប​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន គឺ​ដើម្បី​បង្ហាញ​ក្តី​បារម្ភ​អំពី​ការ​លុប​បឹង​តា​មោក ដោយព្រួយ​អំពី​ការ​លិច​ក្រុង​ភ្នំពេញ​ និ​ង​បាត់​បង់​ជីវៈ​ចម្រុះ​តែ​ប៉ុណ្ណោះ ​ហើយ​វា​ក៏​មិន​មែន​ជា​ការ​ញុះ​ញង់​នោះ​ទេ​។

លោក សំ ចំរើន មេធាវី​ការ​ពារ​ក្តី​ឱ្យ​យុវ​ជន​បរិស្ថាន​ទាំង​៣​នាក់​ម្នាក់​ទៀត ដែល​បាន​ចូល​រួម​សវ​នាការ​នេះ ថ្លែង​ថាការ​សម្រេច​របស់​តុលាការ​ថ្នាក់​ក្រោម និង​កណ្តាល​កន្លង​មក មិន​មាន​ភាព​យុត្តិធម៌​សម្រាប់កូន​ក្តីឡើយ ព្រោះ​ភស្តុ​តាងដាក់​បន្ទុក​មិន​មាន​ភាព​ស៊ីចង្វាក់ និង​មិន​មាន​ភាព​រឹង​មាំ។ លោក​បន្ថែម​ទៀត​ថាចម្លើយ​របស់​សមត្ថ​កិច្ច​ក៏​មិន​ច្បាស់​លាស់​សម្រាប់​ធ្វើ​ជា​ភ័ស្តុតាងឡើយ។

លោក​ថ្លែង​ថា៖ «បើ​យើង​ពិនិត្យ​មើល ​កាបូម​ខ្សាច់​ក្នុង​ខេត្ត​ព្រះ​សីហនុ ​បញ្ហា​សំរាម ការ​លុប​បឹង​តាមោក ជា​ហេតុការ​ណ៍​ផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក។ អ៊ីចឹង​ការ​ផ្សព្វ​ផ្សាយ​ហេតុការ​ណ៍​មិន​មែន​ជា​ការ​ញុះ​ញង់​ទេ»។

លោក ថុន រដ្ឋា កាន់ឯកសារបង្ហាញមន្ត្រីតុលាការ មុនចូលទៅក្នុងសវនាការជំនុំជម្រះលើបណ្តឹងសាទុក្ខ នៅតុលាការកំពូល ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

នៅ​ក្នុង​សវនាការ គេ​ឃើញ​លោក ថុន រដ្ឋា ​កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវ​រស្មី ​ពាក់​អាវ​យឺត​ពណ៌ស មាន​សរសេរ​ពាក្យថា​«សេរី​ភាព» និងរូប​ភាព​បង្ហាញ​ ក​ដៃ​ទាំង​២​ជាន់​ខ្នោះ ដោយ​កាន់​ចង្រឹង​ដែក ដូច​ជា​រូប​ភាព​ក្នុង​ពន្ធ​នា​គារ។

លោក ថុន រដ្ឋា បាន​ប្រាប់​ទៅ​ចៅក្រម​ថាលោក​ស្រឡាញ់​ធន​ធានប​រិ​ស្ថាន​ ហើយ​មិន​មាន​បំណង​អ្វីក្រៅ​ពី​ចង់​រក​ដំណោះ​ស្រាយ​ តាម​រយៈការ​បញ្ចេញមតិ​របស់​លោក ដើម្បី​ឱ្យ​ដឹងឮ​ដល់​បុគ្គល​ដែល​មាន​ឥទ្ធិ​ពល​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​ទេ។ លោក​ទទូ​ច​ឲ្យ​តុលាការ​ផ្តល់ភាព​យុត្តិធម៌ ផ្តល់​ភាព​អាណិត​អាសូរ​ ដោយ​លើក​លែង​ការ​ចោទ​ប្រកាន់។

បន្ទាប់​ពី​បញ្ចប់សវនា​ការ លោក ថុន រដ្ឋា ​ប្រាប់​អ្នក​សារ​ព័ត៌​មាន​នៅ​ខាង​មុខ​តុលាការ​កំពូលថា៖ «ហើយ​ខ្ញុំ​ជឿ​ថា​តុលាការ​នឹង​ផ្តល់​ភាព​យុត្តិធម៌​ដល់ខ្ញុំ​ ហើយ​ក៏​ខ្ញុំ​សូម​ក្តី​អាណិត​ពី​តុលាការ​តែ​មួយ​ទេ គឺ​ផ្តល់​យុត្តិធម៌ និ​ងភាព​ស្អាត​ស្អំ​មក​កាន់​ពួក​ខ្ញុំ​»។

ចំណែក​កញ្ញា ឡុង គន្ធា ក៏​បាន​លើកឡើង​ក្នុង​សវនា​ការ​ថា​ការ​ការ​ពារ​ធនធានធម្មជាតិ​នេះ គួរ​ណាស់​តែ​ត្រូវ​បាន​ទទួល​ពាន​រង្វាន់ ប៉ុន្តែ​បែរ​ជា​ជួប​រឿង​អយុត្តិធ​ម៌បែប​នេះ​ទៅ​វិញ។

បន្ទាប់​ពី​បញ្ចប់​សវនា​ការ​ កញ្ញា ឡុង គន្ធា ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា៖ «សកម្មភាព​របស់​យើង​ធ្វើ​ដើម្បី​បរិស្ថាន​ ដើម្បីប្រយោជន៍​រួម ប៉ុន្តែ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​យ៉ាង​អយុត្តិធម៌​ថា​យើង​ទៅ​ញុះ​ញង់។ សកម្ម​ភាព​យើងគួរ​តែ​ត្រូវ​បាន​ការ​លើក​ទឹក​ចិត្ត​មិន​មែន​ត្រូវ​បាន​ចោទ​ប្រកាន់ ហើយ​ចាប់​យើង​ដាក់ពន្ធនាគារ​ឡើង​ជាង​១​ឆ្នាំ​ទេ។ ហើយ​យើង​នៅ​តែ​ស្នើ​សុំ​ទទូច​ដដែរ​ៗ ថា​ពិចារណា​លើក​លែង​បទ​ចោទ​ប្រកាន់​មក​កាន់​ពួក​យើង​ទាំង​៣​នាក់»។

កញ្ញា ភួន កែវ​រស្មី អំពាវនាវ​ឲ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ ដើម្បី​ផ្តល់​ភាព​ស្អាត​ស្អំ​ដល់​សកម្មជន​បរិស្ថាន​។

នៅ​ខាង​ក្រៅ​របង​តុលាការ​កំពូល ​កញ្ញា កែវរស្មី ដែល​ជា​សកម្មជន​ម្នាក់​ទៀត បាន​បញ្ជាក់​ថា៖«ពួក​យើង​នៅ​តែ​និយាយ​ដដែលៗ ជា​ពិសេស​ស្ថាប័ន​តុលាការ​ សូម​ផ្តល់​ភាព​យុត្តិធម៌​ដល់​ពួកយើង​ ដោយ​ការ​ទម្លាក់​បទ​ចោទ។ ហើយ​ជា​ពិសេស​ប្រជា​ពល​រដ្ឋ បង​ប្អូន​យុវ​ជន​ក្តី ​កុំ​ឱ្យ​មាន​ការ​ភ័​យ​ខ្លាចក្នុង​ការ​លើក​ឡើង​ពី​ទុក្ខ​កង្វល់ ឬបញ្ហា​ដែល​យើង​បាន​ជួប​ប្រទះ​ ពីព្រោះ​ប្រទេស​យើង​ប្រទេស​ប្រជា​ធិប​តេយ្យ ហើយសន្តិភាពពេញលេញមែន​ទែន ព្រោះ​អរគុណ​សន្តិ​ភាព​ស្ទើ​តែ​គ្រប់​កន្លែង​ហើយ​»។

លោក យី សុខសាន្ត មន្ត្រី​អង្កេត​ជាន់ខ្ពស់ និង​កម្ម​វិធី​វិទ្យុ​នៃ​សមាគមអាដ​ហុក ​ដែលឃ្លាំ​មើល​សវនា​ការ ថ្លែង​ថា​តុលា​ការ​កំពូល​គួរ​តែ​ទម្លាក់​បទ​ចោទ​ប្រកាន់​លើ​យុវជន​បរិស្ថាន​ទាំង​៣​ ដើម្បី​ឱ្យ​ពួកគេ​អាច​មាន​សេរី​ភាព​ចូលរួម​ការ​ពារ​ធនធាន​ធម្មជាតិ។

លោក​ថ្លែង​ថា៖ «កន្លង​មករាជរដ្ឋាភិបាល ក៏​ប្រឡង​ប្រជែង​ទីក្រុង​ស្អាត​រហូត​ដល់ឱ្យ​មេ​ដាយ ពាន​រង្វាន់​ដល់អ្នកដឹកនាំ​ខេត្ត​ក្រុង​ណា​ដែល​ធ្វើ​ឱ្យ​ទីក្រុង​ស្អាត​គេ​ឱ្យ​រង្វាន់​ទៀត​ ប៉ុន្តែ​វាផ្ទុយ​បញ្ច្រាស​ទៅ​វិញ​ នៅ​ពេល​ក្មេង​ៗ ចូល​រួម​ក្នុង​ការ​ការ​ពារ​បរិស្ថាន​វា​បែរ​ជាត្រូវ​តុលា​ការ​ អាជ្ញាធរ​ចោទ​ពួក​គាត់ រហូត​ដល់​ដាក់​គុក​ពួក​គាត់ ទៅ​ជា​ទណ្ឌ​កម្ម​ទៅ​វិញ។ អានេះ​ហើយ​ដែល​យើ​ង​យល់​ប្រព័ន្ធ​យុត្តិធម៌​ស្រុក​យើង​ហាក់​ដូច​ជា​មាន​ស្តង់ដា​២»។

ក្រោយ​លោក និល ណុល ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​បាន​ស្តាប់​សេចក្តី​សន្និ​ដ្ឋាន​រ​បស់​មេធាវី និង​ការ​លើក​ឡើងជាចុង​ក្រោយ​របស់​សកម្មជន លោក​ក៏​បាន​ប្រកាស​ថា​តុលាការ​កំពូល​នឹង​ប្រកាស​សាល​ដីកា​នៅ​ថ្ងៃ​ទី​២៩ ​ខែ​កក្កដា ​ឆ្នាំ​២០២២។

គួរ​បញ្ជាក់​ថា​ក្រៅ​ពី​សំណុំ​រឿង​ញុះញង់ សកម្មជន​បរិស្ថាន​វ័យ​ក្មេង​ទាំង៣នាក់ ក៏​នៅ​រង​ការ​ចោទ​ប្រកាន់​មួយ​ផ្សេង​ទៀត គឺ​សំណុំ​រឿង​«រួម​គំនិត​ក្បត់» ដែល​កំពុង​ស្ថិត​ក្នុង​ដៃ​របស់​ចៅក្រម​ស៊ើប​សួរ ហើយ​ពួកគេ​ត្រូវ​បាន​កំហិត​មិន​ឲ្យ​ចេញ​ទៅ​ក្រៅ​ប្រទេស៕