ប្រជាជនខ្មែរជាង៧ពាន់នាក់ត្រូវបាត់បង់ការងារ ហើយកាស៊ីណូរាប់សិបកន្លែងត្រូវបិទទ្វារ ចាប់តាំងពីមានការហាមឃាត់មិនឲ្យលេងល្បែងលើអ៊ីនធឺណិតកាលពីខែសីហាមក។ គេរំពឹងថា ការខាតបង់នឹងកើនឡើងច្រើនជាងនេះ នៅពេលដែលរដ្ឋាភិបាលចាប់ផ្ដើមធ្វើអធិការកិច្ចក្នុងសប្ដាហ៍នេះ។ នេះបើតាមការបញ្ជាក់របស់ក្រុមមន្ត្រីនៅថ្ងៃអង្គារនេះ។
ខេត្តព្រះសីហនុដែលជាខេត្តជាប់សមុទ្រនៅប៉ែកខាងត្បូងប្រទេសកម្ពុជា បានលេចធ្លោជាមជ្ឈមណ្ឌលមួយសម្រាប់លេងល្បែងស៊ីសង ហើយកាស៊ីណូរាប់សិបកន្លែងនៅទីនោះដែលជារបស់ចិន មានប្រតិបត្តិការលេងល្បែងលើអ៊ីនធឺណិត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ក្នុងសប្ដាហ៍នេះថា លោកនឹងហាមឃាត់ការលេងល្បែងស៊ីសងលើអ៊ីនធឺណិតជាអចិន្ត្រៃយ៍។ លោកប្រកាសដូច្នេះ បន្ទាប់ពីការប្រកាសជាលើកទីមួយឲ្យផ្អាកការលេងល្បែងស៊ីសងតាមអ៊ីនធឺណិតកាលពីខែសីហា។ លោក ហ៊ុន សែន ថ្លែងថា ឧស្សាហកម្មនេះត្រូវបានឧក្រិដ្ឋជនបរទេសប្រើប្រាស់ដើម្បីជំរិតទារប្រាក់។
ក្រុមមន្ត្រីនឹងចាប់ផ្ដើមធ្វើអធិការកិច្ចនៅតាមកាស៊ីណូទាំងអស់នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១ ខែមករានេះតទៅ ដើម្បីឲ្យប្រាកដថា កាស៊ីណូទាំងនោះបានបិទប្រតិបត្តិការលេងល្បែងស៊ីសងតាមអ៊ីនធឺណិតរបស់ពួកគេ។ នេះបើតាមការបញ្ជាក់របស់លោក រស់ ភារុន អគ្គនាយករងនៃនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុរបស់ក្រសួងហិរញ្ញវត្ថុទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters៕