មនុស្សប្រហែល៣ពាន់នាក់គ្រោងនឹងជម្លៀសខ្លួនចេញកាលពីថ្ងៃអាទិត្យ ពីក្រុងដែលត្រូវបានគេឡោមព័ទ្ធចំនួន៤នៅភាគខាងជើងប្រទេសស៊ីរី ដើម្បីជាផ្នែកមួយនៃកិច្ចព្រមព្រៀងដឹកជញ្ជូនមនុស្សមួយ ដែលត្រូវបានផ្អាកអស់រយៈពេលប្រហែល២៤ម៉ោង ដោយសារតែការបំផ្ទុះគ្រាប់បែកដ៏ប្រល័យ ដែលបានសម្លាប់មនុស្សនិងធ្វើឲ្យរបួសជាច្រើននាក់។
អ្នកដែលត្រូវគេជម្លៀសខ្លួនចេញគឺជាអ្នកភូមិ Foua និងភូមិ Kfaryam ដែលគាំទ្រដោយរដ្ឋាភិបាល និងក្រុង Zabadani និងក្រុង Madaya ដែលកាន់កាប់ដោយក្រុមប្រឆាំង។ កន្លែងទាំង៤នោះត្រូវបានគេឡោមព័ទ្ធអស់រយៈពេល២ឆ្នាំមកហើយ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Syrian Observatory for Human Rights ដែលមានមូលដ្ឋាននៅអង់គ្លេសបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា រថយន្តក្រុង និងរថយន្តសង្គ្រោះបន្ទាន់ប្រហែល១២០គ្រឿងត្រូវបានបើកទៅកាន់ភូមិ Foua និងភូមិ Kfaryam ដើម្បីជួយដល់ដឹកជញ្ជូនពលរដ្ឋទៅកាន់ក្រុង Aleppo។
ការជម្លៀសនេះត្រូវបានធ្វើឡើង បន្ទាប់ពីមានការបំផ្ទុះរថយន្តដែលបំពាក់គ្រាប់បែកមួយគ្រឿងដែលវាយប្រហារទៅលើក្បួនរថយន្តក្រុងមួយ ដែលដឹកជញ្ជូនមនុស្សទៅកាន់ទីកន្លែងមានសុវត្ថិភាពនៅក្នុងតំបន់ Rashideen ក្បែរក្រុង Aleppo៕