ប្រទេស​៣៦​សម្តែង​ការ​បារម្ភ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

​លោក​ Keith​ ​Harper​ ជា​តំណាង​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ។

តំណាង​​អាមេរិក​ប្រចាំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ បារម្ភ​ពី​​ការ​លែង​ដំណើ​រ​ការ​នៃ​វប្បធម៌​សន្ទនា​នៅ​កម្ពុជា​ និង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​​​បញ្ចប់​ចំណាត់​ការ​ផ្លូវច្បាប់​លើ​មេដឹកនាំ​បក្ស​ប្រឆាំង​ និងមន្រ្តី​សង្គមស៊ីវិល។

នៅ​ថ្ងៃ​ពុធ​នេះ ​អ្នក​តំណាង​សហរដ្ឋ​អាមេរិក​ប្រចាំ​ក្រុម​ប្រឹក្សា​អង្គការ​សហ​ប្រជាជាតិ​ ដែល​តំណាង​ឲ្យ​ប្រទេស​ចំនួន​៣៦ បាន​អំពាវនាវ​ឲ្យ​កម្ពុជាបញ្ឈប់​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ​លើបក្ស​ប្រឆាំង​ ស្រប​ពេល​គណបក្ស​សង្គ្រោះជាតិប្រកាសគម្រោងធ្វើ​មហា​បាតុ​កម្ម​ ​ហើយ​រដ្ឋាភិបាល​ចល័តកង​កម្លាំង​ប្រដាប់​អាវុធគំរាម​បក្ស​ប្រឆាំង។

តំណាងអាមេរិក​ប្រចាំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ បារម្ភ​ពីការ​លែង​ដំណើ​រ​ការ​នៃ​វប្បធម៌​សន្ទនា​នៅ​កម្ពុជា​ និង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ចប់​ចំណាត់​ការ​ផ្លូវច្បាប់​លើ​មេដឹកនាំ​បក្ស​ប្រឆាំង​ និងមន្រ្តី​សង្គមស៊ីវិល។

បើ​តាម​សេចក្តី​ប្រកាសរួម​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្សនៅ​កម្ពុជា ចេញផ្សាយ នៅ​ថ្ងៃទី​១៤ ខែ​កញ្ញា ​ឆ្នាំ​២០១៦ ដោយ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ​លោក​ Keith​ ​Harper​ តំណាង​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​ ​បាន​ឲ្យ​ដឹងថា​ប្រទេស​ចំនួន​៣៦​បានគាំទ្រលើសេចក្តីថ្លែងការណ៍​មួយ​ដែល​បាន​បង្ហាញ​សេចក្តី​បារម្ភលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។ប្រទេស​ដែល​គាំទ្រ​ទាំងនោះ​រួមមាន​ ប្រទេស​អាល់បានី អូស្រ្តាលី​ ​ជប៉ុន​ កាណា​ដា​ ម៉ាសេដូនី ណ័រវ៉េ ស្វីស ប្រទេសចំនួន២៨​ ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប និង​សហ​រដ្ឋ​អា​មេរិក​។ លោក​ Keith Harper បន្ត​ក្នុង​លិខិត​នោះ​ថា ប្រទេស​ទាំង​នោះ​បាន​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ធានា​ឲ្យ​មាន​បរិយាកាស​អនុគ្រោះ​ និង​ល្អ​សម្រាប់​សុវត្ថិភាព​សង្គម​ស៊ីវិល ​និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​។​

​សេចក្តី​ប្រកាស​រួម​ដែល​លោក​ ​Keith​ ​Harper​ ​ដាក់​ជូន​ប្រធាន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ដដែល​បន្ថែម​ដោយ​លើក​ឡើង​ពីការ​បារម្ភ​ទៅលើការ​កើនឡើង​ភាព​តាន​តឹង​នយោ​បាយនៅកម្ពុជា​ដូចជា​ ​ការ​គំរាម​កំហែង​ដល់​សកម្ម​ភាព​ស្រប​ច្បាប់​របស់​គណបក្ស​ប្រឆាំង និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ធ្វើ​ការ​ផ្នែក​សិទ្ធិ​មនុស្ស​។​ លោកបន្ថែម​ថា លោក​ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បន្ត​ឡើង​វិញ​នូវ​ការ​សន្ទនា​នយោបាយ​ និង​ធានា​ឲ្យ​មានការ​គោរព​យ៉ាង​ពេញ​លេញ​នូវ​សិទ្ធិមនុស្ស រួម​ទាំងសេរីភាព​នៃ​ការ​បញ្ចេញ​មតិ ​សេរីភាព​នៃ​ការ​ចង​ក្រង​ជាក្រុម​ ​ជា​សមាគម​ និង​សេរីភាព​ក្នុងការ​ប្រមូល​ផ្តុំ​។​

លោក​បញ្ជាក់​ថា៖​“យើងមានកង្វល់ជា​ពិសេស​ដោយ​មើល​ឃើញ​ថា​មាន​ការប្តឹង​ទៅ​តុលាការ​ដោយ​មិនទំនង ប្រឆាំង​នឹងអ្នក​រិះ​គន់​រដ្ឋាភិបាល​ ហើយ​យើង​មាន​កង្វល់​ដូចគ្នា​នេះ​ផង​ដែរពី​ស្ថានភាពនៃ​វប្បធម៌​សន្ទនា​រវាង​គណបក្ស​នយោបាយ​ធំជាងគេ​ពីរ​ ដែល​ឈប់​មានដំណើរ​ការទៅ​មុខ​”។

លោកបាន​បន្ថែម​ថា៖ “​យើង​សូម​អំពាវ​នាវ​អោយ​រដ្ឋា​ភិបាល​ខិតខំ​ជា​អតិបរមា​ ដើម្បី​បង្កើត​ឲ្យ​មាន​បរិយាកាស​នយោបាយមួយ​ ដែល​ក្នុង​នោះ ​គណ​បក្ស​ប្រឆាំង​ និង​សង្គម​ស៊ីវិល​អាច​ធ្វើ​សកម្ម​ភាព​បាន​ដោយសេរី​។​ ​យើង​សូម​អំពាវ​នាវ​ផងដែរ​ ​អោយ​ប្រទេស​កម្ពុជា​គោរព​តាម​ការប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​ប្រជាជន​កម្ពុជា​និង​សហគមន៍​អន្តរ​ជាតិ​ក្នុង​ការ​ធ្វើ​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​ ដែល​នឹង​ធានាភាពស្របច្បាប់នៃរដ្ឋាភិបាលក្រោយ”។

អ្នក​នាំ​ពាក្យ​ទី​ស្តីការ​គណៈ​រដ្ឋមន្រ្តី​ ​លោក​ ​ផៃ​ ​ស៊ី​ផាន​ លើក​ឡើង​ថា​ ការ​លើកឡើង​របស់​តំណាង​អាមេរិកប្រចាំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ គឺ​ខុសពី​ការ​ពិត​ និង​មានលក្ខណៈ​នយោបាយ។ លោក​បន្ថែម​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​គោរព​ច្បាប់ក្នុង​ប្រទេស​នីតិរដ្ឋ​ដើម្បី​ការពារ​ផល​ប្រយោជន៍​ជូនពលរដ្ឋ។

លោក​មាន​ប្រសាសន៍​ថា​៖​ «យើង​អនុវត្តច្បាប់​ដែល​ជានីតិរដ្ឋ ហើយ​បើ​សិទ្ធិ​សេរី​ភាព​ណាដែល​នាំ​ឲ្យ​មាន​ការ​បះ​បោរ​ប្រឆាំង​នឹង​អំណាច​រដ្ឋ​ យើង​មិន​អនុញ្ញាត​ឲ្យ​ជា​ដាច់ខាត​ ​ដូច្នេះផល​ប្រយោជន៍​របស់​កម្ពុជា រដ្ឋាភិបាល​ដែល​មានបន្ទុកក្នុង​កិច្ច​ការពារ​ផល​ប្រយោជន៍​របស់​កម្ពុជា​ ​មិនមែន​បរទេស​ណា​មួយ​ទេ ព្រោះ​កម្ពុជា​បានទទួល​ការ​ញាំញី​ពី​បរទេស​ ​ដែល​តែងតែធ្វើ​របាយការណ៍​ខុស​ ​ដែល​បាន​ពន្យល់ទៅ​ក្នុង​និន្នាការ​នយោបាយ»។​

នៅថ្ងៃទី​១២ ខែ​កញ្ញា​នេះ សភា​សហរដ្ឋអាមេរិក​បាន​អនុម័ត​សេចក្តី​ព្រាង​សេចក្តី​សម្រេច​ដែល​សមាជិក​សភា​ទាំងពីរ​គណបក្ស បាន​ប្រឹងប្រែង​ជា​យូរ​ឆ្នាំ​ក្នុងការ​ទាមទារ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​បញ្ឈប់​ការធ្វើ​ទុក្ខបុក​ម្នេញ​ក្រុម​ប្រឆាំង គោរព​សិទ្ធិ​មនុស្ស​ ​ប្រជា​ធិប​តេយ្យ​ ​គោរព​ច្បាប់​ ​ហើយនឹង​ធ្វើឲ្យ​មាន​ការ​បោះ​ឆ្នោត​ ​ដោយ​សេរី​យុត្តិធម៌​ត្រឹមត្រូវ​។​

កាល​ពីសប្តាហ៍​មុន​ ​អ្នកនាំ​ពាក្យ​ការិយាល័យ​ឧត្តម​ស្នង​ការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ​លោក​ស្រី Ravina Shamda sani ​បាន​បង្ហាញ​ក្តីបារម្ភ​អំពី​បរិយាកាសនៃ​ការ​បំភិតបំភ័យកាន់តែខ្លាំងឡើង​ដល់អ្នក​នយោបាយ​ ​អ្នកគាំទ្ររបស់​បក្ស​ប្រឆាំង​ ​សង្គម​ស៊ីវិល និង​អ្នក​ធ្វើ​បាតុកម្ម​ដោយ​សន្តិ​វិធី​ក្នុង​ប្រទេស​កម្ពុជា។

តំណាង​រាស្រ្ត​អាមេរិក​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​ដោយ​បង្ហាញ​ក្តី​បារម្ភ​ថា​ ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាងមុខអាច​នឹងគ្មាន​វត្តមាន​របស់​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង ហើយ​ថា​ ​មេ​ដឹកនាំ​កម្ពុជា​កំពុង​អនុវត្តថយ​ក្រោយ​នូវ​លទ្ធិ​ប្រជា​ធិបតេយ្យ។​

ថ្មីៗនេះ​គណបក្ស​ប្រឆាំង​បាន​ប្រកាស​ថា​ខ្លួន​នឹង​ធ្វើបាតុកម្ម​ការពារ​យុត្តិធម៌​ជូន​លោក​ កឹម​ ​សុខា​ ​ប្រធាន​ស្តីទី​គណបក្ស​ប្រឆាំង មន្រ្តី​ និង​សកម្ម​ជន​បក្ស​ប្រឆាំង​ ​ព្រម​ទាំង​សកម្មជន​ការពារ​សិទ្ធិ​មនុស្សផ្សេង​ទៀត​។​

លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ សែន​ ​បានប្រកាសថា​នឹងចាត់​វិធានការ​ប្រឆាំង​ការ​បាតុកម្មនេះ ​ដោយ​មាន​ការ​ធានា​ពី​មេដឹក​នាំ​កង​កម្លាំង​ប្រដាប់​អាវុធ​ និង​កង​អង្គរក្ស​ផ្ទាល់​របស់​លោកផង​ដែរ៕