បណ្តារដ្ឋ​ដែល​អាច​សម្រេច​លទ្ធផល​នៃ​ការបោះឆ្នោត​ឆ្នាំ​២០២០ នៅ​សហរដ្ឋ​អាមេរិក

រូបឯកសារ៖ អ្នកស្រី Priscilla Bennett ដែល​ជា​មនុស្ស​ដំបូង​គេ​នៅ​ទីក្រុង Philadelphia ដែល​បាន​បោះឆ្នោត​មុន​កាលកំណត់​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ឆ្នាំ ២០២០ ឈរ​នៅ​ស្ថានីយ៍​បោះឆ្នោត​មួយ​កន្លែង​ក្នុង​បរិវេណ​នៃ​សាកល​វិទ្យាល័យ Philadelphia រដ្ឋ Pennsylvania។

ដោយ​នៅ​តែ​ប៉ុន្មានថ្ងៃទៀ​ត​ នឹង​ដល់​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា​ ដែល​ជា​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី លោក​ប្រធានាធិបតី Donald Trump ខាងគណបក្ស​សាធារណរដ្ឋ និងបេក្ខជនប្រធានាធិបតីនៃគណបក្ស​ប្រជា​ធិបតេយ្យ គឺ​លោក​ Joe Biden កំពុងធ្វើ​យុទ្ធនាការយ៉ាងខ្លាំងនៅ​ក្នុង«​រដ្ឋដែល​មាន​ការ​ប្រជែង​ខ្លាំង» ឬ​«រដ្ឋ​ដែលម្តង​បោះ​ឲ្យ​គណបក្ស​សាធារណរដ្ឋ ម្តង​បោះ​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ»​ ។

រដ្ឋ​ទាំង​នេះ​ មាន​សារៈ​សំខាន់​ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលអ្នកឈ្នះមិន​ត្រូ​វ​បាន​សម្រេច​ដោយ​ការបោះឆ្នោត​ដោយផ្ទាល់ទេ។ ផ្ទុយ​ទៅ​វិញ​រដ្ឋ​នីមួយៗ​ ​មានចំនួនកំណត់​អង្គ​បោះឆ្នោតដែល​គេ​ផ្តល់​ឱ្យ​បេក្ខជនម្នាក់ ឬ​បេក្ខជន​ផ្សេង​ទៀតអាស្រ័យលើលទ្ធផលនៃ​ការបោះឆ្នោត​ដោយ​ផ្ទាល់នៅ​ក្នុងរដ្ឋ​នោះ។ នៅក្នុង​រដ្ឋ​ទាំងអស់​លើកលែងតែរដ្ឋ ​Maine ​និង​ Nebraska​ បេក្ខជន​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជាង​គេ​នៅ​ក្នុង​ការ​បោះឆ្នោត​ដោយ​ផ្ទាល់​នៅក្នុង​រដ្ឋ​មួយ ឈ្នះដោយ​ទទួល​បានសំឡេង​ឆ្នោតសរុប​របស់​សមាជិក​នៃ​អង្គ​បោះឆ្នោតក្នុង​រដ្ឋ​នោះ។​

ប្រព័ន្ធ​បោះឆ្នោត«អ្នក​ឈ្នះ​យក​ទាំង​អស់»ជំរុញ​ឱ្យ​បេក្ខជន​ធ្វើយុទ្ធនាការ​កាន់តែខ្លាំង​នៅក្នុង​រដ្ឋដែល​មានការ​ប្រកួត​ប្រជែង​ខ្លាំង​ទាំងឡាយ។ ជ័យ​ជម្នះ​នៅ​ក្នុង​រដ្ឋ​ទាំងនោះ​ ​អាច​ជួយឲ្យ​បេក្ខជន​ទទួលបាន​អង្គបោះឆ្នោត​គ្រប់គ្រាន់ ​ដើម្បី​ចូល​កាន់​តំណែង​ក្នុង​សេតវិមាន។​

រដ្ឋដែល​មាន​ការប្រកួត​ប្រជែង​ប្រកិត​គ្នាដែល​អាច«ងាក​រេ» ទៅ​រកគណ​បក្ស​ណា​មួយដូច​ជារដ្ឋ ​Pennsylvania​ ជា​ដើម ទទួលបាន​ការយក​ចិត្តទុកដាក់​ពីបេក្ខជន​ច្រើនជាង​រដ្ឋដទៃ​ទៀតដូចជា​រដ្ឋ ​California ដែលជា​កន្លែង​ដែលគណបក្សមួយ​ស្ទើរតែ​ប្រាកដ​ជា​ទទួល​បាន​សំឡេង​ភាគច្រើន។

រដ្ឋ​ដែល​ងាករេ​ក្នុង​ឆ្នាំ២០២០

រដ្ឋប្រហែល​១២ ​ត្រូវបាន​គេចាត់ទុក​ថា ជារដ្ឋ​ដែល​ងាករេ«ជា​ញឹកញយ​ដដែលៗ» ព្រោះ​រដ្ឋ​ទាំង​នេះ​ ធ្លាប់​មានការ​ប្រកួត​ប្រជែង​យ៉ាង​ប្រកិតម្តងហើយ​ម្តងទៀត ​នៅក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ថ្មីៗ​នេះ។​ រដ្ឋ​ប្រាំមួយក្នុង​ចំណោមរដ្ឋទាំងនោះ ​ត្រូ​វ​បានគេ​មើលឃើញ​ថា ជា​រង្វាន់​កំពូល​នៅឆ្នាំ​២០២០ ​ពីព្រោះប្រជាពលរដ្ឋ​ដ៏​ច្រើន​របស់​ពួកគេ ផ្តល់​ឱ្យ​ពួក​គេ​នូវចំនួន​អង្គ​បោះឆ្នោត​ច្រើន។ ​រដ្ឋទាំង​នេះ​ ​គឺរដ្ឋ Arizona, Florida, Michigan, North Carolina, Pennsylvania និង Wisconsin។

លោក Trump​ បានឈ្នះ​នៅ​ក្នុងរដ្ឋទាំង​៦ នៅឆ្នាំ​២០១៦ ​ដោយ​មានការ​គាំទ្រ​លើស​លោកស្រី Hillary Clinton តែបន្តិច ដោយនៅ​រដ្ឋ​ខ្លះ ​តិចជាងមួយ​ភាគ​រយ ប៉ុន្តែ​ការស្ទង់​មតិនាពេល​បច្ចុប្បន្ននេះ​បង្ហាញ​ថា ​លោក Biden នាំមុខ​បន្តិច​នៅក្នុង​រដ្ឋ​ទាំង ៦ នេះ។​

ការ​ស្ទង់​មតិ​ក្នុង​បណ្តារដ្ឋ​ដែល​ងាករេ​ មាន​ភាព​ប្រកិតគ្នា ជាង​ការស្ទង់​មតិ​ទូទាំង​ប្រទេស

ជ័យជម្នះរបស់លោក Trump កាល​ពី​ឆ្នាំ​២០១៦​ នៅក្នុង​រដ្ឋ​ទាំងប្រាំមួយ​នេះ​ មាន​លក្ខណៈ​ស្រដៀង​នឹង​រដ្ឋ​ឯ​ទៀត​ៗ​ក្នុងប្រទេសអាមេរិក ​គឺពួក​ប្រជាធិបតេយ្យ​មាន​ការគាំទ្រ​ច្រើន​នៅ​ក្នុង​តំបន់​ តែលោក Trump ទទួល​បាន​ការគាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ពួក​អ្នក​បោះឆ្នោត​ក្នុង​តំបន់​ជន​បទនិង​តំបន់ជាយ​ក្រុង ​និង​ពួក​អ្នក​បោះឆ្នោតស្បែក​ស​ ដែលគ្មាន​សញ្ញាប័ត្រ​មហាវិទ្យាល័យ។​

ទោះបីជាមាន​និន្នាការ​បង្ហាញថា ​លោក Biden អាច​កាត់​បន្ថយ​អ្នកគាំទ្រ​លោក Trump ទាំង​នោះ​នៅឆ្នាំ​២០២០​ ក៏ដោយ​ ក៏​យុទ្ធនាការ​ឃោសនាបោះឆ្នោតរបស់ លោក Biden បាន​ព្រមានដល់​អ្នកគាំទ្រ​ឲ្យនាំគ្នា​ចេញ​ទៅ​បោះឆ្នោត។

លោក Jen O’Malley Dillon ជាអ្នករៀបចំ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក Biden។​ លោក​បាន​សរសេរ​នៅក្នុង​សារ​មួយ​ទៅកាន់​អ្នកគាំទ្រ​កាលពីថ្ងៃសៅរ៍​ថ្មីៗ​នេះ​ថា «ការពិត​ការ​ប្រកួត​ប្រជែង​នេះ​ ប្រកៀក​ប្រកិត​គ្នា​ខ្លាំង​ជាង​ការយល់ឃើញ​របស់​ពួក​បណ្ឌិត ​ដែល​បាន​បញ្ចេញ​ទស្សនៈ​តាម​ Twitter និង​តាម​ទូរទស្សន៍​។ នៅ​ក្នុង​រដ្ឋងាករេ​សំខាន់ៗ​ យើងនៅ​តែ​ប្រកៀក​ប្រកិតៗ​ជា​មួយលោក Donald Trump»។

ពួក​អ្នក​វិភាគ​និយាយ​ថា ​ទោះជា​លោក Biden នាំមុខជា​ទៀងទាត់​នៅ​ក្នុង​ការ​ស្ទង់​មតិច្រើន​ខែ​មក​ហើយ​ក៏ដោយ ការបារម្ភ​ធំ​បំផុត​របស់​យុទ្ធនាការ​លោក​នៅ​ពេល​នេះគឺ​ថា​ លោក​អាចឈ្នះនៅ​ក្នុង​ការបោះឆ្នោត​ដោយ​ទទួល​បាន​សំឡេង​ឆ្នោត​ប្រជាប្រិយ​ច្រើនជាង​លោក Trump តែចាញ់​នៅ​ក្នុងសំឡេង​ឆ្នោត​សរុបរបស់​សមាជិកនៃ​អង្គ​បោះឆ្នោតដូច​ដែល​បានកើត​ឡើង​ចំពោះ​លោកស្រី Hillary Clinton កាល​ពី​ឆ្នាំ២០១៦។

នេះ គឺជាអ្វី​ដែលកំពុង​កើតឡើង​នៅក្នុង​រដ្ឋដែល​យុទ្ធនាការ​ទាំងពីរ​យល់ថា​សំខាន់​ដើម្បី​ឈ្នះ​តំណែង​ប្រធានាធិបតីនៅ​ឆ្នាំ ​២០២០។​

រដ្ឋ ​Wisconsin

រដ្ឋ​ Wisconsin ដែលជាកន្លែង​រស់​នៅ​របស់​សហគមន៍​ជន​ស្បែក​សនៅតាម​ជនបទ​និងពួកពលករ​ដែល​គាំទ្រ​លោក Trump នោះ​ បាន​នាំ​ឲ្យ​លោក​ Trump ​ឈ្នះ​ឆ្នោត​កាល​ពី​ឆ្នាំ២០១៦។

រដ្ឋ Wisconsin​ ស្ថិតនៅ​ក្នុង​ចំណោម​រដ្ឋដែល​រងគ្រោះ​ខ្លាំងជាង​គេ​ដោយការ​រាតត្បាត​ជំងឺ​កូវីដ១៩។ រដ្ឋ​នេះ​ក៏បាន​ក្លាយជា​ការផ្តោត​អារម្មណ៍​មួយនៃការ​ជជែក​ដេញដោលទូទាំង​សហរដ្ឋ​អាមេរិក ស្តីពី​យុត្តិ​ធម៌​សម្រាប់​ជនជាតិ​អាមេរិកាំង​ស្បែកខ្មៅ​ បន្ទាប់ពី​ប៉ូលីស ​បាន​បាញ់​ជនជាតិអាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក ​ឈ្មោះ Jacob Blake នៅ​ទីក្រុង Kenosha រដ្ឋ​ Wisconsin​ កាលពីខែសីហា នៅ​ពេល​ដែល​កំពុង​មាន​បាតុកម្ម​និង​ភាព​វឹកវរ​ទូទាំង​ប្រទេសអស់ពេល​ជាច្រើន​ខែ។

លោក ​Trump ​និងលោក​ Biden ​បានទៅ​បំពេញ​ទស្សនកិច្ចនៅក្រុង Kenosha ​ដោយ​មាន​សារ​ផ្សេងគ្នា។​ លោក​ Biden បាន​ផ្តោតលើការ​ប្រយុទ្ធ​ប្រឆាំង​នឹងការរើសអើង​ជាតិ​សាសន៍។ ចំណែក​លោក​ប្រធានាធិបតី Trump វិញ​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់លើច្បាប់​ និង​ការ​រក្សា​សណ្តាប់​ធ្នាប់។

រដ្ឋ Michigan

Michigan ដែលជារដ្ឋ​ផលិត​វត្ថុ​ប្រើ​ប្រាស់ បានរង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​ដែល​បណ្តាលមក​ពីការរាតត្បាត​នៃជំងឺ​កូវីដ១៩។ រដ្ឋ​នេះ​ បាត់បង់​ការងារ​និងអាជីវកម្ម​ច្រើន​ជាង​កន្លែង​ផ្សេងទៀត ​ក្នុង​ប្រទេស​អាមេរិក។ ​លោក​ប្រធានាធិបតី Trump ​បានលើក​ទឹកចិត្ត​អ្នកគាំទ្រ​របស់​លោក ឱ្យ​ស្តីបន្ទោស​អភិបាលរដ្ឋ​នេះ​ គឺ​លោកស្រី​ Gretchen Whitmer ខាង​គណបក្ស​ប្រជាធិបតេយ្យចំពោះការ​បិទសេដ្ឋកិច្ចរបស់រដ្ឋនេះ។

យុទ្ធនាការ​របស់​លោក ​Trump កំពុង​ផ្តោត​ទៅលើ​អ្នក​ស្រុករដ្ឋ​ ​Michigan​ដែល​ចាត់ទុក​គោលការណ៍​បរិដ្ឋាន​របស់​គណបក្ស​ប្រជា​ធិបតេយ្យ ថា​ជាការធ្វើ​ឲ្យកម្មករដែល​ពឹងផ្អែក​លើមូលដ្ឋាន​ផលិត​កម្ម​រឹងមាំនោះ ទទួល​ការរងគ្រោះ។ ​លោក Biden​ កំពុង​ជំរុញ​សារថា ​លោក Trump ​«គ្មាន​ផែនការគ្រប់គ្រងវីរុស​កូរ៉ូណា​ទេ ហើយ​គ្មាន​យុទ្ធសាស្ត្រ​សម្រាប់​ស្តារសេដ្ឋកិច្ច​យើង ចេញពីវិបត្តិ​សេដ្ឋកិច្ច​ទេ»។ លោក Biden បានសន្យា​ថា​ នឹង​វិនិយោគក្នុង​ការ​បង្កើត​ការងារ និង​ហេរដ្ឋរចនាសម្ព័ន្ធ​សំខាន់​ចាំបាច់​នៅ​ក្នុង​រដ្ឋ​នេះ។

រដ្ឋ​ Pennsylvania

លោក​ Biden ដែលកើតនៅ​ក្រុង ​Scranton ​រដ្ឋ Pennsylvania បាន​សង្កត់ធ្ងន់​លើក្រុម​វណ្ណៈ​អ្នក​ធ្វើការ​របស់​គ្រួសារ​លោក​ ដើម្បី​ទាក់​ទាញ​ការ​គាំទ្រពី​អ្នកបោះឆ្នោត​ស្បែកស ​ដែល​គ្មាន​សញ្ញាប័ត្រ​មហាវិទ្យាល័យ​ដែលបាន​គាំទ្រលោក ​Trump កាលពី​ឆ្នាំ​២០១៦​ ដែល​ជា​លើកដំបូង​ ដែលបេក្ខជន​របស់​គណបក្ស​សាធារណរដ្ឋ​ បានឈ្នះនៅ​ក្នុងរដ្ឋ​នេះ ចាប់​តាំងពីឆ្នាំ​១៩៨៨ មក។

លោក Robert Griffin ជានាយកខាង​ការ​ស្រាវជ្រាវនៃក្រុម​ Democracy Fund Voter Study Group។ លោក​បាន​ថ្លែង​ថា ​ក្នុងឆ្នាំ​២០២០នេះ ​រដ្ឋ​ Pennsylvania ត្រូវ​ចាត់​ទុក​ថា ​ជា​រដ្ឋ​ដែល​សំខាន់​ជាង​សម្រាប់​លោក Trump។ រដ្ឋ​នេះ​ អាច​នាំ​ឲ្យ​លោក Biden ទទួល​បាន​អង្គបោះឆ្នោត​គ្រប់​ចំនួន​២៧០។ លោក Griffin ថ្លែង​ទៀតថា​ «ប៉ុន្តែ​ប្រសិន​បើ​លោក Biden ចាញ់​នៅ​រដ្ឋ Pennsylvania ​ក៏​មិនអី​ដែរ ពីព្រោះ​លោក Biden ហាក់ដូចជា​នាំមុខ​នៅ​ក្នុង​រដ្ឋ​ឯទៀត​ដូចជា Florida ​និង Arizona ជាដើម​»។

រដ្ឋ​ Florida

នៅ​ពេល​នេះ​លោក Biden នាំមុខ​លោក Trump ​បន្តិចនៅ​ក្នុង​រដ្ឋ Florida។ រដ្ឋ​នេះ​មាន​មនុស្ស​ចាស់​រស់នៅ​ច្រើន​ជាង​គេ​ក្នុង​ប្រទេស​អាមេរិក។​ លោក Biden កំពុង​ឃោសនា​ថា​ រដ្ឋបាល​លោក Trump ចាត់ចែង​កិច្ចការ​មិន​ល្អ​ ក្នុង​ការ​ទប់ទល់​នឺង​ជំងឺ​កូវីដ១៩ នាំ​ឱ្យ​មនុស្ស​ចាស់​ដែល​ងាយ​រង​គ្រោះ​ដោយសារ​ការ​រាត​ត្បាត​នៃជំងឺនេះ ស្លាប់ច្រើន​ពេក។

លោក Trump បាន​ផ្តោត​លើ​រដ្ឋ Florida ​ពេញមួយ​យុទ្ធនាការ​របស់លោក​ ដោយបាន​ទៅទស្សនា​រមណីយដ្ឋាន ​Mar-a-Lago របស់លោក​ជាញឹកញាប់ ​និង​ជំរុញ​ការ​ចុះឈ្មោះ​អ្នកបោះឆ្នោត​ថ្មី​ នៅក្នុង​រដ្ឋដែល​ជាផ្នែកមួយ​នៃយុទ្ធនាការ​ដើម្បី​ទាក់ទាញ​ពួក​ជនជាតិ​អាមេរិក​ស្បែកស​ ដែល​ពីមុន​មិនបាន​បោះឆ្នោត​ ឱ្យ​នាំគ្នា​ទៅបោះឆ្នោត។

លោក Whit Ayres នៃ​ក្រុម​ស្រាវជ្រាវ North Star Opinion Research ជា​អ្នក​ស្ទង់​មតិខាង​គណបក្ស​សាធារណរដ្ឋ។ លោកបាននិយាយថា «ប្រសិន​បើលោក Joe Biden ឈ្នះ​ឆ្នោត​នៅ​រដ្ឋ Florida លោក Donald Trump នឹងពិបាក​ប្រមូល​សំឡេង​ឆ្នោតសរុបរបស់​សមាជិកនៃអង្គ​បោះឆ្នោតឱ្យ​បាន​២៧០ ​ដែល​ជា​ការ​ចាំ​បាច់​ដើម្បី​ឈ្នះ​ឆ្នោត»។​ លោក Ayres បានថ្លែងថា​ ប្រសិន​បើ​លោក Trump ឈ្នះ​ឆ្នោត​នៅរដ្ឋ Florida លោក Biden នៅតែមានផ្លូវ​ផ្សេងទៀត​ ទោះ​ជា​តិច​ក៏ដោយ​ ដើម្បីទទួល​សំឡេង​ឆ្នោតសរុបរបស់​សមាជិកនៃអង្គ​បោះឆ្នោត​ចំនួន២៧០​ដែរ។

រដ្ឋ​ North Carolina

លើកលែង​តែ​ជ័យជម្នះរបស់​លោក Barack Obama ​ក្នុង​ឆ្នាំ២០០៨ បេក្ខជន​មកពី​គណបក្ស​សាធារណរដ្ឋ​បានឈ្នះប្រាំបួនដងក្នុង​ចំណោម​ការបោះឆ្នោត​ប្រធានាធិបតី​ទាំង១០​លើក​ចុង​ក្រោយនៅ​រដ្ឋ North Carolina។​ ពួក​អ្នក​វិភាគយល់​ឃើញថា ​នេះ​ជា​សញ្ញា​នៃការផ្លាស់ប្តូរ​ប្រជាសាស្ត្រ​កាន់តែ​ទូលំទូលាយ​នៅប៉ែកខាង​ត្បូងនៃ​ប្រទេស​ដែលមាន​ពលរដ្ឋ​ផ្សេងៗ​កាន់តែ​ច្រើន​ឡើងៗ​ អាច​ផ្តល់​ផល​ប្រយោជន៍​ដល់​គណបក្ស​ប្រជា​ធិបតេយ្យ។

លោក ​Chris Cooper​ ​ជា​សាស្រ្តាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកល​វិទ្យាល័យ​ Western Carolina។ លោក​ថ្លែង​ថា « លោក Donald Trump នឹង​ពិបាក​ជាប់ឆ្នោត​ជា​ប្រធានាធិបតី បើ​សិន​ជា​លោក​មិន​ឈ្នះ​នៅ​ក្នុង​រដ្ឋ ​North Carolina ទេនោះ»។

លោក​ Cooper បាន​ថ្លែងបន្ថែម​ទៀតថា ​ភាគខាងត្បូងប្រទេស​ជា​មូលដ្ឋាន​រឹងមាំ​សម្រាប់​គណបក្ស​សាធារណរដ្ឋ​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មក​ហើយ ហើយ​ប្រសិន​បើ​លោក ​Trump​ ចាញ់​ឆ្នោត​នៅក្នុងរដ្ឋ North Carolina ​នោះ លោក​ក៏​ប្រហែល​ជា​អាចចាញ់ឆ្នោតនៅ​ក្នុង​រដ្ឋ Florida ដែរ។

រដ្ឋ ​Arizona

រដ្ឋ Arizona ​បាន​បោះឆ្នោត​ឲ្យ​បេក្ខជន​គណបក្ស​សាធារណរដ្ឋ​នៅក្នុង​រាល់​ការបោះឆ្នោតជ្រើសរើស​ប្រធានាធិបតី​ចាប់តាំងពីឆ្នាំ​១៩៥២ ​លើកលែង​តែនៅពេលដែល​លោក​ Bill Clinton ឈរ​ឈ្មោះ​ជាប្រធានាធិបតី ​ដែល​គណបក្សប្រជាធិបតេយ្យ ​បានឈ្នះ​នៅឆ្នាំ១៩៩៦។

នៅ​ពេល​នេះ រដ្ឋ​នេះ ​កំពុង​លម្អៀងទៅ​ខាង​លោក Biden ដែល​ជា​និន្នាការ​មួយជំរុញ​ដោយ​កំណើន​អ្នក​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​ក្នុងចំណោម​អ្នក​បោះឆ្នោតនៅ​ជាយ​ក្រុង​ និង​អ្នកបោះឆ្នោត​ផ្សេងៗ​ ដែល​កាន់​តែ​កើន​ចំនួន​ក្នុង​រដ្ឋ​នេះ​ ជា​ពិសេសពួក​អ្នក​បោះឆ្នោត​ Hispanic ដែលកើនឡើង​យ៉ាងលឿន។ ពួក​អ្នក​មាន​ដើម​កំណើត​អាមេរិក​ឡាទីន មាន​ចំនួន​ប្រមាណ​២០ភាគរយ ក្នុង​ចំណោម​អ្នក​បោះឆ្នោត​ទាំងអស់​ក្នុង​រដ្ឋ Arizona កាល​ពី​ឆ្នាំ២០១៦ ហើយលោកស្រី​ Clinton បាន​ទទួល​ការ​គាំទ្រ​ពី​ក្រុម​ជន​ទាំង​នេះ​ភាគច្រើន។

មនុស្ស​មាន​វ័យ​ចាស់ៗ​ នឹង​មាន​មុខ​នាទីធំ​មួយ​នៅ​ក្នុង​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០២០នេះ។​ រដ្ឋ​ Florida ជា​កន្លែង​រស់​នៅ​របស់សហគមន៍​ជន​ចូល​និវត្តន៍​ជាច្រើន​ ហើយ​អ្នក​បោះឆ្នោត​ក្នុង​រដ្ឋ​នេះ​ ​ក៏​មាន​វ័យចាស់​ជាងមនុស្ស​នៅក្នុង​តំបន់​ឯទៀតៗ​របស់​ប្រទេសអាមេរិក​ដែរ៕

ប្រែសម្រួលដោយ​លោក ឈឹម សុមេធ