កម្ពុជា​ពុក​រលួយ​ជាងគេ​នៅ​អាស៊ីអាគេ្នយ៍ ខណៈ​បក្ខពួក​សែស្រឡាយ​ក្នុង​ចំណោម​អ្នកមាន​អំណាច​និង​ទ្រព្យធន​បន្ត​ចាក់ឫស

រូបឯកសារ៖ ប្រជាពលរដ្ឋ​នៃ​បណ្តាញ​សហគមន៍​ ២៤​ ខេត្តក្រុង​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​ ២៩ ខែ​ឧសភា ឆ្នាំ​២០១៤​ ​បាន​ដាក់​ញត្តិ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​និង​រដ្ឋសភា​កម្ពុជា​នៅ​ទី​ក្រុង​ភ្នំពេញ ​ដើម្បី​ស្វែង​រក​អន្តរាគមន៍​ពី​ស្ថាប័ន​រដ្ឋ​​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ។

ភ្នំពេញ — ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​ចុង​ក្រោយ​នេះ អំពើ​ពុក​រលួយ​នៅ​កម្ពុជា​នៅតែ​ចាក់ឫស​ក្នុង​សង្គម​ជាតិ​និង​នយោបាយ​កម្ពុជា​ជា​បន្ត​បន្ទាប់ ទោះ​បីជា​មាន​កិច្ចខំ​ប្រឹងប្រែង​ជា​ច្រើន​ដើម្បី​លុប​បំបាត់​បញ្ហា​មួយ​នេះ​ក្តី។ ក្នុង​ចំណោម​ប្រទេស​ចំនួន ​១៨០ លើ​ពិភព​លោក​ កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​ពី​ចន្លោះ ១៥០ ​ដល់ ១៦២ ដែល​ជា​ប្រទេស​មាន​អំពើ​ពុក​រលួយ​ខ្ពស់​បំផុត​មួយ។

បើ​តាម​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុក​រលួយ​ឆ្នាំ​ ២០២១​ ដែល​ទើប​ចេញ​ផ្សាយ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) នៅ​ថ្ងៃ​ទី​ ២៥ ខែ​មករា ឆ្នាំ​ ២០២២​ នេះ​ បង្ហាញ​ថា កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​លេខ​ ១៥៧ ក្នុង​ចំណោម​ប្រទេស​ចំនួន​ ១៨០ នៅ​លើ​ពិភព​លោក។ ចំណាត់​ថ្នាក់​នេះ​ថយជាង​ឆ្នាំ​មុន​បន្តិច ដែល​មាន​ចំណាត់​ថ្នាក់ ​១៦០។ យ៉ាង​ណាក្តី ចំណាត់​ថ្នាក់​នេះ​បង្ហាញ​ថា កម្ពុជា​នៅ​តែ​ជាប្រទេស​ដែល​មាន​កម្រិត​ពុក​រលួយ​អាក្រក់​ជាង​គេបំផុត​ក្នុងចំណោម​ប្រទេស​ទាំង​ ១០ នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន។​

​បង្កើត​ឡើង​ដំបូង​ក្នុងឆ្នាំ ១៩៩៥ សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ​គឺជា​សន្ទស្សន៍​ឈានមុខ ហើយ​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ ដែល​វាយ​តម្លៃ​ចំណាត់​ថ្នាក់​ដល់​ប្រទេស និង​ដែនដី​នានា​នៅលើ​សកលលោក ដោយ​ផ្អែក​លើ​ការយល់​ឃើញ​អំពី​ទំហំ​នៃ​អំពើ​ពុក​រលួយ​ក្នុង​វិស័យ​សាធារណៈ​របស់​ប្រទេស​ទាំងនោះ ជាមួយ​ការដាក់​ពិន្ទុ​តាម​មាត្រដ្ឋាន​ពី ០ ពិន្ទុ (ពុក​រលួយ​ខ្លាំង) ទៅ ១០០​ ពិន្ទុ (ស្អាតស្អំខ្លាំង)។ ក្នុង​ឆ្នាំ ២០២១ កម្ពុជា​ទទួល​បាន​ពិន្ទុ ២៣។

​របាយការណ៍​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​ដដែល​នោះ​ ឲ្យដឹងថា ប្រទេស​ដែល​ទទួល​បាន​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុក​រលួយល្អ​បំផុត​គឺ​ប្រទេសដាណឺម៉ាក ​ប្រទេស​ហ្វាំងឡង់ និង​ប្រទេស​នូវែលសេឡង់ ដែល​ប្រទេស​ទាំង​បី​នេះ​ជាប់​ចំណាត់​ថ្នាក់​លេខ​ ១។ ចំណែក​ប្រទេស​ដែល​មាន​សន្ទស្សន៍អាក្រក់បំផុត គឺ​ប្រទេស​ស៊ូដង់​ខាង​ត្បូង ជាប់​ចំណាត់​ថ្នាក់​លេខ​ ១៨០។​

លោក ​ប៉ិច​ ពិសី​ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ លើកឡើង​ថា នៅ​កម្ពុជា ការ​ប្រព្រឹត្តអំពើ​ពុករលួយ​ខ្នាត​តូច​ ទាក់ទង​នឹង​ការ​ផ្តល់​សេវា​សាធារណៈ​តាម​មូល​ដ្ឋាន មាន​តិច​ជាងមុន ប៉ុន្តែសម្រាប់​អំពើពុក​រលួយ​ធំៗ​ ដែល​ពាក់​ព័ន្ធនឹង​បក្ខពួក សែ​ស្រឡាយ ការ​ឃុប​ឃិត​គ្នា​រវាង​អ្នក​មាន​អំណាច អ្នក​មាន​លុយ​ ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់ធ្ងរ​នៅឡើយ។

លោកថ្លែងថា៖ «ការប្រព្រឹត្ត​អំពើ​ពុក​រលួយខ្ញុំ​ឃើញ​ថានៅ​មាន​សភាព​ធ្ងន់ធ្ងរ​នៅ​ឡើយ ហើយ​ជា​ពិសេស​ការ​ផ្តល់​សេវាសាធារណៈនៅ​ខ្សោយ ហើយ​នៅ​ជោគជាំទៅ​ដោយ​ភាពមិនប្រក្រតី អំពើ​ពុករលួយ ខ្សែ បក្ខ​ពួក​និយម​នៅ​តែ​មាន​នៅ​ឡើយ។ អ៊ីចឹង​ប្រទេស​កម្ពុជា និយាយ​រួម​នៅ​តែ​ជា​ដែន​ដី​មួយ​ដែលនៅ​មាន​អំពើ​ពុក​រលួយ​ច្រើន ហើយ​នៅ​គ្រប់​វិស័យ ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ​នៅ​ឡើយ»។

លោក ​ប៉ិច ពិសី បន្ថែមថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​អំពើ​ពុករលួយ​នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ គឺ​ដោយ​សារកម្ពុជា​សម្បូរ​សែ​ស្រលាយ​បក្ខ​ពួក​និយម​ច្រើន ដែល​លោក​ថា ចាំ​បាច់​ត្រូវ​មាន​ការ​ដោះ​ស្រាយ​បញ្ហាអំពើពុក​រលួយ​ជាប្រព័ន្ធជា​មុន។​

«នេះ​ជា​បញ្ហា​មួយ​ធំ​ដែល​អាច​ជះ​ឥទ្ធិ​ពលដល់​វិស័យ​ផ្សេងៗទៀត ទាំង​នយោបាយ និង​សេដ្ឋកិច្ច​ហ្នឹង​។ អ៊ី​ចឹងបើ​សិន​ជា​កម្ពុជា​ចង់​ដោះ​បញ្ហា​ហ្នឹង ទាល់​តែថ្នាក់​ដឹកនាំ ហើយ​និង​ដៃគូពាក់​ព័ន្ធ​ដោះ​ស្រាយបញ្ហាចម្បងហ្នឹង។​បើ​យើង​ដោះ​តែ​រឿង​ស៊ីសំណូក​សូក​ប៉ាន់​តិច​តួច លក្ខណៈ​តូចៗនៅ​តាមមូលដ្ឋាន​អី យើង​មិនអាច​ដោះ​បញ្ហា​ធំទេ។​អ៊ី​ចឹង​យើង​ត្រូវដោះអំពើ​ពុក​រលួយ​ខ្នាត​ធំ​ជា​ប្រព័ន្ធហឹ្នង​ដែល​អាច​ជា​ឧបសគ្គ​ចម្បង​នៃយុទ្ធនាការក្នុង​ការកាត់​បន្ថយអំពើ​ពុក​រលួយ​នៅក្នុង​ប្រទេសកម្ពុជា​ហ្នឹង»។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ (ACU) បាន​ចាប់​ខ្លួន​មន្រ្តី​មួយ​ចំនួន​ដែល​មាន​ជាប់​ពាក់​ព័ន្ធនឹង​អំពើ​ពុក​រលួយ តួយ៉ាង​ដូចជា លោក គ្រុយ លឹម​ហេង អតីត​អគ្គកុងស៊ុល នៃស្ថាន​អគ្គកុង​ស៊ុល​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ទីក្រុង​គុនមិញ ខេត្ត​យូណាន សាធារណរដ្ឋប្រជាមានិតចិន ត្រូវ​បាន​អង្គភាពប្រឆាំងអំពើពុករលួយ​ចាប់ខ្លួន​ពី​បទពុករលួយ កាលពី​ខែ​ធ្នូ ឆ្នាំ​ ២០១៩។

កាល​ពី​ខែមីនា ឆ្នាំ ២០២០ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់​ខ្លួនលោក ដែង សុវណ្ណាវុធ អនុ ប្រធាន​ការិយាល័យ​គាំទ្រ​មូលដ្ឋាន​នៃ​ទី​ចាត់ការ​ផែនការ​វិនិយោគ​សាលា​ខេត្ត​កំពត​ ពាក់ព័ន្ធ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ការ​លាង​លុយ​កខ្វក់។

កាលពី​ខែ​មីនា ឆ្នាំ​ ២០២០ លោក​ នួន ប៉ុក អតីត​ប្រធាន​មន្ទីរដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ​ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឃាត់ខ្លួន​ដោយ​សង្ស័យ​ថា លោក​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ នៅ​អំឡុងពេល​កំពុងកាន់​តំណែង​ជា​ប្រធាន​មន្ទីរ​ដែនដី​ខេត្ត​ព្រះសីហនុ​ចាប់ពី​ឆ្នាំ​ ២០១៦ ​ដល់​ឆ្នាំ​ ២០១៨។

នៅ​ខែមិថុនា ​ឆ្នាំ ​២០២០ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​នាំខ្លួន​ឧកញ៉ា សង ថន ដែល​កាន់​កាប់​ដី​ប្រមាណ ​៥ ​ពាន់​ហិកតា ឬ​ស្មើ ១ ភាគ ៤ នៃ​ផ្ទៃដី​ក្នុងស្រុក​គាស់ក្រឡ​ទាំងមូល ​ទៅ​សាក​សួរ​ពាក់ព័ន្ធ​នឹង​ករណី​ពុករលួយ​រឿង​ដីធ្លី​។

លោក ឱក សេរី សោភក្តិ៍ អ្នក​ឯកទេស​ខាង​ផ្នែក​អភិបាលកិច្ច លើក​ឡើង​ថា​ អំពើ​ពុក​រលួយ​នៅ​តែ​ចាក់ឫស​ក្នុង​សង្គម​កម្ពុជា គឺ​ដោយសារ​ប្រព័ន្ធ​ត្រួត​ពិនិត្យ​អំណាច​ទាំង​បី​ដែល​មាន​អំណាចនីតិ​បញ្ញត្តិ អំណាច​នីតិ​ប្រតិបត្តិ និង​អំណាច​តុលាការ​មិន​មានការ​បែង​ចែក​ច្បាស់​លាស់ និង​មិន​មាន​ភាព​ឯករាជ្យ។ លោក​ថា ចំណែក​ប្រជាពលរដ្ឋរស់​នៅ​ក្នុង​ស្ថានភាព​ដែល​មាន​ទម្លាប់​សូក​ប៉ាន់ និង​នៅ​តែ​ខ្លាច​អ្នក​មាន​អំណាច​ដោយ​មិន​ទាន់​យល់​ថា​ពលរដ្ឋ​ខ្លួន​ឯងគឺ​ជាម្ចាស់​អំណាច។

«ដូច​ជា​អំណាច​តុលាការ​ដែល​ទំនាក់​ទំនង​ជាមួយនឹងអំណាចនី​តិ​ប្រតិបត្តិអី​ជា​ដើម តុលាការ​ហ្នឹង​អត់​មាន​ឯករាជ្យ អត់​មាន​អីទេ។ គឺ​ឋិត​នៅ​ក្រោម​ឥទ្ធិ​ពល​របស់​អ្នក​មាន​អំណាច អ្នក​មាន​លុយ ឬ​មួយ​របស់​អ្នក​ដែល​មាន​តួនាទីធំ​ក្នុង​នីតិប្រតិបត្តិ អ៊ី​ចឹងហើយ​បាន​ជា​កំណែ​ទម្រង់​តុលាការ​ហ្នឹង​វា​ពិបាកនឹងធ្វើ​»។

បើ​តាម​លោក ឱក សេរី សោភក្តិ៍ ការ​ទប់​ស្កាត់ និងកាត់​បន្ថយ​អំពើ​ពុក​រលួយ​បាន លុះ​ត្រា​តែ​ប្រជា​ពលរដ្ឋ​សកម្ម​ក្នុ​ងការ​ចូលរួម​អនុវត្ត​ការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយនិងផ្សព្វផ្សាយ​ពី​ភាព​មិន​ប្រក្រតី​ផ្សេងៗ​ឲ្យបាន​ញឹក​ញាប់។

លោក ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយមិន​ឆ្លើយ​តប​នឹង​សំណួរ​របស់​ VOA ដោយ​គ្រាន់តែ​ប្រាប់​ថា​ លោក​មាន​ធុរៈ​ផ្ទាល់​ខ្លួន។

យ៉ាង​ណា​ក្តី លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋា​ភិបាល​ចាត់ទុកការ​លើកឡើង​ដែល​ថា ​អំពើ​ពុក​រលួយ​នៅ​កម្ពុជា​នៅ​តែ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ គឺជា​វោហាសាសន៍​បែប​នយោបាយ​។ លោក​ថា រដ្ឋា​ភិបាល​បាន​និង​កំពុង​អនុវត្ត​សកម្មភាព​ជាច្រើន​ក្នុង​ការ​ទប់​ស្កាត់​អំពើ​ពុក​រលួយ តាម​រយៈ​ការ​បង្កើតច្បាប់ស្តីពីការ​ប្រឆាំង​អំពើ​ពុក​រលួយ ការ​ធ្វើសេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ការ​ធ្វើ​កំណែទម្រង់​ការងារ​ជាច្រើន ព្រម​ទាំង​ការ​ផ្តល់​អំណាច​ដល់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដើម្បី​អនុវត្ត​ការ​បង្រ្កាប​អំពើ​ពុក​រលួយ​ផ្សេងៗ។

«ប្រព័ន្ធ​រដ្ឋ​នីមួយៗ​ហ្នឹង​គឺ​រៀប​ចំ​មិន​ឲ្យ​មានការ​ប្រើ​ប្រាស់​លុយពី​ដៃ​មួយ​ទៅដៃមួយទេ គឺ​ប្រើប្រាស់តាម​ប្រព័ន្ធ​ធនាគារ អាហ្នឹង​យើង​បាន​ធ្វើ​កំណែទម្រង់​ហ្នឹង​ហើយ​ថែម​ទៀត។ រីឯ​ការ​ប្រឡង​ប្រជែង យើង​ក៏​ទទួល​បាននូវការ​អង្កេត​មើល ការ​ទទួល​ពិនិត្យ​មើល​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ហើយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ហ្នឹងបាន​ត្រៀម​លក្ខណៈ​ចុះទៅ​តាម​តំបន់ ដែល​មាន​ការិយាល័យនៅ​តាម​តំបន់ផ្ទាល់ មិន​អង្គុយ​រង​ចាំ​គេ​ប្តឹង​នោះ​ទេ»។

សម្រាប់​លោក ប៉ិច ពិសី យុទ្ធសាស្រ្ត​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល មាន​ចំណុច​មួយ​ចំនួនដំណើរ​ការ​ទៅ​ដោយ​មានភាព​ប្រសើរ ប៉ុន្តែ​លោក​ថា សម្រាប់​ការ​អនុវត្ត​ច្បាប់នៅ​ខ្សោយ និង​មិនមាន​តម្លា​ភាព ចំណែក​ការ​បង្កើត​ច្បាប់សំខាន់ៗ​មួយ​ចំនួនដែល​ចាំ​បាច់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងអំពើ​ពុក​រលួយ​នៅ​មាន​ភាព​យឺត​យ៉ាវ​នៅ​ឡើយ។

ជារឿយៗ អំពើ​ពុក​រលួយ​នៅ​តែ​ជា​បញ្ហា​ដែល​ប្រជាពលរដ្ឋ​ក៏​ដូចជា​សង្គម​ទូទៅ មាន​ការព្រួយ​បារម្ភ​ជាពិសេស​សម្រាប់​ប្រជាពលរដ្ឋ​ដែលមិនមាន​ជីវភាព​ធូធារ។ ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ VOA បាន​ព្យាយាម​សាក​សួរ​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ ដោយ​អះអាងថា ពួកគេ​បារម្ភ​អំពី​បញ្ហា​សុវត្ថិភាព និង​ខ្លាច​ថា​ការ​បញ្ចេញ​មតិ​របស់​ពួកគេ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​របរ​និង​ការងារ នៅ​ពេល​ពួកគេ​ផ្តល់​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មានពី​អំពើ​ពុករលួយ។

យ៉ាង​ណាក្តី លោក ហ៊ន ភារៈ ពលរដ្ឋ​ម្នាក់​ដែល​កំពុងដើរ​កំសាន្ត​នៅ​មុខ​ព្រះ​បរមរាជវាំង រាជ​ធានី​ភ្នំពេញ ប្រាប់ VOA ថា នៅ​កម្ពុជា អំពើ​ពុករលួយ​មាន​ស្ទើរគ្រប់​ទីកន្លែង ទាំង​កន្លែង​រក​ស៊ី និង​កន្លែង​ធ្វើការ។ លោក​ថា អំពើ​ពុករលួយ​ធ្វើឲ្យ​ការ​ប្រកប​ការងារគ្រប់​បែប​យ៉ាងមិនមាន​ភាព​ប្រសើរ និង​ប៉ះពាល់​ដល់​អ្នក​រកស៊ី និង​អ្នក​ធ្វើ​ការ​គ្រប់គ្នា។

លោក​បញ្ជាក់​ថា៖ «យើង​ដឹង​ស្រាប់​ហើយ​រាល់​ថ្ងៃ ការងារ​អី​ក៏​ដោយ​តែង​មាន​អំពើ​ពុក​រលួយ​ហ្នឹង​ហើយ។ ហើយ​មាន​អំពើពុក​រលួយ​ហ្នឹង​ហើយ គឺ​វាមិន​ស្រួលនឹង​ការងារ​ហ្នឹង​ទេ។​មិនអ៊ីចឹង? សូម្បី​អ្នក​រក​ស៊ី​ក៏​ដោយ អ្នក​ធ្វើ​ការ​ក៏​ដោយ វាប៉ះពាល់​ទាំងអស់។ បើសិនជាអា​អំពើ​ពុក​រលួយ​ហ្នឹង​វា​កាត់​បន្ថយ អាហ្នឹង​វា​ល្អ​ហើយ។​សម្រាប់​ទាំងអស់​គ្នា បើ​និយាយ​ទៅ»។

ចំណែក​កញ្ញា យីង ស្រីពៅ យុវជន​ម្នាក់​រស់​នៅ​រាជធានី​ភ្នំពេញ និយាយ​ថា​អំពើ​ពុក​រលួយ​ដែល​កញ្ញា​តែង​សង្កេត​ឃើញដោយ​ផ្ទាល់ក្នុង​វិស័យ​អប់រំ​មាន​ភាព​ប្រសើរ​ឡើង​ជាង​មុន ប៉ុន្តែ​កញ្ញា​ថា សម្រាប់​អំពើ​ពុក​រលួយ​ក្នុង​វិស័យ​សេវា​សាធារណៈ ដូចជា​ក្នុង​មន្ទីរពេទ្យ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នៅ​តែ​កើត​មាន​ជាហូរហែ។

កញ្ញា​បន្ថែម​ថា អំពើ​ពុក​រលួយ​គ្រប់​រូបភាព​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ធនធាន​មនុស្ស និង​ការ​អភិវឌ្ឍ​សង្គម ដែល​គួរ​តែ​ត្រូវ​បាន​ទប់​ស្កាត់ និង​លុប​បំបាត់។

«ការ​បំបាត់​អំពើ​ពុក​រលួយ​ហ្នឹង​ខ្ញុំ​យល់​ឃើញ​ថា​វាពិត​ជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​អ្នក​ដែល​គាត់​អាច​នឹងបន្ត​វេនបន្ត។ អ៊ីចឹងឧទាហរណ៍ដូចជា​យុវជននៅ​ពេល​ដែល​គាត់​បាន​ទទួល​នូវ​អ្វីដែល​គាត់​ទទួល ដូចជា​ការ​អប់រំ​មួយ​ដែល​មិនមានការ​កេង​ប្រវ័ញ្ច​លើគាត់ ឬមួយ​ក៏​ទាមទារ​នូវ​ផល​ប្រយោជន៍​ពី​ពួកគាត់​ដែលខុស​ពី​ច្បាប់​ចែង ឬមួយ​ក៏​ខុសប្រក្រតី​ណាមួយ​ខ្ញុំ​មើល​ឃើញ​ថា​គាត់​នឹង​មានការ​លូត​លាស់​ល្អ ហើយ​គាត់​គឺជា​សសរ​ទ្រូង​មួយ​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ»។​

របាយការណ៍​របស់​អង្គការ​តម្លាភាព​អន្តរជាតិ កត់​សម្គាល់​ថា ការ​វិភាគ​លើ​លទ្ធផលនៃ​សន្ទស្សន៍​ក៏បង្ហាញ​ដែរ​ថា ប្រទេស​ដែល​ទទួល​បាន​ពិន្ទុ​ខ្ពស់​ក្នុង​សន្ទស្សន៍​នេះ ក៏ជា​ប្រទេស​ដែល​ជាប់​ចំណាត់​ថ្នាក់​ខ្ពស់​នៅ​លើ​សន្ទស្សន៍​ប្រជាធិបតេយ្យ ជាពិសេស​ទៅ​លើ​សិទ្ធិសេរីភាព​ពលរដ្ឋ ខណៈ​ប្រទេស​ដែ​ល​ជាប់​ចំណាត់​ថ្នាក់​ទាប​ក្នុង​សន្ទស្សន៍​នេះ​ក៏ជាប់​ចំណាត់​ថ្នាក់​ទាបក្នុង​សន្ទស្សន៍​ប្រជា​ធិបតេយ្យ ទាក់​ទងនឹង​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ផង​ដែរ។

ភាព​អសកម្ម​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ ធ្វើឱ្យ​មានបញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​កាន់​តែ​ធ្ងន់​ធ្ងរ និង​ធ្វើឱ្យ​លទ្ធិ​ប្រជាធិបតេយ្យ​កាន់​តែ​ចុះ​ខ្សោយ ហើយ​ការ​រឹតត្បិត​កាន់តែ​ខ្លាំង​ឡើង។ នៅ​ពេល​ដែល​សិទ្ធិ និង​សេរីភាព​ទាំង​នេះ​អន់​ថយ​បន្តិច​ម្ដងៗ ហើយ​លទ្ធិប្រជាធិបតេយ្យ​ធ្លាក់​ចុះ នោះ​របប​គ្រប់គ្រង​បែប​រឹតត្បិត​នឹង​កើតឡើង ដែល​រួម​ចំណែក​ដល់​ការកើន​ឡើង​នៃ​កម្រិត​អំពើ​ពុក​រលួយ​កាន់​តែខ្ពស់។

អង្គភាព​ស៊ើបអង្កេត​សេដ្ឋកិច្ច (The Economist Intelligence Unit) ដែល​មាន​ទីតាំងនៅចក្រភព​អង់គ្លេស ចាត់​ថ្នាក់កម្ពុជា​ជាប់​លេខ ១៣០ ក្នុងចំណោម​ ១៦៧ ​ប្រទេស នៅ​លើ​ពិភព​លោក សម្រាប់​សន្ទស្សន៍​ប្រជាធិបតេយ្យ​ឆ្នាំ ២០២០ ដោយ​មានឈ្មោះ​ជាប្រទេស «ផ្ដាច់ការ»។

​កម្ពុជា​ត្រូវ​បានចាត់​ថ្នាក់ក្នុង​សន្ទស្សន៍​ពុក​រលួយ​ខ្លាំង​តាំង​ពី​ឆ្នាំ ​២០១២ មក។ នៅឆ្នាំ​ ២០១៦ កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​លេខ​ ១៥៦ ក្នុង​ចំណោម​ប្រទេស​ចំនួន ​១៨០។ នៅ​ឆ្នាំ​ ២០១៧ ជាប់​ចំណាត់​ថ្នាក់​លេខ​១៦១ ឆ្នាំ​ ២០១៨ លេខ​ ១៦១ ឆ្នាំ​ ២០១៩ លេខ​១៦២ ឆ្នាំ​២០២០​ លេខ ១៦០ និង​ឆ្នាំ​២០២២​ នេះ ជាប់​ចំណាត់​ថ្នាក់​លេខ ១៥៧​ ក្នុង​ចំណោម​ប្រទេស​ចំនួន​ ១៨០ នៅ​ទូទាំងពិភព​លោក៕