មេដឹកនាំកំពូលរបស់ប្រទេសចិនបានជួបប្រជុំគ្នាកាលពីថ្ងៃចន្ទ ដើម្បីបង្ហាញពីផែនការជំរុញកំណើនសេដ្ឋកិច្ច ប៉ុន្តែសេដ្ឋកិច្ចរបស់ប្រទេសនេះនៅតែចុះខ្សោយដោយសារការប្រើប្រាស់ធ្លាក់ចុះ វិស័យអចលនទ្រព្យស្ថិតក្នុងវិបត្តិ និងការភ័យខ្លាចនៃបរិត្តផរណា(deflation)។
បញ្ហាប្រឈមសំខាន់ៗដែលកំពុងប្រឈមមុខនឹងប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមានដូចជា៖អត្រាគ្មានការងារធ្វើរបស់យុវជនខ្ពស់ រហូតដល់១៤,២ភាគរយនៅក្នុងខែឧសភា និងភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ចកំពុងធ្វើឱ្យការប្រើប្រាស់ចុះខ្សោយ ដែលជាកម្លាំងជំរុញមួយនៅពីក្រោយសេដ្ឋកិច្ចចិន។
វិស័យអចលនៈទ្រព្យដែលមានកំណើនរយៈពេលពីរទសវត្សរ៍ដោយសារកម្រិតជីវភាពរបស់ប្រជាជនបានកើនឡើងជាយូរមក មានចំនួនច្រើនជាងមួយភាគបួននៃផលិតផលសរុបក្នុងស្រុករបស់ប្រទេសចិនកំពុងតែរងវិបត្តិ។
ហិរញ្ញប្បទានរបស់អាជ្ញាធរមូលដ្ឋានមួយចំនួនត្រូវបានធ្លាក់មកដល់កម្រិតកំណត់ចុងក្រោយ បន្ទាប់ពីការចំណាយយ៉ាងច្រើនរយៈពេល៣ ឆ្នាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ និងជាពិសេសគឺវិបត្តិអចលនទ្រព្យដែលបានដកហូតប្រភពចំណូលដ៏សំខាន់មួយ។
ការនាំចេញរបស់ប្រទេសចិនក៏ជាបញ្ហាគួរឲ្យព្រួយបារម្ភសម្រាប់ថ្នាក់ដឹកនាំប្រទេស។
រីឯភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយទីក្រុងវ៉ាស៊ីនតោន និងហានិភ័យដែលពួកគេបង្ករនាំឲ្យមានខ្សែសង្វាក់ផ្គត់ផ្គង់កំពុងរារាំងដល់ការវិនិយោគបរទេសផងដែរ៕