នៅឆ្នាំ២០២២ ប្រទេសថៃ បានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេនៅទ្វីបអាស៊ីក្នុងការដាក់ការប្រើកញ្ឆាជាអំពើស្របច្បាប់ ដោយធ្វើដូច្នេះដោយគ្មានច្បាប់ដើម្បីគ្រប់គ្រងកញ្ឆា ឬការរឹតបន្តឹងច្បាស់លាស់ដើម្បីទប់ស្កាត់ការប្រើប្រាស់សម្រាប់ការកម្សាន្តនោះទេ។
ទោះជាយ៉ាងនេះក៏ដោយ វិធានការនេះបាននាំឱ្យមានការផ្ទុះឡើងនូវការប្រើប្រាស់កញ្ឆាសម្រាប់ការកម្សាន្ត និងការលក់កញ្ឆានៅការហាងកាហ្វេ និងអ្នកលក់រាយរាប់ម៉ឺននាក់ ដែលធ្វើឱ្យសាធារណជនទូទៅមានការព្រួយបារម្ភអំពីការប្រើកញ្ឆាហួសហេតុ។
លោកឧបនាយករដ្ឋមន្ត្រី Anutin Charnvirakul ដែលគណបក្សរបស់លោកមានចំណែកដ៏សំខាន់ក្នុងការជំរុញឱ្យមានសេរីភាវូបនីយកម្មកញ្ឆាបានថ្លែងថា ឥឡូវនេះ លោកនាយករដ្ឋមន្រ្តី Srettha Thavisin បានយល់ស្របថា ការបង្កើតច្បាប់គឺជាជំហានដ៏សមគួរដែលត្រូវអនុវត្ត។
លោក Anutin បានថ្លែងថា៖ «ខ្ញុំសូមអរគុណដល់លោកនាយករដ្ឋមន្ត្រីដែលបានពិចារណាលើបញ្ហានេះ និងសម្រេចចេញនូវសេចក្តីព្រាងច្បាប់មួយ»។
រដ្ឋាភិបាលនៅតែបន្តដាក់ថា កញ្ឆាមិនអាចត្រូវប្រើសម្រាប់ការកម្សាន្តទេ ហើយលោក Srettha Thavisin ដែលមកពីគណបក្សផ្សេងគ្នាពីលោក Anutin នោះបាននិយាយថាលោកនឹងដាក់ការប្រើកញ្ឆាជាបទឧក្រិដ្ឋឡើងវិញ ដោយសារមានការព្រួយបារម្ភអំពីការប្រើវាច្រើនហួសហេតុ។ ក៏ប៉ុន្តែ មានករណីលើកលែងសម្រាប់ការប្រើប្រាស់កញ្ឆាសម្រាប់ផ្នែកវេជ្ជសាស្រ្ត និងការស្រាវជ្រាវ។
អគ្គលេខាធិការរបស់នាយករដ្ឋមន្រ្តីថៃ លោក Prommin Lertsuridej បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា៖«រឿងនេះគឺវាអាស្រ័យទៅលើច្បាប់និងការជជែកដេញដោលនៅក្នុងសភា ខណៈដែលយើងមានសេចក្តីព្រាងច្បាប់រួចទៅហើយនោះ»។
លោក Prommin Lertsuridej បានថ្លែងថា៖ «ថាតើកញ្ឆាជាគ្រឿងញៀន ឬក៏អត់នោះ គឺអាស្រ័យលើសភា»។
សេចក្តីព្រាងច្បាប់ស្តីពីកញ្ឆាត្រូវបានដាក់ជូនទៅអង្គនីតិប្បញ្ញត្តិក្រោមរដ្ឋបាលមុន ក៏ប៉ុន្តែសភាត្រូវបានរំលាយចោលនៅមុនការបោះឆ្នោតកាលពីឆ្នាំមុន ដោយមិនបានធ្វើការបោះឆ្នោតសម្រេចនោះទេ។
ភ្លាមៗនោះ គេមិនដឹងច្បាស់ទេថា តើនឹងមានវិធានការបង្ក្រាបការប្រើប្រាស់កញ្ឆាសម្រាប់ការកម្សាន្តដែរឬទេ ដោយសារថា លោក Srettha Thavisin មិនបានគាំទ្រការប្រើប្រាស់កញ្ឆាសម្រាប់ការកម្សាន្តនោះទេ។
ការលក់រាយកញ្ឆាមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅប្រទេសថៃ ដែលវាជាឧស្សាហកម្មមួយដែលត្រូវបានគេព្យាករណ៍ថានឹងមានតម្លៃរហូតដល់១ពាន់២រយ លានដុល្លារនៅឆ្នាំ២០២៥។
គណបក្ស Bhumjaithai របស់លោក Anutin ដែលជាគណបក្សធំបំផុតទីពីរនៅក្នុងសម្ពន្ធដែលកំពុងកាន់អំណាចបានតស៊ូមតិក្នុងការដាក់ឱ្យកញ្ឆាត្រូវបានប្រើប្រាស់ផ្នែកសុខភាព និងសេដ្ឋកិច្ច ក៏ប៉ុន្តែ ជាផ្លូវការគណបក្សលោកមិនគាំទ្រការប្រើប្រាស់កញ្ឆាសម្រាប់ការកម្សាន្តនោះទេ ហើយបានប្រឆាំងទៅនឹងការដាក់ការប្រើប្រាស់កញ្ឆាជាបទឧក្រិដ្ឋឡើងវិញ។
អ្នកស្រី Nattabhorn Buamahakul ដែលជាដៃគូគ្រប់គ្រងនៅក្រុមហ៊ុនពិគ្រោះយោបល់លើកិច្ចការរដ្ឋាភិបាល Vero Advocacy បាននិយាយថា ការវិវឌ្ឍចុងក្រោយបំផុតនេះបង្ហាញថា ឥឡូវនេះមានការសម្របសម្រួលកាន់តែប្រសើរឡើងរវាងគណបក្សនានានៅក្នុងរដ្ឋាភិបាលលើបញ្ហាកញ្ឆាដ៏ស្មុគស្មាញនេះ។
អ្នកស្រី Nattabhorn បាននិយាយថា៖ «ការផ្លាស់ប្តូរគោលនយោបាយឡើងវិញនេះ ឆ្លុះបញ្ចាំងពីការសម្របគ្នាកាន់តែច្រើនឡើងនៅក្នុងចំណោមគណបក្សនានានៅក្នុងរដ្ឋាភិបាល បើប្រៀបធៀបទៅនឹងឆ្នាំមុន នៅពេលដែលរដ្ឋាភិបាលត្រូវបានបង្កើតឡើង»៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់