អ្នកនាំពាក្យម្នាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលថៃគ្រោងនឹងបង្កើនប្រាក់បៀវត្សរ៍ប្រចាំថ្ងៃទាបបំផុតដល់ ៤០០ បាត ស្មើនឹង ១០ ដុល្លារ ៨៤ សេន ដែលជាគោលនយោបាយមួយអាចជួយបង្កើនការប្រើប្រាស់គ្រឿងឧបភោគបរិភោគ នៅក្នុងប្រទេសនេះដែលមានសេដ្ឋកិច្ចធំទី ២ នៅតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Chai Wacharonke អ្នកនាំពាក្យរដ្ឋាភិបាលថៃបានថ្លែងថា គណៈកម្មាធិការមួយនឹងប្រជុំគ្នាដើម្បីស្ទង់ប៉ាន់មើលឧស្សាហកម្មណាខ្លះប្រុងប្រៀបខ្លួនសម្រាប់កំណើននេះ និងជំនួយអ្វីខ្លះដែលអាចផ្តល់បានដល់ឧស្សាហកម្មណាខ្លះ ដែលមិនទាន់បានប្រុងប្រៀបសម្រាប់ការដំឡើងប្រាក់ឈ្នួលនេះ។
នៅក្នុងសប្តាហ៍នេះ រដ្ឋាភិបាលថៃបានកាត់បន្ថយការព្យាករណ៍ការលូតលាស់សម្រាប់ឆ្នាំ ២០២៤ ពី ២,៨% មកនៅត្រឹម ២,៤% តែនិយាយថា ការលូតលាស់នៅតែអាចកើនដល់ ៣,៣% ប្រសិនបើការផ្តល់ជំនួយ ៥០០ ពាន់លានដុល្លាររបស់ខ្លួនចាត់ចែងឡើងដើម្បីបង្កើនការចាយវាយនឹងចាប់ផ្តើមនៅក្នុងត្រីមាសទីបួនតាមការរំពឹងទុក។
កាលពីឆ្នាំទៅ រដ្ឋាភិបាលបានប្រកាសអំពីកំណើនប្រាក់បៀវត្សរ៍ប្រចាំថ្ងៃទាបបំផុតចំនួន ២,៣៧% ពី ៣៣០ បាត ទៅដល់ ៣៧០ បាត ដែលជាកំណើនមួយដែលលោកនាយករដ្ឋមន្ត្រី Srettha Thavisin ថាតិចពេក។
គណបក្ស Pheu Thai គ្រប់គ្រងប្រទេសបានធ្វើការឃោសនាបោះឆ្នោតដោយបានសន្យាថា នឹងបង្កើនប្រាក់បៀវត្សរ៍ប្រចាំថ្ងៃទាបបំផុតដល់ ៦០០ បាត មុនឆ្នាំ ២០២៧។
រដ្ឋាភិបាលមុនបានដំឡើងប្រាក់បៀវត្សរ៍ទាបបំផុតចំនួន ៥,០២% កាលពីឆ្នាំ ២០២២៕