ប្រទេស​ថៃ​ចាប់​ផ្ដើម​ធ្វើ​តេស្ត​វ៉ាក់សាំង​កូវីដ១៩​ផលិត​ក្នុង​ស្រុក​លើ​មនុស្ស

រូបឯកសារ៖ ស្ត្រី​ម្នាក់​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​របស់​ចិន Sinovac នៅ​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។

ប្រទេស​ថៃ​បាន​ចាប់​ផ្ដើម​ធ្វើ​តេស្ត​សាក​ល្បងវ៉ាក់សាំង​ផលិត​ក្នុង​ស្រុក​ចំនួន ២ ប្រភេទ​ក្នុង​ចំណោម​៤​ប្រភេទ​ទៅ​លើ​មនុស្ស​ ដែល​អ្នក​វិទ្យាសាស្ត្រ​ក្នុង​ស្រុក​កំពុង​ផលិត​ឡើង​ដើម្បី​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ ស្រប​ពេល​ដែល​ប្រទេស​នេះ​កំពុង​ស្វះស្វែង​ធ្វើយ៉ាងណា​ដើម្បី​ទទួល​បាន​វ៉ាក់សាំង​ពី​បរទេស​ ខណៈ​រលក​នៃ​ការ​ឆ្លង​ជំងឺ​ក្នុង​ប្រទេស​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់​បំផុត​ចាប់​តាំង​ពី​ការ​ផ្ទុះ​ជំងឺ​រាតត្បាត​នេះ​មក។

វ៉ាក់សាំង​ផលិត​នៅ​ក្នុង​ស្រុក​ទាំង​នេះ​នឹង​មិន​អាច​ផលិត​រួច​រាល់​ក្នុង​បរិមាណ​ច្រើន​ទាន់​ពេល​វេលា​ដើម្បី​ជួយ​ដល់​ប្រទេស​ថៃ​ប្រយុទ្ធ​ប្រឆាំង​នឹង​រលក​ឆ្លង​នា​ពេល​បច្ចុប្បន្ន​នេះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ក៏​ក្រុម​មន្ត្រី​ និង​អ្នក​ផលិត​វ៉ាក់សាំង​រំពឹង​ថា វ៉ាក់សាំង​ទាំង​នោះ​នឹងអាច​ផលិត​រួច​រាល់​ទាន់​ពេល​ដើម្បី​ឲ្យ​ប្រទេស​ថៃ ឬ​ប្រទេស​ជិត​ខាង​នានា​ អាច​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​បង្ការ​វីរុស​បំប្លែង​ថ្មី នៅ​ត្រឹម​ឆ្នាំ​ក្រោយ។

លោក Kiat Ruxrungtham អ្នក​ដឹកនាំ​ការងារ​ផលិត​វ៉ាក់សាំង​មួយ​ប្រភេទ​ដែល​គេ​រំពឹង​ទុក​យ៉ាង​ខ្លាំង​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វ៉ាក់សាំង​នៃ​សាកលវិទ្យាល័យ​ Chulalongkornក្នុង​ទីក្រុ​ងបាងកក​បាន​ថ្លែង​ថា៖ «វ៉ាក់សាំង​នេះ​នឹង​ប្រឆាំង​នឹង​វីរុស​បំប្លែង​ថ្មី ដូចជា​វីរុស​បំប្លែង​នៅ​អាហ្វ្រិក​ខាង​ត្បូង ឥណ្ឌា​និង​វីរុស​បំប្លែង​នៅ​ប្រទេស​ផ្សេងៗ​ទៀត។ នេះ​គឺ​ជា​យុទ្ធសាស្រ្ត​របស់​យើង»។

រូបឯកសារ៖ ពលរដ្ឋ​ថៃ​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​របស់​ក្រុមហ៊ុន AstraZeneca ខណៈ​ដែល​ប្រទេស​ថៃ​ចាប់​ផ្ដើម​ផ្ដល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ទ្រង់ទ្រាយ​ធំ​នៅ​សាកលវិទ្យាល័យ Thammasat ក្នុង​ខេត្ត Pathum Thani ប្រទេស​ថៃ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។

កត្តា​ជំរុញ​ឲ្យ​ផលិត​វ៉ាក់សាំង​ក្នុងស្រុក

នា​ពេល​បច្ចុប្បន្ន​នេះ ប្រទេស​ថៃ​ពឹង​អាស្រ័យ​លើ​វ៉ាក់សាំង​ពី​ក្រុម​ហ៊ុន​ផលិត​ឱសថ​នានា​នៅ​បរទេស ដើម្បី​ធ្វើ​ឲ្យ​សហគមន៍​របស់​ខ្លួន​មាន​ភាព​ស៊ាំ​នៅ​ចុង​ឆ្នាំ​នេះ។

ប្រទេស​ថៃ​បាន​ព្យាយាម​ធ្វើ​ឲ្យ​អត្រានៃ​ការ​ឆ្លង​មាន​កម្រិត​ទាប​កាល​ពី​ឆ្នាំ២០២០​ តាម​រយៈ​ការ​រឹត​បន្តឹង​ការ​ចេញ​ចូល​តាម​ច្រក​ព្រំដែន និង​ការ​រក្សា​គម្លាត​ដ៏​តឹង​រ៉ឹង​ ហើយ​ប្រទេស​នេះ​ទទួល​បាន​វ៉ាក់សាំង​តិច​តួច​ប៉ុណ្ណោះ​ចាប់តាំង​ពី​ការ​ចាប់​ផ្ដើម​នៃ​ជំងឺ​រាត​ត្បាតនេះ​មក​។ ប្រទេស​ថៃ​បាន​ទិញ​វ៉ាក់សាំង​ពីរបី​លាន​ដូស​ពី​ក្រុម​ហ៊ុន​ Sinovac ​របស់​ចិន ដើម្បី​ចាក់​ឲ្យ​ពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ​បំផុត​ និង​បាន​ចុះ​កិច្ច​សន្យា​ទិញ​វ៉ាក់​សាំង​ពី​ក្រុម​ហ៊ុន AstraZeneca ដែល​ជា​ក្រុមហ៊ុន​អនុញ្ញាត​ឲ្យ​សហគ្រាស​ផលិត​ឱសថ​ក្នុង​ស្រុក​ឈ្មោះ ​SiamBioscience ផលិត​វ៉ាក់សាំង​ប្រឆាំង​កូវីដ១៩ ក្នុង​ប្រទេស។

ប៉ុន្តែ​នៅ​ពេល​រលក​ឆ្លង​លើក​ទី៣​បាន​កើត​ឡើង​ក្នុង​ខែមេសា​ និង​បាន​បង្ក​ឲ្យ​មាន​អ្នក​ស្លាប់​និង​ឆ្លង​ក្នុង​កម្រិត​ខ្ពស់​មួយ​មិន​ធ្លាប់​មាន បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ព្យាយាម​ស្វះស្វែង​រក​វ៉ាក់សាំង ដោយ​បាន​ចុះ​កិច្ច​សន្យា​ទិញ​ជាមួយ​ក្រុមហ៊ុន​នានា​ដូច​ជា ក្រុមហ៊ុន Pfizer ក្រុមហ៊ុន​Moderna ក្រុមហ៊ុន​ Johnson & Johnson និង​ក្រុមហ៊ុន Sinopharm។ រដ្ឋាភិបាល​បាន​ប្រកាស​ថា មក​ទល់​ពេល​បច្ចុប្បន្ន​នេះ ខ្លួន​បាន​បញ្ចា​ទិញ​វ៉ាក់សាំង​ចំនួន​ ១០៥លាន​៥សែន​ដូស​រួច​ហើយ ដែល​ចំនួន​នេះ​អាច​ចាក់​ឲ្យ​ពលរដ្ឋ​បាន​ប្រមាណ​ជាង​៧០​ភាគ​រយ នៃ​ចំនួន​ពលរដ្ឋ​សរុប​៦៩​លាន​នាក់ ហើយ​រដ្ឋា​ភិបាល​ក៏​កំពុង​ស្វែង​រក​ទិញ​វ៉ាក់សាំង​បន្ថែម​ទៀត។

យ៉ាង​ណា​ក៏​ដោយ ទាំង​អាជ្ញាធរ​ថៃ និង ​ក្រុម​ហ៊ុន​ផលិត​ឱសថ នៅ​តែ​មើល​ឃើញ​សារៈសំខាន់​នៃ​ការ​ផលិត​វ៉ាក់សាំង​ក្នុង​ស្រុក។

លោក Tanarak Plipat អគ្គនាយក​រង​នៃ​នាយកដ្ឋាន​គ្រប់​គ្រង​ជំងឺឆ្លង​របស់​ក្រសួង​សុខភាព​សាធារណៈ​និយាយ​ថា វ៉ាក់សាំង​ថ្មី​នឹង​ជួយ​រក្សា​ប្រទេស​ថៃ​ឲ្យ​មាន​សុវត្ថិភាព​ នៅ​ពេល​ដែល​វ៉ាក់សាំង​ដែល​បាន​ចាក់​នៅ​ជុំ​ដំបូង​ចាប់​ផ្ដើម​អស់​ប្រសិទ្ធភាព។

លោក​បាន​ថ្លែង​ដូច្នេះ​ថា៖ «យើង​មាន​ភស្តុតាង​កាន់​តែ​ច្បាស់​ដែល​បញ្ជាក់​ថា ឆាប់ៗ​នេះ​ យើងប្រហែល​ជា​ត្រូវ​ចាក់​វ៉ាក់សាំង​បន្ថែម​ទៀត​។ ខ្ញុំ​ចង់​មាន​ន័យ​ថា ​យើង​ប្រហែល​ត្រូវ​ចាក់​វ៉ា​ក់សាំង​ដូស​ទី៣ ទី៤ ឬ​ទី៥។ យើង​មិន​ដឹង​ច្បាស់​ពី​បញ្ហា​នេះ​ទេ ហើយ​យើង​ក៏​មិន​ដឹង​ថា តើ​យើង​ត្រូវ​ចាក់​វ៉ាក់សាំង​បន្ថែម​ទៀត​នៅ​រយៈពេល​ប៉ុន្មាន​ដែរ​ ដើម្បី​រក្សា​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​យើង​នោះ» ។

លោក​ថ្លែង​បន្ត​ថា៖ «ដូច្នេះ ​នៅ​ក្នុង​រយៈ​ពេល​វែង​ ខ្ញុំ​គិត​ថា យើង​នឹង​ត្រូវ​ការ​ការ​ផ្គត់ផ្គង់​ឲ្យ​បាន​ទៀង​ទាត់»។

លោក​មាន​និយាយ​ទៀត​ថា វ៉ាក់សាំង​ខ្លះ​ដែល​ប្រទេស​ថៃ​កំពុង​ផលិត ​ប្រហែល​ជា​មាន​ប្រសិទ្ធភាព​ខ្លាំង​ ក្នុង​ការការពារ​ការ​ឆ្លង​វីរុស​បំប្លែង​ថ្មី​ដែល​កំពុង​រាល​ដាល​លើ​សាកល​លោក។ វីរុស​បំប្លែង​ថ្មី​ដែល​មាន​ឈ្មោះ​ថា Alpha ​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ចក្រភព​អង់គ្លេស​ត្រូវ​បាន​រក​ឃើញ​ភាគ​ច្រើន​នៅ​ប្រទេស​ថៃ។ នាយកដ្ឋាន​វិទ្យាសាស្ត្រ​សុខាភិបាល​នៃ​ក្រសួង​សុខាភិបាល​ថៃ បាន​ព្រមាន​នា​ពេល​ថ្មីៗ​នេះ​ថា វីរុស​ប្រភេទ​បំប្លែង​ថ្មី​ឈ្មោះ Delta ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ដំបូង​នៅ​ប្រទេស​ឥណ្ឌា​អាច​នឹង​មាន​វត្តមាន​នៅ​ទូទាំង​ប្រទេស​ថៃ​រួច​ទៅ​ហើយ​។

រូបឯកសារ៖ គ្រូពេទ្យ​ម្នាក់​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​របស់​ចិន Sinovac ដល់​ព្រះសង្ឃមួយ​អង្គ​នៅ​មន្ទីរពេទ្យ Priest ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។

ការ​ពឹង​ពាក់​លើ​ខ្លួន​ឯង

លោក Tanarak និយាយ​ថា បញ្ហា​លំបាក​ដែល​ប្រទេស​ភាគ​ច្រើន​បាន​ជួប​នោះ​គឺ​មិន​ត្រឹម​តែ​ការ ស្វែង​រក​ទិញ​វ៉ាក់សាំង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការ​ស្វែងរកទិញ​ម៉ាស និង​ម៉ាស៊ីន​ជំនួយ​ដង្ហើម​ក៏​ជា​បញ្ហា​លំបាកផង​ដែរ ​ដែល​បញ្ហា​នេះ​បាន​បង្រៀន​ប្រទេស​ថៃ​ថា ​ខ្លួន​ត្រូវ​តែ​ពឹង​ផ្អែក​លើ​ខ្លួន​ឯង ​ដើម្បី​បាន​អ្វី ដែល​ខ្លួន​ត្រូវ​ការ​នៅ​ពេល​ចាំ​បាច់។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «ដើម្បី​ធានា​សុខភាព​ដល់​ពលរដ្ឋ​របស់​យើង យើង​ត្រូវ​តែ​ពឹង​ផ្អែក​លើ​ខ្លួន​ឯង​នៅ​អំឡុង​ពេល​នៃ​ការ​រាត​ត្បាត​ជា​សាកល​នេះ។ មាន​ប្រាក់​ច្រើន​ប៉ុណ្ណា​ ក៏​យើងមិន​អាច​រកទិញ​បរិក្ខារ​ពេទ្យ​ ឬ​ថ្នាំ​ពេទ្យ ​ឬ​វ៉ាក់សាំង​ដែល​ចាំ​បាច់​បំផុត​បាន​ដែរ ប្រសិន​បើ​យើង​មិន​អាច​ផលិត​របស់​ទាំង​នេះ​បាន​ដោយ​ខ្លួន​ឯង​នោះ»។

បើ​តាម​លោក Tanarak ប្រសិន​បើ​អ្វីៗ​ដំណើរការ​ទៅ​ដោយ​រលូន​នោះ មន្ទីរ​ពិសោធន៍​របស់​ថៃ​នឹង​អាច​ផលិត​វ៉ាក់សាំង​កូវីដ១៩ បាន​រាប់​សិប​លាន​ដូស​ដោយ​ខ្លួន​ឯង​នៅ​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​ក្រោយ​នេះ។

ស្ថាប័ន​ឱសថ​របស់​រដ្ឋាភិបាល​បាន​ចាប់​ផ្ដើម​ធ្វើ​តេស្ត​សាកល្បង​វ៉ាក់សាំង​ដំណាក់កាល​ទី១​ទៅ​លើ​មនុស្ស​កាល​ពី​ខែ​មីនា ដោយ​ប្រើ​វីរុស​អសកម្ម​មួយ​ប្រភេទ​នៃ​ជំងឺ ​Newcastle ដែល​ជា​ជំងឺ​ឆ្លង​លើ​សត្វ​បក្សី ហើយ​បាន​ឈាន​ដល់​ការ​ធ្វើ​តេស្ត​សាក​ល្បង ​ដំណាក់​កាល​ទី២ ដោយ​ត្រូវ​ការ​អ្នក​ស្ម័គ្រ​ចិត្ត​បន្ថែម​ទៀត។

មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​វ៉ាក់សាំង នៃ​សាកល​វិទ្យាល័យ​ Chulalongkorn បាន​ចាប់​ផ្ដើម​ធ្វើ​តេស្ត​សាកល្បង​វ៉ាក់សាំង​លើ​មនុស្ស​ដំណាក់​កាល​ទី១ កាល​ពី​ថ្ងៃទី​១៤ ខែមិថុនា​។ វ៉ាក់សាំង​នេះ​អាច​នឹង​ក្លាយ​ជា​វ៉ាក់សាំង​ប្រឆាំង​កូវីដ១៩ ​ដែល​ត្រូវ​បាន​ផលិត​លើក​ដំបូង​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ដោយ​ប្រើ​ប្រាស់​ម៉ូលេគុល​ RNA តែ​មួយ​ប្រភេទ ដែល​ជា​បច្ចេកទេស​ផលិត​ធ្លាប់​បាន​ប្រើ​ប្រាស់​ដំបូង​ដោយ​ក្រុមហ៊ុន​ផលិត​ឱសថ​សហរដ្ឋ​អាមេរិក គឺ​ក្រុមហ៊ុន Pfizer និង​ក្រុមហ៊ុនModerna។

ក្រុមហ៊ុន BioNet-Asia ដែល​ជា​ក្រុមហ៊ុន​ផលិត​ឱសថ​ក្នុង​ស្រុក​ និង​ក្រុមហ៊ុន​ថ្មី​មួយ​ឈ្មោះ Baiya Phytopharm មិន​ទាន់​បាន​ចាប់​ផ្ដើម​ធ្វើ​តេស្ត​សាក​ល្បង​វ៉ាក់សាំង​របស់​ខ្លួន​ទៅ​លើ​មនុស្ស​នៅ​ឡើយ​ទេ។

មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​វ៉ាក់សាំង​ ធ្លាប់​បាន​រំពឹង​ថា នឹង​អាច​ចាប់​ផ្ដើម​ធ្វើ​តេស្ត​សាក​ល្បង​លើ​មនុស្ស​នៅ​ចុង​ឆ្នាំ​២០២០។ ប៉ុន្តែ​មជ្ឈមណ្ឌល​នេះ​និយាយ​ថា ខ្លួន​ត្រូវ​រង់​ចាំ​រហូត​ទាល់​តែ​មន្ទីរពិសោធន៍​នៅ​សហរដ្ឋអាមេរិក​ធ្វើ​តេស្ត​ទៅ​លើ​វ៉ាក់សាំង​របស់​ពួកគេ​ជា​មុន​សិន។ មជ្ឈមណ្ឌល​នេះ​ថា ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ ដែល​ធ្វើ​ឡើង​ដោយ​សប្បុរសធម៌​នោះ មាន​ភាព​យឺត​យ៉ាង​ជាង​អ្វី​ដែល​បាន​រំពឹង​ទុក។

នៅ​ខណៈ​ដែល​ការ​ធ្វើ​តេស្ត​លើ​មនុស្ស​ដោយ​ប្រើ​វ៉ាក់សាំង​ជំនាន់​ដំបូង​កំពុង​ដំណើរការ​នោះ លោក​ Kiat និង​ក្រុម​ការងារ​របស់​ខ្លួន បាន​ធ្វើ​ផែនការ​រួច​ហើយ​ ក្នុង​ការ​ធ្វើ​តេស្ត​សាក​ល្បង​ដូច​គ្នា​សម្រាប់​វ៉ាក់សាំង​ជំនាន់​ទី២​របស់​ខ្លួន​នៅ​ក្នុង​រយៈ​ពេល​ពីរបីខែ​ខាង​មុខ​នេះ ​ដោយ​ផ្ដោត​លើ​វីរុស​បំប្លែង ​ថ្មី ដែល​ការ​ធ្វើ​តេស្ត​សាកល​ល្បង​នេះ​ប្រើ​ប្រាស់​វិធីសាស្ត្រ​បច្ចេកទេស​ mRNA កាន់​តែ​សាមញ្ញ​ជាង​បច្ចេកទេស​ផ្សេងៗ​ទៀត។

លោក Kiat បាន​ថ្លែង​ដូច្នេះ​ថា៖ «យើង​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ដូច​គ្នា​ ​រូបមន្ត​ដូច​គ្នា​ ដោយ​គ្រាន់​តែ​ប្ដូរ​លំដាប់​ហ្សែន។ ប្រសិន​បើ​យើង​មាន​ទិន្នន័យ​កាន់​តែ​ច្រើន​ពី​ការ​ធ្វើ​តេស្ត​ជំនាន់​ទី១ យើង​អាច​ប្រើ​ប្រាស់​ទិន្នន័យ​ទាំង​នោះ​ដើម្បី​គាំទ្រ​ដល់​ការ​ធ្វើ​តេស្ត​របស់​យើង​នៅ​ជំនាន់​ទី២។ ដូច្នេះ សម្រាប់​ជំនាន់​ទី២ យើង​មិន​ចាំ​បាច់​ធ្វើ​តេស្ត​ច្រើន​ដូស​ទេ ព្រោះ​យើង​បាន​រៀន​សូត្រ​ពី​ជំនាន់​ទី១ ថា​តើ​ដូស​មួយ​ណា​ជា​ដូស​ល្អ​បំផុត​នោះ»។

រូបឯកសារ៖ អ្នក​ជំនាញ​នៅ​មន្ទីរពេទ្យ​ម្នាក់​បូម​យក​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ធ្វើ​តេស្ត​ នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ Chula របស់​សាកលវិទ្យាល័យ Chulalongkorn ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។

នៅ​តាម​បណ្តា​ប្រទេស​ជិត​ខាង

ប្រសិន​បើ​ទទួល​បាន​ការ​អនុម័ត​ លោក Kiat និយាយ​ថា ​ក្រុម​ហ៊ុន​ BioNet-Asia នឹង​ចាប់ផ្តើម​ផលិត​វ៉ាក់សាំង​ចន្លោះ​ពី​៥០​លាន​ទៅ​៨០​លាន​ដូស​ក្នុង​មួយ​ឆ្នាំ។

ក្រៅ​តែ​ពី​ការ​ផ្ដោត​លើ​វីរុស​បំប្លែង​ថ្មីៗ ​ដែល​កំពុង​រាត​ត្បាត​នៅ​លើ​ពិភពលោក ការ​សិក្សា​បន្ថែម​ទៀត​លើ​បច្ចេកទេស mRNA ក៏​អាច​ជួយ​ឲ្យ​ប្រទេស​ថៃ​ផ្ដោត​លើ​ប្រភេទ​វ៉ាក់សាំង​សម្រាប់​ប្រភេទ​វីរុស​ជាក់លាក់​ ឬ​លើ​ប្រភេទ​វីរុស​ទាំង​អស់ ​ដែល​មាន​វត្តមាន​នៅក្នុង​តំបន់ ​ឬ​ក្នុង​ប្រទេស​ជាក់​លាក់​ណា​មួយ។ នេះ​បើ​តាម​លោក Lorenz von Seidlein អ្នកជំនាញ​ផ្នែក​វ៉ាក់សាំង​នៅ​មន្ទីរ​ស្រាវជ្រាវ​វេជ្ជសាស្រ្ត​ Mahidol Oxford Tropical Medicine Research Unit មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ។

លោក Lorenz von Seidlein ថ្លែង​ដូច្នេះ​ថា៖ «ប្រសិន​ជា​មាន​បណ្ដុំ​វីរុស​ដែល​មាន​ភាព​ជាក់​លាក់​នៅ ប្រទេស​ថៃ ពេល​នោះ​ប្រហែល​ជា​នឹង​មាន​អំណះអំណាង​មួយ​ ដែល​ពួកគេ​អាច​និយាយ​ថា ​វីរុស​បំប្លែង​ថ្មី​ដែល​យើង​មិន​ទាន់​ដឹង​នេះ ​ប្រហែល​កើត​ឡើង​នៅ​ឆ្នាំ​ក្រោយ។ ដូច្នេះ យើង​អាច​រក​វិធី​ទប់​ស្កាត់​វា​បាន​ឆាប់​រហ័ស ដោយសារ​វា​ជា​បណ្តុំ​នៃ​វីរុស​បំប្លែង​ដែល​ធ្លាប់​មាន​វត្តមាន​នៅ​ទី​នេះ​ពី​មុន​មក»។

ផលប្រយោជន៍​ដែល​ទទួល​បាន​ពី​ការ​ផលិត​វ៉ាក់សាំង​ទាំង​នេះ​នឹង​បាន​ដល់​ប្រទេស​ជិត​ខាង​ថៃ ដែល​ខ្លះ​កំពុង​តែ​ប្រយុទ្ធ​ប្រឆាំង​នឹង​រលក​នៃ​ការ​ឆ្លង​ជំងឺ​នេះ​យ៉ាង​ធ្ងន់​ធ្ងរ គិត​ចាប់​ពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​រាត​ត្បាត​ជា​សាកល​នេះ ដោយ​ក្នុង​នោះ​រួម​មាន​ម៉ាឡេស៊ី កម្ពុជា និង​វៀតណាម​ផងដែរ។

លោក​ Kiat និយាយ​ថា ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​ចំនួន​បង្ហាញ​ចំណាប់​អារម្មណ៍​ចង់​ចូលរួម​ក្នុង​ដំណាក់​កាល​បន្ទាប់​នៃ​ធ្វើ​តេស្ត​លើ​មនុស្ស​នៅ​ជំហាន​ទី២ ប្រសិន​បើ​មាន​លទ្ធផល​ល្អ​នៅ​ដំណាក់​កាល​ទី១ ។ លោក​ថា ប្រទេស​ទាំង​នោះ​ចាប់​អារម្មណ៍​ជា​ពិសេស​លើ​ការ​ផលិត​វ៉ាក់សាំង​ជំនាន់​ទី២ ដែល​ពួក​គេ​កំពុង​ប្រឹង​ប្រែង​ផលិត ហើយ​ប្រទេស​ជា​ច្រើន​ពិចារណា​ចង់​ទិញ​វ៉ា់ក់​សាំង​ទាំង​នោះ។

លោក Kiat ថ្លែង​ដូច្នេះ​ថា៖ «គោល​បំណង​របស់​យើង​គឺ​ថា ប្រសិន​បើ​យើង​ផលិត​បាន​គ្រ​ប់​គ្រាន់ ហើយ​វ៉ាក់សាំង​មាន​គុណភាព​ល្អ​ទៀត​នោះ យើង​គួរ​តែ​មាន​លទ្ធភាព​ផ្គត់ផ្គង់​ទៅ​ឲ្យ​ប្រទេស​ជិត​ខាង មិន​ថា​តាមរយៈ​កម្មវិធី COVAX ឬ​តាម​វិធី​អ្វី​ណា​មួយ​នោះ​ទេ»។


លោកបាន​សំដៅ​ដល់​ផែន​ការ​អន្តរជាតិ​ក្នុង​ការ​ផ្ដល់​វ៉ាក់សាំង​ការពារ​កូវីដ១៩ ទៅ​ដល់​ប្រទេស​ក្រីក្រ​ដោយ​ឥត​គិត​ថ្លៃ ឬ​តាមរយៈ​ការ​ផ្ដល់​វ៉ាក់សាំង​ជា​បដិភាគ៕

ប្រែសម្រួលដោយលោក នៀម ឆេង