បាតុករអាវលឿង៦នាក់នៅក្នុងប្រទេសថៃ ត្រូវបានតុលាការកាត់ទោសឲ្យជាប់គុក២ឆ្នាំ ចំពោះការទំលាយចូលការិយាល័យរបស់នាយករដ្ឋមន្រ្តី ក្នុងអំឡុងពេលនៃការតវ៉ាប្រឆាំងរដ្ឋាភិបាលដ៏ធំមួយនៅឆ្នាំ២០០៨។
តុលាការក្នុងទីក្រុងបាងកកបានធ្វើការសម្រេចនៅថ្ងៃព្រហស្បតិ៍នេះដោយ និយាយថា ចុងចោទបានឡើងរបងហើយបានបំបែកសោរ ដែលបានចាក់នៅផ្លូវចូលទៅកាន់អាគារនោះ ហើយការធ្វើដូច្នេះបានប៉ះពាល់ដល់សិទ្ធិរបស់ពលរដ្ឋថៃផ្សេងទៀត។
ចុងចោទទាំងនោះ រួមមានលោក Sondhi Limthongkul សេដ្ឋីបណ្តាញព័ត៌មាន ត្រូវរងការចោទប្រកាន់ពីការដឹកនាំការតវ៉ាប្រឆាំង។ ចុងចោទត្រូវបានដោះលែងដោយសារការប្រាក់ធានានៅក្រៅឃុំឃាំង ដោយកំពុងរង់ចាំការប្តឹងឧទ្ធរណ៍។
ការតវ៉ាប្រឆាំងរបស់ក្រុមអាវលឿង បានចាប់ផ្តើមនៅឆ្នាំ២០០៦ ជាចលនាប្រឆាំងមួយ ដែលកាលពីពេលនោះនាយករដ្ឋមន្រ្តី Thaksin Shinawatra ត្រូវបានបណ្តេញចេញពីតំណែង នៅក្នុងរដ្ឋប្រហារមួយនៅឆ្នាំនោះ។ ក្រុមអ្នករិះគន់ Thaksinបានធ្វើបាតុកម្មម្តងទៀតនៅ២ឆ្នាំក្រោយមក ដោយមានក្រុមបាតុករ បានត្អូញត្អែរពីចំណងទាក់ទងរបស់នាយករដ្ឋមន្រ្តី Somchai Wongsuwat ជាមួយលោក Thaksin។
បន្ថែមពីការទំលាយចូលក្នុងការិយាល័យរបស់នាយករដ្ឋមន្រ្តី បាតុករឆ្នាំ២០០៨ ប្រឈមការចោទប្រកាន់ពីការកាន់កាប់ចំណតអាកាសយានដ៏សំខាន់មួយនៅក្នុងទីក្រុងបាងកក អស់រយៈពេលជាង២សប្តាហ៍ ហើយបានធ្វើឲ្យទេសចរណ៍រាប់ពាន់នាក់ជាប់គាំងនៅទីនោះ។
ចលនាអាវលឿងបានធ្វើឲ្យមានការងើបឡើងនូវចលនាអាវក្រហម ដែលគាំទ្រលោក Thaksin ហើយលោក Thaksin ខ្លួនឯងនៅតែជាកម្លាំងដ៏ខ្លាំងមួយ នៅក្នុងនយោបាយរបស់ថៃ ថ្វីបើលោកបាននិរទេសខ្លួននៅឆ្នាំ២០០៨ក៏ដោយ៕