គណបក្សនយោបាយ Move Forward ដ៏មានប្រជាប្រិយបំផុតនៅក្នុងប្រទេសថៃកំពុងប្រឈមនឹងការគំរាមកំហែងនៃការរំលាយចោលដោយបទបញ្ជារបស់តុលាការ ប៉ុន្តែសមាជិកជាន់ខ្ពស់នៃគណបក្សនេះបាននិយាយថា ពួកគេមានផែនការរួចហើយសម្រាប់ការតបតទៅវិញប្រសិនបើគណបក្សរបស់ពួកគេត្រូវបានរំលាយ ដោយពួកគេនឹងមិនអនុញ្ញាតឱ្យចលនាកំណែទម្រង់របស់ពួកគេផុតរលត់នោះទេ។
គណបក្ស Move Forward ទទួលបានសំឡេងគាំទ្រភាគច្រើននៅក្នុងការបោះឆ្នោតកាលពីខែឧសភាឆ្នាំ ២០២៣ ដោយទទួលបានសំឡេងឆ្នោត ១៤ លានសំឡេងនិងអាសនៈចំនួន ១៥១។ ជ័យជម្នះនេះបានបញ្ចប់ការគ្រប់គ្រងរបស់រដ្ឋាភិបាលយោធាថៃរយៈពេល ៩ ឆ្នាំកន្លងមក។
គណបក្សនេះទទួលបានសំឡេងគាំទ្រច្រើនដូច្នេះដោយសារផែនការកំណែទម្រង់របស់ខ្លួនឱ្យមានអភិបាលកិច្ចបែបសមធម៌ ដែលនោះគឺការកាត់ផ្ដាច់យោធាពីអំណាច ការបំបែកភាពផ្ដាច់មុខផ្នែកសេដ្ឋកិច្ច និងការកែទម្រង់ច្បាប់ប្រមាថព្រះមហាក្សត្រដែលច្បាប់នេះដាក់ទោសព្រហ្មទណ្ឌលើអ្នកណាដែលរិះគន់របបរាជាធិបតេយ្យដ៏មានឥទ្ធិពលនៅក្នុងប្រទេសថៃ។
ប៉ុន្តែ លោក Pita Limjaroenrat ដែលជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សនេះ ត្រូវបានរារាំងមិនឱ្យបង្កើតរដ្ឋាភិបាលដោយក្រុមសមាជិកព្រឹទ្ធសភាដែលតែងតាំងដោយថ្នាក់ដឹកនាំយោធា។ ថ្នាក់ដឹកនាំយោធានេះបានធ្វើរដ្ឋប្រហារដណ្ដើមអំណាចកាលពីឆ្នាំ ២០១៤។
ដោយត្រូវបានបង្ខំឱ្យក្លាយជាគណបក្សប្រឆាំងតាំងពីពេលនោះមក គណបក្ស Move Forward បានប្រឈមនឹងឧបសគ្គផ្លូវច្បាប់ជាច្រើនដែលបង្កើតឡើងដោយគូប្រជែងរបស់ខ្លួនដែលមានបំណងបំបាត់ចោលនូវគោលការណ៍កំណែទម្រង់របស់គណបក្សនេះ។
តុលាការធម្មនុញ្ញរបស់ប្រទេសថៃត្រូវគេរំពឹងថានឹងសម្រេចក្នុងពេលដ៏ខ្លីខាងមុខថាតើសំណើកំណែទម្រង់ច្បាប់ប្រមាថព្រះមហាក្សត្រដែលជាចំណុចស្នូលនៃគោលការណ៍របស់គណបក្ស Move Forward នេះស្មើនឹងការធ្វើវិទ្ធង្សនារបបរាជាធិបតេយ្យឬក៏អត់។
តុលាការនេះបានរំលាយគណបក្ស Future Forward កាលពីឆ្នាំ ២០២០ ដោយបង្កឱ្យមានការតវ៉ាខ្លាំងក្លាតាមដងផ្លូវដោយក្រុមសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ។ បន្ទាប់មកគណបក្សនេះបានប្រែក្លាយជាគណបក្ស Move Forward។
ប្រសិនបើតុលាការធម្មនុញ្ញសម្រេចដូចគ្នានេះម្ដងទៀត នោះវានឹងបង្ហាញឱ្យឃើញថាលទ្ធផលនឹងក្លាយជាដូច្នេះសម្រាប់ការចង់ពិនិត្យឡើងវិញណាមួយនៅពេលអនាគតនូវច្បាប់ប្រមាថព្រះមហាក្សត្រនេះ។ អ្នកដែលប្រព្រឹត្តិល្មើសនឹងច្បាប់នេះអាចមានទោសជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ។ ច្បាប់នេះត្រូវបានចៅក្រមយោងលើនៅក្នុងការកាត់ក្តីលើមនុស្សយ៉ាងតិច ២៦០ នាក់កាលពី ៤ ឆ្នាំកន្លងទៅនេះ។
លោក Parit Wacharasindhu អ្នកនាំពាក្យរបស់គណបក្ស Move Forward បានប្រាប់ VOA ថា៖ «យើងបានឃើញគេប្រើវិធីរំលាយគណបក្សដើម្បីប្រឆាំងនឹងគណបក្សណាដែលជំទាស់នឹងស្ថាប័នអ្នកកាន់អំណាចរបស់ប្រទេសថៃ»។
លោកបានថ្លែងថា៖ «វាមិនមែនជារឿងធម្មតាទេសម្រាប់ប្រទេសប្រជាធិបតេយ្យណាមួយដែលមានការរំលាយគណបក្សបែបនេះ ប៉ុន្តែ...បើមានករណីបែបនេះ វាបង្ហាញឱ្យឃើញថាហេតុអ្វីបានជាវាចាំបាច់ឱ្យមានគណបក្សដូចគណបក្ស Move Forward នេះនៅបន្តធ្វើនយោបាយនៅក្នុងប្រទេសថៃ»។
ប្រសិនបើត្រូវបានរំលាយ គណបក្ស Move Forward នឹងត្រូវបង្កើតគណបក្សថ្មីនិងធ្វើការជាបន្ទាន់ដើម្បីរក្សាសមាជិកសភារបស់ខ្លួនកុំឱ្យត្រូវបានទាក់ទាញដោយគណបក្សចម្រុះដែលដឹកនាំដោយគណបក្ស Pheu Thai។ គណបក្ស Pheu Thai នេះគឺជាកម្លាំងបោះឆ្នោតដ៏លេចធ្លោជាងគេកាលពីពេលមុននៅក្នុងប្រទេសថៃ ដែលនៅពេលនេះមហាសេដ្ឋីអចលនទ្រព្យលោក Srettha Thavisin នៃគណបក្សនេះគ្រប់គ្រងតំណែងជានាយករដ្ឋមន្ត្រី។
គណបក្ស Move Forward ក៏ទំនងជានឹងត្រូវស្វែងរកអ្នកថ្មីមកជំនួសតំណែងរបស់លោក Pita លោក Chaithawat Tulathon ដែលជាមេដឹកនាំគណបក្សនេះ និងឥស្សរជនជួរមុខមួយចំនួនទៀតដែលអាចត្រូវបានហាមឃាត់មិនឱ្យធ្វើនយោបាយរយៈពេល ១០ ឆ្នាំ ប្រសិនបើគណបក្សនេះត្រូវបានរំលាយ។
លោក Parit វ័យ ៣១ ឆ្នាំមានការគាំទ្រច្រើនដោយលេចមុខជាមេដឹកនាំបន្ទាប់ ដោយសារលោកមានរបៀបនិយាយម៉ឺងម៉ាត់ខ្លាំងក្លានិងមានទំនាក់ទំនងជាមួយសាធារណជន។
លោក Parit បានថ្លែងថា៖ «គណបក្ស [Move Forward] មានផែនការសម្រាប់សេនារីយ៉ូទាំងអស់»។
សមាជិកសភាម្នាក់នៃគណបក្ស Move Forward ដែលក៏ប្រឈមនឹងការហាមឃាត់មិនឱ្យធ្វើនយោបាយផងដែរ បានសន្និដ្ឋានអំពីភាពមិនប្រាកដប្រជានៃជីវិតនយោបាយនៅក្នុងប្រទេសមួយដែលតុលាការកម្ចាត់អ្នកនយោបាយថ្មីថ្មោងដ៏មានទេពកោសល្យនិងគណបក្សនយោបាយថ្មីថ្មោងថាស្រដៀងទៅនឹងអារម្មណ៍ដែល «ដឹងថាមិត្តភក្តិរបស់អ្នកកំពុងឈឺធ្ងន់និងអាចស្លាប់នៅថ្ងៃណាមួយ» ដូច្នេះដែរ។
សមាជិកសភារូបនេះបានប្រាប់ VOA ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយខ្លាចមានការសងសឹកផ្នែកនយោបាយថា៖ «ខ្ញុំបានធ្វើការច្រើននៅក្នុងអាជីពនយោបាយនេះ ហើយវាអាចបញ្ចប់ដោយបែបនេះបាន»។
គណបក្ស Move Forward គ្រោងនឹងបង្ហាញសេចក្ដីសំអាងចុងក្រោយរបស់ខ្លួននៅថ្ងៃទី ៣ ខែឧសភាខាងមុខ ហើយប្រធានតុលាការធម្មនុញ្ញថៃលោក Nakarin Mektrairat បាននិយាយជាសាធារណៈថាវា «មិនអាចទៅរួច» នោះទេក្នុងការសន្មតជាមុនអំពីការសម្រេចរបស់អង្គចៅក្រមរបស់តុលាការ។
ប៉ុន្តែ អ្នកតាមដានស្ថានការណ៍នយោបាយថា ការត្រៀមរំលាយគណបក្ស Move Forward នេះគឺជាអ្វីដែលបានរៀបចំរួចជាស្រេច ពីព្រោះក្រុមអ្នកកាន់អំណាចមានបំណងខ្ទប់ដង្ហើមនយោបាយរបស់ចលនាកំណែទម្រង់ខ្លាំងក្លារបស់ប្រទេសថៃក្នុងពេលពីរទសវត្សរ៍ចុងក្រោយនេះ។
កេរដំណែលរាជានិយមដ៏មានឥទ្ធិពល
របបរាជាធិបតេយ្យរបស់ប្រទេសថៃមានអំណាចខ្លាំងក្លាបំផុត ហើយច្បាប់ប្រមាថព្រះមហាក្សត្រការពាររបបនេះពីការរិះគន់ ដោយអ្នកដែលប្រព្រឹត្តិល្មើសនឹងច្បាប់នេះអាចជាប់ពន្ធនាគាររហូតដល់ទៅ ១៥ ឆ្នាំ។
សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យវ័យក្មេងរាប់សិបនាក់បានជាប់ពន្ធនាគារក្នុងពេលពីរបីឆ្នាំចុងក្រោយនេះនៅក្រោមច្បាប់នេះ។
ថ្នាក់ដឹកនាំគណបក្ស Move Forward បានធ្វើទស្សនកិច្ចទៅផ្នែកនានានៅក្នុងប្រទេសថៃ ដោយនិយាយថា ការពិតជាក់ស្តែងនៃសេចក្តីសម្រេចរបស់តុលាការដែលនឹងធ្វើឡើងនេះជាសញ្ញាបង្ហាញឱ្យឃើញនូវភាពស្អុយរលួយនៅក្នុងប្រព័ន្ធនយោបាយបច្ចុប្បន្នរបស់ប្រទេសថៃ។
លោក Pita បានបញ្ជាក់នៅក្នុងការប្រជុំមួយរបស់គណបក្សកាលពីថ្ងៃទី ៦ ខែមេសាថា៖ «ខ្ញុំមិនដឹងប្រាកដទេថាតើអ្នកដែលមានអំណាចដើម្បីរំលាយយើងបានសួរខ្លួនឯងឬក៏អត់ថាតើពួកគេចំណេញអ្វីខ្លះពីការធ្វើដូច្នេះ»។
លោកបានបន្តថា៖ «ជាការពិត ការធ្វើដូច្នេះប្រហែលជាធ្វើឱ្យយើងចុះខ្សោយក្នុងរយៈពេលខ្លី តែវានឹងធ្វើឱ្យយើងមានកម្លាំងខ្លាំងជាងមុនឆ្ពោះទៅរកការបោះឆ្នោតលើកក្រោយ...ទោះជាគណបក្សយើងមានឈ្មោះអ្វីក៏ដោយ»។
អ្នកវិភាគបាននិយាយថា ការហាមប្រាមគណបក្សនេះគឺជាការឥតប្រយោជន៍ដោយសារកត្តាពីរ។ កត្តាទីមួយគឺមនុស្សវ័យក្មេងរាប់លាននាក់ចូលរួមក្នុងការបោះឆ្នោត ហើយកត្តាទីពីរគឺការកម្រិតអាណត្តិដែលនឹងធ្វើឡើងចំពោះព្រឹទ្ធសភាដែលមានសមាជិក ២៥០ នាក់តែងតាំងដោយយោធា ដែលព្រឹទ្ធសភានេះគឺជាឧបករណ៍ក្នុងការរារាំងដំណើរវិវឌ្ឍន៍របស់គណបក្ស Move Forward។
លោក Prinya Thaewanarumitkul សាស្ត្រាចារ្យច្បាប់នៅសាកលវិទ្យាល័យ Thammasat បានប្រាប់ VOA ថា៖ «ការធ្វើបែបនេះគឺនឹងមិននាំឱ្យមានភាពខុសប្លែកអ្វីទេ។ រដ្ឋាភិបាលចម្រុះនឹងខ្លាំងជាងមុនបន្តិច [ដោយសារគ្មានក្រុមប្រឆាំង]។ តែនៅពេលបោះឆ្នោតលើកក្រោយ នឹងមានអ្នកបោះឆ្នោតថ្មី ៤ លាននាក់បន្ថែមទៀត។ ប្រសិនបើគ្មានព្រឹទ្ធសភាដែលតែងតាំងដោយយោធា គណបក្ស Move Forward ដែលនឹងស្ថិតក្រោមឈ្មោះថ្មីនឹងគ្រប់គ្រងរដ្ឋាភិបាល»។
លោកបានបន្ថែមថា គណបក្សថ្មីដែលបង្កើតឡើងសម្រាប់ជំនួសគណបក្ស Move Forward នេះត្រូវតែមានយុទ្ធវិធីខាងនយោបាយ ដោយបន្ទន់ការអំពាវនាវឱ្យមានកំណែទម្រង់ច្បាប់ប្រមាថព្រះមហាក្សត្រដើម្បីធ្វើយ៉ាងណាឱ្យបានកាន់អំណាច។
ស្រពពេលដែលគណបក្ស Move Forward រង់ចាំមើលជោគវាសនាខាងផ្លូវច្បាប់របស់ខ្លួន ថ្នាក់ដឹកនាំគណបក្សនេះបាននិយាយថា ពួកគេកំពុងផ្តោតលើការងាររបស់ខ្លួនជាគណបក្សប្រឆាំង ជាពិសេសលើការតតាំងនឹងកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលនៅក្នុងការពង្រាងរដ្ឋធម្មនុញ្ញថ្មីដើម្បីឆ្លុះបញ្ចាំងអំពីតថភាពនយោបាយដែលប្រែប្រួល៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ