អតីត​នាយក​រដ្ឋមន្ត្រី​​ថៃ​ លោក​ Thaksin​ ចូល​សម្រាក​ក្នុង​មន្ទីរ​ពេទ្យ​ក្រោយ​មាតុភូមិ​និវត្តន៍​​

  • ​Reuters

អតីត​នាយក​រដ្ឋមន្ត្រី​ថៃលោក Thaksin Shinawatra មក​ដល់​អាកាសយានដ្ឋាន Don Muang ក្នុង​ក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២៣។

ពួក​មន្ត្រី​បាននិយាយកាលពី​ថ្ងៃ​ពុធ​ថា​អតីត​នាយក​រដ្ឋមន្ត្រី​ថៃលោក Thaksin Shinawatra បានទៅ​សម្រាកក្នុងមន្ទីរ​ពេទ្យមួយកាលពី​យប់មិញ ដោយសារ​មាន​កង្វល់អំពីបេះដូងលោកនិងសម្ពាធ​ឈាម​ខ្ពស់នៅពេល​លោក​ឋិត​ក្នុងគុក​នៅ​យប់​ទីមួយ​ ក្រោយ​ការវិល​ត្រឡប់ជា​ប្រវត្តិសាស្ត្រ​របស់​លោកពីការ​និរទេស​ខ្លួន​ដោយ​ខ្លួន​ឯង។ នេះបើ​តាមរបាយការណ៍​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន Reuters។

កាលពីថ្ងៃ​ពុធ គេ​ដឹង​មិន​ច្បាស់លាស់​ទេ​អំពី​ស្ថានភាព​ថ្មី​ៗបំផុតរបស់​លោក​ Thaksin អាយុ​៧៤ឆ្នាំ​ ដែល​ជាសេដ្ឋីមាន​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​និង​ជា​ស្ថាបនិក​គណបក្ស ​Pheu Thai ​ដ៏​មាន​ប្រជាប្រិយភាព ​ហើយពួក​អ្នក​តំណាង​លោក​មិន​បាន​ឆ្លើយ​តប​ជា​បន្ទាន់​នឹង​សំណើសុំ​អត្ថាធិប្បាយ​ពី​ Reuters ទេ។

នាយកដ្ឋានអប់រំ​កែប្រែ​បាននិយាយនៅ​ក្នុង​សេចក្តី​ថ្លែងការណ៍មួយថា​លោក Thaksin ​មានការតឹង​ក្នុង​ទ្រូង​និង​មាន​សម្ពាធ​ឈាម​ខ្ពស់​ ហើយ​គេ​បាន​បញ្ជូន​លោក​ទៅកាន់​មន្ទីរ​ពេទ្យ​ប៉ូលិស​នៅ​ក្រុងបាងកក​នៅ​ប្រមាណ​ម៉ោង​២ព្រឹក​ថ្ងៃពុធ។

លោក Thaksin បាន​វិល​ត្រឡប់​មក​ប្រទេស​វិញកាលពី​ថ្ងៃអង្គារ ហើយ​ត្រូវ​នាំខ្លួន​ទៅកាន់​ពន្ធនាគារដែល​នាំ​ឱ្យមានការយក​ចិត្តទុកដាក់​ច្រើន​ជាង​លោក Srettha Thavisin សម្ព័ន្ធមិត្ត​នយោបាយ​របស់​លោកដែល​បានជាប់ឆ្នោតជា​នាយក​រដ្ឋមន្ត្រី​នៅក្នុង​ការបោះឆ្នោតមួយ​ក្នុង​សភា​នៅ​ថ្ងៃនោះ​ដែរ។

មន្ត្រី​សភា​ម្នាក់​បាន​និយាយនៅថ្ងៃពុធនេះ​ថា​លោក Srettha នៃ​គណបក្សPheu Thai ​ដែល​បានជាប់​ឆ្នោត​ជា​នាយក​រដ្ឋមន្ត្រី​ បានទទួល​ការគាំទ្រ​ពី​ព្រះរាជា។

ពួក​ប៉ូលិស​បានថ្លែង​ថា​លោក Thaksin បាន​ទៅ​សម្រាក​ឯ​មន្ទីរពេទ្យ​ពី​ព្រោះ​ពន្ធនាគារ​មិនអាច​ធានា​ថាលោកបានទទួល​ការព្យាបាលត្រឹម​ត្រូវ​ទេ។

តុលាការ​កំពូល​បានបញ្ជាក់​កាល​ពី​ថ្ងៃអង្គារថា​លោក Thaksin ​នឹង​ជាប់​ពន្ធាគារ​៨ឆ្នាំ​ក្រោយ​ពី​លោក​ត្រូវកាត់ទោសពី​បទ​រំលោភ​អំណាចនិងទំនាស់​ផល​ប្រយោជន៍។

លោក Ayuth Sintoppant ​អគ្គនាយក​នៃ​នាយកដ្ឋានអប់រំ​កែប្រែ​បាននិយាយ​ប្រាប់​Reuters ​ថាឆ្មាំ​គុក៨​នាក់​បាន​អម​ដំណើរលោក Thaksin ​នៅ​ពេលត្រូវផ្ទេរ​ទៅមន្ទីរ​ពេទ្យកាល​ពីពេល​យប់៕