អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក Thaksin បាន​ដាក់​សំណើ​សុំ​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ

  • ​Reuters

រូបឯកសារ៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra មកដល់អាកាសយានដ្ឋាន Don Muang ក្នុងទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

អតីត​នាយករដ្ឋមន្ត្រី​ថៃ​ លោក Thaksin Shinawatra បាន​ដាក់​សំណើ​សុំ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ដែល​យោង​លើ​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ដែល​ទើប​ចប់​អាណត្តិ​លោក Wissanu Krea-ngam នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ការ​ដាក់​សំណើ​នេះ​គឺ​ជា​វិធានការ​ថ្មី​ចុងក្រោយ​បង្អស់​របស់​លោក Thaksin នៅ​ក្នុង​ការ​តតាំង​អំណាច​ជា​យូរ​មក​ហើយ​ជាមួយ​នឹង​ស្ថាប័ន​ដឹកនាំ​របស់​ប្រទេស​ថៃ។

លោក Thaksin ដែល​ជា​អ្នក​នយោបាយ​ល្បី​ឈ្មោះ​បំផុត​របស់​ថៃ បាន​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​ថៃ​វិញ​កាលពី​សប្ដាហ៍​មុន បន្ទាប់​ពី​បាន​និរទេស​ខ្លួន​នៅ​បរទេស​អស់​រយៈពេល ១៥ ឆ្នាំ​ ដើម្បី​គេច​ពី​ការ​ជាប់​ពន្ធនាគារ។

លោក Thaksin បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ថៃ​តាម​យន្តហោះ​ឯកជន​និង​បាន​ស្វាគមន៍​អ្នក​គាំទ្រ​ដែល​មក​ទទួល​លោក ​មុន​ពេល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​ដើម្បី​ចាប់​ផ្តើម​ទទួលទោស ៨ ឆ្នាំ​សម្រាប់​បទ​ចោទ​ពី​ការ​រំលោភ​អំណាច​និង​ជម្លោះ​ផល​ប្រយោជន៍​អំឡុង​ពេល​លោក​នៅ​កាន់​អំណាច។

ព្រឹត្តិការណ៍​ទាំង​នេះ​នៅ​ក្នុង​ខែ​នេះ​បាន​ជំរុញ​បន្ថែម​នូវ​ការ​សង្ស័យ​ដែល​ថា​ លោក Thaksin បាន​សម្រេច​កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​នឹង​គូ​ប្រជែង​ដ៏​ជូរចត់​របស់​លោក​នៅ​ក្នុង​ស្ថាប័ន​ដឹកនាំ​អភិរក្ស​និយម​និង​យោធា​រាជានិយម ដែល​បាន​ផ្ដួល​រំលំ​គណបក្ស​របស់​លោក​នៅ​ក្នុង​រដ្ឋប្រហារ​កាលពី​ឆ្នាំ ២០០៦ និង​ឆ្នាំ ២០១៤។ នៅ​ពេល​នោះ គេ​បាន​ចោទ​លោក​និង​គណបក្ស​របស់​លោក​ថា​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​និង​ការ​មិន​ស្មោះស្ម័គ្រ​ចំពោះ​របប​រាជាធិបតេយ្យ​ដ៏​មាន​ឥទ្ធិពល។

លោក Thaksin បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​ទាំង​នេះ និង​បាន​បដិសេធមិន​ចរចា​រក​ដំណោះស្រាយ​ជាមួយ​នឹង​មេដឹកនាំ​យោធា៕