គម្រោង​ដាក់​តម្លៃ​អង្ករ​របស់​ថៃ​នាំ​ឲ្យ​​ផ្សារ​លក់​អង្ករ​សាកល​មិន​ជាក់​លាក់

កសិករ​ថៃ​ដាំ​ស្រូវ​​នៅ​ជិត​ទីក្រុង​មែ​អ៍​សារ្យ៉ាំង​ (Mae Sariang) ប្រទេស​ថៃ​ នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា​​ឆ្នាំ​២០១០។

រដ្ឋាភិបាល​នៃប្រទេសថៃ​ត្រូវ​គេ​រំពឹង​ថានៅ​ពេល​ឆាប់ៗ​នេះ​ នឹង​ចាប់ផ្ដើម​គម្រោងការណ៍​ដាក់​តម្លៃ​ថ្មី​ សម្រាប់​អង្ករដែលអាច​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ធំ ទៅ​លើ​ប្រទេស​លក់​អង្ករ​ធំ​ជាង​គេ​ក្នុង​ពិភព​លោក។​ ក្រុម​អ្នក​ធ្វើ​វិភាគ​និយាយ​ថា​ តម្លៃ​កាន់​តែ​ថ្លៃ​ឡើង​ទៀត​ដែល​គេ​បង់​ទៅ​ឲ្យ​កសិករ នឹង​មាន​ន័យ​ថា​ ការ​លក់​អង្ករ​ចេញ​នៃ​ប្រទេស​ថៃ​នឹង​ថយ​ចុះ​ ដែល​ជាការ​បើក​ឱកាស​ឲ្យ​ប្រទេស​លក់​អង្ករ​ចេញ​ដែល​ប្រណាំង​ប្រជែង​ដូច​ជា​ប្រទេស​ឥណ្ឌា​និង​ប្រទេស​វៀតណាម។

គម្រោង​ដាក់​តម្លៃ​អង្ករ​ ជា​ការ​សន្យាក្នុង​គោល​នយោបាយ​សំខាន់​មួយ​របស់​លោក​ស្រី​នាយក​រដ្ឋ​មន្ដ្រី​យិង​ឡាក់​ ស៊ីណាវ៉ាត​ (Ying Luck Shinawatra) ​នៃ​គណ:បក្ស​ ភឿថៃ​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​សាកល​ដើម្បី​ធានា​ឲ្យ​បាន​ទទួល​ការ​គាំទ្រ​របស់​កសិករ​ដាំ​ស្រូវ​ចំនួន​៨​លាន​នាក់​នៃ​ប្រទេស​នេះ។ យោង​ទៅ​តាម​ផែនការ​នេះ​ រដ្ឋាភិបាល​នឹង​ផ្ដល់​ប្រាក់​ជិត​ដល់​ទៅ​៥០០​ដុល្លារ​ទៅ​ឲ្យ​កសិករ​សម្រាប់​អង្ករ​សរ​ មួយ​តោន​ ​ហើយ​នឹង​៦៥០​ដុល្លារ ​សម្រាប់​អង្ករ​ក្រអូប​មាន​គុណភាព​ខ្ពស់​ជាង។ នេះ​ជា​ចំនួន​កើន​ឡើង​ប្រមាណ​៥០​ភាគរយ​ពី​គោល​នយោបាយ​របស់​រដ្ឋាភិបាលមុន ដែល​ធានា​បង់​ឲ្យ​កសិករ​ ចំនួន​៣៣០​ដុល្លារ​ក្នុង​មួយ​តោន។​ក្រុម​ មន្ដ្រី​នៃ​ក្រសួង​កសិកម្ម​និយាយ​ថា​ កសិករ​ដាំ​ស្រួវ​បួន​លាន​នាក់​ បាន​ចុះ​ឈ្មោះ​សម្រាប់​គម្រោង​ថ្មី​នេះ។

លោក​ ដេវិឌ​ ដាវេ​ (David Dawe)​ អ្នក​សេដ្ឋសាស្ដ្រ​នៃ​អង្គការ​ស្បៀង​អាហារ​និង​កសិកម្ម​នៃ​អ.ស.ប​. ឬ​អង្គការ​ហ្វាវ​ (FAO) ​និយាយ​ថា​ ខណ:ដែល​តម្លៃ​ខ្ពស់​អាច​នាំ​ឲ្យ​មាន​ផលិតផល​អង្ករ​ច្រើន​ថែម​ទៀត​សម្រាប់​រយ:ពេល​យូរ​ មាន​ការ​មិន​ជាក់​លាក់​អំពី​ផលប៉ះ​ពាល់​ពេញលេញ​នៃ​កម្មវិធី​នេះ។

«មាន​ការ​មិន​ជាក់​លាក់​ជា​ច្រើនអំពី​ថា​តើ​គម្រោង​នេះនឹង​ដំណើរ​ការ​ទៅ​យ៉ាង​ដូច​ម្ដេច​នៅ​ពេល​នេះ​ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​មាន​ផល​ប៉ះ​ពាល់​ចម្រុះ​ទៅ​លើ​តម្លៃ​ក្នុង​ពិភព​លោក ។​ ​ខ្ញុំ​ចង់​និយាយ​ថា​ រដ្ឋាភិបាល​គ្មាន​សមត្ថភាព។​ ខ្ញុំ​មិន​គិត​ថា​ រដ្ឋាភិបាល​នឹង​នាំ​យក​ផល​ដំណាំ​ទាំង​អស់របស់​កសិករ​ទេ។​ ពួក​គេ​ត្រូវ​ការ​ចាំ​បាច់​ធ្វើ​កិច្ច​ការ​នេះ​តាម​រយ:វិស័យ​ឯកជន។ នេះ​ជា​សំណួរ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ ពីព្រោះ​ពួក​គេ​នឹង​មិន​ចង់​ទិញ​អង្ករ​ក្នុង​តម្លៃ​នេះ​ទេ​ បើ​តម្លៃ​នេះ​បង្ខំ​ពួក​គេ​ឲ្យ​លក់ដោយ​មាន​ការ​ខាត​បង់​នៅ​ក្នុង​ផ្សារ​លក់​ចេញ»។

នៅ​ឆ្នាំ​នេះ​ផលិតផល​អង្ករ​នៃ​ប្រទេស​ថៃ​ត្រូវ​គេ​រំពឹង​ថា​នឹង​ឡើង​ហួស​ពី​ ២០​លាន​តោន​ ដែល​ក្នុង​នោះ​មាន​ចំនួន​ប្រហែល​ពាក់​កណ្ដាល​ដែល​គេ​ទុក​បម្រុង​នឹង​លក់​ចេញ។ ចំនួន​អង្ករ​ដូច​គ្នា​នេះ​ត្រូវ​គេ​ព្យាករ​ជា​មុន​ថា​នឹង​លក់ចេញ​នៅ​ឆ្នាំ​២០១២​ ក៏​ប៉ុន្ដែ​ក្រសួង​កសិកម្ម​ស.រ.អ.​ឥឡូវនេះ​ព្យាករ​ថា​ ចំនួន​នេះ​នឹង​ថយ​ចុះនៅ​៧​លាន​តោន​ យោង​ទៅ​តាម​គម្រោង​ថ្មី​នេះ។

ប្រទេស​ថៃ​ជា​ប្រទេស​លក់​អង្ករ​ចេញ​លំដាប់​ខ្ពស់​ជាង​គេ​ក្នុង​ពិភព​លោក​ តាំង​ពី​ឆ្នាំ​១៩៨១​មក។ ប្រទេស​ជា​គូ​ប្រជែង​សំខាន់​មួ​យនៃ​ប្រទេស​នេះ​ គឺ​ប្រទេស​ឥណ្ឌានិង​ប្រទេស​វៀតណាម។​ ប្រទេស​ឥណ្ឌា​ជា​ប្រទេស​ផលិត​អង្ករ​ធំ​ជាង​គេ​លំដាប់​ថ្នាក់​ទី​ពីរ​ក្នុង​ពិភព​លោក​ ហើយ​ថ្មីៗ​នេះ​បាន​វិល​ត្រឡប់ទៅ​ទី​ផ្សារ​លក់​អង្ករ​ចេញក្នុង​សាកល​លោក​ ដោយ​បាន​លុប​ចោល​បំរាម​លើ​ការ​លក់​អង្ករ​មាន​គុណភាព​ធម្មតា​ចេញ​នៅ​ឆ្នាំ​២០០៨។ ប្រទេស​លក់​អង្ករ​ចេញ​ផ្សេង​ទៀត​ ដូច​ជា​ប្រទេស​ ប្រេ​ស៊ីល​ (Brazil) និង​ប៉ាគិស្ថាន​ (Pakistan)​ ក៏​ត្រូវ​គេ​រំពឹង​ផង​ដែរ​ថា​ នឹង​លក់​អង្ករកើន​ឡើង​ទៀត​នៅ​ក្នុងសាកល​លោក។

លោក​សាម៉ារ៉ិនឌូ​ ម៉ូហាន់ទី​ (Samarendu Monanty)​ ជា​អ្នក​សេដ្ឋសាស្ដ្រនៅ​ស្ថាប័នសិក្សា​អង្ករ​អន្ដរជាតិ​ ឬ​ (Rice Research Institute) ​ហៅ​កាត់​ថា​អាយអារអារអាយ (IRRI) មាន​ទី​ស្នាក់​ការ​នៅ​ទីក្រុង​ម៉ានិល​ និយាយ​ថា​រដ្ឋាភិបាល​ថៃ​ នឹង​ត្រូវ​ការ​ឲ្យ​ប្រាក់​ជំនួយ​ ជួយ​ទូរទាត់​ក្នុង​តម្លៃ​អង្ករ​លក់​ចេញ​ ដើម្បី​ប្រ​ជែង​ជា​មួយ​ប្រទេស​ដទៃ​ទៀត​ នៅ​ក្នុង​ផ្សារ​លក់​ដូរ​ក្នុង​សាកល​លោក។ លោក​និយាយ​ថាការ​ធ្វើ​ដូច្នេះ​នឹង​មាន​ផល​ប៉ះ​ពាល់​ទៅ​លើ​អ្នក​បង់​ពន្ធ​ដារ​ថៃ។

«វា​នឹង​មាន​ ការ​ឲ្យ​ប្រាក់​ជំនួយ​ជួយ​ទូរទាត់​ក្នុង​តម្លៃ​អង្ករ​លក់​ចេញ។​ ដូច្នេះ​ហើយ​ កម្មវិធី​ដែល​មាន​ស្រាប់​សម្រាប់​រដ្ឋាភិបាល​ថៃ​ដើម្បី​លក់​អង្ករ​របស់​ខ្លួន​ ឬ​មួយ​រវាង​រដ្ឋាភិបាល​និងរដ្ឋាភិបាល​ ឬ​មួយ​ការ​ឲ្យអាជ្ញាប័ណ្ណ​ ខ្ញុំ​រំពឹង​ថា​ តម្លៃ​អង្ករ​ក្នុង​សាកលលោក​នឹង​ចុះ​ថ្លៃ​ ដែល​ជា​ផល​ប៉ះ​ពាល់​យ៉ាង​ទន់​ខ្សោយ​នៃ​កម្មវិធី​នៃ​រដ្ឋាភិបាល​ថៃ​ទៅ​លើ​ផ្សារ​សាកល។​ បញ្ហាមួយ​គឺ​ថា​ វា​នឹង​ធ្វើ​ឲ្យ​អ្នក​បង់​ពន្ធ​ដារ​ថៃ​បង់​ពន្ធ​ច្រើន​ទៀត​ ហើយ​អង្ករ​ថៃ​នឹង​មាន​តម្លៃថ្លៃ​ជាង​មុន​នៅ​ក្នុងផ្សារ​លក់​ដូរ​ក្នុង​ស្រុក។ កម្មវិធី​នៃ​ប្រទេស​ថៃ​នេះ​នឹង​ជួយ​ទូរទាត់​ អតិថិជន​ដទៃ​ទៀត​ក្នុង​ពិភព​លោក»។

លោក​ អាំម៉ារ ស្យ៉ាម​វ៉ាឡា​ (Ammar Siamwalla) ប្រធាន​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​អភិវឌ្ឍន៍​ថៃ​ ឬ​ ទីឌីអារអាយ (TDRI)​ និយាយ​ថា​ អ្នក​ដែល​ទទួល​បាន​ផលប្រយោជន៍​សំខាន់​ជាង​គេគឺ​អ្នក​ផលិតអង្ករ​ធំៗ។​ លោក​ខ្លាច​ថា​ កម្មវិធីនេះ​អាច​នឹង​ធ្វើ​ឲ្យមាន​ការ​បង្កើត​សហគ្រាស​អង្ករ​ជាតិដែល​រដ្ឋ​កាន់​កាប់​ ដែល​នឹង​ធ្វើ​ឲ្យវិស័យ​ឯកជន​លក់​អង្ករ​ចេញនៃ​ប្រទេស​ថៃខូច​ខាត​ប្រយោជន៍។

«រឿង​ដែល​សំខាន់​នោះ​គឺ​ កម្មវិធី​នេះ​នឹង​បំផ្លាញ​ឧស្សាហកម្ម​អង្ករ​ឯកជន​របស់​យើង​ ជា​ពិសេស​មក​ពី​កន្លែង​កិន​ស្រូវ។ តម្លៃ​អង្ករ​របស់​យើង​គឺ​៥០​ភាគ​រយ​ថ្លៃ​ជាងតម្លៃ​នៅ​ទី​ផ្សារ​លក់​ដូរ។ តើ​យើងលក់​អង្ករ​យ៉ាង​ដូច​ម្ដេច​បាន​ ហើយ​នេះ​ជា​ចម្លើយចំពោះ​សំណួរ​របស់​អស់​លោក​អ្នក​ ថា​តើ​រដ្ឋាភិបាល​នឹង​ត្រួតត្រា​លើពាណិជ្ជកម្ម​អង្ករ​ឬ?»។

លោក​ អាំម៉ារ​និយាយ​ថា​កម្មវិធី​របស់​រដ្ឋាភិបាល​ក៏​អាច​ទទួល​រង​អំពើ​ពុក​រលួយ​និង​ការ​ខ្វះ​ខាត​ថវិកាដែរ។

កម្មវិធី​ដូច​គ្នា​នេះ​នៅ​ឆ្នាំ​២០០៨​ ទទួល​រង​ការ​ខ្វះ​ថវិកា​ជាង​១,៤០០​លាន​ដុល្លារ។​ ក្រសួង​កសិកម្ម​ស.រ.អ.​ ព្រមាន​ថា​បើ​រដ្ឋាភិបាល​នៃ​ប្រទេស​ថៃ​ ប្រើ​ប្រាក់​ជំនួយ​របស់​រដ្ឋាភិបាល​ដើម្បី​លក់​អង្ករ​ចេញ​ ក្នុង​តម្លៃ​ទាប​ជាងប្រាក់​ដែល​ខ្លួន​ជួយ​កសិករ​ថៃ​ ការ​ធ្វើ​ដូច្នេះ​អាច​ជា​ការ​រំលោភ​លើ​ វិន័យ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក៕

ប្រែ​សម្រួល​ដោយ​ កងស៊ីវន