នៅពេលនេះ អាជ្ញាធរថៃបានបង្ក្រាបពួកបាតុករប្រឆាំងនឹងរដ្ឋាភិបាលមកពីតំបន់ស្រុកស្រែចម្ការ ដែលបានកាន់កាប់ផ្នែកនានានៃរាជធានីចំនួនពីរខែ។ ការបង្ក្រាបដោយក្រុមយោធាបានបញ្ចប់បាតុកម្មទាំងនោះ ក៏ប៉ុន្តែមិនមែនមុនមនុស្សជាង៨០នាក់បានស្លាប់ទេ ដោយភាគច្រើនបំផុតជាពួកបាតុករ។ យ៉ាងណាក៏ដោយពួកបាតុករមិនបានបោះបង់ចោលការទាមទាររបស់ពួកគេឱ្យ មានការបោះឆ្នោតជាថ្មី និងឱ្យមានយុត្តិធ៌មសម្រាប់ពួកជនដែលបានស្លាប់នោះទេ។
អ្នកស្រី Paeng Lam Saleeto អង្គុយនៅលើក្តារក្រាលនៃផ្ទះអ្នកស្រីនៅក្នុងខែត្រ Udon Thani ស្តាប់ការជជែកដេញដោលគ្នាតាមវិទ្យុដោយពួកអ្នកនយោបាយក្នុងក្រុងបាងកក អំពីអំពើហិង្សាកាលពីខែមុន។
អ្នកស្រីនិយាយថា អ្នកស្រីមិនយល់អ្វីទាំងអស់ដែលពួកអ្នកនយោបាយទាំងនេះនិយាយ ក៏ប៉ុន្តែជាការច្បាស់លាស់ចំពោះអ្នកស្រីថាភាគីទាំងពីរ គឺរដ្ឋាភិបាលនិងពួកប្រឆាំងកំពុងឈ្លោះប្រកែកគ្នា។
នៅជិតអ្នកស្រីមានរូបថតដាក់កញ្ចក់មួយនៃកូនប្រុសអ្នកស្រីអាយុ ៣២ ឆ្នាំ ដែលជាបាតុករម្នាក់ក្នុងបណ្តាពួកបាតុករមួយចំនួនដែលបានស្លាប់កាលពីថ្ងៃទី ១៩ ខែឧសភា នៅពេលដែលពួកទាហានបណ្តេញពួកគេឱ្យចេញពីក្រុងបាងកក។ អ្នកស្រី Saleeto និយាយ ថាអ្នកស្រីគាំទ្រកូនប្រុសអ្នកស្រីពីព្រោះគាត់បានការពារលទ្ធិប្រជាធិបតេយ្យ និងបានទាមទារឱ្យមានដ្ឋាភិបាលត្រឹមត្រូវ។ ក៏ប៉ុន្តែ សាកសពរបស់កូនប្រុសអ្នកស្រីបានត្រូវរកឃើញនៅក្នុងជំរុំរបស់ពួកបាតុករក្នុងវត្តមួយ ដែលគេគិតថាជាកន្លែងមានសុវត្ថិភាពពីការប៉ះទង្គិចគ្នា។
អ្នកស្រី Saleeto និយាយថា អ្នកស្រីមិនចង់ឱ្យកូនអ្នកស្រីណាម្នាក់ចូលរួមក្នុងបាតុកម្មទៀតទេ។ អ្នកស្រីមិនបានដឹងថា មានការសម្លាប់មនុស្សទេ។ អ្នកស្រីថ្លែងថា ប្រសិនបើអ្នកស្រីបានដឹងដូច្នេះ អ្នកស្រីបញ្ឈប់កូនប្រុសអ្នកស្រីមិនឱ្យទៅចូលរួមក្នុងបាតុកម្មនេះទេ។
ចាប់តាំងពីខែមិនាមក ពួកបាតុករអាវក្រហមរាប់ពាន់នាក់បានកាន់កាប់ផ្នែកកណ្តាលក្រុងបាងកក ដោយរាំងផ្លូវធំៗនិងបង្ខិតបង្ខំហាងជំនួញរាប់រយឱ្យបិទទ្វារ។
នៅក្នុងរយៈពេលមានបាតុកម្មពីរខែ មនុស្សជាង៨០នាក់បានបាត់បង់ជីវិត ហើយនៅពេលដែលក្រុមទាហានរដ្ឋាភិបាលចាប់ផ្តើមបណ្តេញពួកបាតុករកាលពីថ្ងៃទី១៩ ខែឧសភា ពួកបាតុករអាវក្រហមខឹងសំបារ បានដុតអាគារជាង៣០ក្នុងក្រុងបាងកក។
រដ្ឋាភិបាលបានសន្យាថា នឹងឱ្យមានការស៊ើបអង្កេតឯករាជ្យមួយអំពីអំពើហិង្សានេះ ក៏ប៉ុន្តែបាននិយាយថាអំពើឃោរឃៅភាគច្រើនជាការងាររបស់ពួកភេរវជនក្នុងចំណោមពួកបាតុករ។
នៅក្នុងខេត្ត Udon Thani ដែលជាសំបុករបស់ពួកអាវក្រហម មានការទុកចិត្តបន្តិចបន្តួចលើរដ្ឋាភិបាលដែលពួកបាតុករនិយាយថា បានដកពួកអ្នកតំណាងជាប់ឆ្នោតរបស់ពួកគេពីអំណាច។
តាមរយៈច្បាប់គ្រាមានអាសន្ន រដ្ឋាភិបាលបង្ក្រាបបណ្តាញផ្សាយព៌តមាននិងសកម្មភាពរបស់ពួកអាវក្រហម។ ពួកមន្ត្រីរដ្ឋាភិបាលនិយាយថា ពួកគេកំពុងធ្វើការដើម្បីបញ្ចៀសកុំឱ្យមានអំពើហិង្សាថែមទៀត ក៏ប៉ុន្តែក៏កំពុងរៀបចំផែនការមួយក្នុងរយៈពេលយូរដើម្បីផ្សះផ្សា ប្រទេសជាតិដែលបែកបាក់គ្នាខាងនយោបាយ និងដោះស្រាយកង្វល់របស់ពួកអាវក្រហមអំពីភាពមិនស្មើគ្នានៃប្រាក់ចំណូល និងការរៀបចំការបោះឆ្នោតជាថ្មី។
លោក Kamolsil Singhasuriya ជាប៉ូលីសចូលនិវត្តន៍ម្នាក់និងជាអ្នកចាត់ចែងម្នាក់ ក្នុងបណ្តាពួកអ្នកចាត់ចែងការតវ៉ាក្នុងមូលដ្ឋាន។ ពួកអាជ្ញាធរបានសាកសួរចម្លើយលោករួចស្រេចហើយ ហើយលោកនិយាយថា ពួកអាវក្រហមកំពុងឋិតនៅក្រោមគំនាបសង្កត់យ៉ាងខ្លាំង។
លោក Kamolsil Singhasuriya និយាយថា នៅពេលណាក្រឹត្យគ្រាមានអាសន្នបានត្រូវលុបចោល ពួកគេនឹងចាប់ផ្តើមបង្កើតចលនាមួយទៀត។ លោកថ្លែងថា ចលនានេះជាចលនាអហិង្សានិងបន្តអំពាវនាវឱ្យមានលទ្ធិប្រជាធិបតេយ្យ។
នៅក្រោយការបង្ក្រាបកាលពីខែមុន ពួកបាតុកររាប់រយនាក់នៅក្នុងខេត្ត Udon Thani បានដុតអាគាររដ្ឋាភិបាលនិងរថយន្ត។ អាគារចាស់នៃសាលាក្រុងបានឆេះហិនហោច។ ក្តារក្រាលធ្វើពីឈើម៉ៃសាក់នៃអាគារនេះបានឆេះជាផេះ។ នៅក្នុងកន្លែងចតទ្បានមាននៅសល់សំណល់ទ្បានទឹកពីរ បីគ្រឿងដែលបានត្រូវដុតឆេះ។
នៅពេលនេះ ពួកឆ្មាំសន្តិសុខប្រដាប់ដោយកាំភ្លើង M16 យាមល្បាតតំបន់នេះ។ ពួកប៉ូលីសនិងពួកឆ្មាំសន្តិសុខនៅទីនេះនិយាយថា ពួកគេ មានមិត្តភ័ក្តិនិងសមាជិកគ្រួសារក្នុងចំណោមពួកបាតុករ ហើយពួកគេព្រួយបារម្ភថា ទោះណាមានការស្ងប់ស្ងាត់នៅពេលបច្ចុប្បន្ននេះក៏ដោយ ក៏ចលាចលអាចវិលត្រទ្បប់មកវិញយ៉ាងឆាប់រហ័ស។
លោក Chouchart Klinchan ដែលជាឆ្មាំសន្តិសុខម្នាក់នៅឯសាលាក្រុងចាស់និយាយថា ទោះណាជាមានសមានចិត្តក៏ដោយ ក៏ពួកឆ្មាំមានការប្រុងប្រយ័ត្នខ្លាំង។
លោក Chouchart Klinchan និយាយ ថាមានពាក្យចចាមអារាមថា ក្នុងរយៈពេលប្រមាណពីរខែទៀតប្រហែលនឹងមានអ្វីកើតទ្បើង ពីព្រោះពួកបាតុករនៅតែខឹងសំបារនៅទ្បើយ ហើយប្រហែលចង់ធ្វើសកម្មភាពថែមទៀតប្រឆាំងនឹងរដ្ឋាភិបាល។
អាជ្ញាធរបានបន្តការគ្រប់គ្រងគ្រាមានអាសន្នរហូតដល់ខែកក្កដា ក៏ប៉ុន្តែនិយាយថា តាមរយៈផែនការផ្សះផ្សារបស់រដ្ឋាភិបាល ការបោះឆ្នោតអាចមានធ្វើនៅដើមឆ្នាំក្រោយ។
ពួកអ្នកគាំទ្រពួកអាវក្រហមនៅក្នុងខេត្ត Udon Thani និយាយថា ពួកគេចង់រង់ចាំការបោះឆ្នោត ក៏ប៉ុន្តែប្រសិនបើការស៊ើបអង្កេតអំពីអំពើហិង្សានៅពេលធ្វើបាតុកម្មលំអៀងទៅតែម្ខាង ការបែកបាក់គ្នាក្នុងប្រទេសនឹងមានរឹតតែធ្ងន់ធ្ងរថែមទៀត៕
ប្រែសម្រួលដោយ ឈឹម សុមេធ