អង្គការ WWF ថា សត្វ​និង​រុក្ខជាតិ​ថ្មី​ជាង ២០០ ប្រភេទ ត្រូវបាន​រកឃើញ​នៅ​តំបន់​ទន្លេ​មេគង្គ

នៅក្នុងរូបថតដែលមិនបានបញ្ជាកកាលបរិច្ឆេទនេះ សត្វស្វា Popa langur រត់នៅក្នុងព្រៃ។ សត្វស្វា Popa langur គឺជាប្រភេទសត្វថ្មីចំនួន ២២៤ ប្រភេទដែលបានចុះបញ្ជីនៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតរបស់មូលនិធិសត្វព្រៃពិភពលោក (WWF) នៅក្នុងតំបន់មេគង្គ។ (AP)

របាយការណ៍​របស់​អង្គការ​មូលនិធិ​សាកល​សម្រាប់​ធម្មជាតិ ឬ​អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក (WWF) បាន​បង្ហាញ​ថា អ្នក​វិទ្យាសាស្ត្រ​នានា​បាន​រកឃើញ​សត្វ​និង​រុក្ខជាតិ​ប្រភេទ​ថ្មី​ជាង ២០០ ប្រភេទ នៅ​ទូទាំង​តំបន់​ទន្លេ​មេគង្គ​កាលពី​ឆ្នាំ ២០២០ ថ្វីបើ​មាន​ការ​គំរាមកំហែង​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ​និង​សកម្មភាព​របស់​មនុស្ស​ដូចជា​ការ​កាប់ឈើ​ក៏ដោយ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

នៅក្នុង​ការ​រកឃើញ​នេះ គេ​ឃើញ​មាន​ទាំង​ថនិកសត្វ​ថ្មី​មួយ​ប្រភេទ ត្រី​មួយ​ប្រភេទ​ដែល​គ្មាន​ពណ៌ និង​ពស់​មួយ​ប្រភេទ​ដែល​មាន​ពណ៌​ភ្លឺ​ផ្លេកៗ​ផងដែរ។

នៅក្នុង​របាយការណ៍​របស់​ខ្លួន​ដែល​មាន​ចំណងជើង​ថា «ការ​រកឃើញ​សត្វ​និង​រុក្ខជាតិ​ប្រភេទ​ថ្មីៗ» អង្គការ WWF បាន​បញ្ជាក់​ថា ជារួម សត្វ​និង​រុក្ខជាតិ​ថ្មី​ចំនួន ២២៤ ប្រភេទ ត្រូវបាន​រកឃើញ​នៅ​ក្នុង​តំបន់​នោះ។ តំបន់​នោះ​រួម​បញ្ចូល​ប្រទេស​មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និង​វៀតណាម»។

តំបន់​ទន្លេ​មេគង្គ ដែល​មាន​លក្ខណៈ​ភូមិសាស្ត្រ​ផ្សេងៗ​ដូចជា​ព្រៃឈើ​និង​ភ្នំ​ជាដើម គឺ​ជា​តំបន់​ជីវៈ​ចម្រុះ​ដ៏​ធំ​សំខាន់​មួយ។ វា​ជា​ជម្រក​សត្វ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​នៅ​លើ​ពិភពលោក ដែល​កំពុង​រង​គ្រោះថ្នាក់​ខ្លាំង ដូចជា​ខ្លា ដំរី​អាស៊ី និង​ត្រី​រាជ​ជាដើម។

អង្គការ WWF បាន​បញ្ជាក់​ថា អត្រា​នៃ​ការ​រកឃើញ​សត្វ​និង​រុក្ខជាតិ​ថ្មី ដែល​តាំងពី​ឆ្នាំ ១៩៩៧ មក បាន​រកឃើញ​ជាង ៣.០០០ ប្រភេទ​រួច​មក​ហើយ​នោះ បាន​បង្ហាញ​ឲ្យ​ឃើញ​អំពី​សារៈសំខាន់​នៃ​ការ​ថែ​រក្សា​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​ផុយស្រួយ​នៅ​ក្នុង​តំបន់​ទន្លេ​មេគង្គ៕