១០ឆ្នាំ​ក្រោយពី​មាន​រលក​យក្ស ​Tsunami​​ ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះថ្នាក់​បែប​នេះ​គ្មាន​ការយក​ចិត្ត​ទុក​ដាក់

  • Ron Corben

ពលរដ្ឋ​រត់ទៅរកទីទួល​បន្ទាប់​ពី​​ឮព័ត៌មាន​អំពី​រលក​យក្ស​ស៊ូណាមី ដោយ​សារ​តែ​មាន​ការ​រញ្ជួយផែនដី​

ពិធី​បុណ្យ​នានា​ធ្វើឡើង​នៅភាគ​ខាងត្បូង​ប្រទេស​ថៃ​ដើម្បី​រំឭក​ខួប​១០​ឆ្នាំ​នៃ​ការ​រញ្ជួយ​ដី​ដែល​នាំឲ្យ​មាន​រលក​យក្ស​ Tsunami ​កាលពី​ឆ្នាំ​២០០៤។​ ពិធីនេះ​មាន​អ្នក​ចូលរួម​ជាជន​ជាតិ​ថៃ​ជន​បរទេស​និង​ឥស្សរជន​ច្រើន​រយនាក់។​ថ្វីបើ​មាន​ការ​ចំណាយ​លុយ​ច្រើន​លាន​ដុល្លារ​សម្រាប់​ធ្វើ​ប្រព័ន្ធ​ប្រកាសអាសន្ន​ជា​មុន​ក្តី តែ​គុណ​វិបត្តិ​នៅ​តែ​មាន​ក្នុង​ការ​ត្រៀម​ខ្លួន​ទប់ទល់​គ្រោះ​មហន្តរាយ​ក្នុង​តំបន់​នេះ។​

នៅ​ខេត្ត ​Phang Nga ​នៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ​នេះ​មាន​ការ​រៀបចំ​ពិធី​ជាច្រើន​ធ្វើឡើង​ដើម្បី​រំឭក​សោកនាដ្ឋកម្ម​ដោយសារ​រលក​យក្ស ​Tsunami នៅ​ក្នុង​មហា​សមុទ្រ​ឥណ្ឌា​កាលពី​ឆ្នាំ​២០០៤។ ​ពិធី​នេះធ្វើ​នៅក្បែរ​ទូក​របស់​ប៉ូលិស​ថៃ​ពណ៌​ត្នោត​ចាស់​មួយ​ដែល​រលក​យក្ស​ Tsunami ​បាន​បោក​បក់​មកនៅ​លើ​គោក​កាលពី​មួយ​ទសវត្សរ៍​មុន។​

ពិធី​រំឭក​ក្នុង​ពេល​រសៀល​ ដឹកនាំ​ដោយ​លោក​ប្រាយុទ្ធ​ចាន់អូចា​ នាយក​រដ្ឋមន្ត្រី​ថៃនោះ ​មាន​ការចូល​រួម​ពី​អ្នក​រួច​ជីវិតពី​គ្រោះ​មហន្តរាយ​នេះ​ សមាជិក​គ្រួសារ​របស់​គេ ​និង​ឥស្សរ​ជន​មកពី​ប្រទេស​ចំនួន​១៤​ផ្សេង​ទៀត​ ដែល​ជនជាតិ​របស់​គេ​បាន​ស្លាប់​ក្នុង​គ្រោះ​មហន្តរាយ​ធម្មជាតិ​នេះ។​

មាន​ជន​បរទេស​ជាង​២២០០​នាក់ ​ភាគ​ច្រើន​ជា​អ្នក​ទេសចរណ៍​ ដែល​ដើរ​លេង​នៅ​ប្រទេស​ថៃ​អំឡុង​បុណ្យ​ណូអែល ​ឬ ​Christmas ​ឆ្នាំ​នោះ បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ជិត​ខេត្ត Phang Nga​ នេះ។​ជនរង​គ្រោះ​ជាង​១០០០​នាក់ ដែល​ក្នុង​នោះ​មាន​៥៣៤​នាក់​មក​ពី​ប្រទេសអាល្លឺម៉ងនិង​៥២៦​នាក់​មកពី​ប្រទេស​ស៊ុយអែត។ ​ជនរង​គ្រោះ​សរុប​នៅ​ក្នុង​ប្រទេស​ថៃ​មាន​៥៤០០​នាក់​បាន​ស្លាប់​បាត់​បង់ជីវិត ​ក្នុង​នោះ​មាន​ជនជាតិ​ថៃ​២៥០០​នាក់។​ ជនរងគ្រោះ​ដទៃ​ទៀត​មក​ពី​ប្រទេស​ហ្វាំងឡង់​ ប្រទេស​អង់គ្លេសនិង​ប្រទេស​ស្វីស ហើយ​នឹង​ប្រទេស​អូស្ត្រាលី​ ប្រទេស​កូរ៉េ ​ប្រទេស​ជប៉ុន ហើយនឹង​ស.រ.អា.។​

ពលករ​ចំណាក​ស្រុក​រាប់រយ​នាក់​មក​ពី​ប្រទេស​ភូមា​ ឬ​ Myanmar ​ក៏បាន​បាត់​បង់​ជីវិត​នៅ​ទីនេះ​ដែរ។​ ​

ក្នុង​តំបន់​អាស៊ី​ទាំង​មូល​មាន​មនុស្ស​២៣​ម៉ឺន​នាក់​បាន​ស្លាប់ក្នុង​នោះ​មាន១៣​ម៉ឺន​នាក់​ស្លាប់​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ ក្នុង​ខេត្ត ​Banda Aceh ​ ដែល​ប្រឈម​នឹង​អំណាច​របស់​រលក​យក្ស​ Tsunami ​ធ្ងន់ធ្ងរ​ជាង​គេ។ ​

សោក​នាដ្ឋកម្ម​នេះ​បាន​បណ្តាល​ឲ្យមាន​ការប្រឹង​ប្រែងយ៉ាង​ទូលំទូលាយ​ជា​អន្តរជាតិ​ដើម្បី​បង្កើត​ប្រព័ន្ធ​ប្រកាស​អាសន្ននៅ​ទីនោះ​ ដើម្បី​ការពារ​កុំឲ្យ​គ្រោះ​ថ្នាក់​បាត់បង់​ជីវិត​បែប​នេះ​កើត​មាន​ជា​ថ្មី​ទៀត។ ប្រព័ន្ធ​ប្រាប់​ឲ្យដឹង​ជាមុន​នេះ​ត្រូវបាន​បង្កើត​ឡើង​នៅ​ក្នុង​ប្រទេស​ជាង​២០​ គួបផ្សំ​នឹង​ពោង​ត្រួត​ពិនិត្យ​ដែលត្រៀម​ជាស្រេច​ដើម្បី​ស្ទង់​ចលនា​សមុទ្រ។​ ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ការ​រញ្ជួយ​ដីនិង​រលក​យក្ស​Tsunami ​បាន​ឆក់​យកជីវិត​មនុស្ស​ជាង​៩១​ម៉ឺន​នាក់តាំង​ពីឆ្នាំ១​៩៧០​មក។​ តែ​បច្ចុប្បន្ន​នេះ​ ការ​ភ័យខ្លាច​កើន​ឡើង​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​ក្នុងស្រុក​ និង​រដ្ឋាភិបាល​នានា។​

អ្នកស្រី​ Shamika ​Sirimanne ដែល​ធ្វើការ​នៅ​គណៈ​កម្មការ​សេដ្ឋកិច្ច​អ.ស.ប.​សម្រាប់​តំបន់​អាស៊ី ​និង​ប៉ាស៊ីហ្វិក​ផ្តោត​លើការ​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​ និយាយ​ថា​ រដ្ឋាភិបាល​នានា​ត្រូវ​ចំណាយ​ច្រើន​ទៀត​ដើម្បី​ចៀសវាង​កុំឲ្យ​គ្រោះថ្នាក់​ដូច​កាលពី​ឆ្នាំ​២០០៤​នេះ​កើត​មាន​ជា​ថ្មី​ទៀត។​

«គ្រោះ​មហន្តរាយ​នេះ​ប៉ះពាល់​ខ្លាំង​ក្លា​ខាង​ហិរញ្ញវត្ថុនិង​ការ​ធ្វើ​ផែនការ​ដូច​នេះ​គេ​ដឹង​ថា​ ត្រូវ​មាន​ការ​វិនិយោគ​ទុន​យ៉ាង​ច្រើន​សម្បើម​ ហើយ​ត្រូវ​មាន​ទីបញ្ចប់​ដើម្បី​បញ្ចប់​ប្រព័ន្ធ​ប្រកាសអាសន្ន​នេះ​ ដែល​មាន​ការងារ​ច្រើន​ទៀត​ត្រូវ​ធ្វើ។ ​នេះ​ជា​របៀប​វារៈ​មិន​ចេះ​ចប់​ទេ»។​

លោក​ Damith Dharmasaroja ​ឧតុនិយម​វិទូ​ជនជាតិ​ថៃ​បាន​ព្រមាន​អំពីគ្រោះ​មហន្តរាយ​ ដែល​អាច​កើត​មាន​នៅ​អាស៊ីប៉ាស៊ីហ្វិក​ ដោយសារ​តែ​ការ​រញ្ជួយ​ដី និង​រលកយក្ស ​Tsunami ​មុន​កើតមាន​សោកនាដ្ឋ​កម្ម​ក្នុង​ឆ្នាំ​២០០៤​នោះ។​

ឥឡូវ​នេះលោក​ ​Samith​ និយាយ​ថា ​ប្រព័ន្ធ​ព្រមាន​អំពី​គ្រោះថ្នាក់នេះ​មិន​មាន​ការ​ថែ​រក្សា​គ្រប់គ្រាន់​ទេ។​

«ប្រព័ន្ធ​ប្រកាស​អាសន្ន​ដែល​ខ្ញុំបាន​ដំឡើង​ ហើយ​ដែល​មានមណ្ឌល​ជិត​១០០​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ ​នៅ​ភាគ​ខាង​និរតីនោះ គ្មាន​អ្នកណា​ទទួល​ខុសត្រូវ​ទេ​ គ្មាន​អ្នកណា​ធ្វើការ​ងារ​ថែ​រក្សា​ប្រព័ន្ធ​នេះ​គឺ​ប៉ម​ព្រមាន​អំពី​គ្រោះ​អាសន្ន​នេះ។​ គ្មាន​ការ​ថែរក្សា​ប៉ម​ទាំងនោះ​ទៀង​ទាត់​ទេ»។​

អ្នកស្រី​ Pornthip Rojannasunand ​អ្នកវិទ្យា​សាស្ត្រ​កំពូល​ខាង​នីតិក្រម​បាន​ចំណាយ​ពេល​ជិត​៦​សប្តាហ៍​នៅភាគ​ខាង​ត្បូង​ប្រទេស​ថៃ​ ធ្វើការ​ខាង​សម្គាល់​អត្ត​សញ្ញាណ​ជន​រងគ្រោះ​ជាមួយ​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​អន្តរជាតិ​ និង​ប៉ូលិស។​

អ្នកស្រី​និយាយ​ថា ​ប៉ូលិស​ក្នុង​ស្រុក​ និង​សហគមន៍​នៅតែ​មិន​បាន​ត្រៀមខ្លួន​សម្រាប់​គ្រោះ​មហន្តរាយ​ក្នុង​ពេល​អនាគត​ទេ។​

«ក្រោយពី​មាន​គ្រោះ​ថ្នាក់​ភ្លាមៗ ​ខ្ញុំ​គិត​ដូច្នេះ​ យើង​នៅតែ​មិន​ទាន់​អាច​ទប់ទល់​នឹង​គ្រោះ​ថ្នាក់​បែប​នេះ​នៅ​ឡើយ​ទេ។ ​ខ្ញុំចង់​និយាយ​អំពីគ្រោះ​មហន្តរាយ​ទ្រង់ទ្រាយ​ធំ​បន្ទាប់ពី​ Tsunami។​ ប៉ូលិស​នៅ​តែ​រង់ចាំ។​ ចំណេះ​ដឹង​ខាង​នីតិក្រម​អំពី​កិច្ចការ​នេះ​នឹង​សាប​រលាប​បន្តិច​ម្តងៗ។ ​ប៉ូលិស​ដែល​ធ្វើការ​នៅជំនាន់មាន​រលក​យក្ស​ Tsunami ​នឹង​ប្តូរ​វេន​ទៅ​កន្លែង​ផ្សេង ហើយ​អ្នក​ខ្លះ​ចូល​និវត្តន៍។ ​ដូច្នេះ​ក្នុង​ពេល​អនាគត ​យើង​នឹង​នៅតែ​មាន​បញ្ហា»។​

ប្រព័ន្ធ​ដែល​មានតម្លៃ​ជាង​៤០០​លាន​ដុល្លារ​ដែល​ព្រមាន​អំពី​គ្រោះ​ថ្នាក់​នេះ​ត្រូវ​ដំឡើង​នៅ​ក្នុង​ប្រទេស​ចំនួន​២៨។​ ប៉ុន្តែ​នៅមាន​ការ​ខ្វះខាត​ក្នុង​ការ​អប់រំ​សាធារណ​ជន​អំពី​ប្រព័ន្ធ​នេះ​ ហើយ​ផ្នែកខ្លះ​មិន​ដំណើរ​ការ​ទេ។​

នៅ​ពេល​ការ​រញ្ជួយ​ដីមាន​កម្លាំង​រំញ័រ​៨,៦​បាន​បក់បោក​ទៅលើ​ខេត្ត ​Banda Aceh ​ប្រទេស​ឥណ្ឌូនេស៊ី​ក្នុង​ឆ្នាំ​២០១២​នោះ ​ប្រជាជន​នាំ​គ្នា​ភ័យ​ស្លន់ស្លោ​ ហើយ​មិន​រក​ជម្រក​ការពារ​ទេ។ ​ពួក​គេ​បែរ​ជា​នាំ​គ្នា​ខំភៀស​ខ្លួន​ស្ទះ​ពេញ​ផ្លូវ​ ហើយ​ស៊ីរ៉ែន​ប្រកាស​អាសន្ន​មិន​ដំណើរ​ការ​គឺ​អត់​បញ្ចេញ​ភេរវសញ្ញា​អ្វី​សោះ៕

លោក​ពិន ស៊ីសុវណ្ណ​ជូន​សេចក្តីប្រែ​សម្រួល