ប្រទេស​ថៃ​មាន​​​អ្នក​ស្លាប់​ប្រចាំ​ថ្ងៃ​ដោយសារ​កូវីដ​១៩​ កើន​ដល់​​៣១​នាក់​​មិន​ធ្លាប់​មាន 

  • Reuters

រូបឯកសារ៖ បុគ្គលិក​សុខាភិបាល​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩​ដល់ប្រជាជន​នៅ​ខេត្ត Nonthaburi ប្រទេស​ថៃ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។

ក្រសួង​សុខាភិបាល​ថៃ​ បាន​ប្រកាសនៅ​ថ្ងៃ​ចន្ទ​ថា​ ខ្លួនមានអ្នក​ស្លាប់​ថ្មី​ប្រចាំ​ថ្ងៃដោយសារ​ជំងឺ​កូវីដ​១៩ មាន​ចំនួន​៣១​នាក់​ ស្រប​ពេល​ដែល​ប្រទេស​នេះ ​កំពុង​រង​ការ​រាត​ត្បាតឆ្លង​ខ្លាំង​នៃ​ជំងឺកូវីដ​១៩​ ក្នុង​រលក​ទី​៣​នោះ។​ នេះ​បើ​តាមសេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន ​Reuters។

បន្ទាប់​ពី​គ្រប់គ្រង​បាន​មួយ​ផ្នែក​ធំ​នៃការ​រាត​ត្បាតឆ្លងជំងឺ​កូវីដ​១៩ប្រហែល​មួយ​ឆ្នាំ​មក​ តាម​រយៈការ​វិធានការ​រឹតត្បិត និង​ការរឹត​បន្តឹង​ការ​ធ្វើដំណើរ​ឆ្លងព្រំ​ដែន​នោះ​ ប្រទេស​ថៃ​ ​កំពុង​ប្រឈម​ខ្លាំង​នឹង​ការហក់​ឡើងខ្លាំង​ជា​ថ្មីនៃ​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​ ចាប់​តាំង​ពី​ចុង​ខែ​មេសា​មក។ ការ​រាតត្បាត​ចុង​ក្រោយ​នេះ​ហាក់ពិបាកទប់​ទល់​ជាង​មុន និង​បាន​ដាក់​សម្ពាធ​ជា​ខ្លាំង​ទៅលើ​ប្រព័ន្ធ​សុខាភិបាលរបស់​ថៃ។​ ​

មន្ត្រីថៃបាន​ប្រកាស​ថា ខ្លួន​បាន​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​ថ្មីចំនួន​២.០៤១​នាក់​បន្ថែម​ទៀត​ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ក្នុង​ប្រទេស​ថៃ​ បាន​កើន​ឡើង​ដល់​ចំនួន​សរុប៧១.០២៥នាក់​ ចាប់​តាំងពី​ការ​រាតត្បាត​ឆ្លង​នៃ​ជំងឺ​នេះ​កាល​ពី​ឆ្នាំ​កន្លងទៅ។​ អ្នក​ស្លាប់​សរុប​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​២៧៦​នាក់។​

ការ​រាត​ត្បាត​ឆ្លង​ថ្មី​នេះ​ ក៏​រួម​មាន​ផង​ដែរ​ការ​ឆ្លងនៃ​វីរុសកូវីដ​១៩​បម្លែង​ថ្មី​ B.1.1.7 មាន​ប្រភព​ពី​ ប្រទេស​អង់គ្លេស ​ដែល​មាន​លក្ខណៈ​ឆ្លងរហ័ស​ជាង​មុន និង​ដែល​មាន​ចំនួន​ជាង​ពាក់​កណ្តាល​នៃ​ចំនួនឆ្លងនិង​ស្លាប់​សរុប​នៅ​ប្រទេស​ថៃ។​

ប្រទេស​ថៃ​ មាន​បំណង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ ​ដល់​ពលរដ្ឋ​របស់​ខ្លួន​ ឲ្យ​បាន​ចំនួន​៧០% នៅ​ត្រឹម​ដំណាច់ឆ្នាំ​នេះ។​ ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​ កា​រចាក់​វ៉ាក់សាំងរបស់​ថៃ​ មាន​លក្ខណៈ​យឺតជាង​ប្រទេស​ក្បែរ​ខាង​ខ្លួន​មួយ​ចំនួន៕