មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បដិសេធ​ថា​គ្មានករណី​ចាប់ជំរិត​យុវជនថៃ​ក្នុងទឹកដី​កម្ពុជា​ឡើយ

ប៉ូលិសកម្ពុជាម្នាក់សម្រួលចរាចរណ៍ ខណៈ​រថយន្ត​ប៉ូលិស​ដែល​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ដឹក​ពលរដ្ឋ​ជប៉ុន​ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ដោយ​សង្ស័យ​ថា​បាន​ឆបោក​តាម​ទូរសព្ទ ធ្វើដំណើរ​ឆ្ពោះ​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។

ក្រោយ​កាសែត​ថៃរាយ​ការណ៍​ថា ​មាន​យុវជន​ថៃ​វ័យ ​១៧ ​ឆ្នាំ​ម្នាក់​ ត្រូវ​បាន​បោក​បញ្ឆោត និងត្រូវបាន​ជំរិត​ទារ​ប្រាក់​ចំនួន​ ២​លាន​បាត​ (ឬជិត ​៦ម៉ឺនដុល្លារ​អាមេរិក​)​ ក្នុង​ទឹកដី​កម្ពុជា​ មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញ​ដូរ​មនុស្ស​កម្ពុជា​ ច្រាន​ចោល​ដំណឹងនោះ ដោយ​លើក​ឡើង​ថា​ វា​មិនមែន​ជា​ករណី​ចាប់​ជំរិត ឬ​បោក​បញ្ឆោត​នោះ​ទេ តែ​វា​ជា​សកម្ម​ភាព​ក្លែង​បន្លំ​របស់​យុវជន​នោះ​ដើម្បី​បញ្ឆោត​យក​លុយ​ពី​ក្រុម​គ្រួសារ​។

កាល​ពីថ្ងៃទី ​២៨ ខែ​សីហា ​កាសែត​ The Bangkok Post ​បាន​ចុះ​ផ្សាយ​អត្ថបទ​មួយក្រោម​ចំណង​ជើងថា​ «​យុវ​ជន​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ក្រុម​ឆបោក​នៅ​កម្ពុជា»​។ ​កាសែត​ថៃ​មួយ​នេះបាន​រៀប​រាប់​ថា យុវជន​ថៃ​វ័យ​ ១៧ ​ឆ្នាំ​រូប​នោះ ដែល​ជា​កូន​របស់មន្ត្រី​ជាន់​ខ្ពស់​មួយ​រូបនៃ​ខេត្ត​ Chaiyaphum ​ប្រទេស​ថៃ​ ត្រូវ​បាន​ចាប់​ពង្រាត់​ចេញ​ពី​បន្ទប់​ស្នាក់​នៅ​ក្នុង​សាកល​វិទ្យាល័យ ​Pathum Thani និង​នាំ​យក​មក​កម្ពុជា​។

ឪពុក​ម្តាយ​របស់​យុវជន​រូបនោះក៏ប្តឹង​ប៉ូលិស​ក្នុង​ខេត្ត​ Chaiyaphum​ បន្ទាប់​ពី​ទទួលបាន​ដំណឹង​ការ​ចាប់​ពង្រាត់​នោះ​។ ប៉ូលិស​ក្នុង​ខេត្ត​ Chaiyaphum​ ក៏​បានសហការ​ជាមួយ​អាជ្ញាធរ​កម្ពុជា ​រហូត​ដល់​រក​ឃើញ​យុវជន​រូប​នោះ​។ នេះបើ​តាម​កាសែត​ The Bangkok Post​។

កាសែត​ថៃ​មួយ​នេះ​បន្ថែម​ថា យុវជនរូប​នោះត្រូវ​បាន​ប៉ូលិស​កម្ពុជា​ផាក​ពិន័យ​ពី​បទ​ចូលទឹកដី​កម្ពុជា​ដោយ​ខុស​ច្បាប់​ ​និងត្រូវ​បញ្ចូន​ទៅប្រទេស​ថៃវិញកាល​ពីថ្ងៃ​ពុធ។

ជុំវិញ​បញ្ហា​នេះ អាជ្ញាធរ​កម្ពុជា​បដិសេធ​ថា ​វា​មិនមែន​ជា​ករណី​ចាប់ជំរិត ឬ​ឆបោក​ក្នុង​ប្រទេស​កម្ពុជា​នោះទេ​។
អនុ​ប្រធាន​អចិន្ត្រៃយ៍​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញ​ដូរ​មនុស្ស អ្នកស្រី​ ជូ ប៊ុនអេង ​ប្រាប់វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ ដោយ​ច្រាន​ចោល​សេចក្តីរាយកាណ៍​របស់​កាសែត ​The Bangkok Post ដោយ​អះអាង​ថា​ ​យុវជន​នោះ​បាន​ប្រតិដ្ឋ​ព្រឹត្តិការណ៍ចាប់​ជំរិត​ដោយ​ខ្លួនឯង​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ទារ​ប្រាក់​ពី​ឪពុក​ម្តាយ​។ ដូច្នេះ​ អ្នកស្រីថា ​ករណី​នេះ​មិនមែន​ជា​ករណី​ចាប់​ជំរិតនោះទេ​។ ​

បើ​តាម​អ្នកស្រី ជូ ប៊ុនអេង​ នេះ​ជាករណី​លើក​ទី ២ ដែល​កើត​ឡើង​ក្នុងប្រទេស​កម្ពុជា ក្រោម​រូបភាព​ក្លែង​បន្លំ​ដោយ​ចង់​បាន​លុយ​ពី​ក្រុមគ្រួសារ​បែប​នេះ​។

អ្នកស្រីបញ្ជាក់​ថា ករណីលើកទី ១​ គឺ​ជន​ជាតិ​ចិន​តៃវ៉ាន់ ​២ ​នាក់​ បាន​ថត​សម្តែង​និង​ផ្សាយ​ផ្ទាល់​តាម​បណ្តាញ​សង្គមក្នុង​ក្រុង​ព្រះ​សីហនុ ​ដោយពួកគេ​ធ្វើសកម្ម​ភាព​រត់​គេច​ខ្លួន​និង​ភ័យ​ខ្លាច​ ហើយ​ថា​មាន​គេ​ចាប់​ជំរិត​ខ្លួន និងធ្វើ​សកម្មភាព​បោកប្រាស់​ដូចគេវាយ​ដំឈាម​ពេញ​ខ្លួន រួច​ហើយ​បង្ហោះ​រូបភាពនោះ​ទៅ​ឱ្យ​ម្តាយ​ផ្ញើលុយ​មក​ឱ្យ​ប្រមាណ​ ៣០ ម៉ឺន​ដុល្លារ​អាមេរិក​មកឱ្យខ្លួន។ ប៉ុន្តែ​ឪពុក​ម្តាយ​នៅ​ចិន​បាន​ទាក់ទ​ង​មក​អាជ្ញាធរ​កម្ពុជា ​ទើប​អាជ្ញាធរ​រក​ឃើញ ​ថា​សកម្មភាព​នា​ពេល​នោះជាការ​ក្លែង​បន្លំ​ ឬបង្កើត​ព្រឹត្តិ​ការណ៍​បោក​ប្រាស់​យក​ប្រាក់​ពី​ម្តាយ​។​

ព័ត៌មាន​ទាក់ទង៖ ជនជាតិ​ចិន​តៃវ៉ាន់ ដែល​ថត​វីដេអូ​ប្រតិដ្ឋ​រឿង​ធ្វើ​ទារុណកម្ម ត្រូវបាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ


​អ្នកស្រី ជូ ប៊ុនអេង​ ប្រាប់​វីអូអេ​ថា៖ ​«ហើយលើក​ទី ២ នេះ ដូចគ្នាដែរ ដោយ​សារ​ក្មេង​ដែលជាកូន​លោក​ចៅហ្វាយ​ក្រុង​អី​ហ្នឹងគឺគាត់គ្រឿង​ញៀន​ខ្លួនឯង​ទេ ហើយ​គាត់​ដើម្បី​បង្កើត​ព័ត៌មានឱ្យ​ម្តាយ​យក​លុយ​មក​លស់​ អ៊ីចឹង​គាត់​ប្រាប់​ថា​មាន​ប៉ូលិស​អី មក​ជំរិតគាត់ ដើម្បី​យក​ប្រាក់​មក​លស់អីអ៊ីចឹ​ង។ ប៉ុន្តែ​ទីបំផុត​យើង​បាន​រក​ឃើញ​ហើយ​ថា​ Account ​ហ្នឹង​គឺជា ​Account ក្លែង​ក្លាយ​ដែល​ដើរ​តួ​ជា​ប៉ូលិស​ហ្នឹង​ឯង​»​។

អ្នកស្រីមិនទាន់​មាន​ព័ត៌មាន​លម្អិត​ទាក់​ទង​ករណី​នេះ​នៅឡើយ​ទេ​ ថា​តើ​យុវជន​ថៃរូបនោះ​ធ្វើសកម្ម​ភាព​បែបណា និង​នៅទីកន្លែង​ណា​មួយ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ​ ប៉ុន្តែអ្នកស្រីកំពុង​ស្នើ​សមត្ថកិច្ច​ដែល​ប្រតិបត្តិ​ការ​លើករណី​នេះផ្ទាល់​ ឱ្យ​រៀបចំ​សន្និសីទកាសែតបញ្ជាក់​ព័ត៌​មាន ​ដើម្បី​ធ្វើយ៉ាង​ណា​កុំឱ្យ​ប៉ះ​ពាល់​មុខ​មាត់​កម្ពុជា​។ ​

អ្នកស្រី​ថ្លែង​ថា៖ ​«ខ្ញុំកំពុងតែស្នើ​សុំ​ឱ្យអ្នកធ្វើ​ប្រតិបត្តិការ​ផ្ទាល់ ជាពិសេស​សមត្ថកិច្ច​ប៉ូលិស​ហ្នឹង នៅ​ពេល​ប្រមូល​ភស្តុ​តាង​ជុំ​ហើយ​ ធ្វើ​សន្និសីទ​កាសែត​ ដើម្បី​ឱ្យបាន​ដឹងការ​ពិត​ តើរឿង​ពិតវា​យ៉ាង​ម៉េច​ ពីព្រោះ​កុំ​ឱ្យចេះតែ​មានការ​ផ្សព្វ​ផ្សាយ​ខុស​ពីការ​ពិត និង​ខូច​ឈ្មោះក​ម្ពុជា​»។ ​

​នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​លោក​ អំ សំអាត ​យល់​ឃើញ​ថា ​ដើម្បីជ​ម្រះ​មន្ទិល​សង្ស័យ​ជុំវិញ​ករណីនេះ​ និង​ដើម្បី​កុំឱ្យប៉ះ​ពាល់​មុខមាត់​កម្ពុជា គឺ​អាជ្ញាធរកម្ពុជា​ត្រូវ​ធ្វើ​ការ​ស៊ើប​អង្កេត​ ​ស្រាវជ្រាវ និង​ធ្វើរបាយ​ការណ៍​មួយ​ដោយ​មាន​ការ​ចូលរួម​ពីគ្រប់​ភាគីពាក់ព័ន្ធ។ ​

លោក​ប្រាប់​វីអូអេ​ថា៖ «​កម្ពុជាត្រូវ​តែមាន​ការស៊ើប​អង្កេត​ និង​ស្រាវជ្រាវ​មួយ ​ហើយ​ធ្វើ​របាយ​ការណ៍​ដើម្បី​បញ្ជាក់​ពីរឿង​ការពិត​ដែល​បាន​រកឃើញ ​ដើម្បី​បង្ហាញ​ទៅប្រជា​ពល​រដ្ឋ​ ក៏ដូចជា​ប្រទេស​ថៃ​វិញ​ អំពី​លទ្ធផល​ដែល​កម្ពុជា​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​ និង​ការ​ស្រាវជ្រាវទៅលើ​រឿងនេះ​ ដើម្បី​កុំ​ឱ្យ​មានការ​ប៉ះពាល់​ដល់​មុខ​មាត់​កម្ពុជា​យើង​»។

កាល​ពី​កន្លង​ទៅ ​មាន​សេចក្តី​រាយ​ការណ៍​ថា​ កម្ពុជា​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​កន្លែង​បោក​បញ្ឆោត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ដោយ​ប្រើ​ប្រាស់​កម្លាំង​ពលកម្ម​បរទេស​ ធ្វើ​ការ​នៅ​តាម​អគារ​ខ្ពស់ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ រហូត​មាន​សេចក្តី​រាយ​ការណ៍​អំពី​ការ​បង្ខាំង​ទុក​ពួកគេ ​មិន​ឱ្យ​មាន​សេរី​ភាព ​ធ្វើ​ទារុណកម្ម​ និង​ជំរិត​ទារ​ប្រាក់​ជា​ដើម។​ នៅ​ក្នុង​នោះ​ ខេត្ត​ព្រះ​សីហនុ​គឺ​ជា​ទីតាំង​គោល​ដៅ​មួយ​ ដែល​ត្រូវ​បាន​សារ​ព័ត៌​មាន​ជា​ច្រើន​ចុះ​ផ្សាយ​អំពី​ករណីទាំង​នេះ​ផង​ដែរ។​

នៅឆ្នាំ ​២០២៤ នេះ ​របាយ​ការណ៍​ស្តី​ពី​ការជួញដូរ​មនុស្ស​របស់​ក្រសួង​ការបរទេស​អាមេរិក​បាន​បង្ហាញ​ថា​ ប្រទេស​កម្ពុជា​បន្ត​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​ទាប​បំផុត ​ពាក់ព័ន្ធ​នឹង​ការ​ចាត់​វិធាន​ការ​លុប​បំបាត់ ​ឬទប់​ស្កាត់​ការ​ជួញ​ដូរ​មនុស្ស​ ដែល​នាំឱ្យ​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​កម្រិត​ ៣ ឬ Tier 3។

ដោយ​ឡែក ​អាជ្ញាធរ​កម្ពុជាប្តេជ្ញា​បន្ត​ធ្វើ​ការ​ទប់​ស្កាត់ និង​រកអ្នក​ពាក់ព័ន្ធ​ក្នុង​ការ​បើក​ផ្លូវ​ឱ្យ​មាន​ឧ​ក្រិដ្ឋ​កម្ម​នេះ ​ហើយ​កម្ពុជា​ចង់​ឃើញ​សហរដ្ឋ​អាមេរិក​ជួយ​ធ្វើ​យ៉ាង​ណាដោះ​ស្រាយ​បញ្ហា​មួយ​នេះឱ្យ​បាន​ជ្រះ​ស្រឡះផងដែរ ដើម្បី​បញ្ចៀស​ការ​រិះគន់ ឬ​ការ​ដាក់​ចំណាត់​ថ្នាក់​ទាប​លើ​កម្ពុជា​ ទាក់​ទិន​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​ និង​អំពើ​ចាប់​ជំរិត​មនុស្ស​ឆ្លង​ដែន៕​