គម្រោង​ទាញ​យក​ទឹកទន្លេ​នៅ​ថៃ​ឆ្លង​ផុត​បញ្ហា​ប្រឈម​ដ៏​សំខាន់ បន្ទាប់ពី​ចិន​បង្ហាញ​ចំណាប់​អារម្មណ៍​លើ​គម្រោង​នេះ

រូបឯកសារ៖ ទន្លេ Yuam​។ (រូបថត៖ Pianporn Deetes/International Rivers)

ប្រទេស​ថៃ បាន​សម្រេចយល់ព្រម​លើគម្រោង​ទាញ​យក​ទឹក​ដ៏​ចម្រូងចម្រាស​មួយ និង​ដែល​ត្រូវ​បាន​ពិភាក្សា​យ៉ាង​យូរ​ បន្ទាប់​ពី​គម្រោង​នេះ​ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ក្រុមហ៊ុន​ចិន​ដ៏​ធំ​មួយ។ នេះ​ជា​ការ​វិវត្ត​មួយ​ដែល​អាច​ផ្តល់​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នូវ​ជំហរ​ថ្មី​មួយ​សម្រាប់​គម្រោង​ផ្លូវ​ក្រវ៉ាត់​ពាណិជ្ជកម្ម​របស់​ចិន (BRI)។

នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក Prawit Wongsuwan ឧបនាយករដ្ឋមន្ត្រី​ថៃ​ដ៏​មាន​ឥទ្ធិពល​ ក្រុមប្រឹក្សា​បរិស្ថាន​ជាតិ​ថៃ​នៅ​ក្នុង​ខែកញ្ញា​បាន​អនុម័ត​លើ​ការ​វាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន​ដ៏​សំខាន់​មួយ​សម្រាប់​គម្រោង​បង្វែរ​យក​ទឹក​ទន្លេ Yuam។

ក្រុមប្រឹក្សា​នេះ​បាន​បដិសេធ​ការ​វាយតម្លៃ​សម្រាប់​គម្រោង​នេះ​ពីរ​ដង​រួច​មក​ហើយ ដែល​លើក​ចុង​ក្រោយ​បំផុត​នៅ​ក្នុង​ខែធ្នូ ឆ្នាំ​២០១៩។ ការ​ប្រែក្រឡះ​ទាំងស្រុង​មក​អនុម័ត​វិញ​ក្នុង​ខែ​កញ្ញា​ធ្វើ​ឡើង​ប៉ុន្មាន​សប្តាហ៍​បន្ទាប់​ពី​សារព័ត៌មាន​ក្នុង​ស្រុក​បាន​រាយការណ៍​ថា ក្រុមហ៊ុន​ចិន​ដែល​មិន​ស្គាល់​ឈ្មោះ​មួយ​កំពុង​ដាក់​សំណើ​សាងសង់​គម្រោង​នេះ​ក្នុង​តម្លៃ​លើស​ពាក់​កណ្តាល​បន្តិចនៃ​តម្លៃ​ប៉ាន់ស្មាន​ចំនួន ២.១០០ លាន​ដុល្លារ​អាមេរិក​ដោយ​រ៉ាប់រង​ចំណាយ​ទាំង​អស់​ដោយ​ខ្លួន​ឯង និង​បញ្ចប់​គម្រោង​នេះ​ក្នុង​រយៈពេល​ពេល​តែ​ ៤ ឆ្នាំ​ជា​ជាង​រយៈពេល ៧ ឆ្នាំ​ដែល​គេ​រំពឹង​ទុក។

របាយការណ៍​ពី​ការ​ចាប់​អារម្មណ៍​របស់​ចិន​កើត​ចេញ​ពី​លោក Veerakorn Kamprakob សមាជិក​រដ្ឋសភា​មក​ពី​គណបក្ស Phalang Pracharat ដែល​ជា​គណបក្ស​របស់​លោក Prawit និង​លោក​នាយករដ្ឋមន្ត្រី Prayut Chan-ocha ដែល​គ្រប​ដណ្តប់រដ្ឋាភិបាល​ចម្រុះដែល​កាន់​អំណាច​ក្នុង​ប្រទេស​ថៃ។

នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ VOA លោក​ Veerakorn បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ចិន​មួយ​បាន​ដាក់​សំណើ​មក​លោក។ លោក​បាន​បង្ហាញ​ថា ក្រុមហ៊ុន​នោះ​ជា​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋ​ចិន​ឈ្មោះ Norinco International។ ក្រុមហ៊ុន​នេះ​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ផ្នែក​វិស្វកម្ម​ស៊ីវិល​របស់​ក្រុមហ៊ុន​ផលិត​អាវុធ​ឈ្មោះ Norinco Group ដែល​មាន​គម្រោង​នៅ​ទូទាំង​អាស៊ី អាហ្វ្រិក និង​មជ្ឈិម​បូព៌ា។

អ្នក​តំណាងរាស្រ្ត​រូប​នេះ​បាន​ថ្លែង​ថា លោក​បាន​យក​សំណើ​របស់​ក្រុមហ៊ុន Norinco ដាក់​ជូន​លោក Prayut ប្រមាណ​ជា ៦ ខែ​មុន និង​ថា​ លោក​នាយករដ្ឋមន្ត្រី​ពេញចិត្ត​នឹង​សំណើ​របស់​ក្រុមហ៊ុន​នេះ​ក្នុង​ការ​សាងសង់​គម្រោង​នេះ​ក្នុង​ទឹកប្រាក់​តែ ១,២ ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​ក្រុមហ៊ុន​នេះ​នឹង​រ៉ាប់រង​ចំណាយ​សាងសង់​ទាំង​អស់។ ​

លោក Veerakorn បាន​ថ្លែង​ប្រាប់​ VOA ក្នុង​សម្តី​ដើម​ថា៖ «លោក​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ថា វា​គួរ​ឱ្យ​ចាប់​អារម្មណ៍​ណាស់ ដោយសារ​តែ​ឥឡូវ​នេះ ដោយសារ​យើង​ត្រូវ​ទប់ទល់​នឹង​ជំងឺ​កូវីដ១៩ យើង​មិន​មាន​ទឹកប្រាក់​ច្រើន​ក្នុង​ការ​វិនិយោគ​លើ​គម្រោង​នេះ​ទេ»។

លោក​បាន​បន្ថែម​ថា៖ «ដូច្នេះ​លោក​នាយករដ្ឋមន្ត្រី​ថា ប្រសិន​បើ​មាន​សំណើ​នេះ​មក​ពី​ក្រុមហ៊ុន​ចិន ហេតុអ្វី​ក៏​មិន​ទទួល​យក? យើង​ពិចារណា​លើ​សំណើ​នេះ​យ៉ាង​ម៉ត់ចត់។ លោក​នាយករដ្ឋមន្ត្រី​បាន​ប្រាប់​ក្រសួង​ធារាសាស្ត្រ​ឱ្យ​ពិចារណា​លើ​សំណើ​នេះ​រួច​ហើយ»។

ក្រសួង​ធារាសាស្ត្រ និង​អ្នក​នាំពាក្យ​របស់​រដ្ឋាភិបាល និង​លោក​នាយករដ្ឋមន្ត្រី​មិន​បាន​ឆ្លើយតប​ចំពោះ​ការ​សុំ​អត្ថាធិប្បាយ​របស់​ VOA នោះ​ទេ។ ក្រុមហ៊ុន Norinco International ក៏​មិន​បាន​ឆ្លើយតប​ដែរ។

ប្រទេស​ចិន​តាម​ចែចង់​ប្រទេស​ថៃ

រដ្ឋាភិបាល​ថៃ​ជាច្រើន​ជំនាន់បាន​ពិចារណា​អំពី​គម្រោង​ដ៏​ធំ​មួយ​នេះ​ចាប់តាំង​ពី​ទសវត្សរ៍​១៩៩០​មក ដើម្បី​ជួយ​បំពេញ​តម្រូវការ​ទឹក​ដែល​កសិករ​នៅ​ភូមិភាគ​កណ្តាល​ប្រទេស​ថៃ​ត្រូវ​ការ​កាន់​តែ​ខ្លាំង​ទៅៗ។

នៅ​ក្នុង​គម្រោង​មួយ​ដែល​អាច​ជា​គម្រោង​ដំបូង​សម្រាប់​ប្រទេស​នេះ បណ្តាញ​ទុយោ​ដ៏​ធំ​ដែល​មាន​អង្កត់ផ្ចិត​ជាង ៨ ម៉ែត្រ​អាច​រត់​កាត់​ក្រោម​ដី​ចម្ងាយ ៦១ គីឡូម៉ែត្រ ដោយ​ទាញ​ទឹក​ពី​ទន្លេ Yuam នៅ​ក្បែរ​ព្រំប្រទល់​ថៃ និង​មីយ៉ាន់ម៉ា​យក​ទៅ​អាង​ស្តុក​ទឹក Bhumibol Reservoir។ គម្រោង​នេះ​ក៏​អំពាវនាវ​ឱ្យ​មាន​អាង​ស្តុក​ទឹក​ជាមួយ​នឹង​ទំនប់​ទឹក​នៅ​លើ​ទន្លេ Yuam ដើម្បី​បង្ហូរ​ទៅ​ក្នុង​បណ្តាញ​ទុយោ​នេះ​ដែរ។

លោក Pongphisoot Busbarat សាស្ត្រាចារ្យ​ជំនួយ​នៅ​សាកលវិទ្យាល័យ Chulalongkorn ក្នុង​ប្រទេស​ថៃ ដែល​សិក្សា​ពី​ទំនាក់ទំនង​ថៃ និង​ចិន​បាន​ថ្លែង​ថា សំណើ​របស់​ក្រុមហ៊ុនNorinco ក្នុង​ការ​ធ្វើ​ឱ្យ​គម្រោង​នេះ​ដំណើរការ​អាច​នឹង​ជា​កិច្ច​ប្រឹងប្រែង​ចុងក្រោយ​បង្អស់​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុង​ការ​ពង្រីក​វត្តមាន​គម្រោង BRI របស់​ខ្លួន​ក្នុង​ប្រទេស​ថៃ។

រូបឯកសារ៖ ទន្លេ Yuam។ (រូបថត៖ Pianporn Deetes/International Rivers)

គម្រោង​នេះ​អាច​កើត​ឡើង​បន្ទាប់​ពី​គម្រោង​ពីរទៀត​បាន​ជួប​ការ​រាំង​ស្ទះ ដែល​មួយ​ជា​គម្រោង​រវាង​ក្រុមហ៊ុន China Railway Rolling Stock Corporation និង​ក្រុមហ៊ុន​ផ្លូវ​រថភ្លើង​រដ្ឋ​ថៃ​ក្នុង​ការ​សាងសង់​ខ្សែ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ដែល​ភ្ជាប់​ទីក្រុង​បាងកក​ទៅ​ខេត្ត Nakhon Ratchasima (នគររាជសីមា) នៅ​ភូមិភាគ​កណ្តាល និង​មួយ​ទៀត​ជា​គម្រោង​រវាង​ក្រុមហ៊ុន China Railway Construction Corporation និង​ក្រុមហ៊ុន CP Group របស់​ថៃ​ក្នុង​ការ​សាងសង់​បណ្តាញ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ដែល​ភ្ជាប់​អាកាសយានដ្ឋាន​ចំនួន​ ៣ ​នៅ​តំបន់ក្រុង​បាងកក និង​ក្រុង​រមនីយដ្ឋាន​ឆ្នេរ​សមុទ្រ Pattaya។​

លោក Pongphisoot បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «ដូច្នេះ ជាមួយ​នឹង​រូបភាព​ទូទៅ​បែប​នេះ អ្នក​អាច​មើល​ឃើញ​ថា ក្រុមហ៊ុន​ចិន​កំពុង​ព្យាយាម​ពង្រីក​ឥទ្ធិពល និង​តួនាទី [របស់​ពួកគេ] នៅ​ក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​នេះ​នៅ​ក្នុង​ប្រទេស​ថៃ​នៅ​ក្រោម​គម្រោង BRI»។​

លោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​គិត​ថា គម្រោង​ទាញ​យក​ទឹក​ទន្លេ Yuam អាច​កើត​ឡើង​ចំ​ពេល​ល្អ។ យ៉ាង​ហោច​ណាស់ វា​ជាឱកាស​ល្អ​មួយ [សម្រាប់​ចិន] ក្នុង​ការ​ពង្រីក​សកម្មភាព​ទាំង​នេះ​នៅ​ក្នុង​ប្រទេស​ថៃ»។

លោកPongphisoot បាន​ថ្លែង​ថា ការ​អនុម័ត​ភ្លាមៗ​នៃ​ការ​វាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន​នៃ​គម្រោង​ទន្លេ Yuam ក៏​អាច​បង្ហាញ​ថា រដ្ឋាភិបាល​ថៃ​កំពុង​ចាប់​ផ្តើមបន្ធូរបន្ថយ​ទស្សនៈ​ប្រយ័ត្នប្រយែង​របស់​ខ្លួន​ចំពោះ​ឥទ្ធិពល​គម្រោង​ BRI របស់​ចិន​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍។

លោក​បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «ខ្ញុំ​គិត​ថា នេះ​បង្ហាញ​ថា រដ្ឋាភិបាល​សប្បាយ​ចិត្ត​នឹង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ចិនចូល​មក​កាន់​តែ​ច្រើន»។

អ្នក​វិភាគ​ថា កន្លង​មក រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​ការ​លំបាក​ជាង​ ក្នុង​ការ​ពង្រីកគម្រោង​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធរបស់​ខ្លួន​ទៅ​ក្នុង​ប្រទេស​ថៃ​ បើ​ប្រៀបធៀបជាមួយប្រទេស​ជិត​ខាង​ ដូចជា​កម្ពុជា និង​ឡាវ ក៏​ដូច​ជា​ម៉ាឡេស៊ី ដែលទើប​តែ​ថ្មីៗ​នេះ​ទេបាន​ចាប់​ផ្តើម​រឹតត្បិត​ចំពោះ​គម្រោង​របស់​ចិន។ ប្រទេស​ជិត​ខាង​ថៃ​នីមួយៗមានគម្រោង​ BRI ជាច្រើន​ដោយ​ខ្លួន​ឯង។ គម្រោង​ទាំង​នោះ​រួម​មាន​ គម្រោង​ចិន​ក្នុង​ការ​សាងសង់​ខ្សែ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ដែល​រត់​ពី​ទីក្រុង Kunming ដែល​ជា​ទីក្រុង​មិន​ជាប់​សមុទ្រ​នៅ​ទិស​និរតី​ក្នុង​ប្រទេស​ចិន​ទៅ​កំពង់ផែ​ដ៏​មហាញឹក​ក្នុង​ប្រទេស​សិង្ហបុរី​ ដែល​គេ​សង្ឃឹម​ថា​ផ្លូវ​រថភ្លើង​នេះ​ទៅ​ថ្ងៃ​អនាគត​នឹងរត់យ៉ាង​រលូន​ឆ្លង​កាត់ប្រទេស​ឡាវ ថៃ និង​ម៉ាឡេស៊ី​នៅ​តាម​ខ្សែ​ផ្លូវ​រថភ្លើង​នេះ។​

ប្រទេស​ថៃ «មាន​ភាព​ស្ទាក់ស្ទើរ»

វិស្វករ​ចិន និង​ក្រុម​ការងារ​នឹង​បញ្ចប់​កំណាត់ផ្លូវ​រថភ្លើង​នេះ​ក្នុង​ប្រទេស​ឡាវ​នៅ​ត្រឹម​ចុង​ឆ្នាំ​នេះ ដោយ​មាន​ការប្រឆាំង​តិចតួច​ពី​ប្រទេស​ជិត​ខាង​ចិន​ក្រីក្រ​តូច​មួយ។

ផ្ទុយ​ទៅ​វិញ មក​ដល់​ពេល​នេះ​ប្រទេស​ថៃ​បាន​អនុម័ត​ការ​សាងសង់​ផ្លូវ​រថភ្លើង​តិច​ជាង ១/៣ ក្នុង​គម្រោង​ ដែល​ត្រូវ​រត់​ចេញ​ពី​ទីក្រុង​បាងកក​ទៅ​ព្រំប្រទល់​ជាមួយ​នឹង​ឡាវ ហើយសូម្បីកំណាត់​ដែល​ត្រូវ​បាន​អនុម័ត​នោះ ថែម​ទាំង​ត្រូវមាន​ការ​ចរចា​ជាង ៣០ ជុំ​ជាមួយ​នឹង​ចិន​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ទម្រាំ​សម្រេច​បាន។​

លោក Murray Hiebert អ្នកស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​កម្មវិធី​អាស៊ីអាគ្នេយ៍​នៅ​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ ​និង អន្តរជាតិ CSIS ដែល​ជា​អង្គការ​ស្រាវជ្រាវ​មួយ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា ដោយ​ឧស្សាហកម្ម​ធុន​ធ្ងន់​ភាគច្រើន​របស់​ថៃ​ប្រមូលផ្តុំ​ជុំវិញ​ទីក្រុង​បាងកក ប្រទេស​ថៃ​បាន​រារែក​ចំពោះ​ការ​អំពាវនាវ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុង​ការ​ប្តេជ្ញា​ចិត្ត​លើ​ការ​សាងសង់​បណ្តាញ​រថភ្លើង​ទាំង​ស្រុង​ទៅ​ដល់​ប្រទេស​ឡាវ។ ផ្ទុយ​ទៅ​វិញ​ប្រទេស​ថៃ ​ទាមទារ​ស្វែងរក​ប្រាក់​កម្ចី​ និង​សម្ភារៈ​ល្អ​បំផុតពី​ប្រទេស​ផ្សេង​ទៀត ជា​ជាង​ភ្ជាប់​ខ្លួន​ទៅ​នឹង​ប្រទេស​ចិន។

លោក​បាន​ថ្លែង​ថា ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ពី​ក្រុម​អ្នក​បរិស្ថាន​ និង​ការ​បង្កើត​ស្តង់ដា​ជាច្រើន​ដោយ​អង្គភាព​ផ្តល់​សេវា​ស៊ីវិល​បែប​អភិរក្ស និង​ឯករាជ្យ​ក៏​បាន​ដើរ​តួនាទី​ក្នុង​ការ​លុបចោល​គម្រោង​ជាច្រើន​ដែល​ចិន​ព្យាយាម​ជំរុញ​នៅ​ក្នុង​ប្រទេស​ថៃ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ។​

លោក Hiebert ដែល​ជា​អ្នក​និពន្ធ​សៀវភៅ «នៅ​ក្រោម​ស្រមោល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង៖ បញ្ហា​ប្រឈម​ចិន​នៅ​អាស៊ី​អាគ្នេយ៍» ឬ Under Beijing’s Shadow: Southeast Asia’s China Challenge ថ្លែង​ថា៖ «កន្លង​មក​ជា​ការ​លំបាក​[សម្រាប់​ចិន]»។

លោក​បាន​ថ្លែង​ថា កម្លាំង​ចលករ​ដូចគ្នា​នេះ បូក​រួម​ទាំង​បញ្ហា​សេដ្ឋកិច្ច​ចិន​ខ្លួន​ឯង​ទំនង​ជា​ជួយ​ឱ្យ​គម្រោង​ទន្លេ Yuam នេះ​មិន​ទាន់​អាចចាប់​ផ្តើម​ក្នុង​ពេល​ឆាប់ៗ​នេះ​ទេ។

លោក​បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «បាទ ជា​ទូទៅ​ចិន​ចង់​បាន​តួនាទី​កាន់​តែ​ធំ​នៅ​ក្នុង​គម្រោង​សេដ្ឋកិច្ច​ថៃ ប៉ុន្តែ​ថៃ​រុញ​ទៅ​វិញ។ ប៉ុន្តែ​ចិន​ក៏​បាន​ដក​ថយ​បន្តិច​ដោយសារ​បញ្ហា​កូវីដ១៩ និង​កំណើន​សេដ្ឋកិច្ច​យឺត​ក្នុង​ប្រទេស​ចិន។ ដូច្នេះ​ នៅ​ពេល​នេះ យើង​មិន​មាន​សូចនាករ​ល្អ​ណា​មួយ​ថា​តើ​ចិន​នឹង​ដើរ​ទៅ​មុខ​បែប​ណា​ជាមួយ​នឹង​គម្រោង BRI នោះ​ទេ។ វា​មិន​ទំនង​ទេ​ដែល​ថា ចិន​នឹង​បញ្ឈប់​គម្រោង​ដែល​កំពុង​ដំណើរការ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ឬ​ម៉ាឡេស៊ី ប៉ុន្តែ​អ្នក​មិន​ឃើញ​មាន​គម្រោង​ថ្មីៗ​ច្រើន​ដែល​កំពុង​ត្រូវ​បាន​ប្រកាស ចុះ​ហត្ថលេខា និង​ចាប់​ផ្តើម​អនុវត្ត​ចាប់​តាំង​ពី​ដើម​ឆ្នាំ២០២០​មក​នោះ​ទេ»។

«ផលប៉ះពាល់​ធ្ងន់ធ្ងរ»

ក្រុម​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ថៃ​កំពុង​ប្រឆាំង​នឹង​គម្រោង​ដែល​មាន​រួច​ទៅ​ហើយ និង​មាន​ការ​បារម្ភ​អំពី​អ្នក​ភូមិ​ដែល​ត្រូវ​ធ្វើ​ចំណាកស្រុក​ដើម្បីការ​សាងសង់​អាង​ស្តុក​ទឹក​ថ្មី និង​ព្រៃឈើ​ការពារ​ជាច្រើន​ដែល​ត្រូវ​កាប់​ដើម្បី​បណ្តាញ​ទុយោ​ក្រោម​ដី។

អ្នកស្រី Pianporn Deetes អ្នក​សម្របសម្រួល​យុទ្ធនាការ​នៃ​អង្គការ International Rivers ក្នុង​ប្រទេស​ថៃ ដែល​ធ្វើ​ការ​តស៊ូ​មតិ​សម្រាប់​ការ​គ្រប់គ្រង​ធនធាន​ទឹក​ប្រកប​ដោយ​ចិរភាព​បាន​ថ្លែង​ថា៖ «គម្រោង​នេះ​នឹង​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​លើ​ជនជាតិ​ដើម​ភាគ​តិច Karen ដែល​កំពុង​រស់​នៅ​ក្នុង​តំបន់​រង​ផលប៉ះពាល់ និង​ដែល​មិន​ទាន់​ត្រូវ​បាន​គេ​ពិភាក្សា​ជាមួយ​ប្រកប​ដោយ​ផ្លែផ្កា​ទេ។ នឹង​មាន​ផលប៉ះពាល់​លើ​តំបន់​ទី​ជម្រាល ដី​កសិកម្ម និង​ការ​ទទួល​បាន​ធនធាន​ធម្មជាតិ»។​

អ្នកស្រី​បាន​ថ្លែង​ថា ការ​វាយតម្លៃ​ដែល​ក្រុមប្រឹក្សា​បរិស្ថាន​ជាតិ​ទើប​តែ​អនុម័ត​ «មាន​កំហុស​យ៉ាង​ខ្លាំង» ដោយសារ​វា​តំណាង​ខុស​ និង​បំផ្លើស​ពី​ទស្សនៈ​ដែល​សហគមន៍ និង​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ផ្តល់​ឱ្យ។

លោកVeerakorn សមាជិក​រដ្ឋសភា​នៅ​តែ​ទទូច​ម្តង​ហើយ​ម្តង​ទៀត​ថា គម្រោង​នេះ​នឹង​ត្រូវ​បើក​ឱ្យ​មាន​ការ​ដេញ​ថ្លៃ​អន្តរជាតិ ប្រហែល​ជា​នៅ​ត្រឹម​ចុង​ឆ្នាំ​នេះ និង​ថា សំណើ​ល្អ​បំផុត​នឹង​ទទួល​បាន​គម្រោង​នេះ។

អ្នកស្រី Pianporn ថ្លែង​ថា ការ​បញ្ចុះបញ្ចូល​របស់​អ្នក​តំណាងរាស្ត្រ​រូប​នេះឱ្យ​ក្រុមហ៊ុន Norinco ធ្វើ​ឱ្យ​មាន​ឥទ្ធិពល​ខ្លាំង។

អ្នកស្រី​ថ្លែង​ថា៖ «វា​ច្បាស់​ណាស់​ថា វា​ជា​រឿង​នយោបាយ។ ប្រសិន​បើ​គម្រោង​ត្រូវ​បាន​ពិចារណា​ដោយ​មាន​ការ​ទទួល​ខុសត្រូវ និង​គណនេយ្យភាព វា​នឹង​មិន​ត្រូវគេ​អនុម័ត​នោះ​ទេ»៕