ក្រុម​ចម្រៀង​រ៉េប​​សរសេរ​បទ​ថ្មី​ពី​បាតុកម្ម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​ថៃ

រូបឯកសារ៖ ក្រុមតារាចម្រៀងរ៉េប​ថៃ​ ដែល​ច្រៀង​ថ្កោលទោស​ការ​ពាក់ព័ន្ធរបស់​យោធា​នៅ​ក្នុង​រដ្ឋាភិបាល ច្រៀង​នៅទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។

ក្រុម​ចម្រៀង​រ៉េប​ដ៏​ល្បីឈ្មោះ​ជាង​គេរបស់​ប្រទេស​ថៃ ឬ​សម្រាប់​អ្នកខ្លះ​ជាក្រុម​មិនមាន​ឈ្មោះ​ល្អ​ បាន​ត្រឡប់​មក​វិញ​ជាមួយ​នឹង​កំហឹង​សងសឹក។

ក្រុម​រ៉េប​ឈ្មោះ «រ៉េប​ប្រឆាំង​នឹង​របប​ផ្តាច់ការ» (Rap Against Dictatorship ឬR.A.D.) ចាប់​ផ្តើម​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​ឆ្នាំ២០១៨ ជាមួយ​នឹង​បទចម្រៀង​ដំបូង​ក្រោម​ចំណងជើង​ថា «អ្វី​ដែល​ប្រទេស​ខ្ញុំ​មាន» (What my country's got) ដែល​ជា​បទចម្រៀង​វាយប្រហារ​បែប​នយោបាយ​មួយ​សំដៅ​ទៅ​របប​យោធា​ដឹកនាំ​ប្រទេសថៃ​កាល​ពី​គ្រា​មុន។ វីដេអូ​បទចម្រៀង​នេះ​ទទួល​បាន​ចំនួន​ទស្សនា ៩៤​ លាន​ដង​នៅ​លើ​គេហទំព័រ YouTube។

ក្រុមចម្រៀង​នេះ​បាន​បញ្ចេញ​បទចម្រៀង​ចុងក្រោយ​បង្អស់​របស់​ខ្លួន​ក្រោម​ចំណងជើង​ថា «កំណែទម្រង់» (Reform) នៅ​លើ​គេហទំព័រ YouTube កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន​នេះ ខណៈ​ពេល​មាន​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​កំពុង​ញាំញី​នៅ​រាជធានី​បាងកក។ វីដេអូ​បទចម្រៀង​នេះ​បាន​ទាក់ទាញ​ចំនួន​ទស្សនា​ជាង ៧​លាន​ដង​រួច​មក​ហើយមក​ទល់​ពេល​នេះ​។

ខណៈ​ដែល​ផ្តោត​លើ​ប្រធានបទ​ទូទៅ​ស្តី​ពី​ការ​គាបសង្កត់​ដោយ​រដ្ឋអំណាច ​និទណ្ឌភាព និង​ភាព​មិន​ស្មោះត្រង់ បទចម្រៀង​ថ្មី​នេះ ក៏​ដូច​ជា​បាតុកម្ម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ផង​ដែរ គឺ​មិន​ត្រឹមតែ​វាយប្រហារទៅ​លើ​រដ្ឋាភិបាលថៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ទៅ​លើរាជវង្ស ដែល​មិន​មាន​នរណា​ម្នាក់​ហ៊ាន​និយាយ​ប៉ះពាល់​ ពី​គ្រា​មុន​មក។

​សារបង្កប់

ក្រុមយុវជន​នៅ​ប្រទេស​ថៃ​បាន​ចេញ​ធ្វើ​បាតុកម្ម​តាម​ដង​ផ្លូវ​ក្នុង​រាជធានី​ក្នុង​ចំនួន​រាប់ពាន់​នាក់​សឹង​តែ​រាល់​ថ្ងៃ​ ចាប់តាំង​ពី​ខែ​កក្កដា​មក ដើម្បី​ទាមទារ​ឲ្យ​អតីត​មេដឹកនាំ​រដ្ឋប្រហារ​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី លោក ប្រាយុទ្ធ ចាន់អូចា លាលែង​ពី​តំណែង និង​ដើម្បី​ទាមទារ​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​ដែល​លុបចោល​អភ័យឯកសិទ្ធិ​សម្រាប់​យោធា។

​ទោះ​បី​យ៉ាងណាក៏ដោយ ចាប់តាំង​ពី​ខែ​សីហា​មក ក្រុម​បាតុករ​បាន​បង្វែរ​ការ​ថ្នាំងថ្នាក់​ចិត្ត​មក​លើ​រាជវង្ស ដែល​ខ្លួន​ចោទប្រកាន់​ថា សហការ​ជាមួយ​នឹង​យោធា ដើម្បី​រក្សា​អំណាច​ និង​ទ្រព្យធន​របស់​ក្រុម​អភិជន​អភិរក្ស​និយម​នៅ​ប្រទេស​ថៃ។ ពួកគេ​ទាមទារឲ្យ​មានច្បាប់​ថ្មី​ដើម្បី​ត្រួត​ពិនិត្យ​លើ​ការ​គ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ​ថៃ​ព្រះបាទ Maha Vajiralongkorn ដែលច្បាប់​នេះ​នឹង​ដាក់​ឲ្យ​ព្រះអង្គស្ថិត​នៅ​ក្រៅ​ឆាក​នយោបាយ និង​បង្ហាញ​បញ្ជីចំណូលចំណាយ​សម្រាប់​ជីវិត​ដ៏​ហ៊ឺហារពី​ពន្ធដារប្រមូល​បាន​ពី​ប្រជាជន។

ក្រុមបាតុករ​កំពុង​តែតតាំង​នឹង​ច្បាប់​បទឧក្រិដ្ឋ​បរិហារកេរ្តិ៍​ដ៏​តឹងរ៉ឹងដែល​មាន​គោលដៅ​ដើម្បីការពារ​គ្រួសារ​រាជវង្ស​ពី​ការ​រិះគន់​ប្រឆាំង​ និង​កំពុង​តែ​តតាំង​ជាមួយ​រដ្ឋធម្មនុញ្ញ​មួយ​ដែល​ទាមទារ​ការ​យល់​និងគោរព​ ដើម្បី​កែប្រែ​ការ​ហាមប្រាម​ដែល​បាន​ចាក់​ឫស​អស់​ជា​ច្រើន​ជំនាន់​មក​នេះ។

រូបឯកសារ៖ បាតុករ​នាំ​គ្នា​លើ​បដា​មួយបង្ហាញ​រូប​លោកនាយករដ្ឋមន្ត្រី​ថៃ លោក Prayuth Chan-Ocha ក្នុង​អំឡុងពេល​ធ្វើ​បាតុកម្ម​មួយ ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចុះចេញ​ពី​តំណែង ក្នុង​រាជធានី​បាងកក​ ប្រទេស​ថៃ ថ្ងៃ​ទី​ ១៨ ខែកក្កដា ឆ្នាំ​២០២០។

«កំណែទម្រង់» គឺ​ជា​បទចម្រៀង​របស់​ពួកគេ

​ក្រុម​ចម្រៀង​រ៉េប R.A.D. តែងតែ​ប្រគំ​តន្រ្តី​ទៅ​កាន់​ហ្វូង​បាតុករ និង​បាន​ច្រៀង​បទ​ថ្មី​របស់​ពួកគេ​ ដោយផ្ទាល់​ជា​លើកដំបូង​នៅក្នុង​កម្មវិធី «Mob Fest» កាល​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា។ អ្នក​គាំទ្រ​នៅ​ក្នុង​កម្មវិធី​ប្រគំ​តន្រ្តីចុងក្រោយបង្អស់​របស់​ក្រុម​ចម្រៀង​នេះ​ចេះ​ច្រៀងបទ​ចម្រៀង​រ៉េប​របស់​ពួកគេ​ទាំងអស់។

លោក Tattep "Ford" Ruangprapaikitseree គឺ​ជា អ្នក​ដឹកនាំ​ចលនា​បាតុកម្ម​មួយរូប និង​បាន​និយាយ​ទៅ​កាន់​ហ្វូង​បាតុករ​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ។

លោក​បាន​ប្រាប់ VOA ថា៖ «យើង​និយាយ​តាម​មេក្រូ.... ពួកគេ [ក្រុម R.A.D.] និយាយ​តាម​ចម្រៀង។ ប៉ុន្តែ​គោល​គំនិត​គឺតែ​មួយ»។

លោក​បាន​បន្ត​ថា៖ «នៅ​ក្នុង​ចលនា​បាតុកម្ម យើង​មាន​ការ​ទាមទារ​ផ្សេងៗ ហើយ​បទ​ចម្រៀង​នេះគឺ​ដូចជា​អ្នក​នាំ​សារ​...ដើម្បី​នាំ​សារ​នៅ​ក្នុង​ចលនា​បាតុកម្ម»។

បទ​ចម្រៀង​រ៉េប​ចំណងជើង​ថា «កំណែទម្រង់» គឺ​មាន​ផ្សារភ្ជាប់ទៅ​នឹង​កំហឹង​លើ​លោក​ ប្រាយុទ្ធ និង​មាន​ការ​ចំអក​ថើរៗ​មក​លើ​ក្រុម​រាជវង្ស ដោយ​មាន​ពាក្យ​សំដៅ​ដូចជា ​កូនអុក ស្តេច រាជក្រឹត្យ និង​របប​ដឹកនាំ​សក្តិភូមិ​ជា​ដើម។ បទចម្រៀង​នេះ​ក៏​បាន​បង្ហើប​ពី​ផែនការ​កែទម្រង់​ចំនួន ១០​ចំណុច​សម្រាប់​ក្រុម​រាជវង្ស និង​បាន​លើកឡើង​ពី​បែបផែនដែល​រដ្ឋាភិបាល និង​ក្រុម​រាជវង្ស​ចាយវាយ​ថវិកាពី​ពន្ធដារ​ប្រមូល​បាន​ពី​ប្រជាជន។

ជំនាន់​របស់​ខ្ញុំ

លោក Skan "Skanbombomb" Aryurapong ដែល​ដឹកនាំ​ផលិត​វីដេអូ​សម្រាប់​បទ​ចម្រៀង «កំណែទម្រង់» បាន​និយាយ​ថា៖ «បទ​ចម្រៀង​នេះ​គឺ​រៀបរាប់​អំពី​ការ​ដែល​ប្រជាជន​ថៃ​ចង់​ធ្វើ​កំណែ​ទម្រង់​លើ​រាជវង្ស និង​ចង់​បាន​ជីវិត​ប្រសើរ​ជាង​នេះ»។

ដោយ​ដាក់បញ្ចូល​នូវ​រូបភាព​នៃ​ស្ថានភាព​ពិត​នៅ​ក្នុង​ការផលិត​វីដេអូ​ចម្រៀង​នេះ ក្រុម​ចម្រៀងរ៉េប R.A.D. បាន​ថត​វីដេអូ​ចម្រៀង​ភាគច្រើន​នៅ​ជួរ​មុខ​បាតុកម្ម​កាល​ពី​ថ្ងៃ​ទី០៨ ខែ​វិច្ឆិកា ដែល​នៅ​យប់​ថ្ងៃដូចគ្នា​នេះ ប៉ូលិស​បង្រ្កាប​បាតុកម្ម​បាន​ប៉ះទង្គិច​ជាមួយ​ក្រុម​បាតុករ​អហិង្សា​នៅ​វិមាន Grand Palace ដោយ​មាន​ការ​បាញ់​ទឹក​មក​លើ​ក្រុម​បាតុករ។

​លោក Skan ​បាន​និយាយ​ថា៖ «យើង​ចង់​កត់ត្រា​ទុក​នូវ​ស្ថានភាព​ពិត​នៅ​ក្រុង​បាងកក​នា​ពេល​ឥឡូវ​នេះ នូវ​អ្វី​ដែល​ប្រជាជន​និយាយ​ និង​នូវ​អ្វី​ដែល​រដ្ឋាភិបាល​បានធ្វើ​មក​លើ​ពួក​យើង»។

តារា​ចម្រៀង​រ៉េប​លោក Pongsatorn Dechanupad ដែល​មាន​ឈ្មោះ​លើ​ឆាក​ថា Protozua បាន​និយាយ​ថា ដើម្បី​ជួយ​ជ្រោមជ្រែង​ចលនា​ទាមទារ​ការ​កែទម្រង់​ ក្រុម​ចម្រៀង R.A.D. ចង់​ «ថត​ទុក​ជា​កំណត់ត្រា​នូវ​អ្វី​ដែល​ប្រជាជន​ចង់​បាន អ្វី​ដែល​ប្រជាជន​កំពុង​និយាយ និង​អ្វី​ដែល​កំពុង​កើត​ឡើង វា​ដូចជា​ភស្តុតាង​ប្រវត្តិសាស្រ្ត​អញ្ចឹង»។ ​

ក្រុម​តារាចម្រៀង​ថៃ ដែល​ច្រៀង​ប្រឆាំង​នឹង​របប​ផ្ដាច់ការ សម្ដែង​នៅ​លើ​ឆាក​ប្រគុំតន្ត្រី​មួយ ក្នុង​អំឡុងពេល​នៃ​ការ​ប្រមូលផ្ដុំ​គ្នា​ដើម្បី​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​ឯ​សាកលវិទ្យាល័យ Thammasat ប៉ែក​ខាង​ជើង​ទីក្រុង​បាងកក ប្រទេស​ថ្ងៃ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។

លោក Pongsatorn បាន​បន្តថា ជាមួយ​នឹងសមាជិក​ចំនួន​ ១២​នាក់​ និង​កំពុង​កើន​ឡើង​នា​ពេល​បច្ចុប្បន្ន ក្រុម R.A.D. គឺ​ជា​បណ្តុំ​សិល្បករ​ដែល​មាន​គោលគំនិត​ដូចគ្នា ជាជាង​ក្រុម​ចម្រៀង​សម្រិតសម្រាំង​មួយ។ សមាជិក​ស្ថាបនិក​ចំនួន ៤ ឬ​៥​នាក់​ជា​សមាជិក​គោល ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិ​សម្រេច​ចម្បងនោះ​ទេ​ ហើយ​នេះ​ឆ្លុះ​បញ្ចាំង​ពី​ចលនា​បាតុកម្ម​ ដែល​អះអាង​ថា មិន​មាន​មេដឹកនាំ។

សមាជិក​ចំនួន​ ៩​នាក់​ ដែល​បាន​បង្ហាញ​មុខ​នៅ​ក្នុង​បទចម្រៀង «កំណែទម្រង់» ម្នាក់ៗ​បាន​ច្រៀង​បែប​រិះគន់​ទៅ​តាម​ប្រធានបទ​រៀងៗ​ខ្លួន។ ដោយ​រៀបរាប់​ពី​បទ​ពិសោធន៍​ផ្ទាល់ខ្លួន ឃ្លាឃ្លោង​នៅ​ក្នុង​វគ្គ​បទ​ចម្រៀង​របស់​លោក Pongsatorn ឆ្លុះ​បញ្ចាំង​ពី​សម្ពាធ​ពី​បាតុកម្ម​ដឹកនាំ​ដោយ​ក្រុម​យុវជន​បាន​ធ្លាក់​មក​លើក្រុម​គ្រួសារ​របស់ពួកគេ។

លោក​ Pongsatorn បាន​ប្រាប់ VOA ថា៖ «ឪពុកម្តាយ និង​ចាស់ៗ​យល់ស្រប​ និង​ចង់​រក្សា​អ្វីៗ​ដូចដើម ហើយ​ពួកគាត់​និយាយ​ថា សព្វថ្ងៃ​គឺ​មាន​ភាព​ប្រសើរ​ហើយ​បើ​ប្រៀប​នឹង​អតីតកាល។ ប៉ុន្តែ​យើង​សង្ឃឹម​ថា អ្វីៗ​អាច​មាន​ភាព​ប្រសើរ​ជាង​នេះ ដូច្នេះ​ហើយ​ទើប​យើង​ចេញ​មក​ធ្វើ​បាតុកម្ម»។

ក្រុម​អ្នក​ស្មោះស្ម័គ្រ​នឹង​រាជវង្ស ដែលជា​ទូទៅ​មាន​វ័យ​ចំណាស់​ជាង​ក្រុម​បាតុករ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ ក៏​បាន​ចេញ​មក​ធ្វើ​បាតុកម្ម​ដូចគ្នា​ផង​ដែរ ដោយ​រៀប​ចំ​ជា​បាតុកម្ម​ប្រឆាំង​ទៅ​នឹង​ការ​កែទម្រង់​ណា​មួយ​មក​លើ​រាជវង្ស។​

លោក Skan ​បាន​និយាយ​ថា ក្រុម​អ្នកគាំទ្រ​រាជវង្ស​ជ្រុល​និយមក៏​បាន​បង្វែរ​កំហឹង​មក​លើ​ក្រុម​ចម្រៀង R.A.D. ផង​ដែរ ដោយ​បាន​ធ្វើការ​រិះគន់​បទចម្រៀង​របស់​ពួកគេ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ដោយ​ហៅ​ពួកគេ​ថា ជា​ជន​កុហក និង​ចោទសួរ​ពី​ការ​ស្នេហា​ជាតិ​របស់​ពួកគេ។

​បទចម្រៀង​ប្រឆាំង​នឹង​អាជ្ញាធរ

ក្រុមចម្រៀង​រ៉េប R.A.D. ​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​ក្រុម​អាជ្ញាធរ​ផង​ដែរ។ ភ្លាមៗ​បន្ទាប់​ពី​ក្រុម​ចម្រៀង​រ៉េប​នេះ​បាន​បញ្ចេញ​បទ​ចម្រៀង​ «អ្វី​ដែល​ប្រទេស​ខ្ញុំ​មាន» នៅ​ឆ្នាំ​២០១៨ ប៉ូលិស​បាន​ធ្វើ​ការ​ស៊ើបអង្កេត​សំណេរចម្រៀងនេះពាក់ព័ន្ធ​នឹង​ការ​បំពាន​ច្បាប់​ណា​មួយ​។ លោក ​ប្រាយុទ្ធ​ ក៏​បាន​និយាយ​ពី​បទ​ចម្រៀង​នេះ​ដោយ​ផ្ទាល់​ផង​ដែរ ដោយ​ប្រាប់​ទៅ​បណ្តាញ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​នា​ពេល​នោះថា នរណា​ម្នាក់​ដែល​ «ហ៊ាន​សាទរ» បទ​ចម្រៀង​នេះ នឹង​ត្រូវ «ទទួល​ខុសត្រូវ​ចំពោះ​អ្វី​កើត​មាន​ឡើង​មក​លើ​ប្រទេស​នា​ពេល​អនាគត»។ ​

គ្មាន​ពាក្យ​បណ្តឹង​ណា​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ពី​ការ​ស៊ើបអង្កេត​នោះ​ទេ។ ទោះ​បី​យ៉ាង​ណា​ក៏​ដោយ កាល​ពី​ខែ​សីហា​ ប៉ូលិស​បាន​ចាប់​ខ្លួន​សមាជិក​ស្ថាបនិកក្រុម​ចម្រៀង​រ៉េប​លោក Decathorn “Hockhacker” Bamrungmuang ពាក់ព័ន្ធ​នឹង​បាតុកម្ម​ ដែល​លោក​បាន​ចូលរួមកាល​ពី​មួយ​ខែ​មុន និង​បាន​ចោទ​ប្រកាន់​រូប​លោក​ពី​បទ​ញុះញង់​ការ​បះបោរ មុន​ពេល​ដោះលែង​លោក​ឲ្យ​នៅ​ក្រៅ​ឃុំ។

បន្ទាប់ពី​ផ្អាក​ការ​ចាប់ខ្លួន​រយៈពេល​ពីរ​ឆ្នាំ​ អាជ្ញាធរ​បាន​ចាប់​ផ្តើម​ចោទ​ប្រកាន់​ក្រុម​បាតុករ​សាជាថ្មី​ជាមួយ​នឹង​បទ​បរិហារ​កេរ្តិ៍​ប្រឆាំង​នឹង​រាជវង្ស ដែល​អាច​មាន​ទោស​ជាប់ពន្ធនាគារ​រហូត​ដល់ ១៥​ឆ្នាំ។ លោក Skan និង​លោក Pongsatorn បាន​និយាយ​ថា ក្រុម​អាជ្ញាធរ​មានមេធាវី​សម្រាប់​ពិនិត្យ​មើល​សំណេរ​ចម្រៀង «កំណែទម្រង់» ដើម្បី​អាច​ធ្វើ​ការ​ចោទប្រកាន់​តាម​ផ្លូវ​ច្បាប់​ណាមួយ។ ប៉ុន្តែ​បទ​ចម្រៀង​នេះ​គឺ​នៅ​តែ​ស្តែង​ពី​រឿង​ពិត ប្រកបដោយ​កំហឹង​ និង​ជា​អត្តសញ្ញាណ​ផ្ទាល់​របស់​ក្រុម R.A.D.។ ​

លោក​ Pongsatorn បាន​និយាយ​ថា៖ «យើង​និយាយ​ពី​អ្វី​ដែល​នៅ​ក្នុង​ចិត្ត​ប្រជាជន។ ពួកគេ​ចង់​និយាយ​វា ប៉ុន្តែ​ពួកគេ​មិន​ហ៊ាន​និយាយ​ ពីព្រោះ​នា​ពេល​បច្ចុប្បន្ន យើង​នៅ​តែ​មាន​អ្វី​មួយ​ដែល​ដាក់​សម្ពាធ​មក​លើ​ពួកយើង​ ដូចជា​ របាំង​ធំ​មួយ​ដែល​រារាំង​ប្រជាជន​ពី​ការ​និយាយ​ពី​គំនិត​របស់​ពួកគេ​ ដូចជា​អំ​ពី រដ្ឋាភិបាល ឬ​ច្បាប់»។ ​

ក្រុមចម្រៀង​រ៉េប R.A.D. ចង់​វាយ​បំបែក​របាំង​នេះ។ លោក Pongsatorn សារភាព​ថា វា​ប្រហែល​ជា​រឿង​ហួសហេតុក្នុង​ការ​រំពឹង​ថា បទចម្រៀង​មួយ​អាច​ផ្លាស់ប្តូរ​គំនិត​បាន ប៉ុន្តែ​លោក​សង្ឃឹម​ថា បទ​ចម្រៀង​នេះ​នឹង​នាំ​ឲ្យមាន​ការ​ជជែក​សន្ទនា​នានា​ដែល​អាច​ផ្លាស់ប្តូរ​គំនិត​បាន។

លោក​បាន​និយាយ​ថា៖ «នេះ​អាច​ជា​ការ​ចាប់ផ្តើម​ដំបូង​ ពី​ព្រោះ​ចំណងជើង​បទចម្រៀង​នេះ​គឺ «កំណែទម្រង់» ហើយ​នៅ​ពេល​ដែល​មនុស្ស​ឮ​វា ទោះបី​ជា​ពួកគេ​នៅ​ខាង​ប្រឆាំង​ក៏​ដោយ ពួកគេ​នឹង​មាន​គំនិត​ពី​ការ​កែទម្រង់​នៅ​ក្នុង​ចិត្ត​របស់​ពួកគេ ហើយ​បន្ទាប់​ពី​មក​ ពួកគេ​នឹង​ឃើញ​មាន​ព័ត៌មាន​ដទៃ​ទៀត ហើយ​ពួកគេ​អាច​ធ្វើ​ការ​វិនិច្ឆ័យ និង​អាច​ធ្វើការ​សម្រេចចិត្ត​នា​ពេល​ក្រោយ​មក»៕

ប្រែសម្រួល​ដោយ​លោក​ ណឹម សុភ័ក្រ្តបញ្ញា