វិបត្តិ​នយោបាយ​នៅ​កម្ពុជា​និង​នៅ​ថៃ​រំខាន​ទំនាក់​ទំនង​ប្រទេស​ទាំងពីរ

ទាហាន​ថៃ​បង្ហាញ​អត្តសញ្ញាណប័ណ្ណ​ខណៈ​ពួក​គេ​តម្រង់​ជួរ​ដើម្បី​បោះឆ្នោត​នៅ​ក្នុង​ទី​ក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី​២​ កុម្ភៈ ឆ្នាំ​២០១៤។

ក្រុម​អ្នក​វិភាគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ស.រ.អា.​បាន​អះអាង​ថា​ ការ​បន្ត​ភាព​តានតឹង​ក្នុង​ប្រទេស​កម្ពុជា ​និង​ថៃ​ក្រោយ​ការ​បោះឆ្នោត​អាច​នាំ​ឲ្យ​ប្រទេស​ទាំង​ពីរ​នេះ​កាន់​តែ​មាន​ស្ថានការណ៍​នយោបាយ​វឹកវរ​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ​ ដែល​ក្រុម​អ្នក​វិភាគ​កំពុង​បារម្ភ​អំពី​កំណើន​នៃ​អំពើ​ហិង្សា​នយោបាយ។​

ប្រទេស​ថៃ​បាន​ធ្វើ​ការ​បោះឆ្នោត​មុន​អាណត្តិ​កាលពី​ថ្ងៃ​អាទិត្យ ​ដោយ​មាន​អំពើ​ ហិង្សា ​និង​គ្មាន​ការ​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ពី​ក្រុម​ជំទាស់​ ដូច​ស្ថានការណ៍​ក្នុង​ប្រទេស​កម្ពុជា​ដែរ ​ដែល​មាន​ការ​គាំង​នយោបាយ​ចាប់​តាំង​ពី​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​២៨​ខែ​កក្កដា​ឆ្នាំ​២០១៣។​ ក្រុម​អ្នក​វិភាគ​ខ្លះ​បាន​អះអាង​ថា ​អំពើហិង្សា​ទំនង​ជា​កើន​ឡើង​ក្នុង​ប្រទេស​ទាំងពីរ​ ដោយសារ​អ្នក​នយោបាយ​ប្រទាញ​ យក​ប្រៀប​រៀង​ខ្លួន​ដោយ​មិន​អើពើ​នឹង​ការ​រក​ដំណោះស្រាយ​នយោបាយ។​

លោក​បណ្ឌិត​ពុទ្ធា ហង្ស​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ និចហ្វិច​ក្នុង​ប្រទេស​កម្ពុជា​ បាន​បង្ហាញ​ពីក្តី​បារម្ភ​ចំពោះ​ការ​កើត​អំពើ​ហិង្សា​នយោបាយ​ក្នុង​ប្រទេស​ថៃ​ដោយសារ​ការ​បោះ​ឆ្នោត​មុន​អាណិត​នេះ​មិន​មាន​ការ​ព្រមព្រៀង​ពី​ក្រុម​ជំទាស់។​

«អញ្ចឹង​ការ​មិន​ព្រម​ព្រៀង​គ្នា​នឹង​ហើយ​ដែល​យើង​ឃើញ​ថា ​ព្រឹត្តិការណ៍​នៃ​ការ​បោះឆ្នោត​ម្សិលមិញ​នេះ​ មាន​កើត​ឡើង​អំពើ​ហិង្សា​ មាន​កើត​ឡើង​នូវ​អំពើ​បិទ​ការិយាល័យ​បោះឆ្នោត​ ហើយ​សង្គម​ថៃ​ក៏​មាន​អស្ថិរភាពដែរ។​ ក្នុង​នោះ ​យើងឃើញ​ហើយ​ ខ្ញុំ​ខំតាម​ដាន​ដែរ​ ដើម្បី​រក​មើល​ពី​ការ​ចេញ​លទ្ធផល​បោះឆ្នោត​ដែរ​ តែ​ដូច​ជា​មិនបាន​ចេញ​លទ្ធផល​ដូច​មុនៗ​ទេ»។​

ក្រុម​ជំទាស់​ក្នុង​ប្រទេស​ថៃ​បាន​ពហិការ​មិន​ចូលរួម​ការ​បោះឆ្នោត​ ហើយ​បាន​ ធ្វើ​ការ​រំខាន​ការ​បោះឆ្នោត​ រារាំង​អ្នកបោះ​ឆ្នោត​ ហើយ​មាន​ការិយាល័យ​ជា​ច្រើន​មិន​អាច​ដំណើរការ​បាន​ ដែល​ជា​ហេតុ​មិន​អាច​ឲ្យ​គណបក្ស​ណា​មួយ​ទទួល​បាន​ ជ័យ​ជម្នះ​គ្រប់​ចំនួន​តាមច្បាប់​រដ្ឋធម្មនុញ្ញ​កំណត់​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​បាន។​
ប្រទេស​ថៃ​និង​កម្ពុជា​មាន​ការ​ទាមទារ​ពីក្រុម​ជំទាស់​ឲ្យនាយក​រដ្ឋមន្ត្រី​ចុះចេញ​ពី មុខ​តំណែង​ដូចគ្នា​ មាន​បាតុកម្ម​តវ៉ា ​និង​ការ​បង្ក្រាប​ដូចគ្នា។​ នៅ​កម្ពុជា​ គណបក្ស​ជំទាស់​ទោះជា​មាន​ការ​បង្ក្រាប​ចំពោះ​តវ៉ាក្តី​ តែ​អះអាង​ថា​ នឹង​បន្តធ្វើ​រហូត​ដល់​ មាន​ដំណោះ​ស្រាយ​យុត្តិធម៌​សម្រាប់អ្នក​បោះឆ្នោត​ និង​ការ​បោះឆ្នោត​ឡើង​វិញ​ដែរ ​ដោយ​ព្រមទាំង​នៅ​ប្រកែក​មិន​សុខចិត្ត​ទទួល​យក​លទ្ធផល​ដែល​ពួកគេ​ចាត់​ ទុក​ថា​ មាន​ការ​គៃ​បន្លំ។​ តែ​គណបក្ស​គ្រប់គ្រង​ប្រទេស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន​បដិសេធ​ការ​ចោទប្រកាន់​ហើយ​មិនព្រម​តាម​ការ​ទាម​ទារ​របស់​គណបក្ស​ជំទាស់​ទេ​ ដោយ​ទទូច​ថា គណបក្ស​ជំទាស់​ត្រូវចូល​មក​សភា។​

«បើសិន​ជា​គោល​ការណ៍​រវាង​គណបក្ស​ទាំងពីរ​ហ្នឹង​ ដែល​លើក​ឡើង​ ​នៅ​តែ​មិន​ ត្រូវ​រ៉ូវ​គ្នា​ទេ​ ទោះបើ​មាន​ការ​បោះឆ្នោត​នៅ​កម្ពុជា​ក៏ប្រាកដ​ជា​មាន​អំពើហិង្សា​កើត​ឡើង។​ តែជា​ផលវិបាក​ យើងឃើញ​ហើយ​ថា ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​គាត់​ក៏​ទទួល​រង​នូវ​អំពើ​ហិង្សា​ ហើយ​ក៏​មិន​សម្រេច​គោល​បំណង​របស់​ខ្លួន ​ហើយ​ចំណែក​ឯ​គណបក្ស​ប្រជាជន​ឃើញ​តែ​ដើរ​តែ​ឯង​ដែល​ជា​ការ​ប៉ះពាល់​ដល់​ ដំណើរ​ការ​ប្រជាធិបតេយ្យ»។​

លោក​ ភីធ័រ ​តាន់កែវ​ (Peter ​Tan Keo) ​អ្នកវិភាគ​ឯករាជ្យ​ក្នុង​ក្រុង​បូស្តន់​រដ្ឋ ម៉ាស្សាជូស្សេត​ ស.រ.អា.​ បាន​យល់​ស្រដៀង​គ្នា​ដែរ​ថា​ ​កត្តា​មិន​អើពើ​មិន​អាច​ធ្វើ​ឲ្យ​គណបក្ស​ជំទាស់​ និង​គណបក្ស​គ្រប់គ្រង​ប្រទេស​ក្នុង​ប្រជាជាតិ​ទាំងពីរ​អាច​បញ្ឈប់​បាតុកម្ម​ប៉ះបោរ​បាន​ទេ។​

«យើង​ទំនង​ជាឃើញ​ការ​តវ៉ាខ្លាំង​ឡើង​ទៀត​ក្នុង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ ខណៈ​ដែល​មេដឹកនាំ​គណបក្ស​ជំទាស់​ចាប់​យក​វិធានការ​រឹងរូស​ឡើងៗ​ទាក់ទង​នឹងវិបត្តិ​នយោបាយ​ ខណៈ​ដែល​រដ្ឋាភិបាល​ទាំង​ពីរ​នឹង​បន្ត​ព្រងើយ​ចំពោះ​ស្ថានភាព​ធ្ងន់ធ្ងរ​នេះ​ សម្រាប់ការ​ចរចា​ជាមួយ​គណបក្ស​ជំទាស់។ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នឹង​មិន​ចុះចេញ​ពី​តំណែង​ទេ​ ហើយ​លោកសម រង្ស៉ី​ និង​លោក កឹម សុខា​នឹង​បន្ត​ដាក់​សម្ពាធ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ក្នុង​រដ្ឋាភិបាល។​ រឿង​ទាំង​នោះ​ហើយ​ដែល​ធ្ងន់ធ្ងរ​នោះ»។​

ក្នុង​ការ​បោះ​ឆ្នោត​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ខែ​កក្កដា​ គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​គេ​ប្រកាស​ថា ​ឈ្នះ​អាសនៈ​៦៨ ​ហើយ​គណបក្ស​ជំទាស់​ត្រូវគេ​ប្រកាស​ថា​ឈ្នះ​អាសនៈ​៥៥ ​ក្នុង​ចំណោម​១២៣​អាសនៈ​សរុប​ក្នុង​សភា។​
តែ​ក្រុម​ជំទាស់​បាន​ចោទ​ប្រកាន់​ថា ​មាន​ការ​គៃបន្លំ​សន្លឹក​ឆ្នោត ​ដែល​គណបក្ស​នេះ​បាន​ឈ្នះ​ ហើយ​អាច​បង្កើត​រដ្ឋាភិបាល​បាន​នោះ​ ហើយ​ទាមទារ​ឲ្យ​មាន​ការ​រក​យុត្តិធម៌​ ផ្ទៀង​ផ្ទាត់​សន្លឹក​ឆ្នោត​ឡើង​វិញ​ ឬ​បោះឆ្នោត​ឡើង​វិញ។​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​បដិសេធ​ ហើយ​មិន​ព្រម​ធ្វើ​ការ​បោះឆ្នោត​ឡើង​វិញ​ទេ​ ដោយ​ទទូច​ឲ្យ​ក្រុម​ជំទាស់​ចូល​ប្រជុំ​សភា​ហើយ​ចរចា។​ ដោយ​ឡែក​ក្នុង​ប្រទេស​ថៃ​វិញ​ ក្រុម​ជំទាស់​បានបិទ​ផ្លូវ​ ​ធ្វើ​បាតុកម្មតវ៉ា​ ពហិការ​មិន​ចូលរួម​ការ​បោះឆ្នោត​និង​មិន​ទទួល​ស្គាល់​ការ​បោះឆ្នោត​កាល​ពីថ្ងៃ​អាទិត្យ ​និង​រារាំង​អ្នក​បោះឆ្នោត​ ទោះបី​ជាមាន​កង​ទាហានដាក់​ការពារ​ក្តី​សន្តិសុខ​ក្តី ។​

អ្នក​នាំពាក្យ​ក្រសួងការ​បទេស​ស.រ.អា.​ លោក​ស្រី​ជេន សាគី​ (Jen Psaki)​ បាន​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​ការ​រារាំង​ក្រុមអ្នក​បោះឆ្នោត​មិន​ឲ្យ​ប្រើ​សិទ្ធិ​របស់​ខ្លួន​បាន​ ដោយ​បាន​ទទូច​ឲ្យ​ភាគី​ទាំង​ពីរ​ក្នុង​ប្រទេស​ថៃ​ទប់ស្កាត់​អំពើហិង្សា។​

«យើង​នៅ​តែ​មានក្តី​បារម្ភ​ថា​ ភាព​តាន​តឹងនយោបាយ​ក្នុង​ប្រទេស​ថៃ​បង្ក​ឲ្យមាន​ការ​ប្រឈម​មុខ​ជា​ច្រើន​ក្នុង​ដំណើរការ​ស្ថាប័ន​ប្រជាធិបតេយ្យ​ និង​ដំណើរការ​ នានា​ក្នុង​ប្រទេស​ថៃ។​ យើង​ពិត​ជា​មិន​បាន​កាន់​ជើង​ភាគី​ណា​មួយ​ក្នុង​ជម្លោះ​នយោបាយ​ថៃ​ទេ​ តែ​យើង​នៅ​តែ​បន្ត​ជំរុញ​ដល់​ភាគី​ទាំង​ពីរ​ឲ្យ​ប្តូរ​ផ្តាច់​ក្នុងការ​ សន្ទនា​ដ៏​ស្មោះត្រង់​របស់​ពួក​គេ​ដើម្បី​ដោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា​ដោយ​សន្តិវិធី​ និង​តាម​លក្ខណៈ​ប្រជាធិបតេយ្យ»។​

លោកស្រី​យីងឡាក់ ​ស៊ីណាវ៉ាត​ នាយក​រដ្ឋមន្ត្រី​ថៃ​ បាន​ចាត់​ទុក​ការ​បោះឆ្នោត​ កាល​ពី​ថ្ងៃ​អាទិត្យ​ ជា​ដំណើរ​ការ​ប្រជាធិបតេយ្យ​ ទោះ​ជា​ក្រុម​ជំទាស់​មិន​ទទួល​ យក​ក្តី។​

«យ៉ាងហោច​ណាស់ ​ខ្ញុំគិត​ថា​ ការបោះ​ឆ្នោត​គឺ​ជា​រឿង​សំខាន់​ណាស់​ដែល​ពលរដ្ឋ​ចេញ​មក​បោះឆ្នោត​តាម​សិទ្ធិ​របស់​គេ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ។​ ដូច្នេះ​ខ្ញុំគិត​ថា​ នេះ​ជារឿង​សំខាន់​ណាស់​ដែល​ពលរដ្ឋ​នៅតែ​ចង់​បាន​ការ​បោះឆ្នោត​ដោយ​ហេតុ​ ថា​ ការ​បោះឆ្នោត​គឺជា​រឿង​ត្រឹមត្រូវ​តាម​ដំណើរការ​ប្រជាធិបតេយ្យ»។​

រដ្ឋាភិបាល​ថៃ​ប៉ុនប៉ង​ធ្វើ​ការ​បោះឆ្នោត​ជុំទី​២​នៅ​កន្លែង​ដែល​មិន​បាន​បោះឆ្នោត​ កាលពី​ថ្ងៃអាទិត្យ​ ដែលក្រុម​ជំទាស់​មិន​ព្រម​នោះ។​ ​លោក​យូស្វេ ​ឃឺតឡែនហ្ស៊ីក​ (Josh Kurlantzick) ​អ្នក​ស្រាវជ្រាវ​អំពី​តំបន់​អាស៊ីអាគ្នេយ៍​នៃ​ក្រុម​ប្រឹក្សា​ទំនាក់​ទំនង​អន្តរជាតិ​(CFR)​ ដែល​ជា​អង្គការ​តាក់តែង​គោល​នយោបាយ​របស់​ស.រ.អា.​មួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​អះអាង​ថា​ បញ្ហា​ទំនាស់​នយោបាយ​ក្នុង​ប្រទេស​ថៃ​មាន​លក្ខណៈ​ស្មុគស្មាញ​ខ្លាំង​ជាង​នៅ​កម្ពុជា។​ តែជា​រួម​ជម្លោះ​នយោបាយ​ក្នុង​ប្រទេស​ទាំងពីរ​នេះធ្វើឲ្យ​ប៉ះពាល់​ដល់​ប្លុក​អាស៊ាន​ដែល​ជា​សមាគម​១០​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។​

«វាជា​រឿង​ធ្វើឲ្យ​មាន​ឥទ្ធិពល​ខ្សោយ​ដល់​តំបន់​អាស៊ាន​ជា​ពិសេស ​បើទោះ​ណា ភាព​ជា​ថ្នាក់ដឹកនាំ​របស់​ប្រទេស​ថៃ​ក្នុង​តំបន់​អាស៊ាន​ត្រូវ​ខាត​បង់មែន​ តែ​កម្ពុជា​ក៏​មិន​អាច​ក្លាយ​ជា​អ្នក​ដឹកនាំ​ក្នុង​តំបន់​អាស៊ាន​ដែរ»។

ប្រទេស​អាស៊ាន​បាន​គោរព​គោល​ការណ៍​របស់​ប្រទេស​រៀង​ខ្លួន​អំពី​ការ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​សមាជិក​ឯទៀត​ទេ។​

ប្រទេស​កម្ពុជា​ ដែល​ជា​សមាជិក​អាស៊ាន​មួយ​ និង​ធ្លាប់​ធ្វើ​ប្រធាន​ប្តូរ​វេន​នោះ ​កំពុង​ប្រឈម​មុខ​នឹង​ការ​ផ្អាក​ជំនួយ​ពីបរទេស​ខ្លះ​ រួមទាំង​ស.រ.អា.​ផង​ដែរ ​ហើយ​អ្នក​វិនិយោគ​ខ្លះ​ក៏ត្រូវ​គេដឹង​ថា​ បាន​ដកថយ​ ហើយ​ក៏​មាន​ការ​ចោទ​ប្រកាន់​ពីការ​សម្លាប់​ក្រៅច្បាប់​ ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​ដែល​មិនមាន​ទោស​ប្រហារ​ជីវិត​នោះ។ ការ​ចោទ​ប្រកាន់​ខ្លាំង​ឡើង​ប្រឆាំង​នឹង​អាជ្ញាធរ​កម្ពុជា​ទាក់ទង​នឹងរឿង​នេះ។​ បញ្ហា​ទាំង​នេះ​កើតឡើង​ក្រោយ​ពេល​ដែល​គណបក្ស​ទាំងពីរ​ខកខាន​ជា​ច្រើនលើក​ក្នុង​រយៈ​ពេល​៦ខែ​ចុងក្រោយ​មិន​អាច​រក​ដំណោះ​ស្រាយ​រួមគ្នា​មួយ​ដើម្បីបញ្ចប់​ភាព​ទល់​ច្រក​ផ្នែក​នយោបាយ​នេះ។​

លោក​បណ្ឌិត ​ពុទ្ធា ហង្សបាន​កត់​សម្គាល់​ថា ​មេដឹកនាំ​គណបក្ស​ទាំង​ពីរ​ក្នុង​ ប្រទេស​កម្ពុជា​ពិត​ជា​មាន​បញ្ហា​ពិបាក​រៀងៗ​ខ្លួន​ ដោយសារ​ការ​មិន​អាច​រក​ ដំណោះ​ស្រាយ​បាន។​

«ខ្ញុំ​គិត​ថា​ នៅ​មាន​ភាព​យូរអង្វែង​ទៀត ​បើសិនជា​គណបក្ស​ទាំង​ពីរ​នៅតែ​បន្ត​ធ្វើ​អ្វី ​ឬ​ក៏​ស្មើអ្វី​ដែល​គ្មាន​ទំនោរ​ទៅ​រក​គ្នាសោះ​នោះ។​ ហើយ​ខ្ញុំគិត​ថា​ ការ​បោះឆ្នោត​នៅ​ប្រទេស​ថៃ​ក៏​ជា​បទពិសោធន៍​សម្រាប់​កម្ពុជា​ផង​ដែរ​ ដែល​អ្នក​នយោបាយ​គួរ​តែ​សិក្សា​ពីបញ្ហានេះ​ដើម្បី​គិត​អំពី​សង្គម​កម្ពុជា ​ថា​តើ​គួរស្វែង​រក​ដំណោះ​ស្រាយ​យ៉ាងណា​ ពីព្រោះ​ខ្លួន​សុទ្ធតែ​ជា​តំណាង​ប្រជា​ពលរដ្ឋ​ ហើយ​ក៏ត្រូវ​មាន​តួនាទី​រក្សា​សេចក្តី​សុខ ​សេចក្តី​ចម្រើន​សម្រាប់​ប្រជា​ពលរដ្ឋ​ដែរ»។​

ក្រុមអ្នក​វិភាគ​បាន​អះអាង​ថា​ ភាគី​នយោបាយ​នៅ​កម្ពុជា ​និង​ភាគី​នយោបាយ​ក្នុង​ប្រទេស​ថៃ​ត្រូវ​គេ​ដឹង​ថា ​កំពុង​ស្ថិត​នៅ​ក្រោម​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​និង​ពលរដ្ឋ​របស់​ខ្លួន​ ដែលជំរុញ​ឲ្យដោះស្រាយ​វិបត្តិ​នយោបាយ​ដែល​គេ​គិត​ថា​មិន​គ្រាន់​តែ​ដើម្បី​សន្តិភាព ​ស្ថិរភាព ​និង​ការ​អភិវឌ្ឍ​ក្នុង​ប្រទេស​ទាំងពីរ​តែ​ប៉ុណ្ណោះ​ទេ​តែ​សម្រាប់​តំបន់​អាស៊ី​ផង​ដែរ៕