នាយករដ្ឋមន្ត្រីថៃលោក Srettha Thavisin កាលពីថ្ងៃទី ១៧ ខែកក្កដា កន្លងទៅនេះ បានស្នើថវិកាបន្ថែមចំនួន ៣ពាន់ ៤រយលានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធ ២០២៤ សម្រាប់កម្មវិធីលើកស្ទួយសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់របស់លោក ខណៈដែលសមាជិករដ្ឋសភាបានធ្វើការពិភាក្សាដើម្បីពិនិត្យលើគម្រោងផ្តល់ជំនួយដែលត្រូវបានរិះគន់យ៉ាងខ្លាំង។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
នាយករដ្ឋមន្ត្រីថៃលោក Srettha Thavisin បានប្រាប់សភាថៃថា៖ «រដ្ឋាភិបាលត្រូវការថវិកាដើម្បីលើកស្ទួយសេដ្ឋកិច្ចដោយបង្កើនចរន្តប្រាក់ក្នុងវិស័យផ្សេងៗ»។
គម្រោងដែលត្រូវការថវិកាចំនួន ១៣,៩ ពាន់លានដុល្លារ មានគោលបំណងចាប់ផ្តើមលើកស្ទួយសេដ្ឋកិច្ចរបស់ប្រទេសថៃ ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី ២ នៅតំបន់អាស៊ីអាគ្នេយ៍ ដែលកាលពីឆ្នាំមុន សេដ្ឋកិច្ចបានកើនឡើងត្រឹមតែ ១,៩% ប៉ុណ្ណោះ ដែលចំនួននេះធ្វើឱ្យប្រទេសថៃមានសេដ្ឋកិច្ចលូតលាស់តិចជាងបណ្តាប្រទេសជាដៃគូនៅក្នុងតំបន់។
លោក Srettha បាននិយាយថា សេដ្ឋកិច្ចត្រូវបានគេរំពឹងថានឹងកើនឡើង ២,៥% នៅឆ្នាំនេះ ហើយការចំណាយថវិកាបន្ថែមនឹងប្រកាន់ខ្ជាប់ទៅតាមវិន័យសារពើពន្ធ។
គម្រោងផ្តល់ប្រាក់ជំនួយដល់ពលរដ្ឋថៃក្នុងម្នាក់ចំនួន ១០.០០០ បាត ដល់ប្រជាពលរដ្ឋថៃចំនួន ៥០ លាននាក់ ដែលត្រូវចំណាយប្រាក់នៅក្នុងស្រុកក្នុងរយៈពេលប្រាំមួយខែ ត្រូវបានពន្យារពេលដល់ត្រីមាសទី ៤ នៃឆ្នាំនេះ ដោយសារតែបញ្ហាពាក់ព័ន្ធនឹងការស្វែងរកប្រភពមូលនិធិ។
លោក Pichai Chunhavajira រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បានប្រាប់នៅក្នុងកិច្ចពិភាក្សាអំពីបញ្ហាថវិកានេះថា៖ «សេដ្ឋកិច្ចថៃត្រូវការការលើកស្ទួយ។ បើសិនជាមិនចាត់វិធានការអ្វីសោះ នោះយើងនឹងជួបប្រទះវិបត្តិ»។
កាលពីថ្ងៃទី ១៥ ខែកក្កដា កន្លងទៅនេះ រដ្ឋាភិបាលថៃបាននិយាយថា ខ្លួនបានទទួលការយល់ព្រមពីគណៈកម្មាធិការអន្តរក្រសួងដើម្បីប្រើប្រាស់ថវិកាឆ្នាំ ២០២៤ និងឆ្នាំ ២០២៥ សម្រាប់កម្មវិធីដែលគេហៅថា «កាបូបឌីជីថល»។ គណៈកម្មាធិការនោះក៏រួមមានទាំងសមាជិកនៃធនាគារកណ្តាលផងដែរ ដែលបានបង្ហាញពីការព្រួយបារម្ភអំពីកម្មវិធីនេះ ហើយបានផ្តល់អនុសាសន៍ថា វាមានលក្ខណៈតូចចង្អៀត និងផ្តោតលើពលរដ្ឋក្រីក្រ។
ផែនការលើកស្ទួយសេដ្ឋកិច្ចនេះ គឺជាគោលនយោបាយដ៏លេចធ្លោនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ ២០២៣ របស់គណបក្ស Pheu Thai ដែលកំពុងកាន់អំណាចសព្វថ្ងៃនេះ។ ក៏ប៉ុន្តែ គោលនយោបាយនោះត្រូវបានរិះគន់ដោយសេដ្ឋវិទូ និងអតីតទេសាភិបាលធនាគារកណ្តាលពីររូបថា វាជាហានិភ័យដល់ផ្នែកថវិការបស់រដ្ឋាភិបាលប៉ុន្តែរដ្ឋាភិបាលបានច្រានចោលការរិះគន់នោះ។
សមាជិករដ្ឋសភាខាងគណបក្សប្រឆាំងអ្នកស្រី Sirikanya Tansakul បានចោទសួរថា តើកម្មវិធីផ្តល់ជំនួយពិតជាចាំបាច់ឬទេ ហើយបាននិយាយទៀតថា ការរក្សាមូលនិធិនោះសម្រាប់គ្រាអាសន្ន គឺវាប្រសើរជាង។
អ្នកស្រី Sirikanya Tansakul បាននិយាយនៅក្នុងកិច្ចពិភាក្សាអំពីបញ្ហាថវិកានេះថា៖ «យើងបង្កើនហានិភ័យផ្នែកថវិការបស់រដ្ឋាភិបាលសម្រាប់ប្រទេសនេះ។ នៅពេលនេះ យើងមិនបានទុកឱកាសបម្រុងឱ្យខ្លួនយើងដើម្បីដោះស្រាយ នៅពេលមានស្ថានភាពអាសន្ននោះទេ»។
ការជជែកពិភាក្សាអំពីថវិកាក៏កើតមានឡើង ស្របពេលដែលលោក Srettha ប្រឈមមុខនឹងសំណុំរឿងតុលាការធម្មនុញ្ញដែលអាចនាំឱ្យលោកត្រូវបានបណ្តេញចេញពីតំណែង ពាក់ព័ន្ធនឹងការតែងតាំងគណៈរដ្ឋមន្ត្រីមួយរូបរបស់លោក។ លោកនាយករដ្ឋមន្ត្រីបានបដិសេធថា លោកមិនបានខុសទេ៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់