នាយក​រដ្ឋមន្ត្រី​ថៃ៖ បាតុករ​ធ្វើ​ហួសហេតុ​ពេក​ដែល​ចង់​«ធ្វើ​កំណែ​ទម្រង់​របប​រាជា​និយម»

រូបឯកសារ៖ និស្សិត​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​កាន់​ផ្ទាំងរូប​របស់​សកម្មជន​ថៃ ដែល​បាន​បាត់ខ្លួន​អំឡុងពេល​ធ្វើបាតុកម្ម​នៅ​ឯ​សាកល​វិទ្យាល័យ Thammasat ក្នុង​ទីក្រុង Pathum Thani ភាគខាងជើង​ទីក្រុង​បាងកក ប្រទេសថៃ នៅ​ថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២០។

និស្សិតមួយចំនួនបានថ្លែង​សុន្ទរកថា ហើយ​និស្សិត​ជាច្រើន​ទៀត​បាន​ទាមទារ​​ឲ្យ​លោក Prayuth ចុះ​ចេញ​ពី​តំណែង។ លោក Prayuth បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​តាមរយៈ​ការ​ធ្វើ​រដ្ឋប្រហារ​យោធា កាល​ពី​ឆ្នាំ ២០១៤ ហើយ​មនុស្ស​ជាច្រើន​ចាត់ទុក​លោក​ថា ​ជា​និមិត្តរូប​នៃ​ការ​ក្តោបក្តាប់​អំណាច​របស់​យោធា​នៅ​​ក្នុង​នយោបាយ​​ថៃ។

នាយករដ្ឋមន្ត្រី​ថៃ​លោក Prayuth Chanocha បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា ក្រុម​បាតុករ​«ធ្វើ​ហួសហេតុ​ពេក» បន្ទាប់​ពី​ពួកគេ​ស្នើ​ឲ្យ​មាន​ផែនការ​មួយ​ដែល​មាន​ ១០ ចំណុច​សម្រាប់​ធ្វើ​កំណែទម្រង់​របប​រាជា​និយម។ របប​រាជា​និយម​ថៃ​ជា​រឿយៗ​ត្រូវ​បាន​គេ​ចាត់​ទុកថា គឺ​ជា​ស្ថាប័ន​ដ៏​វិសិដ្ឋ(ឬ​ពិសិដ្ឋ) ​នៅ​ក្នុង​ប្រទេស​ថៃ។

បាតុករ​ចំនួន​ប្រមាណ​ពី ៣.០០០ ទៅ ៤.០០០ នាក់ ដែល​ភាគច្រើន​គឺ​ជា​និស្សិត​បាន​នាំ​គ្នា​ឈរ​នៅ​ក្នុង​សាកលវិទ្យាល័យ Thammasat ដែល​ស្ថិត​នៅ​ជាយ​ក្រុង​បាងកក កាល​ពី​យប់​ថ្ងៃ​ច័ន្ទ និង​បាន​ស្រែក​ឃ្លា​ថា «ជយោ!​ លទ្ធិប្រជាធិបតេយ្យ»។ ​

និស្សិត​មួយ​ចំនួន​បាន​ថ្លែង​សុន្ទរកថា ហើយ​និស្សិត​ជាច្រើន​ទៀត​បាន​ទាមទារឲ្យ​លោក Prayuth ចុះ​ចេញ​ពី​តំណែង។ លោក Prayuth បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​តាមរយៈ​ការ​ធ្វើ​រដ្ឋប្រហារ​យោធា កាល​ពី​ឆ្នាំ ២០១៤ ហើយ​មនុស្ស​ជាច្រើន​ចាត់ទុក​លោក​ថា ​ជា​និមិត្តរូប​នៃ​ការ​ក្តោបក្តាប់​អំណាច​របស់​យោធា​នៅក្នុង​នយោបាយថៃ។

ក្រុម​បាតុករ​មក​ពី​ក្រុម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៃ​សាកលវិទ្យាល័យ Thammasat ស្នើ​ឲ្យ​មាន​ផែនការ​មួយ​ដែល​មាន​ ១០ ចំណុច ដើម្បី​ធ្វើ​កំណែទម្រង់​របប​រាជានិយម។
ផែនការ​នោះ​រួម​មាន​ការ​ដក​បទបញ្ជា​ឆ្នាំ​២០១៩ ដែលបានផ្ទេរការិយាល័យ​យោធា​ចំនួន​ពីរ​ទៅ​ឲ្យ​ស្ថិត​ក្រោម​ការ​បញ្ជា​ដោយ​ផ្ទាល់​ពី​ព្រះ​មហាក្សត្រ ក៏​ដូចជា​ច្បាប់​មួយ​កាល​ពី​ឆ្នាំ​២០១៧ ដែល​ផ្ដល់​សិទ្ធិ​ពេញ​លេញ​ដល់​ព្រះមហាក្សត្រថៃ​ក្នុង​ការ​ត្រួតត្រា​ទាំង​ស្រុង​នូវទ្រព្យ​សម្បត្តិ​របស់រាជវង្ស​ផង​ដែរ៕