នាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-ocha និងយោធាថៃ កាលពីថ្ងៃពុធ បានបដិសេធ ការចោទរបស់តំណាងរាស្ត្រគណបក្សប្រឆាំងដែលថា យោធាកំពុងប្រើប្រាស់គណនីហ្វេសប៊ុក និង Twitter ក្លែងក្លាយជាផ្នែកមួយនៃយុទ្ធនាការឃោសនាតាមបណ្តាញសង្គម ដើម្បីវាយប្រហារអ្នកនយោបាយប្រឆាំងនិងសកម្មជនសិទ្ធិមនុស្ស។
ការចោទប្រកាន់នេះបាននាំឲ្យលោក Prayuth ដើរចេញពីការជជែកតឹងតែងមួយក្នុងសភាកាលពីថ្ងៃអង្គារក្រោយពីតំណាងរាស្ត្រម្នាក់ពីគណបក្សប្រឆាំង អនាគតថ្មី ឬ Future Forward បានបង្ហាញឯកសារផ្ទៃក្នុងយោធាដែលបញ្ជាឲ្យមន្ត្រីទាហានធ្វើដូច្នេះ។
លោកនាយករដ្ឋមន្ត្រីថៃ បានថ្លែងទៅកាន់អ្នកកាសែតកាលពីថ្ងៃពុធថា រដ្ឋាភិបាលថៃមិនមានគោលនយោបាយបែបនេះទេហើយថាលោកនឹងធ្វើការស៊ើបអង្កេត។
មកទល់នឹងពេលនេះមិនទាន់មានការឆ្លើយតបអ្វីពីក្រុមហ៊ុនបណ្តាញសង្គម Facebook និង Twitter ឡើយ។
សម្ព័ន្ធភាពរដ្ឋាភិបាលចម្រុះរបស់លោក Prayuth កាន់តែមានភាពរឹងមាំក្រោយពីគណបក្សអនាគតថ្មី Future Forward កាលពីសប្តាហ៍មុនត្រូវបានរំលាយ ដោយហេតុផលថាគណបក្សនេះបានធ្វើខុសច្បាប់ដែលយកឥណទានពីស្ថាបនិកមហាសេដ្ឋីរបស់ខ្លួន។ គណបក្ស Future Forward ជាគណបក្សមានតំណាងរាស្ត្រច្រើនជាងគេទី៣ក្នុងសភាថៃ។
ការរំលាយគណបក្សអនាគតថ្មី បាននាំឲ្យមានបាតុកម្មរាល់ថ្ងៃពីនិស្សិតថៃ ដែលជាក្រុមអ្នកគាំទ្រគណបក្សនេះច្រើនជាងគេ៕
ប្រែសម្រួលដោយ សឹង សុផាត