គណបក្ស​ប្រឆាំង​ថៃ​ឈ្នះ​បាន​អាសនៈ​ភាគ​ច្រើន​នៅ​ក្នុង​ការ​បោះឆ្នោត

លោក Pita Limjaroenrat មេដឹកនាំ​និង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​គណបក្ស Move Forward ប្រកាស​ពី​ជ័យជម្នះ មួយ​ថ្ងៃ​ក្រោយ​ថ្ងៃ​បោះឆ្នោត នៅ​​ទី​ស្នាក់ការ​គណបក្ស​នៅ​រាជធានី​បាងកក កាល​ពី​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៣។

នៅ​ថ្ងៃ​ចន្ទ​នេះ គណបក្ស Move Forward ​ដែល​គាំទ្រ​ដោយ​អ្នក​បោះឆ្នោត​ដែល​ជា​យុវជន​ជា​ច្រើន​លាន​នាក់ ​បាន​ឈ្នះ​បាន​អាសនៈ​ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ប្រទេស​ថៃ។

ការ​ស្ទង់​មតិ​មុន​ការ​បោះឆ្នោត​បាន​បង្ហាញ​ថា គណបក្ស Pheu Thai នឹង​ឈ្នះ​បាន​អាសនៈ​ច្រើន​ជាង​គេ​បំផុត ​ប៉ុន្តែ​ជាក់ស្ដែង ​លទ្ធផល​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​សម្រាប់​ការ​បោះឆ្នោត​កាលពី​ថ្ងៃ​អាទិត្យ​គឺ​ថា គណបក្ស ​Move Forward ​នឹង​ឈ្នះ​បាន​អាសនៈ​ចំនួន ១៥១ បើ​ប្រៀប​ជាមួយ​នឹង​គណបក្ស Pheu Thai ដែល​ឈ្នះ​បាន​អាសនៈ​ចំនួន ១៤១។

មេដឹកនាំ​គណបក្ស Move Forward លោក Pita Limjaroenrat បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា គណបក្ស​របស់​លោក​ត្រៀម​លក្ខណៈ​រួចរាល់​នៅ​ក្នុង​ការ​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​ថៃ ហើយ​លោក​ត្រៀម​ខ្លួន​រួចរាល់​នៅ​ក្នុង​ការ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ថ្មី។

លោក Pita បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​ទីក្រុង​បាងកក​ថា ​លោក​បាន​និយាយ​រួច​ហើយ​ជាមួយ​នឹង​គណបក្ស Pheu Thai ​និង​គណបក្ស​នយោបាយ​ផ្សេង​ទៀត​អំពី​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ដែល​នឹង​មាន​អាសនៈ​ជាង​ ៣០០។

ប្រសិន​បើ​ករណី​នេះ​កើតឡើង នោះ​វា​អាស្រ័យ​លើ​ព្រឹទ្ធសភា​ថៃ ​ដែល​មាន​សមាជិក ២៥០ ​នាក់​ដែល​តែងតាំង​ដោយ​យោធា​ក្នុង​ពេល​កន្លង​មក នៅ​ក្នុង​ការ​សម្រេច​លើ​អ្វី​ដែល​នឹង​កើតឡើង​បន្ទាប់​និង​លើ​ថា​តើ​ពួកគេ​គាំទ្រ​រដ្ឋាភិបាល​ចម្រុះ​និង​បេក្ខភាព​នាយករដ្ឋមន្ត្រី​ថ្មី​ដែរ​ឬ​ក៏​យ៉ាង​ណា​នោះ។

មូលហេតុ​ចម្បង​មួយ​ដែល​យុវជន​ថៃ​បាន​គាំទ្រ​គណបក្ស Move Forward គឺ​ដោយសារ​ការ​សន្យា​របស់​គណបក្ស​នេះ​នៅ​ក្នុង​ការ​ព្យាយាម​កែ​ទម្រង់​របប​រាជាធិបតេយ្យ​របស់​ប្រទេស​ថៃ ​និង​កែ​ទម្រង់​ច្បាប់​ប្រមាថ​ព្រះ​មហាក្សត្រ​របស់​ប្រទេស​ថៃ ដែល​ច្បាប់​នេះ​ហាម​ឃាត់​ការ​រិះគន់​ណា​មួយ​លើ​សមាជិក​រាជវង្សានុវង្ស​និង​ដាក់​ទោស​ជាប់​ពន្ធនាគារ​ធ្ងន់ធ្ងរ​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​ខុស។ គណបក្ស Move Forward ក៏​បាន​សន្យា​ផង​ដែរ​ឱ្យ​មាន​ការ​បង្កើន​ប្រាក់​បៀវត្សរ៍​ប្រចាំ​ឆ្នាំ​និង​ការ​កែ​ទម្រង់​ការ​អប់រំ​និង​កម្មវិធី​សិក្សា។

បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្ស Pheu Thai អ្នកស្រី Paetongtarn Shinawatra កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃលោក Thaksin Shinawatra ជួបអ្នកគាំទ្រ មុនថ្ងៃបោះឆ្នោត នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៣។

មេដឹកនាំ​គណបក្ស Pheu Thai ​អ្នកស្រី Paetongtarn Shinawatra ​បាន​អបអរសាទរ​គណបក្ស Move Forward ​ចំពោះ​ជ័យជម្នះ​របស់​គណបក្ស​នេះ ​និង​បាន​និយាយ​ថា៖​ «យើង​អាច​ធ្វើការ​ជាមួយ​គ្នា​បាន»។

គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​របស់​ថៃ​មាន​រយៈពេល​ ៦០​ ថ្ងៃ​នៅ​ក្នុង​ការ​ប្រកាស​លទ្ធផល​ជា​ផ្លូវការ។

ការ​បោះឆ្នោត​ថ្នាក់​ជាតិ​លើក​នេះ​គឺ​ជា​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​លើក​ដំបូង​បង្អស់​នៅ​ក្នុង​ប្រទេស​ថៃ​តាំងពី​ឆ្នាំ ២០១៩ មក ​ហើយ​ចំនួន​អ្នក​ចេញ​មក​បោះឆ្នោត​គឺ​មាន​ចំនួន​ប្រហែល ​៣៩,៥ លាន​នាក់ ​ឬ​ក៏ ​៧៥% នៃ​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ចំនួន​ជាង ៥២ ​លាន​នាក់។

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, Reuters និង​ AFP។