សមាជិកគណកម្មការរួមនៃព្រំដែនខ្មែរថៃបានបើកកិច្ចប្រជុំ នៅក្នុងប្រទេសឥណ្ឌូនេសីកាលពីថ្ងៃព្រហស្សតិ៍នេះ ដើម្បីដោះស្រាយជាថ្មីនូវជម្លោះអំពីដីធ្លី នៅជុំវិញប្រាសាទព្រះវិហារសាងសង់ឡើងកាលពី ៩០០ឆ្នាំមុន ។ ប្រទេសឥណ្ឌូនេស៊ី ក្នុងតួនាទីជាប្រធានសមាគមប្រទេសអាស៊ីអគ្នេយ៍ បានចរចាឲ្យមានបទឈប់បាញ់គ្នា ក្រោយពីការប៉ះទង្គិចគ្នា កាលពីខែកុម្ភ: ដែលបណ្ដាលឲ្យមនុស្សស្លាប់១០នាក់និងធ្វើឲ្យមនុស្សរាប់ពាន់នាក់រត់ចោលផ្ទះសម្បែង។ តែ នៅពេលនេះ យោធាថៃ បានបដិសេធមាត្រាសំខាន់ៗនៃកិច្ចព្រមព្រៀងគ្នា ដោយអំពាវនាវឲ្យអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីដាក់រាយនៅតាមព្រំប្រទល់។
យោធាថៃមិនមានវត្ដមានក្នុងកិច្ចចរចាគ្នា អំពីសន្ដិភាពរវាង កម្ពុជា និងថៃទេនៅក្នុងប្រទេសឥណ្ឌូនេស៊ីនោះ ។ លោក ប៉ាវិន ឆាឆាវាល ពុងពន នៃវិជ្ជាស្ថាន សិក្សាអាស៊ីអគ្នេយ៍ នៅក្នុងប្រទេសសិង្ហបូរី ថ្លែងថាអវត្ដមាននោះ ដោយសារមានការខ្វែងគំនិតគ្នារវាងក្រុមមន្ដ្រីនៃក្រសួងការបរទេសនិងមេដឹកនាំយោធាអំពីរបៀបដោះស្រាយជម្លោះព្រំដែន។
«ខ្ញុំយល់ថាមានការប៉ះទង្គិចគ្នារវាង ក្រសួងទាំងពីរ អំពី នរណាត្រួតត្រានយោបាយបរទេសថៃ។ហើយខ្ញុំយល់ថា យោធាមិនយល់ស្របទៅនឹងនយោបាយបរទេសថៃចំពោះប្រទេស កម្ពុជាដោយសារតែយោធាទាមទារថាវិធានការនោះទន់ជ្រាយពេក»។
លោកថ្លែងទៀតថា ការខ្វែងគំនិតគ្នារារាំងមិនឲ្យមានការអនុវត្ដន៍ កិច្ចព្រមព្រៀងនៃបទឈប់បាញ់គ្នាដែលរដ្ឋមន្ដ្រីក្រសួងការបរទេសឥណ្ឌូនេស៊ី Marty Natalegawa បានជួយខ្នះខ្នែង ក្នុងមុខនាទីរបស់លោកជាប្រធានសមាគមអាស៊ាន កាលពីខែកុម្ភ:។
យោធាទាំងពីរបានប៉ះទង្គិចគ្នានៅលើទីកន្លែងជម្លោះនៃប្រាសាទព្រះវិហារខ្មែរ ដែលប្រទេសទាំងពីរបានទាមទារជាមត៌ករៀងៗខ្លួន។
បទឈប់បាញ់គ្នាអំពាវនាវឲ្យអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ី ដើរមុខនាទីជាអ្នកតាមឃ្លាំមើលក្នុងតំបន់ជម្លោះ។ តែយោធាថៃមិនយល់ស្របក្នុងការអនុញាតឲ្យអ្នកសង្កេតការណ៍យោធាបរទេសចូលមកក្នុងតំបន់នោះ ដោយនិយាយថា រឿងនោះត្រូវដោះស្រាយ ដោយទ្វេភាគី មិនបាច់មានអន្ដរាគមន៍ពីភាគីទីបីទេ។
លោក ឆាឆាវាល ពុងពន ថ្លែងថា បើប្រសិនជាកិច្ចព្រមព្រៀងបានទទួលយកបាន ដើម្បីដាក់រាយអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ី នៅមានរឿងជាច្រើននៃការផ្ដល់ស្បៀង និងការគាំទ្រ ដែលគេត្រូវដោះស្រាយ។
តែលោក មិនបានមើលឃើញថាមានការលូតលាស់ក្នុងការចរចាបើកាលណាគ្មានការចូលរួមពីយោធាថៃនោះទេ។
«ខ្ញុំមិនដឹងថាតើគេអាចសម្របសម្រួលគ្នាដូចម្ដេចទេក្នុងការបញ្ជូនក្រុមអ្នកសង្កេតការណ៍ទាំងនោះ នៅពេលដែលយោធាថៃនៅតែបន្ដបដិសេធមុខនាទីរបស់ក្រុមឥណ្ឌូនេស៊ី ។ នៅទីបញ្ចប់មន្ដ្រីយោធាទាំងនោះនិយាយថា យើងត្រូវធ្វើការជាមួយគ្នា មិនមែនជាមួយក្រសួងការបរទេសទេ តែជាមួយយោធា ជាពិសេសជាមួយទាហាននៅទីកន្លែង។ ខ្ញុំនៅតែមិនមើលឃើញថារឿងដូច្នោះកើតមានឡើងទេ»។
តែលោក និយាយថាកិច្ចប្រឹងប្រែងរបស់ក្រុមឥណ្ឌូនេស៊ីក្នុងការជួយសម្រួល និងការឲ្យមានបទឈប់បាញ់គ្នាបានជំរុញឲ្យភាគីទាំងពីររក្សាឲ្យមានសន្ដិភាព៕
ប្រែសម្រួលដោយ អ៊ូ ធួក