រដ្ឋាភិបាលយោធាថៃទុកពេលឲ្យពលករខ្មែរជិតពីរសប្តាហ៍ដើម្បីសុំសិទ្ធិធ្វើការស្របច្បាប់

រូបឯកសារ៖ ពលករចំណាកស្រុកកម្ពុជាឈរនៅក្នុងរថយន្តយមួយ ខណៈពេលដែលពួកគេបានមកដល់ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត នៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤។

មន្ត្រីឃ្លាំមើលសិទ្ធិពលករចំណាកស្រុកបានថ្លែងថា ពលករខ្មែរដែលខកខានមិនអាចទទួលបានសុពលភាពប័ណ្ណស្នាក់នៅ និងធ្វើការបណ្តោះអាសន្ននៅប្រទេសថៃ អាចប្រឈមមុខនឹងការពិន័យធ្ងន់ធ្ងរ ប្រសិនបើយោងតាមច្បាប់ការងាររបស់ថៃដែលត្រូវបានធ្វើវិសោធនកម្មកាលពីឆ្នាំ២០១៧។ ស្ថានបេសកកម្មការទូតប្រទេសកម្ពុជាប្រចាំប្រទេសថៃ បានជូនដំណឹងដល់ពលករដែលកំពុងធ្វើការនៅប្រទេសថៃថា ពួកគេមានពេលត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៨ ដាក់ពាក្យស្នើសុំការអនុញ្ញាតខាងច្បាប់ដើម្បីធ្វើការបណ្តោះអាសន្ននៅប្រទេសថៃ។

រដ្ឋាភិបាល​យោធា​ថៃបាន​កំណត់​យក​ថ្ងៃទី​ ​៣១​ ​ខែ​មីនា​ ឆ្នាំ​ ​២០១៨​ ​ជា​ឱសាន​វាទសម្រាប់​ពលករ​ខ្មែរ​ ដើម្បី​ចុះ​ឈ្មោះបន្ត​សុពល​ភាព​ប័ណ្ណស្នាក់នៅ និង​ធ្វើការ​បណ្តោះ​អាសន្ន​នៅ​ប្រទេស​នេះ មុន​ពេល​អាជ្ញាធរ​ថៃ​ចាត់​វិធាន​ការ​ខាង​ច្បាប់​«យ៉ាង​តឹងរឹង»។​ ​នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​របស់​ស្ថាន​ទូត​ប្រទេស​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ដែល​ ​VOA​ ​បាន​ទទួល​នៅ​ថ្ងៃ​អង្គារ។

សេចក្តី​ប្រកាស​របស់​ស្ថាន​បេសក​កម្មការ​ទូត​ប្រទេស​កម្ពុជា​ ​ចុះថ្ងៃ​ទី​ ​១៩​ ​ខែ​មីនា​ ​ឆ្នាំ​ ​២០១៨​ ​បាន​បញ្ជាក់​ប្រាប់ពលករ​កម្ពុជា​ដែលស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ​តាម​ន័យ​ដើម​ថា៖​

«ភាគី​ថៃ​នឹង​បិទ​ដំណើរ​ការ​បន្ត​សុពលភាព​ប័ណ្ណ​ស្នាក់​នៅ​ ​និង​ធ្វើការ​បណ្តោះ​អាសន្ន​ ​(ប័ណ្ណ​ស៊ី​ជំពូ​ និង​លិខិត​បញ្ជាក់​ទំនាក់​ទំនង​រវាង​ថៅកែ​ និង​ពលករ)​ ​នៅ​ថ្ងៃ​ទី​ ៣១​ ខែ​ ​មីនា​ ឆ្នាំ​២០១៨​ ​ជា​កំហិត»។​

​សេចក្តី​ប្រកាស​ដដែល​បាន​បន្តថា​ ​ផុត​កំណត់​បរិច្ឆេទ​ថ្ងៃទី​ ​៣១ ​ខែ​មីនា​ ឆ្នាំ​ ​២០១៨​ ​អាជ្ញាធរ​ថៃ​នឹង​ចាត់​វិធានការ​យ៉ាង​តឹងរឹង​តាមច្បាប់​ ​ចំពោះ​ពលករ​បរទេស​ទាំងអស់​ដែល​ពុំមាន​ច្បាប់​អនុញ្ញាត​ឲ្យ​ស្នាក់​នៅ​ និង​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ។

ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ ​បាន​អំពាវនាវ​តាម​សេចក្តី​ប្រកាស​របស់​ខ្លួន​តាម​ន័យ​ដើម​ថា៖​

«ពលករ​កម្ពុជា​ទាំងអស់​ដែលមិន​ទាន់​បាន​បន្ត​សុពលភាព​ប័ណ្ណ​ស្នាក់​នៅ​ និង​ធ្វើការ​បណ្តោះ​អាសន្ន​ សូម​មេត្តា​ប្រញាប់​រួសរាន់ ទៅបន្ត​សុពល​ភាព​ នៅ​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ​របស់​ភាគីថៃ​តាម​បណ្តា​ខេត្ត-ក្រុង​ ដែល​បង​ប្អូន​រស់នៅ​ និង​ធ្វើការ​ឲ្យបាន​រួចរាល់​ត្រឹម​ថ្ងៃទី​ ៣១​ ខែមីនា​ ឆ្នាំ​ ២០១៨»។

កាល​ពី​ខែ​កក្កដា​ ឆ្នាំ​ ២០១៧​ ក្រសួង​ការងារ​ថៃ​បាន​បើក​ការិយាល័យ​ចំនួន​៩៧​កន្លែង​រយៈ​ពេល​១៥​ថ្ងៃ ​គិត​ចាប់​ពីថ្ងៃ​ទី​២៤​ ខែ​កក្កដា​ ឆ្នាំ​២០១៧ ​ដល់​ថ្ងៃ​ទី​៧​ ខែ​សីហា​ ឆ្នាំ​២០១៧​ ​ដើម្បី​ជូន​ដំណឹង​អំពី​ការ​ធ្វើ​ការ​របស់​ពលករ​បរទេស​ដែល​មិន​មាន​ឯកសារ ​និង​ដើម្បី​បញ្ជាក់​ការ​ធ្វើ​ការ​ដោយស្រប​ច្បាប់។ ​ការ​បង្កើត​ការិយាល័យ​បញ្ជាក់​ភាព​ស្របច្បាប់​នៃ​ការ​ធ្វើការ​នៅ​ប្រទេស​ថៃ​នា​ពេល​នោះ​ ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​ពលករ​ខ្មែរ​រាប់ពាន់​នាក់​ ​ដែល​ភ័យ​ខ្លាច​ការ​អនុវត្ត​ច្បាប់​ការងារ​ថ្មី​របស់​ថៃ​ បាន​ធ្វើ​ដំណើរ​ ឬ​ត្រូវ​ចាប់​បញ្ជូន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ ​នៅចុង​ខែ​មិថុនា​ ឆ្នាំ​២០១៧។​

ការ​ចាក​ចេញ​របស់​ពលករ​ខ្មែរ​ពី​ប្រទេស​ថៃ​ និងការ​ចាប់​ខ្លួន​ពលករ​ខ្មែរ​ដោយ​ភាគី​ថៃ​នេះ​ ​បាន​កើត​មាន​ឡើង​ ​បន្ទាប់​ពី​ច្បាប់​ការងារ​ថ្មី​របស់​ថៃ​ចូល​ជា​ធរមាន។​ ​ច្បាប់​ថ្មី​ ដែល​ចងក្រង​ដោយ​រដ្ឋបាល​យោធា​របស់​ថៃបាន​ធ្វើ​ការ​រឹតត្បិត ​និង​ដាក់​ទោស​ទណ្ឌ​លើ​ពលករ​ខុសច្បាប់​ពី​ប្រទេស​នានា​ដូច​ជា​ឡាវ​ កម្ពុជា​ ​និង​មីយ៉ាន់ម៉ា​ជា​ដើម។​

ក៏ប៉ុន្តែ​ ភ្លាមៗ​ក្រោយ​ការ​ចាកចេញ​របស់​ពលករ​ខ្មែរ​ជា​ច្រើន​ពាន់​នាក់​ពី​ប្រទេស​ថៃ​នោះ​ ​លោក​ ​អ៊ិត សំហេង​ ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាលថៃ​បាន​ពន្យារ​ពេល​អនុវត្ត​ច្បាប់​ការងារ​ថ្មី​រយៈពេល​ប្រាំមួយ​ខែ​ ដើម្បី​អនុញ្ញាត​ឲ្យ​ពលករ​ខ្មែរ​មាន​ពេល​ទទួល​បាន​សិទ្ធិ​ពេញ​ច្បាប់​ក្នុង​ការ​បំពេញ​ការ​ងារ​នៅ​ទីនោះ។​ ​តាម​ការបញ្ជាក់​របស់​លោក​ អ៊ិត សំហេង កាល​គ្រា​នោះ​ ​ឲ្យ​ដឹង​ថា​ ពលករ​ខ្មែរ​ចំនួន​ប្រមាណ​១៦​ម៉ឺន​នាក់​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ។​

លោក​ ​ឌី ថេហូយ៉ា​ ​មន្ត្រី​កម្មវិធី​នៃ​អង្គការ​ការពារ​សិទ្ធិ​ពលករ​ ហៅ​កាត់​ថា​សង់ត្រាល់បាន​ប្រាប់​ ​VOA ​នៅ​ថ្ងៃ​អង្គារ​ថា​ ​រដ្ឋាភិបាល​ថៃ​តែងតែ​ធ្វើការ​ពន្យារ​ពេល​ដល់​ពលករ​កម្ពុជា​សម្រាប់​ឲ្យពួកគេ​បាន​ទទួល​នូវ​ភាព​ស្រប​ច្បាប់​នៃ​ការ​ងារ​នៅ​ប្រទេសថៃ។​ ​យ៉ាង​ណា​ក៏​ដោយ​ ​លោក​មាន​ប្រសាសន៍​ថា​ ​ នៅ​លើក​នេះ​មិន​ដឹង​ថា​អាជ្ញាធរ​ថៃ​អាច​នឹង​មាន​ការ​ពន្យារ​ពេល​ឲ្យ​ពលករ​ទទួល​បាន​ការ​អនុញ្ញាត​រស់​នៅ​ និង​ធ្វើ​ការនៅប្រទេស​ថៃ​បណ្តោះ​អាសន្ន​ឬយ៉ាងណាទេ​ ​ប្រសិន​បើ​ឱសាន​វាទ​ចូល​មក​ដល់​នោះ។​

«កន្លង​មក​យើង​ឃើញ​ថាមាន​ការ​កែប្រែ​ មានការ​ពន្យារ​ឲ្យ​រហូតអី​ចឹង។​ អីចឹង​អា​កន្លែង​ហ្នឹង​ខ្ញុំ​អត់​អាច​ឆ្លើយ​បាន​ ថា​តើ​វា​យ៉ាងម៉េច​ទេ​ បើសិន​អត់​មានការ​កែ​ប្រែ​គឺ​ ពួក​គាត់​ប្រឈម​ត្រូវ​បញ្ជូន​ត្រឡប់មក​វិញ​ ឬ​មួយ​ប្រឈម​នឹង​ចំណាត់​ការ​ផ្លូវ​ច្បាប់​ស្រុក​គេ​អីចឹង​ណ៎ា​ បាទ»។​

លោក​បាន​ពន្យល់​ថា​ ប្រសិនបើ​ភាគីថៃ​អនុវត្ត​ទៅតាមច្បាប់ការងារ​ដែល​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​កាល​ពី​ឆ្នាំ​២០១៧ ​ឬហៅ​ថា​ ច្បាប់​ការងារ​ថៃ​ថ្មី​នោះ កម្មករ​ដែល​ធ្វើការ​មិន​តាម​ប្រភេទ​ការងារ​ដែល​ត្រូវ​បាន​អនុញ្ញត​ឲ្យធ្វើ​ ឬ​ក៏​ពុំ​មាន​ឯកសារ​ត្រឹម​ត្រូវ​អាច​ប្រឈម​នឹងការ​បណ្តេញ​ចេញផាក​ពិន័យ ​និង​ជាប់​ពន្ធនាគារ​មិន​ក្រោម​ពី​ប្រាំ​ឆ្នាំ​ទេ។​

«គាត់​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​ផង​ និង​ពិន័យ​ជា​ប្រាក់​ផង​ អា​នេះ ​បើ​ថៃ​អនុវត្ត​ទៅ​តាម​ច្បាប់​ថៃ​ ពិត​ប្រាកដ​មែន​ បាទ។​ ​គាត់​ត្រូវប្រឈម​ពីរ​ ទីមួយគាត់​ត្រូវ​ប្រឈម​នឹង​ការ​បង់​ផាក​ពិន័យ​ពី​៥​ពាន់​បាត​ទៅ​ប្រាំ​ម៉ឺនបាត​ ​ទីពីរ​គាត់​ត្រូវ​ជាប់​ពន្ធនាគារ​មួយ​លើក​ប្រាំ​ឆ្នាំ»។​

មន្ត្រីការ​ពារ​សិទិ្ធ​ពលករ​រូប​នេះបាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា​ ​ការ​សម្ភាស​ជា​មួយ​ពលករ​បាន​ឲ្យ​ដឹង​ថា​ ពួកគេ​មាន​ការ​ពិបាក​ក្នុង​ការ​ស្នើសុំ​សិទ្ធិ​ធ្វើ​ការ​ដោយ​ស្រប​ច្បាប់​នៅ​ប្រទេស​ថៃ​ ​ដោយ​ខាង​ភាគី​កម្ពុជា​មិនមាន​ភាព​សុក្រឹត្យ​ក្នុង​ការ​យក​តម្លៃ​ធ្វើ​លិខិតអន្តោប្រវេសន៍​ និង​មាន​ការ​កើត​ឡើង​នូវសកម្ម​ភាព​បក្ខ​ពួក​និយម។​

យ៉ាង​ណា​ក៏​ដោយ​ ​លោក​ ​ឌី ថេហូយ៉ា​ ​សំដែង​ក្តី​កោត​សរសើរ​ចំពោះ​ការ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​រៀបចំ​បង្កើត​ការិយាល័យ​ធ្វើ​ការ​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​ថៃ​ ក្នុង​នោះ​មាន​ខេត្តបាត់​ដំបង​ និង​បន្ទាយ​មានជ័យ ដើម្បី​សម្រួល​បំពេញ​ភាព​ស្រប​ច្បាប់​ដល់​ពលករ​ខ្មែរដែល​មាន​បំណង​ចូល​ទៅ​ធ្វើ​ការ​នៅ​ទឹកដី​ថៃ។ ​លោក​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​មានការ​ចរចា​ ​លើ​ការ​អនុវត្ត​ច្បាប់​ការងារ​ថៃ​ដែល​ត្រូវ​បាន​វិសោធន​កម្ម​ ​ដោយ​សន្សឹមៗ​ ​និង​ពន្យារ​ពេល​នៃ​ការ​ដាក់​ទោសទណ្ឌ​លើ​ពលករ​ខ្មែរ​ ​ប្រសិន​បើ​ពួក​គេ​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ទទួលបាន​ឯកសារ​ផ្សេងៗ​ សម្រាប់​បញ្ជាក់​ពីភាព​ស្រប​ច្បាប់​នៃ​ការ​បំពេញ​ការងារ​នៅ​ប្រទេស​ថៃ។​

មន្ត្រី​នៅ​ស្ថានទូត​ប្រទេស​ថៃ​ប្រចាំ​កម្ពុជា​ មិន​ទាន់​ឆ្លើយ​សំណួរ​ដែល​ ​VOA​ ផ្ញើ​តាម​សារ​ ​Email ​ទេ មក​ដល់​ល្ងាច​ថ្ងៃ​អង្គារនេះ។ ​VOA​ ​ក៏​មិន​ទាន់​អាច​ទាក់​ទង​លោក​ ​ហេង សួ​ ​អ្នក​នាំពាក្យ​ក្រសួង​ការងារ​បាន​ដែរ។​

​ការ​បង្រ្កាប​របស់​រដ្ឋាភិបាល​ថៃ​លើ​ពលករ​ខ្មែរ​ធ្លាប់​បាន​ធ្វើឡើង​ជា​ទ្រង់ទ្រាយ​ធំ​ ​កាល​ពី​បួនឆ្នាំមុន​ ពោល​គឺ​កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០១៤​ ​ពលករ​ខ្មែរ​ជាង​១៧​ម៉ឺន​នាក់​ត្រូវ​បាន​បង្ខំ​ចិត្ត​ចាក​ចេញ​ពី​ប្រទេស​ថៃ ​ក្រោយ​ពី​របប​យោធា​ថៃ​បង្ក្រាប​លើ​ពលករ​ខុស​ច្បាប់​ក្នុង​ប្រទេស​ខ្លួន។​ ​របាយ​ការណ៍​មួយ​របស់​អង្គការ​ការពារ​សិទ្ធិ​ពលករ​បង្ហាញ​ថា​ ​យ៉ាង​ហោច​ណាស់​មាន​ពលករ​ខ្មែរ១​លាន​នាក់​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ​ ​ទាំង​ស្រប​ច្បាប់​ ​និង​ខុស​ច្បាប់៕