ព្រះ​មហាក្សត្រ​ថៃ​បន្ធូរ​បន្ថយ​​ទោស​ជាប់​ពន្ធនាគារ​របស់​​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក​ Thaksin នៅ​សល់​១​ឆ្នាំ

  • ​Reuters

រូបឯកសារ៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra ស្វាគមន៍អ្នកគាំទ្រ ពេលលោកបានធ្វើដំណើរមកដល់អាកាសយានដ្ឋាន Don Muang ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣។

ព្រះមហាក្សត្រនៃ​ប្រទេស​ថៃ​បានបន្ធូរ​បន្ថយ​ទោសអតីត​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​នេះ​ គឺ​លោក Thaksin Shinawatra ពី​ចំនួន​ ៨ ​ឆ្នាំ​មក​នៅ​សល់​ ១ ​ឆ្នាំ​វិញ។ ​នេះ​បើ​តាម​ព្រះរាជ​ព្រឹត្តិប័ត្រចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ ​គឺ​មួយ​ថ្ងៃ​ក្រោយ​ពីមហាសេដ្ឋី​ថៃ​រូប​នេះ​ បាន​ដាក់​សំណើ​សុំ​ការ​លើក​លែង​ទោស​របស់​លោក។

ខ្លឹមសារ​ក្នុង​ព្រះរាជព្រឹត្តិប័ត្រ​នេះ​បាន​លើក​ឡើង​ថា៖ «លោកThaksin ​ដែល​ជា​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ បាន​ធ្វើអំពើ​ល្អ​សម្រាប់​ប្រទេស​ជាតិ និង​ប្រជារាស្ត្រ​ថៃ ហើយ​មាន​ភក្តីភាព​ចំពោះ​ព្រះមហាក្សត្រ»។

ព្រឹត្តិប័ត្រ​នេះ​បន្ត​ទៀត​ថា៖​ «លោកThaksin ​គោរព​ដំណើរការ​និតីវិធី​ ព្រម​ទទួល​កំហុស​ ស្តាយ​ក្រោយ​ និង​ទទួល​យក​សាលក្រម​តុលាការ។​ ពេល​នេះ​លោក​មាន​អាយុ​ច្រើន​ និង​មាន​ជំងឺ​ដែល​ត្រូវ​ការ​ព្យាបាលពី​ក្រុម​គ្រូពេទ្យ​ជំនាញៗ​ផង​ដែរ»។

លោក Thaksin ដែល​ជា​អ្នក​នយោបាយ​ល្បី​ឈ្មោះ​បំផុត​របស់​ថៃ បាន​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​ថៃ​វិញ​កាលពី​សប្ដាហ៍​មុន បន្ទាប់​ពី​បាន​និរទេស​ខ្លួន​នៅ​បរទេស​អស់​រយៈពេល ១៥ ឆ្នាំ​ ដើម្បី​គេច​ពី​ការ​ជាប់​ពន្ធនាគារ។

លោក Thaksin បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ថៃ​តាម​យន្តហោះ​ឯកជន​និង​បាន​ស្វាគមន៍​អ្នក​គាំទ្រ​ដែល​មក​ទទួល​លោក ​មុន​ពេល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​ ដើម្បី​ចាប់​ផ្តើម​ទទួលទោស ៨ ឆ្នាំ​ សម្រាប់​បទ​ចោទ​ពី​ការ​រំលោភ​អំណាច​និង​ជម្លោះ​ផល​ប្រយោជន៍​អំឡុង​ពេល​លោក​នៅ​កាន់​អំណាច៕