រដ្ឋាភិបាលក្នុងប្រទេសថៃបានបង្ក្រាបលើកាសែតសហគមន៍និងស្ថានីយវិទ្យុ ដែលគាំទ្រការតវ៉ារបស់ពួកអាវក្រហមកាលពីពេលថ្មីៗនេះក្នុងទីក្រុងបាងកក។ លោក Daniel Schearf អ្នកយកព៌តមានរបស់ VOA បានធ្វើដំណើរទៅខេត្ត Udon Thani ក្នុងទឹកដីរបស់ពួកអ្នកប្រឆាំងរដ្ឋាភិបាល ហើយមានសេចក្តីរាយការណ៍អំពីរឿងនេះ។ លោក ជឹង ប៉ូជីន ប្រែសម្រួលសេចក្តីរាយការណ៍នេះជូនដូចតទៅ។
រដ្ឋាភិបាលនិយាយថា បណ្តាញផ្សាយព៌តមានរបស់ពួកអាវក្រហមបាននាំឲ្យមានការបែកបាក់គ្នា ផ្សព្វផ្សាយការភូតកុហក ហើយបានជម្រុញឲ្យពួកអ្នកដើរតាមប្រព្រឹត្តអំពើហឹង្សាក្នុងរយៈពេលពីរខែនៃការតវ៉ាក្នុងទីក្រុងបាងកក។ បាតុកម្មបានបញ្ចប់ដោយសារការបង្ក្រាបរបស់កងយោធាកាលពីខែមុន។ រដ្ឋាភិបាលបានបិទគេហទំព័រ កាសែតនិងស្ថានីយផ្សព្វផ្សាយរបស់ពួកអាវក្រហម។
លោក Panitan Wattanayagorn អ្នកនាំពាក្យរដ្ឋាភិបាលនិយាយថា ពួកអ្នកផ្សព្វផ្សាយអាវក្រហមគំរាមកំហែងដល់សន្តិសុខជាតិ។
“មានមួយគ្រានោះ ពួកគេបានប្រកាសប្រាប់ពួកអ្នកមើលរបស់គេឱ្យចាប់ភរិយានិងកូនរបស់ នាយករដ្ឋមន្រ្តីយកទៅសម្លាប់ ។ ហើយមានមួយគ្រានោះ ពួកគេក៏បានប្រកាសថា ប្រសិនបើនាយករដ្ឋមន្រ្តីធ្វើដំណើរទៅកន្លែងនានាតាមខេត្ត ពួកគេនិងសម្លាប់លោក ។ ការផ្សាយបែបនេះ ប្រាកដជាមិនអាចអនុញ្ញាតិឱ្យធ្វើបានទេក្នុងប្រទេសណាមួយក៏ដោយ យ៉ាងហោចណាស់ក្នុងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ”។
ក្រុមបុគ្គលិកនៅស្ថានីយវិទ្យុ We Love Udon របស់ពួកអាវក្រហមបានលាក់ឧប្បករណ៍បញ្ជូនសំឡេងរបស់ខ្លួនទាន់ពេល មុនពួកទាហានបានវាយសម្រុកចូលទៅកម្ទេចឧប្បករណ៍របស់ពួកគេ។
ថាសផ្កាយរណបដែលបានប្រើប្រាស់ដើម្បីផ្សាយឡើងវិញនូវកម្មវិធី ទូរទស្សន៍របស់ពួកអាវក្រហម ត្រូវបានគេបំផ្លាញខ្ទេចខ្ទីហើយកាច់បំបាក់ចោលនៅឯស្ថានីយ៍។
អ្នកផ្សាយពីរនាក់ហើយនឹងនាយកស្ថានីយស្ថិតនៅក្រោមការឃុំឃាំង។ ដូចគ្នានិងមេដឹកនាំបាតុកម្មជាច្រើននាក់ទៀតដែរ នាយកស្ថានីយបានរងការចោទប្រកាន់អំពីភេរវកម្ម ហើយប្រសិនរកឃើញថាមានទោស អាចត្រូវកាត់ទោសប្រហារជីវិត។
ភរិយារបស់លោកឈ្មោះ Apon Sarakham បានច្រានចោលការចោទប្រកាន់នោះ ហើយអ្នកស្រីនិយាយថា ពួកអាជ្ញាធរកំពុងព្យាយាមបំភិតបំភ័យពួកប្រឆាំងនិងពួកគេ។
អ្នកស្រីនិយាយថា នៅខណៈពេលដែលស្ថានីយទាំងនោះត្រូវគេបិទ ស្ថានីយវិទ្យុនិងទូរទស្សន៍ដែលប្រឆាំងពួកបាតុករ ត្រូវបានគេអនុញ្ញាតិឲ្យបើកប្រតិបត្តិការ។ អ្នកស្រីនិយាយថា នេះជាអំពើអយុត្តិធម៌។
ពួកអាវក្រហម បានត្អូញត្អែរជាយូរយាណាស់មកហើយថា រដ្ឋាភិបាលបានប្រើបទដ្ឋានខុសគ្នា ហើយមិនអើពើនិងបណ្តាញផ្សព្វផ្សាយដែលចាត់ចែងដោយពួកដែលហៅថាអាវលឿងទេ ដែលបានដឹកនាំការប្រឆាំងតវ៉ាក្នុងឆ្នាំ២០០៨ ដែលបានបណ្តេញរដ្ឋាភិបាលដែលគាំទ្រដោយពួកអាវក្រហមចេញពីអំណាច។
លោក Charoen Mookajonphan អ្នក គាំទ្រពួកអាវលឿង និងជាអ្នកចាត់ចែងការនៃស្ថានីយវិទ្យុ “សម្ព័ន្ធភាពរបស់ប្រជារាស្រ្តដើម្បីលទ្ធិប្រជាធិបតេយ្យ” ក្នុងខេត្ត Udon Thani។
លោក Charoen និយាយថា ស្ថានីយដ៍តូចរបស់លោកបានទទួលការគម្រាមច្រើនដោយសារបញ្ហាខ្វះថវិកានិងអគ្គីសនី ជាងការគម្រាមពីពួកអាជ្ញាធរ។ លោកនិយាយថា ស្ថានីយវិទ្យុ We Love Udon គួរត្រូវបានគេបិទជាយូរយារណាស់មកហើយ ហើយថាលោកបានបង្កើតស្ថានីយរបស់លោកក្នុងទីកន្លែងរបស់ពួកអាវក្រហម ដើម្បីតស៊ូប្រឆាំងនិងបណ្តាញផ្សាយព៌តមានដែលមិនមានការទទួលខុសត្រូវ។
“ប្រសិនបើយើងនៅស្ងៀម ដោយមិនមានការពន្យល់អ្វីទាល់តែសោះ ដើម្បីឆ្លើយតបទៅនិងស្ថានីយដែលនិយាយកុហកដល់ប្រជាពលរដ្ឋ នោះវានឹងក្លាយទៅជាមហន្តរាយមួយសម្រាប់សង្គមថៃក្នុងពេលអនាគត”។
បន្ទាប់ពីការធ្វើបាតុកម្មអស់រយៈពេល២ខែក្នុងទីក្រុងបាងកក ដែលក្នុងអម្លុងពេលនោះមានមនុស្សជាង៨០នាក់បានស្លាប់ រដ្ឋាភិបាលនិយាយថា ខ្លួនកំពុងព្យាយាមរារាំងមិនឱ្យមានអំពើហឹង្សាកើតឡើងជាថ្មីទៀត។ រដ្ឋាភិបាលបានទម្លាក់កំហុសអំពីអំពើហឹង្សាភាគច្រើន ក្នុងអម្លុងពេលមានបាតុកម្ម ដែលបានបញ្ចប់ដោយការបង្ក្រាបរបស់កងយោធានៅថ្ងៃទី១៩ ខែឧសភានោះ ទៅលើពួកជនសកម្មប្រយុទ្ធក្បាលរឹងនៅក្នុងចលនាអាវក្រហម។
រដ្ឋាភិបាលកំពុងធ្វើផែនការផ្សះផ្សាជាតិដើម្បីដោះស្រាយសេចក្តីព្រួយកង្វល់ របស់ពួកអាវក្រហម ដូចជាបញ្ហាប្រាក់ចំណូលមិនស្មើគ្នាជាដើម។ ហើយពួកមន្រ្តីនិយាយថា មានលទ្ធភាពមួយដែលការបោះឆ្នោតនឹងអាចធ្វើឡើងនៅពេលឆាប់ៗនេះ។ ពួកអាវក្រហមបានស្វះស្វែងរកការបោះឆ្នោតភ្លាមៗ។ ក៍ប៉ុន្តែ ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីបង្ក្រាបបណ្តាញផ្សាយព៌តមាន របស់ពួកអាវក្រហម បានធ្វើឲ្យជនជាតិថៃខ្លះមានការព្រួយបារម្មណ៍អំពីរឿងចាប់ពិរុទ្ធ។
អ្នកស្រុកខេត្ត Udon Thani ម្នាក់នេះ គាំទ្រពួកអាវក្រហមហើយនិយាយថា រដ្ឋាភិបាលបានធ្វើការចោទប្រកាន់ជាច្រើនប្រឆាំងពួកគេ ក៍ប៉ុន្តែរដ្ឋាភិបាលបានបង្ហាញភ័ស្តុតាងតិចតួចណាស់ ។ លោកនិយាយថា ការចាប់ពិរុទ្ធបណ្តាញផ្សាយព៌តមានជាទង្វើអាក្រក់មួយហើយនឹងជាសញ្ញានៃរបបអំណាចផ្តាច់ការ។ លោកនិយាយទៀតថា បណ្តាញផ្សាយព៌តមានពួកអាវក្រហម ត្រូវតែមានសេរីភាពក្នុងការប្រឆាំងតវ៉ា។
រដ្ឋាភិបាលប្រាប់ឲ្យដឹងថា ខ្លួននឹងអនុញ្ញាតឲ្យបណ្តាញផ្សាយព៌តមានពួកអាវក្រហមធ្វើប្រតិបត្តិការ នៅពេលដែលភាពប្រក្រតីមានដូចដើមវិញនៅក្នុងប្រទេស ហើយនិងបទបញ្ជាលើបណ្តាញផ្សាយព៌តមានត្រូវបានកែប្រែឲ្យបានល្អ ប្រសើរឡើងសម្រាប់រារាំងមិនឱ្យមានការរំលោភបំពាន៕