រដ្ឋាភិបាលទីក្រុងបាងកករបស់ប្រទេសថៃបានសាទរកម្ពុជាចំពោះការធ្វើមោឃកម្មលិខិតឆ្លងដែនការទូតកម្ពុជា ដែលចេញជូនទីប្រឹក្សា និងជំនួយការដែលគ្មានសញ្ជាតិខ្មែររបស់ក្រុមមន្ត្រីកម្ពុជា ហើយថា ទង្វើនេះបានបញ្ជាក់ពីការរឹតចំណងខ្លាំងឡើងរវាងប្រទេសថៃ និងកម្ពុជា ដែលមានភូមិផងរបងជាមួយគ្នានោះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍ (Bangkok Post)ដែលបានចេញផ្សាយនៅថ្ងៃពុធនេះ។
កាសែតបាងកកប៉ុស្តិ៍ បានធ្វើសេចក្តីរាយការណ៍ដោយស្រង់សម្តីរបស់លោក Don Pramudwinai រដ្ឋមន្ត្រីការបរទេសថៃ ដែលបាននិយាយកាលពីថ្ងៃអង្គារថា សេចក្តីសម្រេចចិត្តរបស់ប្រទេសកម្ពុជា ដែលបានលុបចោលលិខិតឆ្លងដែនការទូតរបស់ពលរដ្ឋដែលគ្មានសញ្ញាតិខ្មែរ«បង្ហាញពីចំណងទាក់ទងរឹងមាំរវាងប្រទេសកម្ពុជានិងថៃ»។
កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ លោកហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជា បានចេញសារាចរណែនាំមួយ ដោយបានលើកឡើងថា ការចេញលិខិតឆ្លងដែនទៅឲ្យពលរដ្ឋបរទេសដែលជាទីប្រឹក្សា និងជំនួយការរបស់មន្ត្រីកម្ពុជាគឺមិនចាំបាច់ទេ។
លោក ហ៊ុន សែនក៏បានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធរបស់កម្ពុជាប្រមូលលិខិតឆ្លងដែនការទូតដែលក្រសួង ស្ថាប័នកម្ពុជាបានស្នើសុំជូនទីប្រឹក្សា និងជំនួយការរបស់ខ្លួន ដែលពុំមានសញ្ជាតិខ្មែរ ហើយប្រគល់លិខិតឆ្លងដែនការទូតទាំងនោះជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មិនឲ្យហួសពីរយ:ពេលមួយខែ គិតចាប់ពីថ្ងៃចុះហត្ថលេខាលើសារាចរនេះ។
ការសម្រេចរបស់លោក ហ៊ុន សែន ដែលគេដឹងថា មានទំនាក់ទំនងជិតដិតជាមួយក្រុមគ្រួសារអតីតលោក ថាក់ស៊ីន ស៊ីណាវ៉ាត (Thaksin Shinawatra)នាយករដ្ឋមន្ត្រីថៃនោះ កើតមានឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍របស់កាសែតSouth China Morning នៅទីក្រុងហុងកុងដែលថា អ្នកស្រីយីងឡាក់ ស៊ីណាវ៉ាត ដែលជាអតីតនាយករដ្ឋមន្ត្រីថៃផងនោះ និងជាប្អូនស្រីបង្កើតរបស់លោកថាក់ស៊ីន បានប្រើប្រាស់លិខិតឆ្លងដែនចេញដោយអាជ្ញាធររបស់ប្រទេសកម្ពុជា ទៅធ្វើជំនួញក្នុងទីក្រុងហុងកុង។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ការសម្រេចរបស់កម្ពុជាធ្វើឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ដែលថា អ្នកស្រីយីងឡាក់អតីតនាយករដ្ឋមន្ត្រី ដែលបានលួចរត់ចេញពីប្រទេសនោះ បានទទួលផលប្រយោជន៍ពីបុព្វសិទ្ធិនេះ។
កាសែតបាងកកប៉ុស្តិ៍បានស្រង់សម្តីលោក Don Pramudwinai រដ្ឋមន្ត្រីការបរទេសថៃដែលបន្ថែមថា៖
«វាជាការបង្ហាញច្បាស់លាស់ និងផ្លូវការមួយ»នៃគោលជំហររបស់រដ្ឋាភិបាលកម្ពុជា ដែលបានបង្ហាញពីការណ៍ដែលថា«យើងយល់ពីអារម្មណ៍គ្នាទៅវិញទៅមក»។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សុំមិនធ្វើការអធិប្បាយទៅលើអ្វីដែលគេចោទថា កម្ពុជាបានចេញលិខិតឆ្លងដែនឲ្យអ្នកស្រីយីងឡាក់ទេ។ ប៉ុន្តែលោកថា កម្ពុជាកំពុងបន្តបង្កើនកិច្ចសហប្រតិបត្តិការជាមួយថៃ។
«បាទ ធម្មតាប្រទេសកម្ពុជា មិនដែលចង់ធ្វើសត្រូវជាមួយប្រទេសណាជាពិសេសមិត្ត។ មិត្តជិតខាងហ្នឹងគឺយើងរីករាយណាស់ដើម្បីនឹងពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការល្អ។ និយាយរួម អ្នកជិតខាងយើងគឺបានសេចក្តីថា បើនៅផ្ទះវិញគឺថា មានសម្លមួយចានឲ្យគ្នារឹតតែល្អទៀត ហើយហ្នឹងហើយ ស្រឡាញ់គ្នា រាប់អានជាគ្នា ល្អប្រសើរ ដូចយើងបានតែងតែលើកឡើងថា ព្រំដែនសន្តិភាព ព្រំដែនមិត្តភាព ព្រំដែនកិច្ចសហប្រតិបត្តិការហ្នឹងឯង»។
កាសែតបាងកកប៉ុស្តិ៍បានយោងទៅលើកាសែត South China Morning Post របស់ទីក្រុងហុងកុងដែលបានចេញផ្សាយសេចក្តីរាយការណ៍មួយកាលពីសប្តាហ៍មុនថា អ្នកស្រីយីងឡាក់បានប្រើប្រាស់លិខិតឆ្លងដែនកម្ពុជាដើម្បីចុះឈ្មោះជាប្រធានក្រុមហ៊ុនសារជីវកម្ម PT Corporation គឺមួយឆ្នាំបន្ទាប់ពីអ្នកស្រីបានចាកចេញពីប្រទេសថៃ កាលពីខែសីហាឆ្នាំ២០១៧។ អតីតនាយករដ្ឋមន្ត្រីរូបនេះបានចាកចេញពីប្រទេសថៃ នៅមុនការកាត់ទោសក្រោមបទឧក្រិដ្ឋនៃការចាត់ចែងមិនត្រឹមត្រូវក្នុងឧស្សាហកម្មស្រូវអង្ករដែលញាំញីដោយអំពើពុករលួយ៕