ប្រទេស​ថៃ​បញ្ជូន​អ្នកបកប្រែ​ភាពយន្ត​ឯកសារ​អំពី​ការជួញដូរ​ផ្លូវភេទ​ត្រឡប់​មក​​កម្ពុជា​វិញ​ក្រោមបទចោទ​ថា​បង្កើត​ព័ត៌មានក្លែងក្លាយ​

លោករ៉ាត់ រ័ត្នមុន្នី ត្រូវបានចាប់ខ្លួននៅទីក្រុងបាងកកកាលពីថ្ងៃសុក្រនៅពេលដែលលោកបានព្យាយាមធ្វើដំណើរទៅប្រទេសហូឡង់ជាមួយគ្រួសាររបស់លោក។ (រូបថត៖ ហ្វេសប៊ុក Rath Rott Mony)

អ្នកបកប្រែ​ជនជាតិ​កម្ពុជា​ម្នាក់​ដែល​ជួយ​បកប្រែ​ភាពយន្ត​ឯកសារ​អំពី​ការជួញដូរ​ផ្លូវភេទ​ឲ្យ​បណ្តាញ​សារព័ត៌មាន Russia Today ឬ​ RT ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​រុស្ស៊ី​ត្រូវ​បាន​ចាប់​បញ្ជូន​ពី​ប្រទេសថៃ​ត្រឡប់​ទៅ​កម្ពុជា​វិញ​កាល​ពី​ម្សិលមិញ​ក្រោមបទ ចោទ​ថា​បាន​ជួយបង្កើត​ព័ត៌មាន​ក្លែងក្លាយ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន។

សារព័ត៌មាន​បាន​រាយការណ៍​ថា​ លោករ៉ាត់ រ័ត្នមុន្នី​ដែល​ជា​អ្នក​ជួយ​បកប្រែ​ការផលិត​ភាពយន្ត​ឯកសារ​ និង​ជា​សកម្មជន​សិទ្ធិពលករ​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ប៉ូលីស​ថៃនៅ​ក្នុង​ទីក្រុងបាងកក​កាល​ពី​ថ្ងៃទី៧ ខែធ្នូ ខណៈ​ព្យាយាម​សុំ​សិទ្ធិជ្រកកោន​នៅ​ឯ​ការិយាល័យ​សុំទិដ្ឋាការ​ទៅ​ប្រទេស​ហូឡង់។ លោក​ត្រូវ​បាន​គេ​ឃុំខ្លួន​នៅឯ​មជ្ឈមណ្ឌល​ឃុំឃាំង​អន្តោប្រវេសន៍​ថៃ​រហូត​ដល់​លោក​ត្រូវបាន​បញ្ជូន​ទៅ​ប្រទេស​កម្ពុជា​វិញ​កាល​ពី​ម្សិលមិញ។

លោក Shawn Crispin ​តំណាង​ជាន់ខ្ពស់​នៃ​អង្គការ CPJប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​បាន​ថ្លែង​ថា«យើង​អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា​ឲ្យ​ដោះលែង​លោក រ៉ាត់ រ័ត្នមុន្នី​ជា​បន្ទាន់​និង​ដោយ​គ្មាន​លក្ខខណ្ឌ។ រឿងរ៉ាវ​ពិត​ប្រាកដ​នៅ​ពី​ក្រោយ​ការចោទ​ប្រកាន់​ថា​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​នេះ​គឺ​ថា​ប្រទេសកម្ពុជា​បាន​ប្រែក្លាយ​ពី​ប្រជាធិបតេយ្យ​ពហុបក្ស​ដែល​មាន​បណ្តាញ​សារព័ត៌មាន​សេរី​ទៅ​ជា​ប្រទេសផ្តាច់ការ​មានគណបក្ស​តែមួយ។

របប​លោកហ៊ុន សែន​បាន​បំផ្លាញ​មុខមាត់​ប្រទេសជាតិ​ មិនមែន​បណ្តាញ​ផ្សព្វផ្សាយ​ទេ»។ យោងតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា​ក្រុម​មន្រ្តី​កម្ពុជា​បាន​អះអាង​ថា​លោករ៉ាត់ រ័ត្នមុន្នី​បាន​ឲ្យ​លុយ​ទៅអ្នក​ដែល​បាន​មក​សម្ភាសន៍​នៅក្នុង​ភាពយន្តឯកសារ​នេះ​ឲ្យ​និយាយ​កុហក​អំពី​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​ពួកគេ៕